ការប្រកាសជំហតស៊ូមតិប្រឆាំងភាពអយុត្តិធម៌សង្គម ដោយគណបក្សក្រៅរដ្ឋាភិបាលមួយនេះ នឹងចាប់ផ្តើមធ្វើយុទ្ធនាការ តាមរយៈការឃ្លាំមើលការអនុវត្តនីតិវិធីរបស់មន្រ្តីតុលាការជាប្រចាំ ហើយបើរកឃើញថាមានភាពមិនប្រក្រតី ក្នុងនាមបក្សក្រៅរដ្ឋាភិបាល នឹងចាប់បង្ខំឱ្យតុលាការបង្ហាញភស្តុតាង ពីភាពឆក់ល្វែង ពីការអនុវត្តនីតិវិធី អ្វីជាមូលហេតុពិតប្រាកដនៅពីក្រោយ ដែលនាំឱ្យរឿងក្តីនីមួយៗ ចេះតែបន្តពន្យាពេលមិនចេះចប់។
លោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២៧ ខែសីហា ដោយបញ្ជាក់ជំហរមិនដកថយ ក្នុងការប្រយុទ្ធប្រឆាំងភាពអយុត្តិធម៌សង្គម តាមរយៈការអនុវត្តច្បាប់របស់មន្រ្តីតុលាការ។
តាមរយៈសារនយោបាយនេះ លោក សុខសុវណ្ណ អះអាងថា លោកនឹងប្រើប្រាស់ការសរសេរ ដែលជាមធ្យោបាយនៃការតស៊ូមតិរបស់លោក ដោយលើកយកសំណុំរឿងព្រហ្មទណ្ឌ ២ករណី មកធ្វើជាមូលដ្ឋាន ក្នុងការដាក់បន្ទុក គឺទី១ រឿងក្តីព្រហ្មទណ្ឌដែលតុលាការមិនអើពើ កាលពីខែកក្កដា ឆ្នាំ២០២៥ និងសំណុំរឿងមួយទៀត ដែលកប់ទុកជាយូរហើយដែរ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤មកម៉្លេះ។
បើតាម លោក ឯម សុខសុវណ្ណ ជាគោលដៅនៃយុទ្ធនាការរបស់ខ្លួន ក្នុងការតស៊ូមតិនេះ លោកសំឡឹងឃើញតុលាការ២ទីតាំង ដែលត្រូវការកែលម្អមុនគេ គឺតុលាការខេត្តព្រៃវែង និងតុលាការក្រុងភ្នំពេញ។ ក្នុងន័យនេះ លោកចាត់ទុកច្បាប់ដែលបានអនុម័ត និងប្រកាសឱ្យប្រើដែលមានមន្រ្តីតុលាការ មន្រ្តីដែលអនុវត្តច្បាប់ និងតួអង្គពាក់ព័ន្ធ វាគឺជាការរួមចំណែកក្នុងការសង្រ្គោះតុលាការឱ្យមានយុត្តិធម៌។
បន្ថែមលើសារនយោបាយនេះ លោក ឯម សុខសុវណ្ណ ប្រាប់សំឡេងប្រជាធិបតេយ្យ វីអូឌី នៅថ្ងៃនេះថា ការប្រើប្រាស់ជីវិតធ្វើជាដើមទុន ដើម្បីជំរុញឱ្យមានយុត្តិធម៌សង្គមមួយនេះ ពិតជាមានការព្រួយបារម្ភ និងភិតភ័យចំពោះសុវត្ថិភាព។
ប៉ុន្តែយ៉ាងណា លោកអះអាងថា ដោយគ្មានជំរើសណាដែលល្អជាងនេះ ហេតុដូច្នេះមានតែប្រើវិធីមួយនេះ ក្រែងលោរមានក្តីសង្ឃឹមខ្លះថា កម្ពុជានឹងមានយុត្តិធម៌ពិតប្រាកដ ដូចការចង់បានរបស់ពលរដ្ឋ និងភាគីដែលពាក់ព័ន្ធ។
លោកបន្តថា៖ «ការបារម្ភវាតែងតែមានហើយ វាគ្រាន់តែតិចហើយនិងច្រើន។ សំខាន់យើងដើរតាមមាគ៌ារបស់ច្បាប់។ ការសរសេររបស់ខ្ញុំនេះ គឺការសរសេរពីទិដ្ឋភាពជាក់ស្តែងទូទៅ នៃចំណាត់ការរបស់តុលាការ។ បើសិនជាតុលាការថាធ្វើយឺត តើសំអាងទៅលើស្អី សំអាងទៅលើច្បាប់ណាមួយ»។
