អ្នកភូមិ​ជោគ​ជ័យ​ប្តេជ្ញា​ប្ដូរ​ជីវិត​ទប់​ទល់​នឹង​យោធា​ថៃ​បើ​ពួក​គេ​នៅ​តែ​បន្ត​ឈ្លាន​ពាន​ដី​ខ្មែរ

ខណៈ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​ការ​ពារ​ជាតិ តែង​តែ​ប្រកាស​ពី​បច្ចុប្បន្ន​ភាព នៅ​តំបន់​ព្រំដែន​ថៃ ដោយ​អះអា​ង​ថា មាន​សភាព​ស្ងប់​ស្ងាត់​ជា​ធម្មតា​នោះ ភាព​ពិត​ជាក់​ស្ដែង នៅ​តំបន់​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​វិញ មិន​ស្ងាត់​ដូច​សម្ដី​អ្នក​នាំ​ពាក្យ​ស្ថាប័ន​ការ​ពារ​ជាតិ​កម្ពុជា និយាយ​នោះ​ទេ ដោយ​ប្រជា​ពលរដ្ឋ​នៅ​តែ​បន្ត​ដេក​យាម​ទាំង​យប់​ទាំង​ថ្ងៃ ស្រប​ពេល​ដែល​ក្រុម​យោធា​ថៃ បាន​ដឹក​បន្លា​លួស និង​សម្បក​កង់​ឡាន​ចាស់ មក​ជា​ច្រើន​បន្ថែម​ទៀត ដើម្បី​ត្រៀម​ដាក់​ពង្រាយ​ព័ទ្ធ​យក​ភូមិ​ពលរដ្ឋ​ខ្មែរ។

ចំណែកឯពលរដ្ឋខ្មែរវិញ ប្រឈមនឹងការគម្រាម​របស់​ក្រុម​យោធា​ថៃ​នេះ គ្រាន់​តែ​ព្រះ​អាទិត្យ​ចាប់​ផ្ដើម​លិច​ភ្លាម និង​​បន្ទាប់​ពី​ទទួល​ទាន​អាហារ​ជុំ​គ្នារួ​ច ពួក​គាត់​ដែល​ភាគ​ច្រើន​មក​ពី​ភូមិ​ជោគ​ជ័យ ភូមិ​ព្រៃ​ចាន់ ក្នុង​ឃុំអូរ​បី​ជាន់ និង​មួយចំ​នួន​ម​ក​​ពី​តំបន់ និង​តាម​ខេត្ត​ផ្សេង​ទៀត បាន​ចែក​វេន​គ្នា​យាម ដោយ​ក្រុម​យុវជន បាន​នាំគ្នា​ចង​អង្រឹង​​ដេក​អុជ​ធូប​មូស ដោយ​យាម​ល្បាត​ពេញ​មួយ​យប់ ជាមួយ​កង​ទ័ព​ខ្មែរ ចំណែក​ឯពលរដ្ឋ​វ័យ​ចំណាស់ ជន​ពិការ ស្ត្រី​​មាន​កូន​តូច និង​ស្ត្រីកំ​ពុង​ពពោះ​ជាដើម បាន​នាំ​គ្នាច​ង​សំពត់​កៅ​ស៊ូត​ង់ ដេក​ក្រោម​ដើម​ឈើ​ផ្ទាល់​ដី។

យោងតាមការបង្ហោះផ្ទាល់ពីគណនីហ្វេសប៊ុករបស់ពលរដ្ឋនៅភូមិជោគជ័យ នៅល្ងាចថ្ងៃទី២៧ ខែសីហា បាន​បង្ហាញពីសកម្មភាពពលរដ្ឋខ្មែរមួយចំនួន បានក្រោកពីព្រលឹម សម្អាតបរិវេណជុំវិញ រើសសម្រាម ខ្លះបរិភោគ​អាហារកញ្ចប់ និងខ្លះទៀតបន្តដេក ដោយសារអស់កម្លាំង បន្ទាប់ពីយាមល្បាតពេញមួយយប់។

