លោក ត្រាំ ជជែក​ពី​វិបត្តិ​ចំណាប់​ខ្មាំង​និង​រឿង​ផ្សេង​ទៀត​ក្រោយ​សង្គ្រាម​នៅ​ប៉ាឡេ​ស្ទីន

មន្ត្រី​សេត​វិមាន បាន​និយាយ​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​​ ដូណាល់ ត្រាំ បាន​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​កិច្ច​ប្រជុំ​គោល​នយោបាយ​ស្តីពី​សង្រ្គាម​អ៊ីស្រាអ៊ែល​នៅ​តំបន់​ហ្គាស្សា និង​ផែន​ការ​ក្រោយ​សង្រ្គាម​សម្រាប់​ទឹក​ដី​ប៉ាឡេស្ទីន​ កាល​ពី​ថ្ងៃ​ពុធ ដោយ​មាន​ការ​ចូល​រួម​ពី​អតីត​នាយក​រដ្ឋ​មន្ត្រី តូនី ប្លែរ (Tony Blair) និង​អតីត​ទូត​ពិសេស​ផ្នែក​មជ្ឈឹម​​បូព៌ា​របស់​ លោក ត្រាំ គឺ​លោក ជេរែត ខា​ស្ន៊រ (Jared Kushner)។

ទីភ្នាក់ងារ​សារព័ត៌មាន​ រ៉យ​ទ័រ បាន​រាយ​ការណ៍​នៅ​ថ្ងៃទី​​២៨ ខែ​សីហា ឆ្នាំ​២០២៥​ថា មន្ត្រី​សេតវិមាន​រូប​នោះ​បាន​ប្រាប់​រ៉យ​ទ័រ​ថា លោក ត្រាំ និង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​សេត​វិមាន លោក ប្លែរ និង​លោក ខាស្ន៊រ ​បាន​ពិភាក្សាអំ​ពី​វិបត្តិ​ចំណាប់​ខ្មាំង និង​ផែន​ការ​បង្កើន​ការ​ផ្តល់​ជំនួយ​ស្បៀង​អាហារ និង​ផែន​ការ​ក្រោយ​សង្គ្រាម​។

លោក ត្រាំ បាន​សន្យា​ថា នឹង​បញ្ចប់​សង្រ្គាម​នៅ​តំបន់​ហ្គាស្សា​យ៉ាង​ឆាប់​រហ័ស អំឡុង​យុទ្ធនា​ការ​ប្រធានាធិបតី​របស់​លោ​ក ប៉ុន្តែ​ដំណោះ​ស្រាយ​ហាក់​បី​បាន​អូស​បន្លាយ​រយៈ​ពេល ៧ខែ ក្នុង​អាណត្តិ​ទី២​ របស់​លោក។

អាណត្តិរ​បស់ លោក ត្រាំ ចាប់​ផ្តើម​ជាមួយ​នឹង​បទ​ឈប់​បាញ់​ដែល​មាន​រយៈ​ពេល ២ខែ រហូត​ដល់​ការ​វាយ​ប្រហារ​អ៊ីស្រា​អ៊ែល បាន​សម្លាប់​ជន​ជាតិ​ប៉ាឡេ​ស្ទីន​ប្រហែល​ចំនួន ៤០០​នាក់ នៅ​ថ្ងៃ​ទី១​៨ ខែ​មីនា។ យ៉ាងណា​ថ្មីៗ​នេះ រូប​ភាព​របស់​ជន​ជាតិ​ប៉ាឡេ​ស្ទីន ដែល​ពោពេ​ញ​ទៅ​ដោយ​ភាព​ស្រេក​ឃ្លាន​នៅ​តំបន់​ហ្គាស្សា រួម​មាន កុមារ​ ដែល​ធ្វើ​ឱ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល និង​មាន​ការ​រិះ​គន់​ទៅ​លើ​សម្ព័ន្ធ​មិត្ត​សហរដ្ឋ​អាមេរិក គឺ​អ៊ីស្រាអ៊ែល​ចំពោះ​ស្ថាន​ភាព​ដែល​កាន់​តែ​យ៉ាប់​យ៉ឺន​នេះ។

លើសពីនេះ កាលពីខែកុម្ភៈ លោក ត្រាំ បាន​ស្នើឱ្យ​​សហរដ្ឋ​អាមេរិក​កាន់​កាប់​តំបន់​ហ្គាហ្សា និង​ការ​ផ្លាស់​ទីលំនៅជា​អចិន្ត្រៃយ៍​របស់​ជន​ជាតិ​ប៉ាឡេស្ទីន ចេញ​ពី​ទឹក​ដី​ឆ្នេរ​សមុទ្រ ដែល​ផែន​ការ​នេះ ត្រូវ​បាន​ថ្កោល​ទោស​ជា​សកល និង​ដាក់​ស្លាក​ថា​ជា​សំណើ “បោស​សម្អាត​ជាតិ​សាសន៍” ដោយ​អ្នក​ជំនាញ​ខាង​ផ្នែក​សិទ្ធិមនុស្ស​​​ និង​អង្គ​ការសហ​ប្រជា​ជាតិ ហើយ​ថា​ការ​ផ្លាស់​ទី​លំនៅដោ​យ​ប​ង្ខំ គឺ​ខុស​ច្បាប់​ក្រោម​ច្បាប់​អន្តរ​ជាតិ​។

យ៉ាងណា ដឹហ្វាយណែនសលថាមស៍ បាន​រាយ​ការណ៍​នៅ​ក្នុង​ខែកក្កដា​ថា វិទ្យាស្ថាន​តូនី ប្លែរ​ បាន​ចូល​រួម​ក្នុង​គម្រោង​អភិវឌ្ឍន៍​ផែន​ការ​ហ្គាស្សា​ ក្រោយ​សង្រ្គាម ដោយ​ឡែក​ប្រភព​ថា ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​និយាយថា ខ្លួន​បាន​ហៅ​ក្រុម​ផ្សេង​គ្នា​ជជែក​ជុំវិ​ញ​គម្រោង​ហ្គាហ្សា​​ក្រោយ​សង្រ្គាម ប៉ុន្តែ​មិន​មាន​ករណី​ណា​មួយ​ដែល​រួម​បញ្ចូល​អំពី​គំនិត​នៃ​ការ​ផ្លាស់​ទីលំនៅ​ដោយ​បង្ខំ​របស់​មនុស្ស​ក្នុង​តំបន់​ហ្គាហ្សា​នោះ​ទេ។

គួររំឭក​ថា ការ​បង្ហូរឈាមចុងក្រោយបំផុតនៅក្នុងជម្លោះរវាង​អ៊ីស្រាអ៊ែល និង​ប៉ាឡេស្ទីន ដែល​មាន​អាយុ​កាល​រាប់​ទសវត្សរ៍​មក​ហើយ​នោះ បាន​កើត​ឡើង​នៅ​ខែ​តុលា ឆ្នាំ​២០២៣ នៅ​ពេល​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស បាន​វាយ​ប្រហារ​លើ​អ៊ីស្រាអ៊ែល ដោយ​បាន​សម្លាប់​មនុស្ស ១២០០​នាក់ និង​ចាប់​ចំណាប់​ខ្មាំង​ប្រហែល ២៥០​នាក់ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​​អ៊ីស្រា​អែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