បើតាមលោក ឯម សុខសុវណ្ណ ការជ្រើសរើសយកស្ថាប័នតុលាការ២ គឺខេត្តព្រៃវែង និងភ្នំពេញនេះ មកអនុវត្តក្នុងជំហានសាកល្បង គឺលោកនឹងកត់ត្រារាល់ការអនុវត្តច្បាប់របស់មន្រ្តីតុលាការ ផ្ញើទៅនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាអ្វីដែលអ្នកនយោបាយរូបនេះ ចាត់ទុកថាដើម្បីជួយសង្រ្គោះឱ្យតុលាការឱ្យមានយុត្តិធម៌ឡើងវិញ។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ទទួលស្គាល់ថា កម្ពុជាពិតជាមានច្បាប់ និងបទដ្ឋានគតិយុត្តិគ្រប់ និងត្រឹមត្រូវគួរឱ្យមោទកភាព។
ប៉ុន្តែផ្ទុយពីខ្លឹមសារនៃច្បាប់ទម្លាប់ទាំងនេះ រូបភាពនៃការអនុវត្តវិញ គ្មានឃើញត្រង់ណាដែលមានភាពល្អប្រសើរនៅឡើយទេ។ ជាងនេះទៅទៀត ប្រព័ន្ធយុត្តិធម៌ នៅមិនទាន់បានផ្តល់ឱ្យអ្នកទន់ទាប ឬវណ្ណៈតូចតាចនៅឡើយដែរ ក្នុងពេលពួកគេស្វែងរកយុត្តិធម៌ តាមរយៈប្រព័ន្ធតុលាការ។
ជាការសង្កេតឃើញ លោក នី សុខា អះអាងថា គម្លាតនៃយុត្តិធម៌ ដែលធានាថាឱ្យមានភាពស្មើគ្នានៅចំពោះមុខច្បាប់ គឺមានតែនៅក្នុងក្រដាស។ ភាពជាក់ស្តែង ពលរដ្ឋនៅតែជាជនដែលងាយរងគ្រោះដដែល។ រីឯមន្រ្តី ឬអ្នករាជការដែលមានខ្នងបង្អែកធំៗ នៅក្នុងជួររដ្ឋាភិបាលសព្វថ្ងៃ នៅតែជាអ្នកមានប្រៀបក្នុងរឿងយុត្តិធម៌នេះ។
លោកបន្តថា៖ «ប្រសិនបើមានការប្តឹងផ្តល់ទៅលើប្រជាពលរដ្ឋសាមញ្ញ នោះចំណាត់ការរបស់តុលាការយើងមើលឃើញថា វាហាក់បីដូចជាលឿន។ ប្រសិនជាអ្នកមានអំណាច ឬមានឥទ្វិពល ឬក៏មានទ្រព្យសម្បត្តិធនធានអីហ្នឹង ហើយប្តឹងទៅលើប្រជាពលរដ្ឋសាមញ្ញ ហាក់បីដូចជាចំណាត់ការរបស់តុលាការហ្នឹងលឿនណាស់ ហើយនិងរឿងទីពីរទៀត ក៏ពាក់ព័ន្ធទៅនឹងនិន្នាការនយោបាយ ប្រសិនបើមានការប្តឹងផ្តល់ទៅលើក្រុមអ្នកនយោបាយប្រឆាំង ឬក៏អ្នកដែលហ៊ានបញ្ចេញមតិប្រឆាំងអីហ្នឹង និងរិះគន់រដ្ឋាភិបាលអីផ្សេងៗហ្នឹង ឃើញថា មានចំណាត់ការលឿន។ ប៉ុន្តែផ្ទុយទៅវិញ បើករណីមានការប្តឹងផ្តល់ទៅលើមន្រ្តីមានអំណាចពីសំណាក់ប្រជាពលរដ្ឋ ចំណាត់ការរបស់តុលាការយើងឃើញថា ហាក់ដូចជាមានភាពយឺតយ៉ាវ។ហើយមានភាពយឺតយ៉ាវ ហាក់ដូចជាតឹងលំបាក»។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បដិសេធក្នុងការអត្ថាធិប្បាយ ដោយលោកចាត់ទុកការផ្តល់ព័ត៌មានរបស់លោក ធ្វើឡើងតែចំពោះស្ថាប័នណាដែលក្រសួងព័ត៌មានទទួលស្គាល់ជាផ្លូវការ។ ដោយឡែក ស្ថាប័នដែលនៅក្រៅសង្វៀនរបស់ក្រសួងព័ត៌មាន នឹងមិនផ្តល់ការសហការនោះទេ។
លោកថា៖ «សុំអធ្យាស្រ័យស្ថាប័នរដ្ឋឆ្លើយតបតែសារព័ត៌មាន ដែលបានចុះបញ្ជីស្របច្បាប់តែប៉ុណ្ណោះ »។
