បក្សប្រឆាំង​រំលេច​ពីអ​​យុត្តិ​ធម៌ លោក កឹម សុខា ចំ​ពេល​បក្ស​កាន់​អំណាច​ចែក​រំលែក​សារ​ លោក ត្រាំ​

គណបក្ស​ប្រឆាំង បាន​លើក​ឡើងពី​ភាព​​អយុត្តិ​ធម៌សម្រាប់​ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ ក្រោម​ការ​ចោទ​ប្រកាន់ ដែល​គេ​មើល​ឃើញ​ថា ជា​បទ​ចោទ​បែប​ប្រឌិត ដើម្បី​បំបិទ​សំឡេង​មេប​ក្សប្រ​ឆាំង ដ៏​មាន​សក្តា​នុពល​រូប​នេះ​ជិត​១០​ឆ្នាំ។

ការលើក​ឡើង​បែប​នេះ​ ខណៈ​បក្ស​កាន់​អំណាច បាន​ចែក​រំលែក​សារ​លោក ដូណាល់ ត្រាំ ដែល​បក្ស​ប្រឆាំង​ចង់​ឃើញ​កម្ពុជា​ស្តារ​ប្រជា​ធិប​តេយ្យ ធានា​យុត្តិធម៌​សង្គម ដើម្បី​ស្តារ​ទំនាក់​ទំនង​ការ​ទូត​ឡើង​វិញ ជាមួយ​សហរដ្ឋ​អាមេរិក ក្រោយ​ពី​កម្ពុជា​ត្រូវបា​ន​គេ​ចោទ​ថា បាន​សម្លាប់​ប្រជាធិ​ប​តេយ្យជិ​ត១​០​ឆ្នាំ​ទៅ​នេះ។

លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២៧ ខែសីហា បាន​បង្ហោះ​លិខិត​លោក​ ដូណាល់ ត្រាំ ដែល​លោក ត្រាំ អរគុណ លោក ហ៊ុន ម៉ាណែត ដែល​ចង់​ស្នើ​លោក ត្រាំ ជា​បេក្ខជន​ពានរង្វាន់​​ណូបែល​សន្តិ​ភាព។

លោកត្រាំ​ និយាយ​ក្នុង​លិខិត​ចុះ​ថ្ងៃទី​២០ ខែ​សីហា​នោះ​ថា ប្រទេស​កម្ពុជា​មាន​ប្រវត្តិ​សាស្ត្រ​ និង​វប្បធម៌​ដ៏​យូរ​អង្វែង និង​សម្បូរ​បែប ហើយ​លោក​ជឿ​ជាក់​ថា លោក ហ៊ុន ម៉ាណែត ជា​មេដឹក​នាំ​ដ៏​ឆ្នើម​មួយ​រូប​ដែល​ផ្តល់​តម្លៃលើ​​ជីវិត​មនុស្ស និង​ស្រឡាញ់​សន្តិ​ភាព។

លើសពីនេះ លោក ត្រាំ ថា ចាប់​ពី​ពេល​នេះ​តទៅ កម្ពុជា​និងអា​មេរិក អាចផ្តោតការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​កសាង​​វិបុល​ភាព​សម្រាប់​ប្រជាជាតិ​​ដ៏​អស្ចារ្យ​របស់​ប្រទេស​ទាំង​ពីរ។

លោកក៏​បានបង្ហាញមោទកភាព​ដែល​បាន​ចូល​រួ​ម​ជា​ផ្នែក​មួយ នៃ​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​ដែល​បាន​បញ្ចប់​នូវ​សោក​នាដ​កម្ម​នៃ​ជម្លោះ​ប្រដាប់​អាវុធ និង​បាន​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​ពាន់​នាក់។

ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះ​ជាតិ លោក សួន សូរីដា យល់​ថា ការ​ចង់​ផ្តល់​ពាន​រង្វាន់​សន្តិភា​ព​ដល់​ លោក ត្រាំ តែ​មិន​ដោះ​លែង​លោក កឹម សុខា ដែល​រង​ការ​ចោទ​ថា​គប់​គិត​ជាមួយ​អាមេរិក​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា វា​មិន​មែន​ជា​ចេតនា​ស្មោះត្រ​ង់​ជាមួយ​អាមេរិក​ទេ។

លោក​ពន្យល់​ថា ទោះបី​លោ​ក​ ត្រាំ មិន​សរសេរ​ចំៗ​ថា​ ឱ្យ​ដោះ​លែង​លោក កឹម សុខា តែ​លោក​ជឿ​ថា​ មេដឹកនាំ​អាមេរិក​រូប​នេះ ចង់​ឃើញ​កម្ពុជា​មាន​ប្រជា​ធិប​តេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ។

លោកសង្កត់​ធ្ងន់​ថា ជិត១០ឆ្នាំ​ទៅ​នេះ​បទ​ចោទ​លើ​ លោក កឹម សុខា ភ្ជាប់​ជាមួយ​អាមេរិក​នេះ គឺ​ជា​ការចោ​ទ​ប្រកាន់​​លើ​អាមេរិក​ទាំង​អយុត្តិ​ធម៌ ដែល​បង្កើត​ភាព​ល្អក់​កកររ​វាង​ប្រទេស​ទាំង​២ ខណៈ​អាមេរិក​ក៏​ធ្លាប់​ច្រាន​ចោល​ការ​ចោទ​នេះ​ច្រើន​លើក​ហើយ​ដែរ។ 

