ក្រោយបទឈប់បាញ់ចូលជាធរមានរយៈពេល១ខែទៅនេះ គេសង្កេតឃើញថា ថៃបានសម្រេចមហិច្ឆតាយកដីខ្មែរតាមបន្ទាត់ព្រំដែន ច្រើនកន្លែងតាមផែនទី ដែលមេដឹកនាំខ្មែរហៅថាជាផែនទីចោរ ដូចជា ប្រាសាទតាមាន់ធំ នៅខេត្តឧត្តរមានជ័យ ច្រកអានសេះ នៅខេត្តព្រះវិហារ និងនៅភូមិអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈកម្ពុជាមិនតបត ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់គោរពបទឈប់បាញ់។
ក្រោយផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃ និងកម្ពុជា បានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ ចាប់ពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីប្រធានអាស៊ានប្តូរវេន នៃនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោមគំនិតផ្តួចផ្តើមពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
ក្រោយមានកិច្ចព្រមព្រៀងនេះ ភាគីកម្ពុជាតាមរយៈ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បង្ហាញមោទកភាពថា សង្គ្រាមចប់ហើយ ហើយសន្តិភាពនឹងមានសម្រាប់កម្ពុជា និងថៃ។
លោកថា៖ «សង្គ្រាមចប់ហើយ បើយោងទៅតាមលទ្ធផលនៃកិច្ចចរចាជាប្រវត្តិសាស្ត្រ រវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម ភូមថាម នាយករដ្ឋមន្ត្រីស្តីទីថៃនៅថ្ងៃនេះ ស្នូរកាំភ្លើងនិងលែងលាន់ឮទៀតហើយចាប់ពីយប់នេះ ម៉ោង១២អធ្រាត្រទៅ យោងលើស្មារតីនេះ ទំនួលខុសត្រូវរួមរបស់មេដឹកនាំកំពូលទាំងពីរកម្ពុជា-ថៃ នៅចំពោះមុខប្រជាជាតិរៀងៗខ្លួន នៅចំពោះមុខតំបន់ និងនៅចំពោះមុខពិភពលោក រាជរដ្ឋាភិបាលសូមប្រកាសប្រាប់ថា សន្តិភាពវិលវិញហើយ សន្តិភាពដែលនៅផុយស្រួយនៅឡើយ នឹងក្លាយជាការពិតជាក់ស្ដែងនាប៉ុន្មានម៉ោងទៀតខាងមុខនេះ»។
ប៉ុន្តែភាគីថៃ មិនបានគោរពកិច្ចព្រមព្រៀងនេះទេ ពោលគឺបទឈប់បាញ់នេះ បានចូលជាធរមានបាន ៨ម៉ោង ទាហានថៃបានចូលទៅចាប់ទាហានខ្មែរនៅខ្សែត្រៀមជួរមុខលើទឹកដីកម្ពុជាចំនួន ២០នាក់ និងបន្តរាយបន្លាលួសព័ទ្ធយកដីផ្ទះពលរដ្ឋខ្មែរនៅឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ ជាពិសេស ថៃបានរាយបន្លាលួស និងសាងសង់លេណដ្ឋានលើប្រាសាទតាមាន់ធំ និងទីតាំងដទៃទៀត រួមទាំងច្រកអានសេះ។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី២៨ ខែសីហានេះថា សមិទ្ធផល១ខែក្រោយបទឈប់បាញ់ ថៃបានគ្រប់គ្រងប្រាសាទតាមាន់ធំ ច្រកអានសេះ និងភ្នំទ្រព្យជាដើម។