ពលរដ្ឋថា៖ «មើល​កន្លែង​គាត់​សម្រាក ដើម្បី​ការ​ពា​រ​កុំ​ឱ្យ​ចោរ​មក​ឈ្លាន​ពាន​ទៀត។ មិន​ថា​ទាំង​ស្រី​ទាំង​ប្រុស​ទេ គឺ​ដេក​ស្ដូក​ស្ដឹង​យាម រនេក​រនោង​ពេញ​តែ​ហ្នឹង​ឯង មើល​ទៅ​គួរ​ឱ្យ​អានោច​អាធម​មែន​ទែន»។

ទោះជាយ៉ាងណា ប្រភពដដែលនេះ បានបញ្ជាក់ថា នៅតំប​ន់​ដែល​ក្រុម​យោធា​ថៃ​ប៉ុន​ប៉ង​រាយ​បន្លា​លួសនេះ ត្រូវ​បាន​​អាជ្ញាធរ​រឹត​ត្បិត ដោយ​មិន​អនុញ្ញាត​​ឱ្យ​ពលរដ្ឋ និង​អ្នក​សារព័ត៌​មាន​រាយ​ការណ៍ ឬ​ថត​វី​ដេ​អូ នោះ​ឡើយ ហើយ​ប្រសិន​បើ​ពលរដ្ឋ​ខ្មែរ​ណា ចង់​មក​មើល​ផ្ទាល់ ត្រូវ​ទុក​ទូរស័ព្ទ​នៅ​កន្លែង​ណា​មួយ ដោយ​មាន​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ លោក អ៊ុំ រាត្រី ​គឺ​ជា​អ្នក​រារាំង​ពលរដ្ឋ​ដោយ​ផ្ទាល់។

យ៉ាងណាក៏ដោយចុះ នៅព្រឹកថ្ងៃទី២៨ ខែសីហា នៅតែមានពលរដ្ឋខ្មែររាប់ពាន់នាក់ មក​ពី​តំបន់​ផ្សេងៗ បាន​ធ្វើដំណើរ​​តាម​ម៉ូតូ ​និង​ឡានទៅភូមិជោគជ័យ ដើម្បី​លើក​ទឹក​ចិត្ត​ទៅ​ដល់​ក្រុម​អ្នក​ភូមិ ដែល​មានភាពក្លាហាន ​នាំ​គ្នា​តវ៉ា​រារាំង​ក្រុម​ទាហាន​ថៃ​ឱ្យ​បញ្ឈប់​ការ​ចូល​រាយ​បន្លា​លួស​រំលោភ​លើ​ទឹក​ដី​កម្ពុជា ទោះបីជា​រដ្ឋាភិ​បាល បានអះអាងពីភាពស្ងៀមស្ងាត់ក៏ដោយ។

