ការដែលភាគីថៃ បន្តចោទប្រកាន់កម្ពុជាថា បានដាក់មីនថ្មីតាមបណ្តាយព្រំដែន ធ្វើឱ្យទាហានខ្លួនរងរបួសដាច់ជើងថ្មីទៀត ត្រូវបានគេមើលឃើញថា ថៃកំពុងប្រើលេសនេះជាឱកាស ដើម្បីសម្រេចមហិច្ឆតាច្បាមយកទឹកដីខ្មែរ តាមរយៈប្រើកម្លាំងយោធាបំពានបទឈប់បាញ់ ហើយទម្លាក់កំហុសដាក់កម្ពុជា។
ជុំវិញបញ្ហានេះ កម្ពុជានៅថ្ងៃទី២៨ខែសីហានេះ បានបដិសេធជាថ្មីទៀតថា ឧប្បត្តិហេតុកើតឡើង ដែលទាហានថៃជាន់មីនដាច់ជើងនៅក្បែរប្រាសាទតាក្របី កាលពីថ្ងៃទី២៧ខែសីហា ជាមីនបន្សល់ទុកពីសង្គ្រាមក្នុងដែនអធិបតេយ្យកម្ពុជា មិនមែនជាមីនដាក់ថ្មី ដូចការចោទប្រកាន់របស់ថៃនោះទេ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បានគូសបញ្ជាក់នៅព្រឹកថ្ងៃទី២៨ ខែសីហានេះថា កម្ពុជាសូមច្រានចោលការចោទប្រកាន់របស់ភាគីថៃ។
លើសពីនេះ អ្នកស្រីថា កម្ពុជាសូមជំរុញឱ្យភាគីថៃគោរពបទឈប់បាញ់ រួមទាំងមិនត្រូវចល័តកងកម្លាំងចូលដែនអធិបតេយ្យភាគីម្ខាងទៀត ដូចបានសន្យាក្នុងបទឈប់បាញ់ និងកិច្ចព្រមព្រៀងផ្សេងទៀត ដែលភាគីទាំងពីរបានធ្វើជាបន្តបន្ទាប់ ។
អ្នកស្រីថា៖ «ភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួន នៅក្នុងទីតាំងបច្ចុប្បន្នដោយមិនអនុញ្ញាតឲ្យផ្លាស់ប្តូរពីហួសពីទីតាំងដែលខ្លួនបានឈរជើង ក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង១២រំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ឡើយ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួនរាប់បញ្ចូលទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ»។
ដូចគ្នានេះដែរ អាជ្ញាធរមីនកម្ពុជា បានច្រានចោលដូចគ្នា ដោយចាត់ទុកថា ឧប្បត្តិហេតុផ្ទុះមីន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅក្បែរប្រាសាទតាក្របី ដែលបង្កឱ្យទាហានថៃម្នាក់រងរបួសដាច់ប្រអប់ជើងខាងស្តាំ ដោយសារជាន់មីននោះ ជាមីនបន្សល់ទុកពីសម័យសង្គ្រាម ក្នុងអំឡុងសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហម មិនមែនជាមីនទើបនឹងដាក់ថ្មី ដូចថៃចោទប្រកាន់នោះទេ ។
បើតាមអាជ្ញាធរមីន ក្នុងអំឡុងសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហម មីនរាប់លានគ្រាប់ត្រូវបានដាក់នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា រួមទាំងមិនធ្វើពីប្លាស្ទិកផងដែរ ហើយថាតំបន់ក្បែរប្រាសាទតាក្របី ដែលយោធាថៃបានអះអាងថា មានឧប្បត្តិហេតុផ្ទុះមីន គឺជាតំបន់ដែលមានមីនក្រាស់ និងហានិភ័យខ្ពស់។
ហេតុនេះ កម្ពុជា អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមដោះស្រាយបញ្ហានេះ ដោយទទួលខុសត្រូវ រក្សាឱ្យបានសន្តិភាពនៅតាមតំបន់ព្រំដែន និងធានាឱ្យបានសុវត្ថិភាពរបស់ប្រជាជនទាំងពីរ ហើយកម្ពុជាសូមជំរុញឱ្យភាគីថៃ អនុវត្តតាមបទឈប់បាញ់ និងមិនមានចល័តកងទ័ពនៅក្នុងតំបន់នោះ អំឡុងពេលនៃបទឈប់បាញ់។