មិនតែប៉ុណ្ណោះ លោកថា ក្រោមបទឈប់បាញ់នេះ ទាហានថៃបន្តរាយលួសបន្លាព័ទ្ធយកដីផ្ទះពលរដ្ឋខ្មែរតាមទំនើងចិត្ត ជាក់ស្តែងដូចជា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យនេះផងដែរ។
លើសពីនេះ លោកអះអាងថា បទឈប់បាញ់នេះហើយ ដែលធ្វើឱ្យទាហានខ្មែរ១៨នាក់ ក្លាយជាចំណាប់ខ្មាំងរបស់ថៃ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលធ្វើឱ្យគ្រួសារទាហានបន្តឈឺចាប់ រងទុក្ខវេទនា។
លោកថា៖ «ក្រោយបទឈប់បាញ់ហ្នឹង គឺទី១យើងបាត់បង់ច្រកអានសេះ ទី២ ភ្នំទ្រព្យ ទី៣យើងបាត់បង់ដូចជា នៅភូមិណងចាន់ ភូមិជោគជ័យ ភូមិព្រៃចាន់ នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អាហ្នឹងយើងដែលយើងដឹងថាបាត់បង់ហើយ។ ហើយមួយទៀត គឺប្រាសាទតាមាន់ធំសំខាន់ជាងគេ បន្ទាប់ពីបទឈប់បាញ់នេះ គឺយើងបាត់បង់ទឹកដីច្រើន ហើយខ្ញុំមើលទៅ លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត អត់មានឆន្ទៈក្នុងការយកទឹកដីនោះមកវិញទេ»។
សម្រាប់ លោក អ៊ុំ សំអាន សមិទ្ធផល ក្រោយបទឈប់បាញ់ដែលកម្ពុជាទទួលបាន គឺបន្តនយោបាយចាស់ទុំ គោរពបទឈប់បាញ់តែឯង បន្តបង្រ្កាបខ្មែរគ្នាឯង និងពន្លឿនធ្វើច្បាប់ដកសញ្ជាតិជាដើម។
លោកបន្តថា សមិទ្ធផលមួយទៀតដែលកម្ពុជាទទួលបាន ក្រោមការដឹកនាំផ្តាច់ការគ្រួសារហ៊ុន គឺធ្វើឱ្យប្រទេសជាតិបែកបាក់គ្នា បាត់បង់ទឹកដី ខាតបង់សេដ្ឋកិច្ចជាតិ និងធ្វើឱ្យរាស្រ្តខ្មែរបន្តរងទុក្ខជាដើម។
លោកថា៖ «នៅពេលដែលយើងប្រកាន់បទឈប់បាញ់ ប៉ុន្តែមិនការពារទឹកដី វានឹងធ្វើឲ្យទឹកដីយើងនឹងបាត់បង់ទៅខាងថៃ ហើយចុងក្រោយយើងនឹងកាត់ទឹកដីហ្នឹង ឲ្យទៅថៃតាមផែនទីខ្នាត១/៥០០០០ដែលថៃគូសឯកតោភាគី មិនប្រើតាមផែនទីខ្នាត១/២០០០០០ ដែលជាផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៤ និង១៩០៧ ដូច្នេះនឹងធ្វើឱ្យបាត់បង់ទឹកដីខ្មែរបន្ថែមទៀត»។
ប្រហែលគ្នានេះដែរ អតីតនាយខុទ្ធការល័យ លោក កឹម សុខា គឺ លោក មុត ចន្ថា អះអាងថា សមិទ្ធផលនៃបទឈប់បាញ់ កម្ពុជាបានបាត់បង់ទាហាន បាត់ប្រាសាទតាមាន់ធំ និងទីតាំងមួយចំនួនទៀតផងដែរ។
លោកអះអាងថា សមិទ្ធផល១ខែពេញនេះ កម្ពុជាបានត្រឹមគោរពបទឈប់បាញ់យ៉ាងម៉ឹងម៉ាត់ ចំណែក ភាគីថៃបានគ្រប់យ៉ាងទាំងទឹកដី រួមទាំងប្រាសាទបុរាណរបស់បុព្វបុរសខ្មែរជាដើម។