លោកថា៖ «បើសិនជានៅតែចោទ! ចាប់លោក កឹម សុខា ដាក់​គុក​នៅ​ពេ​ល​នេះ គឺ​មាន​ន័យ​ថា រដ្ឋាភិ​បាល​កម្ពុជា​ នៅ​តែ​ចោទ​សហរដ្ឋ​អាមរិក​ជា​សត្រូវ​របស់​កម្ពុជា​ដដែល។ ដូច្នេះ​ខ្ញុំ​គិត​ថាដើម្បី​បង្ហាញ​ឲ្យ​ឃើញ​នូវ​គេ​ហៅ​ថា​សម្ដី​ចេញ​ពី​បេះ​ដូង​ពិត​ប្រាកដ​ថា កម្ពុជា​ចង់​ចាប់​ដៃ​ជា​មួយ​សហរដ្ឋ​អាមេរិក​ចង់​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ ទៅ​លើ​សហរដ្ឋ​អាមេរិក​ចាំបាច់​ណាស់​ ដូច​ខ្ញុំ​បាន​និយាយ​ហើយ​និយាយ​ទៀត​ គឺ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ដោះ​លែង​លោក ​កឹម សុខា ​ឱ្យ​មាន​សេរី​ភាព​ទៅ! អាហ្នឹង​ខ្ញុំ​គិត​ថា វា​ជាជំ​ហានដំ​បូង​ដែល​រដ្ឋាភិ​បាល​កម្ពុជា ឆ្លើយ​តប​ទៅ​នឹង​​អ្វី​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​មក​លើ​កម្ពុជា ក្នុង​សង្គ្រាម​ឈ្លាន​ពាន​របស់​ប្រទេស​ថៃ​៥ថ្ងៃ​​ហ្នឹង»។

ជាមួយគ្នានេះ ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរត្ន ថ្លែង​ថា ភស្តុតាង​ដែល​បង្ហាញ​ថា​អាមេរិក​មិន​ជាប់​ពាក់​ព័ន្ធ​នៅ​ពីក្រោយ​លោក កឹម សុខា នោះ​គឺ​ការ​ផ្តួច​ផ្តើម​គំនិ​ត​​​ឱ្យមាន​បទ​ឈប់​បាញ់​រវាង​កម្ពុជា ថៃ។

លោកសង្កត់ធ្ងន់ថា ការដោះលែងលោក កឹម សុខា គឺជាការ​ឯកភាព​ជាតិ​ខ្មែរ​តែមួ​យ​ធ្វើឱ្យ​​ខ្មែរ​ខ្លាំង ហើយ​ក៏ជួ​យ​ពង្រឹង​ទំនាក់​ទំនង​ល្អ​ជាមួយ​សហគមន៍​អន្តរ​ជាតិ ជាពិសេស​គឺ​សហរដ្ឋ​អាមេរិក ដែល​នឹង​ជួយ​សង្រ្គោះសេ​ដ្ឋកិច្ច​កម្ពុជាផ​​ង​ដែរ។

លោកថា៖ «ការចោទប្រកាន់នេះ យើងដឹងហើយមិនមែនជា​ក​រណី​ដែល​មាន​ប្រជា​ប្រិយ​ភាព​ទេ! ព្រោះស​ហគម​ន៍អ​ន្តរ​ជាតិ​គេ​មិន​មើល​ឃើញ​ថា រឿង​នេះ​ជារឿ​ង​ផ្លូវ​ច្បាប់​អី​ទេ! គេមើលឃើញ​ថា​វាជា​រឿ​ងន​យោបាយ​ ដូច្នេះ​ខ្ញុំ​គិត​ថា ករណី​នេះ តុលាការ​លោក​គួរ​តែ​ពិចារណា​ឡើង​វិញ សុំ​ឲ្យ​មាន​ការ​ដោះលែ​ង​លោក​ប្រធាន កឹម សុខា មាន​សេរីភាព​ឡើង​វិញ »។  

ជុំវិញរឿងនេះ VOD មិនអាចសុំការឆ្លើយតបពីតំណាង​អយ្យកា​រ​សាលាដំ​បូង​រាជ​ធានី​ភ្នំពេញ​លោក ផ្លង់ សុផល បាន​ទេ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

សម្រាប់ អ្នកប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គិត និង​ការ​ស្រាវ​ជ្រាវ លោក សេក សុជាតិ យល់ថា លិខិត​ឆ្លើយ​ឆ្លង​រវាង​មេដឹក​នាំ​អា​មេរិក និង​​កម្ពុជា គឺ​ជា​ចំណុច​វិជ្ជមាន​ឈាន​ទៅ​រក​ទំនាក់​ទំនង​កាន់​តែ​ល្អប្រ​សើរ​ជាមួយ​គ្នា​ឡើង​វិញ។

