ថៃគំរាមប្រើកម្លាំងយោធា​វាយ​យក​ដី​ខ្មែរ​នៅ​ភូមិ​ជោគ​ជ័យ ខេត្ត​បន្ទាយ​មាន​ជ័យ

យោធា​ថៃ​គំរាម​ប្រើ​ច្បាប់​អាជ្ញា​សឹក វាយ​គ្រប់​គ្រង​យក​ភូមិ​ជោគ​ជ័យ​របស់​កម្ពុជា ស្ថិត​ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ដោយ​សំអាង​ថា ទីតាំង​នោះ​ជា​ដែន​ដី​របស់​ខ្លួន ស្ថិត​នៅភូ​មិ​ណង​ចាន់ បើ​ទោះ​បី ក្រុម​ការ​ងារ​ជំនាញ​នៃ​ប្រទេស​ទាំង​ពីរ កំពុង​មូល​មាត់​គ្នាអ​នុវត្ត​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់។

ការណ៍​នេះ អ្នក​ឃ្លាំមើល​និយាយ​ថា ថៃ​កំពុង​ប្រើ​យុទ្ធ​សាស្ត្រ​គំរាម​ផង ចរចា​ផង ដើម្បី​សម្រេច​ម​ហិច្ឆតា​លេប​ទឹក​ដី​ខ្មែរ​តាម​បន្ទាត់​ព្រំ​ដែន តាម​ផែន​ទី​ដែល​ថៃ​គូរ​ដោយ​ឯកតោ​ភាគី ដែល​មេដឹក​នាំ​ខ្មែរ​ លោក ហ៊ុន សែន ធ្លាប់​ហៅ​ថា ជា​ផែន​ទី​ចោរ។

កង​កម្លាំង​បូរ៉ា​ផាថៃ កាល​ពី​ថ្ងៃទី​២៨ ខែ​សីហា​នេះ បាន​ប្រកាស​ប្រើ​ច្បាប់​អាជ្ញា​សឹក នឹង​វាយ​គ្រប់​គ្រង​ភូមិ​ណង​ចាន់ ខ្មែរ​ហៅ​ថា​ភូមិ​ជោគ​ជ័យ ឃុំ​អូរបីជាន់​ ខេត្ត​បន្ទាយ​មាន​ជ័យ។

ប្រភព​និយាយ​ថា ការ​ចេញ​ច្បាប់​អាជ្ញាសឹក​នេះ ដោយ​សារ​ភាគី​កម្ពុជា បាន​នាំ​ប្រជាជន​ខ្លួន​ចូល​មក​បង្ក​ហេតុ​ចលាចល​ក្នុង​រាជា​ណាច​ក្រ​ថៃ ស្ថិត​នៅ​ក្នុង​ទីតាំង​ភូមិ​ណង​ចាន់ ស្រុក​គូក​សួង ខេត្ត​ស្រៈ​កែវ ដែល​តាម​ពិត​ទៅ​ភូមិ​ដែល​ថៃហៅ​ថា​ ភូមិ​ណង​ចាន់​នោះ ស្ថិត​ក្នុង​ដែន​អធិប​តេយ្យ​របស់​កម្ពុជា ដែល​មាន​ឈ្មោះ​ថា​ជាភូមិ​ជោគ​ជ័យ ស្ថិត​ក្នុង​ឃុំអូ​របី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ។

ប្រភពប​ន្ត​ថា ដើម្បី​រក្សា​អធិប​តេយ្យ បូរណភាព​ដែន​ដី​ថៃ កង​កម្លាំង​បូរ៉ា​ផា ចាំបាច់​ត្រូវ​ប្រើ​កម្លាំង​ដើម្បី​រារាំង​​ និង​ទប់​ស្កាត់​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ចូល​ទន្រ្ទាន​ឈ្លាន​ពាន​ដែន​អធិប​តេយ្យ​ថៃ នៅ​ភូមិ​ណង​ចាន់​នេះទេ។