បើទោះជាបែបណា ការសន្យានៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌នេះ មិនមែនជារឿងថ្មីទេ សម្រាប់កម្ពុជា។ ក្រសួងយុត្តិធម៌ ក៏ធ្លាប់បានប្តេជ្ញាដោះស្រាយសំណុំរឿងម្តងជាពីរដងរួចមកហើយ ថានឹងមិនឱ្យកកស្ទះសំណុំរឿងនៅតុលាការទេ ហើយធានាក្នុងការជំរុញឱ្យមានតម្លាភាព ក្នុងការផ្តល់យុត្តិធម៌។ យ៉ាងណា ជាលទ្ធផល មកដល់ពេលនេះ គេហាក់មិនទាន់ឃើញមានការបង្ហាញជាសាធារណៈ ពីភាពវិជ្ជមាននៃការប្តេជ្ញាចិត្តនេះឡើយទេ។
ចំណែក របាយការណ៍ដែលចេញដោយអង្គការគម្រោងយុត្តិធម៌ពិភពលោក កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ បង្ហាញពីការធ្លាក់ចុះនៃនីតិរដ្ឋរបស់ប្រទេសកម្ពុជា។
ក្នុងពេលប្រទេសនៅក្នុងតំបន់មានវៀតណាមជាដើម ដែលរកឃើញថា បានកែលម្អប្រព័ន្ធនីតិរដ្ឋបានល្អប្រសើរ បើធៀបនឹងឆ្នាំមុន រីឯកម្ពុជានៅឆ្នាំនេះ នៅតែបន្តឈរបាតតារាងដដែល។ នេះបើតាមការបញ្ជាក់បន្ថែមពីគម្រោងយុត្តិធម៌ពិភពលោក។
ផ្អែកលើទិន្នន័យ នៃតារាងពិន្ទុការអនុវត្តនីតិរដ្ឋ ១៤១ ក្នុងចំណោម១៤២ប្រទេស តួលេខនេះ នៅតែមិនល្អ បើធៀបកាលពីឆ្នាំ២០២៣ ដែលកាលណោះកម្ពុជា នៅឈរក្នុងលំដាប់លេខរៀង ដូចអ្វីដែលកម្ពុជា ទទួលបានពិន្ទុនៅពេលនេះ ដូចគ្នា។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ យល់ឃើញថា បើពិនិត្យពីរបៀបធ្វើការរបស់មន្រ្តីតុលាការ គឺគេមានវិធីក្នុងការអនុវត្តនីតិវិធីរបស់គេ។
តែយ៉ាងណា ការឆ្លើយតបពីមន្រ្តីតុលាការ អាចនឹងមិនចំគោលដៅ ឬជាការដោះស្រាយដូចការរិះគន់របស់ដើមបណ្តឹងថាខ្វះភាពត្រឹមត្រូវ និងមិនមានសុច្ចរិតភាពរបស់តុលាការ។
ម្យ៉ាងវិញទៀត លោក អំ សំអាត លើកឡើងថា ការតស៊ូមតិលើកនេះ របស់ប្រធានគណបក្សដើម្បីកម្ពុជាវិញ ប្រហែលក៏មិនខុសគ្នាប៉ុន្មានដែរ ពីការតស៊ូមតិមុនៗរបស់ក្រុមអ្នករងគ្រោះ ដោយភាពអយុត្តិធម៌ពីតុលាការនេះ។ ជាលទ្ធផល ប្រហែលពិបាកនឹងទទួលបាន ដូចការរំពឹងទុក។
លោកបន្តថា៖ «ជាធម្មតានៅពេលដែលគាត់ជាដើមបណ្តឹង ហើយមិនទាន់ឃើញតុលាការមានចំណាត់ការ ឬក៏បន្តនីតិវិធីទៅលើរឿងរបស់គាត់ហ្នឹង គឺគាត់យល់ថា វាមានភាពអយុត្តិធម៌ចំពោះគាត់។ អញ្ចឹងដោយសារតែរង់ចាំយូរ អញ្ចឹងបានជាការតាំងចិត្តរបស់គាត់ ក្នុងការតស៊ូមតិនៅលើបណ្តាញសង្គមរបស់គាត់ដើម្បីយុត្តិធម៌សម្រាប់រឿងគាត់ ក៏ដូចជាយុត្តិធម៌សម្រាប់សង្គមហ្នឹង។ អាហ្នឹងវាគឺជារឿងមួយ ពីព្រោះកន្លងមកក៏យើងធ្លាប់ឃើញមានករណីខ្លះកើតចេញអំពីការតស៊ូមតិរបស់បងប្អូនប្រជាពលរដ្ឋ បានលើកឡើងពីករណីមួយចំនួន»។
បើទោះជាបែបណា លោក ឯម សុខសុវណ្ណ ដែលជាប្រធានគណបក្សដើម្បីកម្ពុជា នៅតែប្តេជ្ញាថានឹងប្រើប្រាស់ជីវិតរបស់លោក ក្នុងការតស៊ូមតិជុំវិញរឿងនេះ ទោះជាត្រូវជួបឧបសគ្គក្នុងដំណើការនៃការជំរុញឱ្យមានយុត្តិធម៌សង្គម តាមរយៈការកែទម្រង់ប្រព័ន្ធតុលាការយ៉ាងណាក្តី៕








