នៅពេលដែលមានការផ្ទុះអាវុធទ្រង់ទ្រាយធំជាមួយថៃ រយៈពេល៥ថ្ងៃ កាលពីខែកក្កដា គេឃើញកងទ័ពកម្ពុជានៅជួរមុខ និងក្រុមគ្រួសារពួកគាត់ក្នុងចំនួនដ៏ច្រើនបានបង្ហោះសាររូបភាព និងវីដេអូព្រោងព្រាតពេញបណ្តាញសង្គម បង្ហាញពីភាពក្រីក្រតោកយ៉ាកយ៉ាងខ្លាំងដ៏គួរឱ្យសង្វេគ ធ្វើឱ្យពលរដ្ឋខ្មែរដែលជាអ្នកស្រឡាញ់ជាតិរំជួលចិត្តយ៉ាងខ្លាំង។
សម្រាប់កងទ័ពនៅជួរមុខកុំថាឡើយដល់ទៅមានសព្វាវុធទំនើបប្រើប្រាស់ សូម្បីតែឯកសណ្ឋានកងទ័ពសម្រាប់ត្រៀមប្រយុទ្ធ ដែលអាចជួយការពារជីវិត ដូចជាអាវក្រោះ មួកសុវត្ថិភាពពាក់ការពារគ្រាប់ និងឧបករណ៍ពាក់លើមុខ ដើម្បីការពារផ្សែងពុលជាដើម ក៏រដ្ឋមិនមានផ្តល់ឱ្យកងទ័ពដែរ ទើបធ្វើឱ្យកងទ័ពជាច្រើនបានពលី និងមួយចំនួនទៀតបានធ្លាក់ខ្លួនឈឺ រហូតដល់ស្លាប់ជាបន្តបន្ទាប់ ដោយសារត្រូវផ្សែងពុលរបស់ទ័ពថៃ។
ជាការពិតកងទ័ពកម្ពុជា មានទឹកចិត្តមោះមុតអង់អាចក្លាហានខ្លាំង ហ៊ានពលីជីវិតក្នុងការប្រយុទ្ធច្បាំងការពារទឹកដី ក៏ប៉ុន្តែទោះយ៉ាងណា ក៏មិនអាចខ្វះសម្ភារការពារខ្លួន និងសព្វាវុធទំនើបដើម្បីទប់ទល់ជាមួយទ័ពសត្រូវដែលមានចំនួនច្រើនជាង និងសព្វាវុធទំនើបជាងនោះដែរ។
ហេតុដូច្នេះហើយ ទាំងមេបញ្ជាការកងទ័ពកម្ពុជា និងអ្នកជំនាញសុទ្ធតែលើកឡើងថា គឺមានភាពចាំបាច់ណាស់ ដែលកម្ពុជាត្រូវធ្វើទំនើបកម្មកងទ័ព និងសព្វាវុធ ដើម្បីត្រៀមការពារទឹកដី ក្នុងរយៈពេលវែងខណៈដែលសង្គ្រាម៥ថ្ងៃថ្មីៗនេះ ថៃប្រើរហូតដល់យន្តហោះ F-16 និងដ្រូនទម្លាក់គ្រាប់បែកចង្កោម និងបាញ់ផ្លោងគ្រាប់កាំភ្លើងធុនធ្ងន់ស្រោចមកលើទឹកដីកម្ពុជា។
ប៉ុន្តែយ៉ាងណាក្តី នៅពេលដែលពលរដ្ឋខ្មែរនៅគ្រប់ទិសទី គ្រប់និន្នាការនយោបាយ មានភាពសស្រាក់សស្រាំរួបរួមសាមគ្គីគ្នារៃអង្គាសប្រាក់យកទៅជួយកងទ័ព និងជនភៀសសឹករហូតដល់ក្រុមប្រឆាំងនៅក្រៅប្រទេស បានទម្លាក់ចោលការធ្វើបាតុកម្មប្រឆាំងច្បាប់ដកសញ្ជាតិក្តី ក៏មេដឹកនាំកម្ពុជា លោកហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនត្រឹមតែមិនឃើញប្រកាសបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីស្រោចស្រង់ជីវភាពនិងតម្រូវការចាំបាច់របស់កងទ័ព និងគ្រួសាររបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងនៅតែឱ្យរដ្ឋសភាបើកកិច្ចប្រជុំ អនុម័តសេចក្តីព្រាងច្បាប់ដកសញ្ជាតិ ពីពលរដ្ឋខ្មែរដ៏ចម្រូងចម្រាស់ ដែលអាចធ្វើឱ្យខ្មែរកាន់តែបែកបាក់ជាតិថែមទៀតនេះទាល់តែបាន គឺលោក ហ៊ុន សែន ធ្វើបាន។