កាលពីថ្ងៃទី២៥ ខែសីហា កងកម្លាំងយោធាថៃ បានចូលមករាយលួសបន្លា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ដ្រទល់មុខភូមិណងចាន់ ឃុំខកសុខ ខេត្តស្រះកែវ ប្រទេស​ថៃ។ ហេតុ​ការណ៍​នេះ បានបណ្ដាលឱ្យពលរដ្ឋខ្មែរមួយចំនួន ឈឺចាប់រហូតស្រក់ទឹកភ្នែក ហើយនាំគ្នា​យកដំបងមកឆ្កឹះយកបន្លា​លួសចេញ និងបានយំស្រែកទាមទារឱ្យក្រុមយោធាថៃ ដែលមានអាវុធនៅក្នុង​ដៃ បញ្ឈប់ការឈ្លានពានមកលើកម្ពុជាបន្តទៀត។ នៅក្នុងហេតុការណ៍នោះ ពលរដ្ឋខ្មែរបានសាមគ្គីគ្នា ដោយ​ស្ត្រីមានកូន បានពកណ្ដៀតកូនតូចនៅ​លើ​​ចង្កេះ ដៃម្ខាងអោបកូន ដៃម្ខាងកាន់ដំបងរើបន្លាលួស ខណៈស្ត្រីពោះធំ និងជនពិការ បានកាន់ដំបងជួយឆ្កះបន្លាលួសជាមួយគ្នាដែរ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានលើកឡើងថា សកម្មភាពរំលោភបំពានរបស់កងកម្លាំង​ថៃ​មកលើអធិបតេយ្យភាពរបស់កម្ពុជា នៅភូមិជោគជ័យ គឺឆ្លុះបញ្ចាំងឲ្យឃើញពីការប៉ុនប៉ងដោយចេតនា​របស់ថៃ ក្នុង​ការពង្រីកជម្លោះចូលទៅក្នុងតំបន់ប្រជាជនស៊ីវិល និងធ្វើឱ្យមានគ្រោះថ្នាក់បន្ថែមទៀតដល់​បទឈប់បាញ់ ដែល​កំពុងតែមានភាពផុយស្រួយ។

ទោះយ៉ាងនេះក្ដី មេទ័ពភូមិភាគ២ថៃ លោក ប៊ុនស៊ីន ផាតក្លាង បានព្រមានអំពីការបាញ់បង្អើលឱ្យមានការបញ្ឈប់សកម្មភាពបំពានលើទឹកដីថៃ ហើយបើពលរដ្ឋខ្មែរ​មិនដកថយទេ ទាហានថៃ នឹងបើកការវាយប្រហារ​ភ្លាមៗ។

កាន់តែធ្ងន់ធ្ងរជាងនេះ មេបញ្ជាការយោធាថៃ បានព្រមានថា បើកម្ពុជាមិនព្រមប្រគល់ទឹកដីភូមិជោគជ័យ ដែល​ថៃ​អះ​អាង​ថា ជាទឹកដីរបស់ពួកគេនោះទេ យោធាថៃនឹងរើផ្ទះរបស់ពលរដ្ឋខ្មែរប្រមាណ ២០០ខ្នងផ្ទះនៅភូមិជោគ​ជ័យ និងភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ដោយខ្លួនឯង។

ដោយឡែក នៅខាងភូមិណងចាន់ របស់ថៃ​វិញ មានប្រជាជនថៃ មកពីក្រុងបាងកក និងខេត្តស្រះកែវ របស់ថៃ ជាច្រើននាក់ បាននាំគ្នាប្រមូលផ្ដុំទៅភូមិណងចាន់ ជាប់ព្រំប្រទល់ភូមិជោគជ័យ របស់កម្ពុជា ក្នុងបំណងទៅ​ការ​ពារ​របង​​លួស ដែលទាហានថៃ បានដាក់ និងបណ្ដេញពលរដ្ឋខ្មែរ ចេញពីភូមិ ប៉ុន្តែពួកគេត្រូវបានទាហាន​ថៃ ហាមឃាត់ដោយខ្លាចមានការប៉ះទង្គិចគ្នាជាមួយពលរដ្ឋខ្មែរ។

ដោយឡែក នៅថ្ងៃទី២៨ ខែសីហា យោធាថៃត្រៀមរុះរើផ្ទះពលរដ្ឋខ្មែរ​១៨ខ្នង ស្ថិតនៅភូមិព្រៃចាន់ ខេត្ត​បន្ទាយ​​មាន​ជ័យ បន្ទាប់ពីក្រុមទាហានថៃបានរាយបន្លាលួសព័ទ្ធយក និងបណ្ដេញពលរដ្ឋខ្មែរចេញ។ ជាមួយ​គ្នានេះ មេបញ្ជាការយោធាភូមិភាគ២របស់ថៃ បញ្ជាក់​ថា ទាហានថៃនឹងមិនរុះរើបន្លាលួស ដែល​ដាក់​​ពង្រាយ​នៅតាមព្រំដែនឡើយ។