យ៉ាងណា លោកថា ការបើកលំហរលទ្ធិប្រជាធិប​តេយ្យ សេរីភាព​បញ្ចេញ​មតិ ការ​គោរព​សិទ្ធ​មនុស្ស និង​ពង្រឹង​ប្រព័ន្ធ​នីតិ​រដ្ឋ​ជាដើម សុទ្ធ​តែ​ជាផ្នែ​ក​ឱ្យ​អាមេរិក​មាន​ទំនុក​ចិត្ត​លើ​កម្ពុជា​កាន់​តែ​រឹង​មាំផ​ង​ដែរ។

លោកសង្កត់​ធ្ងន់​ថា សន្តិភាពពិតមិនមែនគ្រាន់តែគ្មានសង្រ្គាម​ដូច​ដែល​បក្ស​កាន់​អំណាច​ធ្លាប់​លើក​ឡើង​ទេ តែ​ទាម​ទារ​ឱ្យប​ញ្ឈប់​អំពើ​ហិង្សា​នយោបា​យ គំរាម​គំហែង គាប​សង្កត់​គ្រប់​បែប​យ៉ាង មាន​ទាំង​ប្រើ​វិធាន​ការ​ច្បាប់​តាម​ទំនើង​ចិត្ត ក្នុង​ន័យ​ឱ្យ​ក្រុម​មតិ​ផ្ទុយ​គាំទ្រ​ខ្លួន​ជាដើម។

លោកថា៖ «ជាពិសេស​គឺ​ទាក់​ទង​ជាមួយ​នឹង​ការ​ដោះ​លែ​ង ឬ​ក៏កា​រ​លើក​លែង​ទោស​ដល់​អ្នក​នយោបាយ​ សកម្មជន​សង្គម យុវជ​ន ហើយ​នឹង​មនុស្ស​ដែ​ល​ធ្វើកា​រ​ ឬ​ក៏ពា​ក់​ព័ន្ធ​ជាមួយ​នឹង​សេរី​ភាព​បញ្ចេញ​មតិ​អី​អ៊ីចឹង​ជាដើម។ ដូច្នេះ​នេះ​គឺ​ជាចំ​ណុច​សំខាន់​ដែល​ខ្ញុំយ​ល់​ថា កម្ពុជា​គួរ​ពិចា​រ​ណានិ​ងអ​នុវត្ត ដើម្បីធ្វើ​ឲ្យ​ស​ហរដ្ឋ​អាមេរិក​មាន​ជំនឿ​មក​លើ​កម្ពុជា ហើយ​នឹង​អាច​ជួយ​កម្ពុ​ជា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នៅ​ចំ​ពោះមុ​ខ​ ពេល​ដែល​កម្ពុជា​កំពុ​ង​តែមា​ន​សង្គ្រាម​ជាមួយ​នឹង​ប្រទេស​ថៃ​នា​ពេល​បច្ចុបុ្បន្ន»។

លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបាន​តុលាកា​រទី​ក្រុ​ងភ្នំពេញ ចេញសាលក្រម​ចុះថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣ ផ្តន្ទាទោស​ ដោយឃុំខ្លួនៅក្នុ​ងផ្ទះ ចំ​នួ​ន២៧ឆ្នាំ ខណៈស​មត្ថ​កិ​ច្ច​ចា​ប់ខ្លួ​​នគាត់ ទាំង​ពាក់ក​ណ្តា​លអា​ធ្រា​ត្រ​​ ឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។

លោកត្រូវបា​នតុលាការចោទប្រកាន់ ​ពីប​ទ​​ក្ប​​ត់ជាតិ តាមបណ្តឹងរបស់រដ្ឋាភិបាល លោក ហ៊ុន សែន អំឡុងចុង​ឆ្នាំ​២០១៧ ដោយចោទថា គាត់គ​ប់​​គិត​​ជាមួយសហរដ្ឋអាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាល ។

យ៉ាងណា សហរដ្ឋអាមេរិក តាមរយៈស្ថានទូតប្រចាំកម្ពុជា បានច្រានចោលទៅនឹងសេចក្តីសម្រេច​របស់តុលាការកម្ពុជា ដោយចាត់ទុកថា លោក កឹម សុខា មេដឹកនាំនយោបាយកម្ពុជា ដែលទទួលបាននូវការ​​គោរព  ហើយថា ដំណើរការច្រើនឆ្នាំ ដើម្បីបំបិទ​សំឡេង លោក កឹម សុខា ដោយ ផ្អែកលើបទសមគំនិត ប្រឌិត គឺជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌ ។

សម្រាប់ សហរដ្ឋអាមេរិក ការបដិសេធ​សេរីភាពក្នុងការ​បញ្ចេញ​មតិ និងធ្វើនយោបាយរបស់ លោក កឹម សុខា និងអ្នកនយោបាយផ្សេងទៀត ធ្វើឲ្យប៉ះពាល់ដល់រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា បំណង​អន្តរ​ជាតិ និង​វឌ្ឍន​ភាពកន្លង​មក ដើម្បី​ក្លាយ​​ជា​សង្គម​ពហុបក្សប្រកបដោយបរិយាបន្នមួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