យោធា​ថៃ​ ព្រមាន​ថា ដើម្បី​រក្សា​ភាព​រៀប​រយ​និង​សុខ​សុវត្ថិ​ភាព​នៅ​ភូមិ​ណង​ចាន់ កង​កម្លាំង​បូរ៉ា​ផា នឹងចាត់​​វិធាន​ការ​ត្រួត​និពិត្យ​និង​គ្រប់​គ្រង។

បើយោធា​ថៃ ភូមិ​ជោគ​​ជ័យ ដែល​ថៃ​ថាណង​ចាន់ ហាម​​យក​​អាវុធ​​គ្រប់​​ប្រភេទ ហាម​​បិទ​​ផ្លូវ​​ដែល​​ប៉ះ​ពាល់​​ដល់​ដំណើរ​ការ​​ប្រតិ​បត្តិ​ការ​​របស់​​មន្ត្រី និង​​មិនឱ្យ​ថត​រូប​មូលដ្ឋាន​ប្រតិបត្តិ​ការ​របស់​យោធា​ថៃ​ជា​ដើម។

នេះបើយោងតាម​ការ​ចុះ​ផ្សាយ​ផ្ទាល់​របស់​គេហទំព័រ​ហ្វេស​ប៊ុក​របស់​កង​ទ័ព​ជួរ​មុខ​ថៃ ដែល​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថៃ​ជា​ច្រើន បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៥​នេះ។

លើស​ពី​នេះ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌​មាន អាំម៉ារិ​ន កាល​ពី​ថ្ងៃទី​២៨ ខែ​សីហា បាន​ដក​ស្តង់​សម្តី​អ្នក​នាំពាក្យ​ក្រ​សួង​ការ​ពារ​ជាតិ​ថៃ លោក ណាត់ថាក់ផុន នាគផាណិជ្យ មកចុះ​ផ្សាយ​ថា ដោយ​មើល​ឃើញ​ពី​ស្ថាន​ភាព​នៅ​ភូមិ​ណង​ចាន់ មាន​សភាព​ចលា​ចល ស្នើ​ឱ្យ​មេទ័ព​ភូមិ​ភាគ​ទី១ ប្រកាស​ឱ្យ​ពលរដ្ឋ​ថៃចា​ក​ចេញ​ជា​បណ្តោះ​អាសន្ន ដើម្បី​សុវត្ថិ​ភាព រងចាំ​លទ្ធផល​ចរចា​ទ្វេ​ភាគី​កម្ពុជា-ថៃ​ GBC បើ​មិន​មាន​ការ​យល់​ព្រម​គ្នា​ត្រង់​ចំនុច​ណាទេ​ បារ​​ម្ភអាច​នឹង​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ម្តង​ទៀត។

លោក ណាត់​ថាក់ផុន និយាយ​ថា ក្នុង​ឱកាស​នេះ សូម​ឱ្យ​បង​ប្អូន​ថៃ​ចាក​ចេញ​ពី​ទីតាំង​នេះ​សិន​ (បាន​ណង​ចាន់) ​ដើម្បី​សុវត្ថិ​ភាព ព្រោះ​ប្រសិន​បើ​ប្រជា​ជន​កើត​ការ​ប៉ះ​ទង្គិច​គ្នា និង​ធ្វើ​ឱ្យ​រឿង​កាន់​តែ​វែង​ឆ្ងាយ ហើយ​ប្រសិន​បើ​រឿង​កាន់​តែ​វែង​ឆ្ងាយ​ឡើង វា​អាច​នឹង​បង្ក​ឱ្យ​មាន​កា​រ​ប៉ះ​ទង្គិច​គ្នា​ម្តង​ទៀត​ជាដើម។

