ការដែលកម្ពុជាដាក់លិខិតជំទាស់ប្រទេសស៊ុយអែត លក់យន្តហោះចម្បាំង៤គ្រឿងឱ្យថៃនោះ ត្រូវគេមើលឃើញថា ហាក់គ្មានប្រសិទ្ធិភាពនោះទេ បើកម្ពុជាមិនពន្លឿនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងប្រើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីទប់ទល់ការឈ្លានពានរបស់ថៃ ខណៈបទឈប់បាញ់ស្ថិតក្នុងភាពផុយស្រួយ។
ការលើកឡើងនេះ ក្រោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល បានដាក់លិខិតទៅកាន់វិទ្យាស្ថានសិទ្ធិមនុស្សស៊ុយអែត ដើម្បីឱ្យពិនិត្យឡើងវិញពីកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង ហ្រ្គីផេន (Gripen) ឱ្យប្រទេសថៃ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និយាយក្នុងលិខិតចុះថ្ងៃទី២៨ ខែសីហានោះថា ខ្លួនជំទាស់ដាច់ខាតនឹងកិច្ចព្រមព្រៀងលក់យន្ដហោះចម្បាំងទៅឱ្យថៃក្នុងកាលៈទេសៈនេះ។
បន្ថែមលើនេះ កម្ពុជាក៏បានទាមទារឱ្យពិនិត្យមើលកិច្ចព្រមព្រៀងនេះឡើងវិញ ដោយផ្អែកលើការវាយតម្លៃពីហានិភ័យផ្នែកសិទ្ធិមនុស្សជាគោលផងដែរ។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ យល់ថា ការចេញមុខជំទាស់របស់កម្ពុជានៅពេលនេះគ្មានប្រសិទ្ធភាពទេ ព្រោះថៃមានសិទ្ធិពង្រឹងវិស័យយោធារបស់ខ្លួន។
យ៉ាងណា លោកជំរុញឱ្យប្តឹងថៃទៅតុលាការយុត្តិធម៌ICJ និងប្តឹងទៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលជាខែលការពារទឹកដីកម្ពុជាយ៉ាងសំខាន់។
លោកថា កិច្ចព្រមព្រៀង២៣តុលានេះ មានប្រទេសជាហត្ថលេខីចំនួន១៨ប្រទេស ដែលមានមហាអំណាចទាំង៥ មានទាំងសហរដ្ឋអាមេរិកផង អាចដាក់សម្ពាធឱ្យថៃបញ្ឈប់ការឈ្លានពានដីខ្មែរ។
លោកថា៖ «កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ជាអាវក្រោះមួយធំបំផុត អាហ្នឹងច្បាស់ហើយ។ យើងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស យើងមានសន្ធិសញ្ញាខ្មែរសៀម ធ្វើតែប៉ុណ្ណឺងទៅបានហើយ ឥលូវនេះប្រាប់ហើយ បើសិនជាកុំឱ្យមានទុក្ខវេទនាដល់ប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋថៃ បើមិនធ្វើទេ គឺរដ្ឋាភិបាលក្រៅប្រទេសនេះជាអ្នកធ្វើហើយ។ ប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកគេសំណូមពរមិនចង់ឱ្យខ្មែរធ្លាក់ដល់បាតដាលអ៊ីចឹងទេ។ បើគាត់មិនធ្វើអាហ្នឹងមានន័យថា គាត់ក្បត់ជាតិ ពេញទីហើយ គាត់ធ្វើសម្លាប់ប្រជាពលរដ្ឋ»។
ប្រទេសស៊ុយអែត នៅថ្ងៃទី២៥ ខែសីហា បានចុះកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង Gripen ចំនួន៤គ្រឿងទៅឱ្យភាគីថៃ ខណៈថៃប្រកាសថា ខ្លួនគ្រោងទិញយន្តហោះចម្បាំងចំនួន១២គ្រឿងពីស៊ុយអែតមកជំនួសយន្តហោះចម្បាំងចាស់ៗ ដែលភាគច្រើនជាយន្តហោះផលិតដោយអាមេរិក។
បើតាមលិខិតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកថា ការលក់យន្ដហោះចម្បាំងឱ្យថៃក្នុងពេលដែលមានបញ្ហាព្រំដែនជាមួយកម្ពុជានេះ គឺជាកាយវិការមួយមិនសមស្រប ដែលអាចបង្កឱ្យមានហានិភ័យ និងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរចំពោះពលរដ្ឋស្លូតត្រង់ និងបូរណភាពទឹកដីកម្ពុជា។
មួយវិញទៀត សកម្មភាពនេះ ផ្ទុយនឹងស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាដើម។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ចាត់ទុកលិខិតតវ៉ារបស់គណៈកម្មាធិការសទ្ធិមនុស្សកម្ពុជាជារឿងល្អ តែជាទម្ងន់ការទូតគួរតែក្រសួងការបរទេសកម្ពុជា ចេញដោយផ្ទាល់តវ៉ាជាមួយស៊ុយអែត។
លោកថា កម្ពុជាហាក់កំពុងដើរក្រោយថៃ ខណៈស៊ុយអែតបានចុះកិច្ចព្រមព្រៀងបានជោគជ័យហើយទើបកម្ពុជាជំទាស់តាមក្រោយ។
ក្នុងន័យនេះ លោកជំរុញឱ្យពន្លឿនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការឧក្រិដ្ឋកម្ម(ICC) ដែលជាសម្ពាធផ្លូវច្បាប់កាន់តែរឹងមាំ ដើម្បីបិទខ្ទប់មិនឱ្យបរទេសលក់អាវុធទៅថៃ ចំពេលមានសង្រ្គាមជាមួយខ្មែរពេលនេះ។
លោកថា៖ «និយាយទៅ កម្ពុជាស្ទាក់ស្ទើរប្ដឹងថៃ ក៏មិនទាន់ឃើញប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ យើងជំរុញឲ្យប្ដឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ពីការដែលថៃបង្កសង្គ្រាមក៏មិនឃើញធ្វើអីនិយាយតែពីរឿងបទឈប់បាញ់ ចរចាទ្វេភាគីអត់បានប្រយោជន៍អីសោះ។ យន្ដការតុលាការនេះ វាជាយន្ដការពាក់ព័ន្ធនឹង! កាលណាយើងប្ដឹងពីបទពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មសង្គ្រាមពាក់ព័ន្ធបទឧក្រិដ្ឋនានាជាអន្តរជាតិហ្នឹង! ប្រទេសដែលចង់លក់អាវុធឲ្យប្រទេសដែលបង្កសង្គ្រាមហ្នឹង គឺគេមិនហ៊ានលក់ឱ្យទេ។ កាលណាលក់ទៅឲ្យប្រទេសដែលបង្កសង្គ្រាម ប្រទេសដែលលក់ឲ្យគេនឹងជាប់ចោទដែរ ពីបទចូលរួមសមគំនិត»។
កម្ពុជា-ថៃ បានផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ក្រោយមកភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ ចាប់ពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដាតទៅ ក្រោមការសម្របសម្រួលពីប្រធានអាស៊ានប្តូរវេន គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោមគំនិតផ្តួចផ្តើមពីប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ។
ប៉ុន្តែភាគីថៃមិនបានគោរពកិច្ចព្រមព្រៀងនេះទេ ពោលគឺបទឈប់បាញ់នេះ បានចូលជាធរមានបាន ៨ម៉ោង ទាហានថៃបានចូលទៅចាប់ទាហានខ្មែរ នៅខ្សែត្រៀមជួរមុខចំនួន២០នាក់ ខណៈទាហានខ្មែរមិនហានបាញ់ដោយគោរពបទឈប់បាញ់។
រហូតមកដល់ថ្ងៃទី២៩ ខែសីហានេះ គឺរយៈពេល៣១ថ្ងៃហើយទាហានខ្មែរ១៨នាក់ទៀត ភាគីថៃមិនទាន់ប្រគល់ឱ្យកម្ពុជាវិញទេ ទោះភាគីកម្ពុជាអំពាវនាវឱ្យដោះលែង និងស្វែងរកកិច្ចអន្តរាគមន៍ពីអន្តរជាតិក្តី៕









