ក្រុមសង្គមស៊ីវិលកម្ពុជា និងថៃជាង ៧០ស្ថាប័ន អំពាវនាវដល់រដ្ឋាភិបាលថៃ ដោះលែងទាហានកម្ពុជាចំនួន ១៨នាក់ ឱ្យត្រឡប់មកមាតុប្រទេសវិញ ដោយថា ការបន្តឃុំខ្លួនទាហានកម្ពុជាទាំងនេះ គ្រាន់តែជាការបន្តបញ្ឆេះភាពតានតឹង និងរារាំងដំណើរការផ្សះផ្សារវាងប្រទេសជិតខាងទាំងពីរ។
សេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលកម្ពុជា និងថៃចំនួន ៧៣ស្ថាប័ន ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា គិតមកដល់ថ្ងៃសុក្រនេះ គឺមានរយៈពេល ១ខែមកហើយ ដែលទាហានកម្ពុជាទាំង ១៨នាក់នោះ ត្រូវបានក្រុមទាហានថៃចាប់ខ្លួន ហើយអ្នកទាំងនោះ ត្រូវបានកងទ័ពភូមិន្ទថៃ និងក្រសួងការបរទេសថៃ ចាត់ទុកថា ជាអ្នកទោសសង្គ្រាម ឬឈ្លើយសឹក។
ប្រភពដដែល បន្តថា ភាគីកម្ពុជា និងថៃ បានព្រមព្រៀងឱ្យមានបទឈប់បាញ់ តាំងពីថ្ងៃទី២៨ ខែកក្កដា មកម្ល៉េះ ដូចនេះទាហានកម្ពុជាទាំងនោះ ត្រូវតែដោះលែង និងបញ្ជូនត្រឡប់មកកម្ពុជាវិញ។
សង្គមស៊ីវិលកម្ពុជា និងថៃ បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមថា៖ «សូមអំពាវនាវដល់រាជរដ្ឋាភិបាលថៃ សូមដោះលែងទាហានកម្ពុជាចំនួន ១៨នាក់ ជាបន្ទាន់ និងឥតលក្ខខណ្ឌ ដើម្បីឱ្យអ្នកទាំងនោះអាចត្រឡប់មកជួបជុំក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ នៅក្នុងប្រទេសវិញ […] ការបន្តឃុំខ្លួនទាហានកម្ពុជាទាំងនេះ គ្រាន់តែជាការបន្តបញ្ឆេះភាពតានតឹងរវាងប្រទេសទាំងពីរ និងរារាំងដំណើរការផ្សះផ្សារវាងប្រទេសជិតខាងទាំងពីរ ដែលត្រូវធ្វើ ដើម្បីកសាងសុខសន្តិភាពរួមគ្នាមួយដែលឋិតថេរ និងយូរអង្វែងតទៅ»។
អង្គការសង្គមស៊ីវិលកម្ពុជា និងថៃទាំងនោះ មានដូចជា សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ សហព័ន្ធសហជីពកម្ពុជា អង្គការលីកាដូ អង្គការសង់ត្រាល់ និងអង្គការ Union for Civil Liberty (UCL) ជាដើម។
អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍បន្ថែមលើសេចក្តីថ្លែងការណ៍រួមថា ការដែលថៃចាប់ខ្លួនកងកម្លាំងកម្ពុជាទាំង១៨នាក់នោះ បានធ្វើឡើងដោយខុសច្បាប់ ជាការរំលោភបំពានលើបទឈប់បាញ់គ្នា និងរំលោភទៅលើច្បាប់អន្តរជាតិ ដោយសារកងកម្លាំងកម្ពុជាដែលថៃចាប់ទៅ មិនមែនជាឈ្លើយសឹកនោះទេ ដែលការណ៍នេះ លោកថា ភាគីថៃត្រូវដោះលែងកងកម្លាំងកម្ពុជាវិញ ដោយគ្មានលក្ខខណ្ឌ។
លោកបន្តថា បើទោះជារដ្ឋាភិបាលកម្ពុជា បានអំពាវនាវជារៀងរាល់ថ្ងៃ ឱ្យថៃដោះលែងទាហានខ្មែរមកវិញ តែថៃនៅមិនទាន់ដោះលែងក៏ដោយ ក៏ក្រុមអង្គការសង្គមស៊ីវិលនៅតែចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការទាមទាររឿងនេះ និងអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសមេដឹកនាំអាស៊ាន ជួយអន្តរាគមន៍ទៅថៃ ឱ្យដោះលែងទាហានខ្មែរមកវិញ។
លោក យិន ម៉េងលី ថ្លែងថា៖ «ទោះបីលែងមិនលែងក៏ដោយ ក៏យើងនៅត្រូវធ្វើការអំពាវនាវ ចូលរួមជាមួយរដ្ឋាភិបាល អំពាវនាវដល់សហគមន៍អន្តរជាតិទាំងអស់ ដើម្បីចូលរួមធ្វើយ៉ាងម៉េចឱ្យរដ្ឋាភិបាលថៃ ធ្វើការដោះលែងយុទ្ធជនរបស់យើងហ្នឹង ហើយសុំឱ្យរដ្ឋាភិបាលថៃពិនិត្យមើលទៅលើគោលការណ៍ច្បាប់អន្តរជាតិផង នៅក្នុងការចាប់នេះ ជាពិសេសច្បាប់ពាក់ព័ន្ធនឹងមនុស្សធម៌នេះឯង»។
