ក្រោយពន្យារពេលអស់១០ថ្ងៃ ទីបំផុតសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០២៥ បានចាប់ផ្ដើមហើយ នៅព្រឹកថ្ងៃទី២៨ ខែសីហានេះ។
ថ្ងៃទី១ នៃការប្រឡង គេសង្កេតឃើញថា ក្រសួងអប់រំ យុវជន និងកីឡា នៅតែរក្សាបទបញ្ញត្តិ និងការត្រួតពិនិត្យហ្មត់ចត់ដូចឆ្នាំមុនៗ ដោយផ្ដោតលើគោលការណ៍ «អ្នកចេះ គឺជាប់» បើទោះបីបេក្ខជន និងមណ្ឌលប្រឡងមួយចំនួន នៅតាមបណ្ដាខេត្តជាប់ព្រំដែន ពិសេសខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ បានរងការប៉ះពាល់ពីការផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃ។
តាមរយៈការផ្ដល់សម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៨ ខែសីហានេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការប្រឡងបាក់ឌុប គឺជាព្រឹត្តិការណ៍សំខាន់មួយ ដែលត្រូវតែរៀបចំឡើងដើម្បីបង្ហាញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សានុសិស្សជាង១០ឆ្នាំមកនេះ ដោយក្រសួងមិនអាចបណ្ដោយឱ្យការឈ្លានពានរបស់ថៃ ប៉ះពាល់ដល់អនាគតយុវជនកម្ពុជាឡើយ។
លោកបន្តថា ដើម្បីធានាដល់សុវត្ថិភាព និងគុណភាពនៃការប្រឡង ក្រសួងបានរៀបចំសម្របសម្រួលជាពិសេស ដល់បេក្ខជននៅក្នុងខេត្តចំនួនពីរដែលរងផលប៉ះពាល់ពីការវាយប្រហាររបស់ថៃ។
លោក ហង់ជួន ណារ៉ុន ថ្លែងថា៖ «យើងមិនចង់ឱ្យសង្គ្រាមឈ្លានពាននេះ ប៉ះពាល់ទៅដល់ការសិក្សា ក៏ដូចជាអនាគតរបស់សិស្សានុសិស្សយើងទេ។ អ៊ីចឹងយើងមានការរៀបចំពិសេស ទីមួយគឺអនុញ្ញាតឱ្យសិស្សហ្នឹង ពីរខេត្តហ្នឹង ប្រឡងនៅកន្លែងណាក៏បានដែរ។ ទីពីរ គឺយើងផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀល ចំពោះសិស្សនៅខេត្តព្រះវិហារ ហើយ១០ម៉ឺនរៀលក្នុងម្នាក់ សម្រាប់បេក្ខជនមកពីខេត្តឧត្តរមានជ័យ និងផ្ដល់មីចំនួន៦កញ្ចប់ ក្នុងរយៈពេលពីរថ្ងៃនេះ ហើយក៏ឆ្លៀតឱកាសនេះអរគុណទៅដល់សប្បុរសជន ដែលផ្ដល់មីសម្រាប់បេក្ខជន ហើយថវិកាយើងយកថវិកាប្រឡងនេះផ្ដល់ជូនសិស្សតែម្ដង»។
ក្រៅពីការឧបត្ថម្ភប្រាក់កាស ក្រសួងអប់រំ បានរៀបចំកន្លែងស្នាក់នៅចំនួន៤ សម្រាប់សិស្សមកពីខេត្តឧត្តរមានជ័យ និង២កន្លែងទៀត សម្រាប់សិស្សមកពីខេត្តព្រះវិហារ ដោយអ្នកស្នាក់នៅទទួលបានប្រាក់ក្នុងម្នាក់ពីរម៉ឺនរៀល។
លោករដ្ឋមន្ត្រី ឱ្យដឹងបន្ថែមថា លោកនឹងធ្វើដំណើរទៅពិនិត្យការប្រឡងរបស់បេក្ខជនដែលភៀសខ្លួនមកពីខេត្តដែលរងការប៉ះពាល់ ក៏ដូចជាតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាប ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងគាំទ្រស្មារតីដល់ពួកគេ។ ទន្ទឹមគ្នានេះ លោកជឿជាក់ថា បេក្ខជនបាក់ឌុប នឹងនៅតែទទួលបានលទ្ធផលល្អក្នុងការប្រឡង បើទោះបីមានការរំខានមួយចំនួន កើតចេញពីការឈ្លានពានរបស់ថៃមកលើកម្ពុជាក៏ដោយ។