កាន់តែអាក្រក់ជាងនេះទៅទៀត ក្រុមអ្នកជាតិនិយមថៃ ដែលឈរតវ៉ានៅពីក្រៅរបង បាន​ប្រកាស​ក្ដែងៗ​ពី​បំ​​ណង​បញ្ជូនឡានដឹក​លាមក​ជាង ១០គ្រឿង មក​កាន់ភូមិ​ណងចាន់ ក្នុង​គោល​​បំណង គំរាម​បាញ់​ស្រោច​នៅ​តំបន់​ព្រំដែន ដើម្បី​បណ្ដេញ​ពលរដ្ឋ​ខ្មែរ។

បន្ថែម​ពីលើនេះ ពួកគេបានប្រើប្រាស់គ្រឿង​ឧបករណ៍​ចាក់​តន្រ្តី ដោយបើក​សំឡេង​ឮខ្លាំងៗ និង​​ជេរ​ប្រមាថ​មក​លើ​ពលរដ្ឋខ្មែរឥតឈប់ឈរទៀតផង។

​ប្រឈមនឹងស្ថានការណ៍នេះ រដ្ឋាភិបាលកម្ពុជា ហាក់មិនបានឆ្លើយតបដើម្បីការពារ​សិទ្ធិ​ពលរដ្ឋ​​​ខ្លួន និង​ការ​​ពារ​​បូរណ​​ភាព​ទឹក​ដី​របស់​កម្ពុជា​ឱ្យ​​បាន​សម​ស្រប​នោះ​ឡើយ។ រដ្ឋាភិបាល​​តាម​​រយៈ​អ្នក​នាំពា​ក្យ​ក្រសួង​ការ​​ពារ​​ជាតិ តែង​​តែ​​​ប្រកាស​អំពី​ស្ថាន​ភាព​នៅតំ​បន់​ព្រំដែន មាន​ភាព​ស្ង​ប់​ស្ងាត់​ធម្មតា និង​អំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​​អត់​ធ្មត់ ដើម្បី​អនុវត្ត​បទ​ឈប់​បាញ់ ជៀស​វាង​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ​ម្តង​ទៀត ដែល​នឹង​នាំ​ឱ្យ​ខាត​បង់​ទាំង​ទ្រព្យ​សម្បត្តិ ប្រជា​​​ពលរដ្ឋ និង​កង​កម្លាំង​កម្ពុជា។

ទន្ទឹមគ្នានេះ ក្រសួងការពារជាតិ បានប្រកាសពីគោលជំហររបស់រដ្ឋាភិបាលកម្ពុជា ក្នុងការចរចាជាមួយយោធា​ថៃ ដើម្បីវិលទៅរកសភាពដើមវិញ ដូចជាការបើកច្រកព្រំដែន ទោះបីពេលនេះ ថៃបានព័ទ្ធ​បន្លាលួស​ទន្ទ្រានយកប្រាសាទ និងភូមិពលរដ្ឋខ្មែរ ខណៈប្រាសាទព្រះវិហារបានទទួលរងការខ្ទេចខ្ទំ ដោយសារដោយ​សារទ័ពអាកាសថៃវាយប្រហារ និងមានទាហានខ្មែរជាច្រើននាក់ បានស្លាប់ដោយសារអាវុធគីមីផ្សែងពុល និង១៨នាក់ទៀត ត្រូវបានយោធា​​ថៃ ប្រើឧបាយចាប់ខ្លួនធ្វើជាចំណាប់ខ្មាំងក្ដី។