ជុំវិញបញ្ហានេះ តំណាងរាស្ត្រ១២០នាក់ នៃរដ្ឋសភា ដែលគេដឹងថា ជាឧបករណ៍បម្រើនយោបាយឱ្យគ្រួសារហ៊ុន កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានលើកដៃអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់សញ្ជាតិ ដើម្បីបើកផ្លូវឱ្យរដ្ឋាភិបាលអាចដកសញ្ជាតិខ្មែរពីកំណើត តាមការចង់បានរបស់លោកហ៊ុន សែន ។
ច្បាប់ដកសញ្ជាតិខ្មែរន រងការរិះគន់ថា ជាយុទ្ធសាស្ត្រថ្មីមួយទៀតរបស់បក្សកាន់អំណាច ដែលមានគោលដៅយ៉ាងច្បាស់លាស់ បង្ក្រាបទៅលើដៃគូប្រកួត រួមទាំងបិទខ្ទប់មិនឱ្យនិយាយរឿងបាត់បង់ទឹកដីទៅប្រទេសជិតខាង នាសម័យទំនើបនេះ ក្រោមការដឹកនាំដ៏យូរឆ្នាំរបស់គណបក្សកាន់អំណាច។
ការរិះគន់នេះ ហាក់ត្រូវបានឆ្លើយតបដោយរដ្ឋសភា។ នៅក្នុងថ្ងៃដដែលនោះ រដ្ឋសភា បានប្រកាសថា ការដែលខ្លួនបើកផ្លូវឱ្យរដ្ឋាភិបាលអាចដកសញ្ជាតិខ្មែរពីកំណើតនេះ សំដៅលើពលរដ្ឋខ្មែរណា ដែលបានធ្វើសកម្មភាពក្បត់ជាតិ គប់គិតជាមួយបរទេស ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងឧត្តមប្រយោជន៍ជាតិយ៉ាងធ្ងន់ធ្ងរ ខណៈការដឹកនាំរបស់គណបក្សកាន់អំណាច មានពលរដ្ឋខ្មែរ ជិតពាក់កណ្តាលប្រទេស មិនពេញចិត្តជិត១០ឆ្នាំទៅនេះ។
នេះបើយោងតាមលទ្ធផលបោះឆ្នោតផ្លូវការឆ្នាំ២០១៧ ដែលគណបក្សប្រឆាំងទទួលបាន ជាង៣លានសំឡេង ប្រហាក់ប្រហែលនឹងគណបក្សកាន់អំណាច។
ប៉ុន្តែយ៉ាងណាក្តី អ្នកនយោបាយប្រឆាំង និងអ្នកឃ្លាំមើលឯករាជ្យ មិនយល់ស្របទៅនឹងការលើកឡើងរបស់រដ្ឋសភាឯកបក្សនេះឡើយ ដោយចង្អុលបង្ហាញថា តាមពិតគឺអំពើពុករលួយ និងបក្ខពួកនិយមដែលកំពុងកើតឡើងជាប្រព័ន្ធនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នធំស៊ីតាមធំ តូចស៊ីតាមតូច ស៊ីមិនចេះឆ្អែតទៅវិញទេ ដែលកំពុងបំផ្លាញកម្ពុជាជាប្រព័ន្ធនាពេលបច្ចុប្បន្ន។
ពួកគេចង្អុលទៅលើភាពរខេករខាក ក្រតោកយ៉ាក ខ្វះមុខខ្វះក្រោយរបស់កងទ័ពកម្ពុជានៅជួរមុខ នាពេលបច្ចុប្បន្ន ជាឧទារណ៍មួយដែលបង្ហាញថា កម្ពុជាកំពុងរួមរិតទៅដោយអំពើពុករលួយធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា រដ្ឋសភាកម្ពុជា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុម័តច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០២៥ ក្នុងចំនួនទឹកប្រាក់៩,៣២ពាន់លានដុល្លារ ក្នុងនោះថវិកាជិត ៧៣៩លានដុល្លារ សម្រាប់ក្រសួងការពារជាតិ។ ប៉ុន្តែបច្ចុប្បន្នកងទ័ពកម្ពុជាឈរជើងការពារទឹកដីនៅជួរមុខ កំពុងរស់នៅក្នុងសភាពខ្វះមុខខ្វះក្រោយ ក្រតោកយ៉ាករខេករខាកគួរឱ្យសង្វេគ។