លើលសពីនេះ កម្ពុជា គោរពតាមបទឈប់បាញ់ និងបានអនុវត្តកាតព្វកិច្ច ក្នុងនាមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ចាប់តាំងពីឆ្នាំ២០០០ មិនប្រើប្រាស់មីនប្រឆាំងមនុស្ស និងមិនប្រើប្រាស់ផលិត ឬដាក់មីនថ្មីឡើយ ចាប់តាំងពីអនុសញ្ញាចូលជាធរមានសម្រាប់កម្ពុជា។
ប្រតិកម្មឆ្លើយតបព្រមៗគ្នារបស់ភាគីកម្ពុជា ក្រោយពីមេដឹកនាំយោធាថៃ ចោទប្រកាន់កម្ពុជាថា បានលួចដាក់មីននៅប្រាសាទតាក្របី ដែលជាទីតាំងឈរជើងរួមគ្នាធ្វើឱ្យទាហានថៃដើរជាន់ហើយរងរបួស។
លោក វិនថៃ ស៊ុវ៉ារី អ្នកនាំពាក្យកងទ័ពថៃ បានប្រាប់សារព័ត៌មានថៃ កាលពីថ្ងៃ២៧ ខែសីហាថា ទីតាំងប្រាសាទតាក្របីជាទីតាំងដែលភាគីទាំងសងខាងកម្ពុជា-ថៃ ឈរជើងរួមគ្នា ដើម្បីការពារសន្តិសុខសុវត្ថិភាព ប៉ុន្តែបែរជាមានការលួចដាក់គ្រាប់មីនជាច្រើននៅចំនុចនោះ ដោយទាហានកម្ពុជាទៅវិញ។
លោកចោទថា ទង្វើដែលកម្ពុជាបានព្យាយាមលួចចូលមកដាក់គ្រាប់មីនក្នុងដែនអធិបតេយ្យរបស់ថៃនេះ ប្រៀបបាននឹងការរំលោភកិច្ចព្រមព្រៀង ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ហើយនឹងនាំទៅរកការលែងជឿទុកចិត្តលើគ្នាទៅវិញទៅមក។
លោកថា៖ «តំបន់ប្រាសាទតាក្របីនេះ ជាចំនុចដែលភាគីទាំងសងខាងព្យាយាមរក្សានិងការពារសន្តិសុខ សុវត្ថិភាពខ្ពស់បំផុតហើយកន្លែងដែលមានបង្កប់គ្រាប់មីននោះ គឺកម្ពុជាជាអ្នកដាក់ប្រាកដណាស់ហើយចំនុចដែលមានការដាក់គ្រាប់មីនេះ គឺស្ថិតក្នុងបរិមាណដែនដីរបស់ថៃ ដែលទាហានថៃកំពុងគ្រប់គ្រង ទង្វើនេះបង្ហាញថាកម្ពុជាកំពុងព្យាយាមរំលោភលើកិច្ចព្រមព្រៀង និងនាំទៅរកភាពលែងជឿទុកចិត្តគ្នារវាងភាគីទាំងសងខាង » ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ AMARIN NEWS នៅថ្ងៃទី២៧ ខែសីហាដដែលនេះ បញ្ជាក់ថា ទាហានថៃ ដែលរងរបួសដោយសារការផ្ទុះមីនជុំវិញជម្លោះព្រំដែននេះ មានចំនួន៦នាក់ហើយ។
យ៉ាងនេះក្តី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួន សូរីដា ហៅការចោទប្រកាន់របស់ថៃ មកលើកម្ពុជាថា ថៃព្យាយាមយកលេសនេះ ទម្លាក់កំហុសដាក់កម្ពុជា ដើម្បីសម្រេចមហិច្ឆតា យកដីខ្មែរតាមព្រំដែន តាមរយៈប្រើកម្លាំងទ័ព។
ក្នុងន័យនេះ លោកពន្យល់ថា បើថៃមិនយកលេសចោទកម្ពុជា បែបនេះទេ បំណងនៃការចល័តទ័ព ឬចង់វាយយកទីតាំងណាមួយរបស់កម្ពុជា នោះអន្តរជាតិនឹងមើលឃើញថា ថៃជាអ្នកបំពានលើបទឈប់បាញ់ ដូច្នេះហើយថៃនឹងបន្តប្រើយុទ្ធសាស្ត្រនេះ ដើម្បីសម្រេចមហិច្ឆតាយកដីខ្មែរ។
មួយវិញទៀត លោកថា ក្នុងយុទ្ធសាស្ត្រសង្គ្រាម ការដាក់មីនលើទឹកដីខ្លួន ដើម្បីប្រឆាំងនឹងសត្រូវឈ្លានពានមិនមានអ្វីខុសទេ ហើយថា ការឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជា ជារឿងត្រឹមត្រូវ ព្រោះកម្ពុជា ជាភាគីគោរពបទឈប់បាញ់។