ផ្ទុយពីគោលជំហររបស់រដ្ឋាភិបាលខ្លួន ពលរដ្ឋខ្មែរ អ្នកស្រុកអូរជ្រៅ បានលើកឡើងថា ពួកគាត់មិនយកដំបង​​ឈើ ទៅបង្កសង្គ្រាមជាមួយយោធាថៃ ដែលកាន់អាវុធនៅក្នុងដៃនោះទេ ប៉ុន្តែពួកគាត់​ក៏មិនព្រមឱ្យ​យោធា​​ថៃ មករាយបន្លាលួសព័ទ្ធយកដី ដើម្បីដូរយកសន្តិភាព ដូចរដ្ឋាភិបាលបានដោយងាយនោះឡើយ។ ពួកគាត់បន្តថា រដ្ឋាភិបាលកម្ពុជា​ហាក់មានគោលជំហរ ខ្លាំង​តែពីដំបូង ក៏ប៉ុន្តែចុងក្រោយ​បែរជាមិនច្បាស់​លាស់ និង​ទន់​ជ្រាយ ហើយបណ្ដោយ​ឱ្យ​យោធាថៃ ចូលមកកាន់កាប់តំបន់ប្រាសាទ​នៅលើភ្នំដងរែកសារជាថ្មី។

និស្សិតបញ្ចប់ការសិក្សាជំនាញវិទ្យាសាស្ត្រនយោបាយមកពីប្រទេសថៃ លោក ជុំ ឧទិត្យ ដែល​បាន​ចុះ​ទៅ​តាម​ដាន​ស្ថាន​ការណ៍​ផ្ទាល់ លើក​ឡើង​ថា ស្ថាន​ការណ៍​នៅ​ភូមិ​ជោគ​ជ័យ មាន​សភាព​ផុយ​ស្រួយ​ និង​មិន​ច្បាស់​លាស់ បន្ទាប់​ពី​ទាហាន​ថៃ នៅ​តែ​បន្ត​បញ្ជូន​កម្លាំង​ទ័ព បន្លា​លួស និង​សំបក​កង់​ឡាន​ មក​កាន់​តែ​ច្រើន និង​មាន​ពលរដ្ឋ​ថៃម​ក​កាន់តែ​ច្រើ​ន​ឡើង ខណៈភា​គី​កម្ពុជា នៅ​តែរ​ក្សាភា​ព​ស្ងៀម​ស្ងាត់​ ទាំង​កម្លាំង​ទ័ព និង​គោល​ជំហរ ដោយ​ទុក​ឲ្យ​ពលរដ្ឋ​​ប្រឆាំង​ប្រឈម​នឹង​យោធា​ថៃ​ដោយ​ខ្លួន​ឯង។ លោក​បន្ត​ថា ពលរដ្ឋ​កម្ពុជា គ្មាន​បំណង​បង្កើត​អរិយភាពរ​វាង​ជាតិ​សាសន៍​ទាំងពី​រ​ឡើយ ​ដោយ​ពួក​គា​ត់​គ្រាន់​តែ​ចង់​ការ​ពារ​ទឹក​ដី​របស់​ខ្លួនពី​ដូនតា​តែ​ប៉ុណ្ណោះ។

លោក ជុំ ឧទិត្យ និយាយ​ថា​៖ «ភូមិជោគ​ជ័យ​នេះ ប្រសិន​បើ​ពលរដ្ឋ​អត់​ស្រុះ​ស្រួល​គ្នា និង​ប្ដូរ​ផ្ដាច់​ទេ ច្បាស់​ជា​​ត្រូវ​ទ័ព​សៀម​ព័ទ្ធ​យក​ដី យក​ផ្ទះ​អស់ ដូច​នៅ​ភូមិ​ព្រៃចា​ន់​អ៊ីចឹង ហើយ​ពួក​គាត់​ចុះទៅ​មិ​ន​មែន​ចង់​ល្បី​ ឬ​ចង់​បាន​ជំនួយ​នោះ​ទេ ដោយ​សារ​ពួកគាត់​លែង​ទុក​ចិត្ត​រដ្ឋាភិបាល​អ៊ីចឹង​ណា។ មុន​ដំបូ​ង​ សុទ្ធ​តែ​អត់​ឲ្យហួ​ស​បន្ទាត់​ក្រហម ឬ​មិន​ត្រឹម​តែជា​ការ​ទប់​ទល់​ទេ គឺ​វាយ​បក​ផង​ដែរ។ ប៉ុន្តែ​ចុង​ក្រោយ​អត់​ ហើយ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អន្តរ​ជាតិ ICJ ហ្នឹង​ក៏​អត់​ទៀត អាត្រង់​ចំណុច​ហ្នឹង​ហើយ​ ដែល​ធ្វើ​ឲ្យ​បញ្ហា​វា​កាន់​តែ​រីក​ស្ញាញ»។