បើតាមប្រភពពីមន្ត្រីយោធា និងកងទ័ពជួរមុខមួយចំនួន បាននិយាយក្នុងលក្ខណ្ឌមិនបញ្ចេញឈ្មោះថា បច្ចុប្បន្នកងទ័ពម្នាក់ទទួលបានប្រាក់ខែប្រមាណតែជាង ១លានរៀល គិតជាដុល្លារគឺជិត ៣០០ដុល្លារលើសប្រាក់ខែកម្មកររោងចក្របន្តិចបន្តួចប៉ុណ្ណោះ និងប្រាក់ថ្លៃអាហារ៤ពាន់រៀល ហើយថ្មីៗនេះនាយករដ្ឋមន្ត្រី បានដំឡើងឱ្យ៣ពាន់រៀលបន្ថែមទៀតឡើងដល់៧ពាន់រៀលក្នុងមួយថ្ងៃ។
ប៉ុន្តែប្រាក់ខែទាំងនេះ មិនមែនបើកបានទាំងអស់នោះទេ គឺត្រូវបានអង្គភាពកាត់ចូលគណបក្សប្រជាជន ប្រមាណ ៥ម៉ឺនរៀលក្នុង១ខែ និងកាត់សម្រាប់យុទ្ធជនពលី និងកាត់ផ្សេងៗទៀត ដោយមិនមានការយល់ព្រមពីកងទ័ពដែលជាម្ចាស់លុយឡើយ។
ថ្មីៗនេះ ទាហានជួរមុខម្នាក់ឈរជើងនៅទិសថ្មដូន ឈ្មោះ សេង ខានីន បានប្រកាសថា ខ្លួនទើបជ្រុះបាត់លុយប្រាក់ខែដែលទើបបើកបានចំនួន ១លាន៦ម៉ឺនរៀល និងបានអំពាវនាវឱ្យអ្នកដែលរើសបានផ្ញើប្រាក់នោះទៅឱ្យលោកវិញ ដើម្បីដោះស្រាយជីវភាពដែលកំពុងជួបការលំបាកយ៉ាងខ្លាំង។
ជាមួយគ្នានេះ ទាហានជួរមុខម្នាក់ដែលមិនប្រាប់ឈ្មោះ បានបង្ហោះឃ្លីបវីដេអូមួយដោយត្អូញត្អែរពីការលំបាកខាងជីវភាព និងបាននិយាយពីអំពើពុករលួយកឹបកេងប្រាក់ជំនួយមនុស្សធម៌របស់សប្បុរសជន។ ទាហានរូបនេះ និយាយថា ការប្រកាសរៃអង្គាសប្រាក់ ឬគ្រឿងហូបចុកសម្រាប់ជួយដល់ទាហានជួរមុខ គឺធ្វើឡើងហាក់ ដូចជា ការសម្តែងខណៈធាតុពិតទាហានជួរមុខពួកលោក មិនដែលទទួលបានជំនួយនោះទេ ហើយការហូបចុកនៅតែខ្វះខាត។
លោកថា៖ «ស្អីទេសុទ្ធតែអំណោយអ្នកជួរមុខ ជួរមុខអីបានអីជួរមុខនោះ? តាំងពីមុនផ្ទុះអាវុធរហូតដល់ក្រោយផ្ទុះអាវុធកងទ័ពជួរមុខម្នាក់បានជំនួយតែ១០ម៉ឺនរៀលទេ គេបានម្នាក់២០ម៉ឺន តែពួកខ្ញុំបានតែម្នាក់១០ម៉ឺនទេ របស់ ស សុខា បានតែម្នាក់១០ម៉ឺនទេ សូម្បីតែអំណោយតាមផ្លូវរាល់ថ្ងៃពួកខ្ញុំមិនដែលបាន១០០ចាក់សាំងម៉ូតូទេ»។
បន្ថែមពីនេះ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ កូនទាហានឈរជើងនៅភ្នំកោះយ៉ ស្ថិតនៅទល់មុខកោះគត់ ដែលកំពុងមានវិវាទជាមួយថៃ បានចោទសួរតាមរយៈបណ្តាញសង្គមថា «ពិតជាមិនចង់សួរនៅពេលនេះទេ ប៉ុន្តែវាចាំបាច់ពេក។ លោក ឯម ចន្ថា វីរៈការពារកោះកុងក្រៅលេខ២ កាត់លុយកូនទាហាន ១៤ម៉ឺនរៀលក្នុងមួយខែ យកទៅណា? លុយឧបត្ថម្ភ ៣០០០រៀល របស់សម្តេចបាត់ទៅណា? និងអំណោយសម្រាប់ទ័ពជួរមុខទៅណា?»។ ទាហានទាំងនេះ បានស្នើសូមឱ្យលោក ឯម ចន្ថា បើកប្រាក់ទាំងនេះជូនពលទាហាន នាយទាហានរង និងនាយទាហានក្រោមបង្គាប់ឱ្យបានគ្រប់ចំនួនតាមរបបរដ្ឋ។