ចំណែក រដ្ឋាភិបាលកម្ពុជា តែងតែអំពាវនាវក្នុងមួយថ្ងៃ២ដង ឱ្យភាគីថៃ ដោះលែងទាហានកម្ពុជាទាំង ១៨នាក់នោះមកវិញ ប៉ុន្តែខាងថៃនៅតែបន្តមិនឆ្លើយតប និងនៅបន្តរាយបន្លាលួស ឈ្លានពានទឹកដីកម្ពុជាបន្តទៀត បើទោះបីជាកិច្ចព្រមព្រៀងបទឈប់បាញ់ បានធ្វើឡើងរវាងភាគីទាំង២ អស់រយៈពេល១ខែមកហើយ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែសីហានេះថា កម្ពុជា បន្តអំពាវនាវដល់ភាគីថៃអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងរបស់កម្ពុជាទាំង ១៨រូប ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំគ្រួសារវិញ ដែលទន្ទឹងរង់ចាំទាំងយប់ទាំងថ្ងៃ។
លោកស្រីថា៖ «ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ នឹងនៅតែបន្តទាមទាររហូតដល់ភាគីថៃបំពេញកាតព្វកិច្ចរបស់ខ្លួន ស្ថិតនៅក្រោមច្បាប់អន្តរជាតិ ហើយយើងនឹងមិនទុកសមាជិកក្រុមគ្រួសារយើងណាម្នាក់ចោលឱ្យឯកោជាដាច់ខាត។ ការអនុវត្តបទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសង្ខាង នឹងធ្វើឱ្យបរិយាកាសមានភាពអំណោយផល ឆ្ពោះទៅការនាំមកវិញនូវសន្តិភាព ស្ថេរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ»។
អ្នកស្រី ឆូយ ឆីតា អះអាងជាកូនស្រីរបស់លោកអនុសេនីយ៍ឯក ប៊ុន ថា ដែលជាទាហានកម្ពុជាម្នាក់ក្នុងចំណោម១៨នាក់ ដែលទាហានថៃបានចាប់ខ្លួននោះ បាននិយាយថា ចាប់តាំងពីទាហានថៃចាប់ខ្លួនឪពុកគាត់ និងទាហានផ្សេងទៀតទៅអស់រយៈពេល ១ខែមកនេះ បានធ្វើឱ្យគ្រួសារគាត់រងសម្ពាធផ្លូវចិត្ត ហើយជីវភាពក៏ធ្លាក់ចុះ ដោយមួយថ្ងៃៗទន្ទឹងរងចាំតែផ្លូវឪពុកត្រឡប់មកវិញដោយសុខសុវត្ថិភាព។
អ្នកស្រីក៏អំពាវនាវដល់រដ្ឋាភិបាលថៃផងដែរ ដោយដោះលែងឪពុករបស់គាត់ និងទាហានខ្មែរទាំងអស់ ឱ្យត្រឡប់មកផ្ទះជួបជុំគ្រួសារវិញ។
អ្នកស្រី ឆីតា និយាយថា៖ «ខ្ញុំចង់ថា[សុំ]ជួយឱ្យលឿងអីចឹងណា ព្រោះវាយូរមែនទែនសម្រាប់ក្រុមគ្រួសារ ចាំពីមួយថ្ងៃទៅមួយថ្ងៃៗ[…] ប្រពន្ធកូនចាំនៅផ្ទះ រយៈពេល១ខែហើយ បើដូចខ្ញុំ ខ្ញុំទាក់ទងគាត់អត់បាន តាំងពីថ្ងៃទី២៥ ហើយឥលូវខ្ញុំអត់បានទំនាក់ទំនង មិនដែលលឺសំឡេងប៉ាខ្ញុំសូម្បីតែមួយម៉ាត់មកដល់ឥលូវហ្នឹង ខ្ញុំសង្ឃឹមដូចខាងកាកបាទក្រហមអន្តរជាតិ ដែលគាត់ទៅ[ថៃ]គាត់ថាសុខសប្បាយ ខ្ញុំសង្ឃឹមថាប៉ាខ្ញុំនិងកងទ័ពទាំងអស់សុខសប្បាយ ហើយឆាប់បានវិលត្រឡប់មកផ្ទះវិញឆាប់ៗ»។
ក្រោយផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃ និងកម្ពុជា បានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ ចាប់ពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីប្រធានអាស៊ានប្តូរវេន នៃនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោមគំនិតផ្តួចផ្តើមពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
ប៉ុន្តែភាគីថៃ មិនបានគោរពកិច្ចព្រមព្រៀងនេះទេ ពោលគឺបទឈប់បាញ់នេះ បានចូលជាធរមានបាន ៨ម៉ោង ទាហានថៃបានចូលទៅចាប់ទាហានខ្មែរនៅខ្សែត្រៀមជួរមុខលើទឹកដីកម្ពុជាចំនួន ២០នាក់ និងបន្តរាយបន្លាលួសព័ទ្ធយកដីផ្ទះពលរដ្ឋខ្មែរនៅឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ ជាពិសេស ថៃបានរាយបន្លាលួស និងសាងសង់លេណដ្ឋានលើប្រាសាទតាមាន់ធំ និងទីតាំងដទៃទៀត រួមទាំងច្រកអានសេះ។
បើទោះជាទាហានខ្មែរ២នាក់ ក្នុងចំណោម២០នាក់ដែលទាហានថៃចាប់ទៅ ត្រូវបានដោះលែងមកវិញកាលពីដើមខែសីហា ជាមួយនឹងស្ថានភាពបញ្ហាសុខភាពធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែទាហានខ្មែរចំនួន១៨នាក់ គិតមកដល់ពេលនេះ ថៃនៅមិនទាន់មានការដោះលែងនៅឡើយ៕