កងទ័ពភូមិន្ទថៃ បានអះអាងថា តំបន់ដែលទាហានថៃរាយបន្លាលួស​នោះ គឺជាទឹកដីថៃ ស្ថិតនៅតាមព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលព្រំដែនលេខ៤៦ និងលេខ៤៧។ កងទ័ពភូមិន្ទថៃ បានអះ​អាងទៀតថា ក្នុងជម្លោះផ្ទៃក្នុងកម្ពុជាឆ្នាំ​១៩៧៧ រដ្ឋាភិបាលថៃ​បានអនុញ្ញាតជាបណ្ដោះ​អាសន្ន ឱ្យ​ពលរដ្ឋខ្មែរស្វែងរកការជ្រកកោននៅប្រទេសថៃ ប៉ុន្តែនៅពេលស្ថានការណ៍វិលមករក​ភាពប្រក្រតីវិញ ពលរដ្ឋខ្មែរមួយចំនួនមិនព្រមត្រឡប់មកស្រុកវិញនោះឡើយ។

ក៏ប៉ុន្តែ អតីតទាហាន និងជាជនភៀសខ្លួន ដែលមានដូចតាជាអ្នកស្រុកអូរជ្រៅ បានអះអាងថា ការលើកឡើងរបស់យោធាថៃ គឺជាការកុហក។ ពួកគាត់អះអាងថា ជំរុំជនភៀសខ្លួនណងចាន់ ស្ថិតក្នុងភូមិណងចាន់ ស្រុក​គោក​សូង ខេត្តស្រះកែវ គឺស្ថិតនៅឆ្ងាយពីទីតាំង ដែលកងទ័ពថៃរាយ​បន្លាលួសនេះ ជាច្រើនម៉ែត្រ។ ពួកគាត់អះអាងទៀត​​ថា មានតែទាហានថៃទៅវិញទេ ដែលបានឆ្លៀតឱកាសដែលកម្ពុជាកំពុងមានសង្គ្រាមផ្ទៃក្នុង បានចល័តទ័ពចូលមកទន្ទ្រានយកទឹកដី​កម្ពុជា​អស់ជាច្រើនគីឡូម៉ែត្រ ចាប់តាំងពីព្រំដែនស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រហូត​ដល់​ច្រកអូរស្មាច់ ជាប់ព្រំប្រទល់ស្រុកកាប់ជើង ខេត្តសុរិន្ទ។

ស្ថិតក្នុងស្ថានការណ៍កាន់តែតានតឹង អ្នកឃ្លាំមើល និងពលរដ្ឋ ទទូចឱ្យរដ្ឋាភិបាលប្រញាប់​ដាក់ពាក្យ​បណ្ដឹងសុំការអន្តរាគមន៍ ពីតុលាការយុត្តិធម៌អន្តរជាតិ ICJ ដោយពួកគាត់យល់ឃើញថា មានតែអន្តរាគមន៍ពីស្ថាប័នមួយនេះប៉ុណ្ណោះ ដែលអាចដោះស្រាយបញ្ហានេះជ្រះស្រឡះ ដូចករណី​ប្រាសាទព្រះវិហារដែរ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