រឿងអំពើពុករលួយស៊ីរូងផ្ទៃក្នុងជាប្រព័ន្ធ ក្នុងវិស័យយោធាដែលមានការគប់គិតគ្នាជាប្រព័ន្ធតាមខ្សែ តាមបក្ខគឺជារឿងរសើបដែលមិនត្រឹមតែការកាត់ប្រាក់ខែពលទាហានតាមអំពើចិត្តប៉ុណ្ណោះទេ សូម្បីការជ្រើសរើសកងទ័ពការដំឡើងឋានៈជាដើមក៏សុទ្ធតែធ្វើឡើងតាមរយៈបក្ខពួក និងអំពើពុករលួយសូកប៉ាន់យ៉ាងក្រាស់ឃ្មឹកដែរ។
ឧទាហរណ៍ដូចជា លោកព្រឹន្ទ្របាលឯក សួន រោន ដែលត្រូវទ័ពថៃចូលមកបាញ់ស្លាប់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់មុំបី គឺគាត់ចូលធ្វើទាហានជាង៣០ឆ្នាំមកហើយ ប៉ុន្តែពលទាហានរូបនេះទទួលបានត្រឹមដោយបីជាន់ មិនទាន់ទទួលបានស័ក្តិមួយផង ហើយមេបញ្ជាការកងទ័ពជួរមុខផ្សេងទៀតធ្វើទាហានស្ទើរពេញមួយជីវិតទៅហើយ ក៏ទទួលបានតួនាទីខ្ពស់បំផុតត្រឹមស័ក្តិ៤ ឬស័ក្តិ៥ ឬខ្ពស់បំផុតផ្កាយ១ ខណៈកូនមន្ត្រីជាន់ខ្ពស់ដែលត្រូវបានគេហៅថា ជាកងទ័ពលំអរទីក្រុង ទើបចេញពីសាលាមិនដែលចូលប្រយុទ្ធក្នុងសមរភូមិ គឺពាក់ដល់ផ្កាយ២ ឬក៏ផ្កាយ៣បាត់ទៅហើយ ដូចជា អ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិជាដើម គឺពាក់ផ្កាយ៣។
យ៉ាងណាក្តី វីអូឌី មិនអាចទាក់ទងលោកស្រី មាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេ នៅថ្ងៃទី២៩ ខែសីហានេះ។
ប៉ុន្តែ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងកាលពីថ្ងៃទី២៣ ខែសីហាថា ការផ្សាយព័ត៌មាន ដែលមានលក្ខណៈបំបាក់ទឹកចិត្តកងទ័ព មិនត្រូវបានអនុញ្ញាតជាដាច់ខាត ពីព្រោះវាប៉ះពាល់ដល់ទឹកចិត្តកងទ័ព។
ទាក់ទងនឹងអំពើពុករលួយក្នុងវិស័យកងទ័ពនេះ លោក សម រង្ស៊ី ប្រធានក្រុមប្រឹក្សាជាតិតស៊ូ បានសរសេរនៅលើបណ្តាញសង្គមហាក់ផ្ទុយពីការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាល។
បើតាម លោក សម រង្ស៊ី សង្គមពុករលួយក្រោមការដឹកនាំដោយគ្រួសារហ៊ុន ដូចបច្ចុប្បន្ន គឺធ្វើឱ្យជាតិរលាយ សូម្បីប្រាក់ខែកងទ័ព និងលុយជំនួយទៅកងទ័ពជួរមុខ ក៏ត្រូវគេលួចកាត់កិបកេងដែរ។ លោកសរសេរថា ប្រាក់ខែកងទ័ព ត្រូវបានគេកាត់រាល់ខែ ដើម្បីយកទៅជួយបក្ស ខណៈពេលដែលកងទ័ពកំពុងរស់នៅក្នុងជីវភាពដ៏ក្រលំបាក។