តែថា ការដែលទាហានថៃ ដើរមកជាន់មីនរងរបួសលើទឹកដីខ្មែរ វាបញ្ជាក់ថា ថៃរំលោភបទឈប់បាញ់ ដែលកិច្ចព្រមព្រៀង តម្រូវមិនឱ្យចល័តទ័ពចូលដែនដីភាគីម្ខាងទៀត។ លោកថា ទាំងនេះ បញ្ជាក់ថា ថៃមានចេតនាឈ្លានពានកម្ពុជា ដោយប្រើកម្លាំងទ័ពផ្តើមចេញពីទាហានខ្លួនជាន់មីននេះ ដែលថា កម្ពុជាត្រូវរិះរកវិធានទប់ស្កាត់ជាមុន ដើម្បីទប់ទល់នឹងល្បិចកលថៃ ដើម្បីការពារទឹកដីខ្មែរ។
លោកថា៖ «រដ្ឋាភិបាលកម្ពុជាគឺត្រូវតែឆ្លើយតបរបៀបនេះ ពីព្រោះរដ្ឋាភិបាលកម្ពុជាច្បាស់ជាដឹងថា នេះគ្រាន់តែជាលេសមួយរបស់ទាហានថៃ ក្នុងការបម្រើមហិច្ឆតាដើម្បីបើកយុទ្ធនាការយោធាចូលកាន់កាប់តំបន់ក្បែរណាមួយ ជាពិសេសនៅតំបន់ប្រាសាទតាក្របីនេះតែម្តង»។
បើតាម លោក សួន សូរីដា ការរំលោភច្បាប់អន្តរជាតិ គឺថៃបានបំពានមកលើកម្ពុជាយ៉ាងធ្ងន់ធ្ងរ តាមរយៈការផ្ទុះអាវុធរយៈពេល៥ថ្ងៃ ដែលបានកន្លងទៅប្រមាណជា១ខែទៅនេះ ។
បំពាននៅត្រង់ថា ថៃប្រើទាំងគ្រាប់បែកចង្កោម និងផ្សែងពុលបាញ់ស្រោចមកលើកងទ័ពកម្ពុជា ដែលនេះជាភស្តុតាងបញ្ជាក់ថា ថៃមិនគោរពទាំងបទឈប់បាញ់ ហើយថៃក៏មិនគោរពច្បាប់អន្តរជាតិ លើសមរភូមិឈ្លានពានកម្ពុជានាពេលនេះ ។
លោកថា៖ «ជាក់ស្ដែងដូចការប្រយុទ្ធគ្នាប្រាំថ្ងៃកន្លងមកនេះ យើងឃើញទាហានថៃប្រើដល់គ្រាប់បែកចង្កោមដែលគេហាមឃាត់ការប្រើគ្រាប់បែកផ្សែងគីមី ប្រើសារធាតុគីមីនៅក្នុងអ្វីដែលគេហាមឃាត់អ៊ីចឹងសួរថាទាហានថៃអាចប្រើដោយអាវុធ ដែលជាអាវុធដែលគេហាមឃាត់បាន រឿងអីគ្រាន់តែជាមីនដែលបង្កប់នៅលើដីខ្មែរមានចាំបាច់អីទៅខ្លាចគេៗ យើងមើលការប្រើប្រាស់សព្វាវុធ ហើយដែលខ្ញុំបានជម្រាបអ៊ីចឹងថាយើងកប់មីននៅក្នុងដីយើង ហើយគេដើរចូលមកដីយើងជាន់មីន អាហ្នឹងគឺជាកំហុសរបស់អ្នកឯងហ្នឹងហើយ ដែលជាភ័ស្តុតាងមួយបញ្ជាក់ថា អ្នកឯងបានរំលោភលើកិច្ចព្រមព្រៀងចល័តទ័ពចូលមកនៅក្នុងទឹកដីរបស់កម្ពុជា»។
បទឈប់បាញ់កម្ពុជា-ថៃ បានចូលជាធរមានចាប់តាំងពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីប្រធានអាស៊ានប្តូរវេននៃនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
ប៉ុន្តែមួយខែកន្លងទៅនេះ ថៃមិនបានគោរពបទឈប់បាញ់នេះទេ ដោយចល័តទ័ព ចូលចាប់ទាហានខ្មែរ២០នាក់ ដល់ក្នុងបន្ទាយនៅព្រំដែនជួរមុខ រហូតបច្ចុប្បនៅ១៨នាក់ទៀត ដែលថៃមិនទាន់ប្រគល់ឱ្យកម្ពុជានៅឡើយ ទោះកម្ពុជាបន្តអំពាវនាវនិងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិ។
លើសពីនេះ យោធាថៃ បានចល័តទ័ពចូលទៅរាយបន្លាលួសព័ទ្ធយកប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ ព័ទ្ធយកតំបន់អានសេះ ខេត្តព្រះវិហារ និងភូមិអូរបីជាន់ និងគំរាមចុះរុះរើផ្ទះពលរដ្ឋជិត២០០ខ្នងទៀត នៅភូមិណងចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈភាគីកម្ពុជាមិនតបតដោយប្រកាសជំហរយ៉ាងម៉ឺងម៉ាត់គោរពបទឈប់បាញ់៕