លោកថា៖ «ខ្ញុំយល់ឃើញថា ក្នុងរយៈពេល១ខែយើងបានត្រឹមតែជាអ្នកគោរពច្បាប់ ប៉ុន្តែយើងបានបាត់បង់ទឹកដីរបស់យើងទៅឲ្យទ័ពឈ្លានពានសៀម ទឹកដីមួយប្រកួតទៅឲ្យប្រទេសសៀមវិញ ដូច្នេះយើងឃើញរូបភាពនៅភូមិជោគជ័យ រូបភាពនៃការព័ទ្ធរបងនៅឃុំអូរបីជាន់ នៅភូមិណងចាន់ ការបាត់បង់ការគ្រប់គ្រងទៅលើប្រាសាទតាមាន់ធំ ដែលកងទ័ពយើងខំពលីដើម្បីការពារក្នុងសង្រ្គាមរយៈពេល៥ថ្ងៃ ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៩ ខែកក្កដា យើងការពារបាន ប៉ុន្តែក្រោយសង្រ្គាមចប់ បែរជាដកកងទ័ព ហើយកងទ័ពឈ្លានពានសៀម បែរជាធ្វើការហ៊ុមព័ទ្ធរបងគ្រប់គ្រងប្រាសាទតាមាន់ធំទៅវិញ»។
លើសពីនេះ លោក មុត ចន្ថា ក៏បានសរសេរសារលើហ្វេសប៊ុកលោក ដោយនិយាយថា លទ្ធផលស្មើសូន្យ ចាប់តាំងពីមានកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មក។
លោកបន្តថា ខែ្មរបាត់ដីដោយសារការឈ្លានពានទន្រ្ទានកាន់កាប់ និងហ៊ុំព័ទ្ធបន្លាលួសពីទាហានសៀម ដូច្នេះលទ្ធផលគោរពបទឈប់បាញ់ ដែលកម្ពុជាទទួលបានគឺ កងទ័ពខ្មែរ ២០នាក់ ត្រូវបានចាប់ខ្លួន និងកំពុងជាប់ឃុំនៅឡើយ ប្រាសាទតាមាន់ធំត្រូវបានទ័ពឈ្លានពានសៀមហ៊ុំព័ទ្ធបន្លាលួស និងកាន់កាប់។
ជាពិសេសថ្មីៗនេះ នៅភូមិជោគជ័យ ភូមិអូរបីជាន់ ភូមិណងចាន់ ត្រូវទាហានឈ្លានពានសៀមហ៊ុំព័ទ្ធបន្លាលួសទន្រ្ទានយកកាន់កាប់។
សម្រាប់ លោក មុត ចន្ថា តើទាំងនេះ សុំឱ្យជឿជាក់លើរដ្ឋាភិបាល ជឿជាក់សមត្ថភាពចរចារបស់រដ្ឋាភិបាលឬ? កុំយកលេសគោរពបទឈប់បាញ់ មិនចេញមុខទប់ទល់ចំពោះអំពើឈ្លានពានជាបន្តបន្ទាប់ទាហានសៀម!។
លោកហាក់ស្តីបន្ទោសថា មាត់អួតថាមិនឱ្យបាត់ដី ១មីលីម៉ែត្រជាដាច់ខាត ឥឡូវមួយមីលីម៉ែត្រវាអត់បាត់ទេ ប៉ុន្តែវាបាត់រាប់ពាន់ម៉ែត្រ វាបាត់ភូមិនិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងវាបាត់ប្រាសាទខ្មែរ។ ប្រជាពលរដ្ឋខ្មែរឈឺចាប់ពេកទ្រាំនឹងអំពើឈ្លានពានមិនបាន ក៏ប្រើប្រាស់កាតព្វកិច្ចជាម្ចាស់ប្រទេស ម្ចាស់ជោគវាសនា ក្រោកឡើងតតាំងប្រឆាំងនឹងអំពើឈ្លានពាន បែរជាត្រូវបានរារាំង និងគំរាមកំហែង។
ឆ្លើយតបនឹងរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធិ បដិសេធចំពោះការចោទប្រកាន់នេះ ដោយលោកបញ្ជាក់ថា កម្ពុជាមិនបានធ្វើឱ្យបាត់បង់ទឹកដីនោះទេ។
លោកថា៖ «ការលើកឡើងរបស់ពួកគេទាំងអស់នោះ គឺជាការលើកឡើងដែលគ្មានមូលដ្ឋាន និងជាការចោទប្រកាន់ មួលបង្កាច់បន្តុះបង្អាប់មកលើរដ្ឋាភិបាល មកលើកងទ័ពរបស់យើងដែលកំពុងតែការពារព្រំដែនរបស់យើង ដែលការពារដោយម៉ឺងម៉ាត់ ប្រឆាំងទៅនឹងសត្រូវឈ្លានពាន គ្មាន! កម្ពុជាមិនបានបង់ទឹកដីដូចអ្វីដែលពួកគេបានចោទប្រកាន់ទេ»។
លើសពីនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ថ្លែងក្នុងសន្និសីទកាសែតនៅនៅថ្ងៃទី២៨ ខែសីហានេះថា សភាពការណ៍នៅតាមព្រំដែនមានស្ថានភាពស្ងប់ស្ងាត់ ហើយកម្ពុជាបន្តគោរពយ៉ាងម៉ឺងម៉ាត់លើបទឈប់បាញ់។
អ្នកស្រីថា៖ «ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ និងមិនទាន់មានការវិវឌ្ឍថ្មីនៅឡើយទេ កងកម្លាំងរបស់យើងបំពេញតួនាទីដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ និងខ្ជាប់ខ្ជួនបំផុត ដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួន កងកម្លាំងកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជូននូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥»។
ដោយឡែក អ្នកវិភាគភូមិសាស្ត្រនយោបាយនៅអាស៊ីអាគ្នេយ៍ និងជានាយកកម្មវិធីតស៊ូមតិនៃអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក សេង វណ្ណលី យល់ថា ការគោរពបទឈប់បាញ់ជារឿងល្អ ប៉ុន្តែការបណ្តោយឱ្យសត្រូវបន្តឈ្លានពានជារឿងអន់បំផុតសម្រាប់មេដឹកនាំ។
ក្នុងន័យនេះលោកពន្យល់ថា បទឈប់បាញ់ហាក់កំពុងចងដៃមេដឹកនាំកម្ពុជា មិនឱ្យការពារទឹកដី និងការពារផ្ទះសម្បែងពលរដ្ឋខ្មែរ ហើយបានក្លាយជាឳកាសសម្រាប់ទាហានថៃ បន្តគឃ្លើនឈ្លានពានទឹកដីកម្ពុជាតាមទំនើងចិត្តទៀតផង។
លោកថា៖ «ថៃគាត់រាយបន្លាលួសហ្នឹង យើងនឹងប្រជាពលរដ្ឋទូទៅមើលឃើញថា ជាការលះបង់ដែនអធិបតេយ្យរបស់កម្ពុជាឱ្យទៅភាគីថៃ ក្រោយអំពីបទឈប់បាញ់ គឺថាកម្ពុជាហ្នឹងគោរពបទឈប់បាញ់បានល្អ តែដោយឡែកថៃរំលោភលើបទឈប់បាញ់ អីចឹងសមិទ្ធផលដែលរដ្ឋាភិបាលទទួលបាន គឺអត់មានអ្វីសោះ ខណៈថៃបន្តរំលោភបំពានលើបទឈប់បាញ់ទៅវិញ»។
បទឈប់បាញ់នេះផងដែរ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ធ្លាប់អះអាងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១២ ខែសីហាថា បច្ចុប្បន្នកិច្ចព្រមព្រៀងឈប់បាញ់ស្ថិតក្នុងភាពផុយស្រួយ កំពុងប្រឈមនឹងការគំរាមកំហែងកាន់តែធ្ងន់ធ្ងរឡើង ដោយសារតែកម្លាំងយោធាថៃ បានបន្ដបង្កើនការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលនេះ ជាការបំពានយ៉ាងច្បាស់លើច្បាប់អន្ដរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានសុពលភាពតាមផ្លូវច្បាប់ ខណៈថៃបន្តរាយបន្លាលួសព័ទ្ធយកដីផ្ទះពលរដ្ឋខ្មែរនៅឃុំអូរបីជាន់ខេត្តបន្ទាយមានជ័យ ជាពិសេស ថៃបានរាយបន្លាលួសនិងសាងសង់លេណដ្ឋានលើប្រាសាទតាមាន់ធំ និងទីតាំងដទៃទៀត រួមទាំងច្រកអានសេះជាដើម៕