លោក ហង់ជួន ណារ៉ុន និយាយថា៖ «ខ្ញុំមានជំនឿជឿជាក់ថាសិស្សានុសិស្សយើង បានខិតខំប្រឹងប្រែងក្នុងរយៈពេល១០ឆ្នាំហើយ ដែលគាត់ខំប្រឹង អ៊ីចឹងខ្ញុំជឿជាក់ថា ចំនួនសិស្សនិទ្ទេសA គឺប្រហាក់ប្រហែលឆ្នាំទៅ ឬលើសពីឆ្នាំទៅ ខ្ញុំមិនហ៊ានសន្និដ្ឋានទេ ប៉ុន្តែខ្ញុំជឿជាក់ថាមិនទាបជាងឆ្នាំទៅទេ ដែលមានចំនួន ២ ២២៥រូប»។
ដូចការប្រឡងរាល់ឆ្នាំ អាណាព្យបាលបេក្ខជនប្រឡងភាគច្រើន បាននាំគ្នាអង្គុយនៅមុខមណ្ឌលព្រោងព្រាត រង់ចាំកូនក្មួយចេញពីប្រឡង។ មិនខុសគ្នាទៅនឹងអាណាព្យាបាលបេក្ខជននៅតាមបណ្ដារាជធានីខេត្តទូទៅ អាណាព្យាបាលរបស់បេក្ខជននៅខេត្តព្រះវិហារ និងឧត្តរមានជ័យ ដែលភៀសខ្លួន ក៏កំពុងបំពេញតួនាទី អង្គុយរង់ចាំកូនក្មួយរបស់ខ្លួនផងដែរ ជាក់ស្ដែងដូចជានៅមុខវិទ្យាល័យពួក ក្នុងខេត្តសៀមរាបជាដើម។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ និងហាងអាហារមួយចំនួន ក៏បានខ្នះខ្នែងឧបត្ថម្ភអាហារថ្ងៃត្រង់ និងការហូបអាហារមិនគិតថ្លៃដល់បេក្ខជនបាក់ឌុបផងដែរ។
យ៉ាងណា គិតត្រឹមមួយព្រឹកនៅក្នុងថ្ងៃទី១ នៃការប្រឡង មានបេក្ខជនចំនួន ១ ៧៥១នាក់ ដែលអវត្តមាន ខណៈបេក្ខជន៤០នាក់ មានបញ្ហាសុខភាព ក្នុងនោះ៣៨នាក់ បន្តការប្រឡង និង២នាក់បោះបង់ការប្រឡង។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវ លោក សេក សុជាតិ សង្កេតឃើញថា នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ មានភាពប្រក្រតី តែលោកក៏មិនភ្លេចអំពាវនាវឱ្យមានការរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពដល់បេក្ខជន ជាពិសេសចំពោះមណ្ឌលប្រឡងដែលស្ថិតនៅក្បែរតំបន់មានបញ្ហា។
យ៉ាងនេះក្ដី លោកយល់ឃើញថា ការឈ្លានពានរបស់បរទេសមកលើទឹកដីកម្ពុជា នៅពេលនេះ ក៏ជាចំណុចមួយធ្វើឱ្យយុវជនភ្ញាក់ស្មារតី និងព្យាយាមកសាងសមត្ថភាពរបស់ខ្លួន កាន់តែខ្លាំងជាងមុនផងដែរ។
លោក សេក សុជាតិ ថ្លែងថា៖ «ជាឱកាសមួយដែលធ្វើឱ្យយុវជនជំនាន់ក្រោយ មើលឃើញសារៈសំខាន់នៃការកសាងសមត្ថភាពរបស់ខ្លួន ដើម្បីទប់ទល់ជាមួយនឹងការឈ្លានពានពីប្រទេសផ្សេងៗ មកលើដែនអធិបតេយ្យភាពកម្ពុជា ក៏ដូចជាការពង្រឹងខ្លួន និងសមត្ថភាពខ្លួន ដើម្បីប្រកួតប្រជែងនៅថ្ងៃអនាគត នៅលើឆាកអន្តរជាតិ និងនៅក្នុងតំបន់របស់យើងជាដើម»។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០២៥នេះ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបជាង ១៤ម៉ឺននាក់ (១៤៦ ៧២០ នាក់) ដោយក្រសួងអប់រំ បានកំណត់ យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡង។
នៅឆ្នាំនេះ ក្រសួងបានសម្រេចលើកសម័យប្រឡង ពីថ្ងៃទី១៨ និង១៩ ខែសីហា ទៅថ្ងៃទី២៨ និង២៩ ខែសីហាវិញ ក្រោយប្រទេសថៃបើកការបាញ់ប្រហារទៅលើខេត្តមួយចំនួនជាប់ព្រំដែន ជាពិសេសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បង្កឱ្យមានការខូចខាតយ៉ាងដំណំទៅលើលំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម មន្ទីរពេទ្យ និងធ្វើឱ្យសាលារៀនជាង ៦០០ បង្ខំចិត្តបិទទ្វារ៕









