ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី២ បានឈានចូលមកដល់ ដោយបេក្ខជនភាគច្រើនដើរចេញពីមណ្ឌលប្រឡងដោយស្នាមញញឹម ដោយពួកគេហាក់មានក្ដីសង្ឃឹមខ្ពស់លើការប្រឡងនៅឆ្នាំនេះ។
កំពុងសម្រាកក្រោយអាហារថ្ងៃត្រង់ បេក្ខជនបាក់ឌុបប្រឡងនៅវិទ្យាល័យឥន្ទ្រទេវី រាជធានីភ្នំពេញ លោក ហូវ គឹមលាង ប្រាប់វីអូឌីថា លោកសង្ឃឹមលើការប្រឡង ៨០ភាគរយ ដោយ២០ភាគរយទៀត គឺចាំមើលទៅលើវិញ្ញាសារភាសាខ្មែរ ដែលមានពិន្ទុខ្ពស់ជាងគេ។ លោកបន្តថា ការប្រឡងនៅឆ្នាំនេះ គឺលោកបានខិតខំព្យាយាមអស់ពីចិត្ត ដើម្បីប្រឡងឱ្យជាប់ ក្រោយធ្លាក់កាលពីឆ្នាំមុន។
លោក ហូវ គឹមលាង និយាយថា៖ «ឆ្នាំមុនបាក់ទឹកចិត្តម្ដងហើយ ដោយសារឆ្នាំមុនខ្ញុំសង្ឃឹមថា ខ្ញុំបាននិទ្ទេសB ដល់ពេលប្រឡងចេញមកធ្លាក់បាក់ទឹកចិត្ត ដល់ពេលឆ្នាំមកនេះប្រឡងឱ្យបានតែសប្បាយចិត្ត យកសញ្ញាបត្រទៅសងសាលា»។
បេក្ខជនបាក់ឌុបភាគច្រើន តែងមានអារម្មណ៍សប្បាយភ័យអរ នៅពេលការប្រឡងនៅសល់មួយមុខវិជ្ជាចុងក្រោយ ដែលជាមុខវិទ្យាមានពិន្ទុច្រើនជាងគេ ដល់ទៅ១២៥ និងប្រឡងយូរជាងគេ គឺ២ម៉ោងកន្លះ។ ក្នុងនោះ សិស្សដែលជ្រើសរើសមុខវិជ្ជាវិទ្យាសាស្ត្រ គឺត្រូវប្រឡងគណិតវិទ្យា ចំណែកវិទ្យាសាស្ត្រសង្គម គឺត្រូវប្រឡងមុខវិជ្ជា ភាសាខ្មែរ។
បេក្ខជនម្នាក់ទៀត គឺលោក ហ៊ាង បញ្ចរិទ្ធ ឲ្យដឹងថា វិញ្ញាសារសីលធម៌ ពលរដ្ឋវិជ្ជា និងផែនដីវិទ្យា ហាក់ពិបាកសម្រាប់លោក ដោយមើលមិនចំសំណួរមួយចំនួន។ តែយ៉ាងណា លោកសង្ឃឹមលើការប្រឡងនេះ ៥០ភាគរយសិន ដោយរំពឹងទៅលើមុខវិជ្ជាផ្សេងទៀត ដូចជាប្រវត្តិវិទ្យា និងភាសាខ្មែរ។
លោក ហ៊ាង បញ្ចរិទ្ធ ថ្លែងថា៖ «មើលអាផ្សេង ចេញឯណាឯណី តែអាចធ្វើបាន អាចបានខ្ទង់៥០ភាគរយអីហ្នឹង ផែនដី និងពលរដ្ឋ»។
គិតមកត្រឹមថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានដំណើរការទៅយ៉ាងរលូន ដោយឈរលើគោលការណ៍ «អ្នកចេះគឺជាប់» បើទោះបីបញ្ហានៅព្រំដែន និងការឈ្លានពានរបស់ថៃ ធ្លាប់ធ្វើឱ្យប៉ះពាល់សល់សម័យប្រឡងក្ដី។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា ការប្រឡងបាក់ឌុប ដែលឈរលើគោលការណ៍តម្លាភាព និងស្ដង់ដារតែមួយ គឺជាការច្រោះយកអ្នកមានសមត្ថភាពពិតប្រាកដ មុនពួកគេឡើងទៅដល់កម្រិតសិក្សានៅថ្នាក់ឧត្តមភូមិ។ លោកសង្ឃឹមថា តាមរយៈការប្រឡងបាក់ឌុបក្នុងស្ថានភាពស្រុកទេសកំពុងរងការឈ្លានពានបែបនេះ យុវជននឹងកាន់តែអភិវឌ្ឍន៍ខ្លួនកាន់តែខ្លាំងបន្ថែមទៀត ដើម្បីក្លាយជាធនធានរបស់ប្រទេសជាតិ។
លោកថា៖ «វាគឺជាកម្មវិធីមួយដែលអាចចម្រាញ់ និងច្រោះយកធនធានអាមនុស្សដែលមានសមត្ថភាពជាក់ស្ដែងទៅតាមកម្រិតនៃការយល់ដឹង ដើម្បីអាចឲ្យពួកគាត់មានលទ្ធភាព និងមានឱកាសនៅក្នុងការសិក្សាថ្នាក់ឧត្តមសិក្សា ហើយនឹងប្រែក្លាយទៅជាធនធានសម្រាប់ការអភិវឌ្ឍប្រទេសជាតិយើងនៅពេលខាងមុខ»។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០២៥នេះ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបជាង១៤ម៉ឺននាក់ (១៤៦ ៧២០ នាក់) ដោយក្រសួងអប់រំ បានកំណត់ យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡង។
បើតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ព្រឹកថ្ងៃទី២ នៃការប្រឡងបាក់ឌុប បេក្ខជនអវត្តមានចំនួន ១ ៨៥៨ នាក់ ដែលស្មើនឹង១,២៦ភាគរយ ខណៈបេក្ខជនចូលរួមប្រឡង និងមេប្រយោគជិត ១០០នាក់ មានបញ្ហាសុខភាព។
នៅឆ្នាំនេះ ក្រសួងបានសម្រេចលើកសម័យប្រឡង ពីថ្ងៃទី១៨ និង១៩ ខែសីហា ទៅថ្ងៃទី២៨ និង២៩ ខែសីហាវិញ ក្រោយប្រទេសថៃ បើកការបាញ់ប្រហារទៅលើខេត្តមួយចំនួនជាប់ព្រំដែន ជាពិសេសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បង្កឱ្យមានការខូចខាតយ៉ាងដំណំទៅលើលំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម មន្ទីរពេទ្យ និងធ្វើឱ្យសាលារៀនជាង ៦០០ បង្ខំចិត្តបិទទ្វារ ខណៈបេក្ខជននៅតាមបណ្ដាខេត្តរងគ្រោះ ត្រូវបានក្រសួងអប់រំ អនុញ្ញាតឱ្យផ្លាស់ប្ដូរមណ្ឌលប្រឡងទៅខេត្តផ្សេង និងទទួលបានការឧបត្ថម្ភមួយចំនួន៕









