អ្នកគ្រប់គ្រងដែលបញ្ជាទិញសិទ្ធិចែកចាយនៃក្រុមហ៊ុនប្រេងឥន្ទនៈ ភីធីធី (PTT) បានបញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុនប្រហែល២០០ក្រុមហ៊ុន មានក្រុមហ៊ុនជាង៣០ក្រុមហ៊ុនហើយ ដែលឯកភាពក្នុងសំឡេងតែមួយ ព្រមផ្តាច់ខ្លួនចេញពីក្រុមហ៊ុនធំនេះ ទៅបង្កើតក្រុមហ៊ុនមួយថ្មី ដែលជាគំនិតផ្តួចផ្តើមដោយកម្ពុជាផ្ទាល់ ខណៈក្រុមហ៊ុនប្រមាណ១៦៥ក្រុមហ៊ុនទៀត នៅបន្តរក្សាប្រេនឆាយ និងបន្តធ្វើអាជីវកម្មផ្គត់ផ្គង់ក្រោមស្លាកយីហោឈ្មោះ ភីធីធី (PTT) នេះនៅឡើយ។
ការសម្រេចចិត្តប្តូរប្រេនឆាយ នៅពេលនេះ ដោយក្រុមអ្នកបញ្ជាទិញ ក្រោយពីមានសម្ពាធពីពលរដ្ឋកម្ពុជា ដែលនៅតែបន្តជំរុញឱ្យរដ្ឋាភិបាល និងមជ្ឈដ្ឋានទូទៅ បញ្ឈប់ការប្រើប្រាស់ផលិតផលថៃ។ ពួកគេចាត់ទុកថា ការរួមគ្នាទិញសម្ភារៈថៃប្រើ គឺស្មើនឹងជួយលុយដើម្បីឱ្យយោធាថៃ បានទិញសព្វាវុធ បាញ់សម្លាប់ខ្មែរបន្តទៀត។
លោក ទៀ ស្យាម ដែលត្រូវជាកូនប្រុសច្បងរបស់ លោក ទៀ បាញ់ អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ ឱ្យដឹង នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃនេះថា មានម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈចំនួន៣៥ ក្រុមហ៊ុនហើយ ដែលពីមុនប្រើយីហោ ភីធីធី បានរួមគ្នាផ្តាច់ខ្លួនចេញមកបង្កើតក្រុមហ៊ុនថ្មីមួយ ដែលជាផលិតផលក្នុងស្រុកសុទ្ធសាធ ឈ្មោះ ភីស៊ីស៊ី (PEACE Petroleum Cambodia)។ ក្រៅពីនេះ គឺពួកគេនៅបន្តប្រើឈ្មោះ ភីធីធី (PTT) នៅឡើយ។
បើតាម លោក ទៀ ស្យាម លោកគ្រាន់តែជាមនុស្សម្នាក់ ក្នុងចំណោមអ្នកបញ្ជាទិញសិទ្ធិចែកចាយប្រេងឥន្ទនៈភីធីធីនេះ ហេតុនេះលោកគ្មានសិទ្ធិចាប់បង្ខំឱ្យម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈផ្សេងទៀត ឱ្យផ្លាស់ប្តូរស្លាកយីហោតាមនោះទេ។
ដោយឡែក ចំពោះប្រេងឥន្ទនៈវិញ ស្ថានីយ៍ថ្មីនេះ មិនប្រើប្រាស់ផលិតផលយកចេញពីប្រទេសដូចមុនទៀតទេ។ នៅក្នុងផែនការ ប្រភពប្រេងឥន្ទនៈ ក្រុមហ៊ុននាំចូលមកពីក្រុមហ៊ុនធំមួយ នៅសហរដ្ឋអាមេរិក។ ប៉ុន្តែក្នុងរយៈពេលនេះ ខាងក្រុមហ៊ុនកំពុងតែផ្លាស់ប្តូរបែបផែនរូបរាង និងប្រព័ន្ធថ្មីៗរបស់ស្ថានីយនៅឡើយ។ បន្ថែមពីលើនេះ ក្រុមហ៊ុនត្រូវការពេលវេលា ការរៀបចំ និងសាងសង់ឡើងវិញ ដើម្បីឆ្លុះបញ្ចាំងនូវអត្តសញ្ញាណថ្មីរបស់ ភីភីស៊ី (PPC) ដែរ។
យ៉ាងណា ការសម្រេចដោះដូរប្រេនឆាយរបស់ក្រុមអ្នកបញ្ជាទិញនៃផលិតផលថៃនេះ នៅបន្ទាប់ពីកម្ពុជា និងថៃមានជម្លោះព្រំដែនជាមួយគ្នា ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ រហូតមកដល់ពេលនេះ ភាគីទាំងសង្ខាងប្រឈមដាក់គ្នាកាន់តែមានភាពតានតឹង។ ជម្លោះនេះ បានបន្តរាលដាលចេញពីក្រុមហ៊ុនយោធាមកដល់ពលរដ្ឋ និងពលរដ្ឋបន្តទៀត។ ចំណែក ពលរដ្ឋកម្ពុជាបានបន្តគៀគរគ្នា ដោយអំពាវនាវឱ្យសាធារណជន ត្រូវធ្វើពហិកាបញ្ឈប់ការប្រើប្រាស់រាល់ផលិតផលរបស់ថៃ៕