ប៉ុន្តែការលើកឡើងនេះ មិនបានបង្ហាញភស្តុតាងបញ្ជាក់ថា អង្គភាពណាមួយ ឬយោធិនណា ជាក់លាក់ដែលត្រូវគេកាត់លុយប្រាក់ខែកងទ័ពនេះទេ។
ចំណែក លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបង្ហោះលើបណ្តាញសង្គម នៅថ្ងៃទី២៥ខែសីហាថា តាមព័ត៌មានរបស់ Property & Development របស់អង់គ្លេស ផ្សាយថា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានទ្រព្យសម្បត្តិចន្លោះពី ៥០០លានដុល្លារ ទៅ៤ពាន់លានដុល្លារ។ លោកថា លោក ហ៊ុន សែន មានទ្រព្យសម្បត្តិច្រើនដោយសារលួចជាតិ។
សម្រាប់ លោក អ៊ុំ សំអាន «លោក ហ៊ុន សែន គួរតែយកលុយនោះមួយចំនួន ឧបត្ថម្ភកងទ័ពជួរមុខដែលកំពុងខ្វះខាត និងលុយមួយចំនួនទិញម៉ាស់ឱ្យទាហាន ដើម្បីការពារផ្សែងពុលរបស់ថៃ អាវក្រោះ យន្តហោះចម្បាំង F-16 ដ្រូនចម្បាំង កាំភ្លើងបាញ់ដ្រូន និងសំណាញ់មេឃ»។
ដោយឡែក លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម មើលឃើញថា សង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាពេលនេះ បានប្រាប់ខ្មែរគ្រប់រូបទាំងរាស្ត្រទាំងរដ្ឋ ត្រូវរួមគ្នាគិតឲ្យបានច្រើនសម្រាប់រយៈពេលវែង។
លោកគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពការពារខ្លួន គឺជាភាពចាំបាច់ដែលមិនអាចអត់បាន។ ប៉ុន្តែការអភិវឌ្ឍកម្លាំងប្រដាប់អាវុធ ត្រូវការលុយ ហើយលុយត្រូវកើតចេញពីសេដ្ឋកិច្ចយើងខ្លាំង។
លើសពីនេះ លោកថា កងទ័ពត្រូវការឱ្យមានការថែទាំត្រឹមត្រូវ ទាំងសុខមាលភាព សមត្ថភាព និងជីវភាពរស់នៅសមរម្យ ទាំងយុទ្ធជន និងក្រុមគ្រួសាររបស់កងទ័ព។
លោកថា អំពើពុករពុករលួយ និងការប្រព្រឹត្តណាមួយដែលឈានដល់ការធ្វើស្រែលើខ្នងយុទ្ធជន ត្រូវតែមានការត្រួតពិនិត្យយ៉ាងតឹងរឺងបំផុត និងត្រូវរឹងមាំទាំងអស់គ្នា ទើបប្រទេសជិតខាងមិនមើលងាយខ្មែរ។
ជ្រុងមួយនៃបញ្ហានេះ អង្គការតម្លាភាពអន្តរជាតិបានចាត់ថ្នាក់កម្ពុជា នៅលេខរៀងទី១៥៥ ក្នុងចំណោម ១៨០ប្រទេស សម្រាប់សន្ទស្សន៍អំពើពុករលួយឆ្នាំ២០២៤ ដែលមានន័យថា កម្ពុជានៅតែស្ថិតនៅជិតបាតតារាងជាប្រទេសស្ថិតក្នុងលំដាប់មានអំពើពុករលួយខ្ពស់ជាប់គ្នាជិត១០ឆ្នាំ បើធៀបនឹងប្រទេសជាសមាជិកអាស៊ាន។
បើតាមអង្គការនេះ ដើម្បីរើខ្លួនចេញពីប្រទេសដែលញាំញីដោយអំពើពុករលួយ ចាំបាច់ត្រូវបើកលំហប្រជាធិបតេយ្យ សេរីភាពបញ្ចេញមតិ និងរៀបចំការបោះឆ្នោតឱ្យមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគោលការណ៍ប្រជាធិបតេយ្យ៕