ការ​គំរាម​របស់​យោធា​ថៃ​នេះ ធ្វើឡើ​ង​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​ពលរដ្ឋ​ខ្មែរ​រាប់​សិប​នាក់ ក្នុង​នោះ​មាន​ទាំង​ស្រ្តី​កូន​តូច និង​ស្តី្រ​មាន​ផ្ទៃពោះ បាន​រួម​គ្នា​ប្រឈម​មុខ​ជាមួយ​ទាហាន​ថៃ ដែល​ថៃ​បាន​ព្យាយាម​រាយ​បន្លា​លួសព័ទ្ធ​យក​ផ្ទៃ​ដី​ពួក​គេដូ​ច​នៅ​ភូមិ​អូរ​បី​ជាន់។

ប៉ុន្តែការប្រឈមមុខដាក់គ្នាពេលនេះ ក្រុមទាហានថៃ​បាន​ដក​ថយ​វិញ ក្រោយ​មិន​អាច​ទប់​ទល់​ទៅ​នឹង​ប្រតិកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ ហើយ​រហូត​មក​ដល់​ពេល ពលរ​ដ្ឋទាំង​នោះ ត្រូវ​គេ​អះ​អាង​មក​ថា ពួក​គេ​នៅ​បន្ត​ដេក​ចាំ​ផ្ទះ​ដោយ​ខ្លួន​ឯង ដោយ​បារម្ភ​ខ្លាច​ទាហាន​ថៃ​មក​ឈ្លាន​ពាន​ជា​លើក​ទី២។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា អ្នក​ស្រី ម៉ាលី សុជាតា មិន​ឆ្លើយ​នឹង​សំណួរ​ដែល​ភាគី​ថៃ​ប្រកាស​​​ប្រើ​ច្បាប់​អាជ្ញាសឹ​ក​ ដើម្បី​រំលោភ​យក​ដី​ខ្មែរ​នៅ​ភូមិ​ជោគ​ជ័យ​នោះ​ទេ។

ដោយអ្នកស្រី​បាននិយាយ​ក្នុង​សម្តី​ដើម​ថា៖ ««អរគុណ! សូម​ទៅ​ស្រាវ​ជ្រាវ​ឱ្យ​បាន​ច្បាស់​លាស់ គ្រប់​ជ្រុង​ជ្រោយ​ផង។ សូ​មទ​ទួល​យក​ព័ត៌​មាន​តាម​ការ​ធ្វើ​បច្ចុប្បន្ន​ភាព អរគុណ!»»។

យ៉ាង​នេះ​ក្តី អ្នក​នាំពាក្យក្រសួងការពារជាតិកម្ពុជា ​អ្នក​ស្រី ម៉ាលី សុជាតា បាន​ថ្លែង​ក្នុង​សន្តិ​សីទ​កាសែត​នៅថ្ងៃ​ទី២៩​ ខែ​សីហា​នេះ​ថា កម្ពុជា​ប​​ន្តប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់​គោរព និង​អនុវត្ត​លើ​បទ​ឈប់​បាញ់​គ្នាឈាន​ដល់​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៥ ព្រម​ទាំង​កិច្ច​​​ព្រម​​ព្រៀង ១៣​ចំណុច​អនុ​ម័ត​នៅ​ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​របស់​គណៈ​កម្មា​ធិការ​ព្រំដែន​ទូទៅក​ម្ពុជា ថៃ (GBC) នា​ថ្ងៃទី​​៧ ខែ​សីហា ឆ្នាំ​២០២៥។

អ្នកស្រី​ថា៖ «កម្ពុជាសូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់​ និង​ច្បាស់​លាស់​បំផុត​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ឥត​ងាក​រេ​ របស់​ខ្លួន​ក្នុង​ការ​គោរព​និង​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​​ នូវ​បទ​ឈប់​បាញ់​ដែល​សម្រេច​បាន​ កាល​ពី​ថ្ងៃទី​២៨ ខែ​កក្កដាឆ្នាំ​២០២៥ និង​គោល​ការណ៍​ឯកភាព​ទាំង​១៣​ចំណុច​ នៅ​ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​គណ​កម្មាធិការ​កិច្ច​ការ​ព្រំដែន​ទូទៅ​កម្ពុជា​ថៃ GBC កាល​ពី​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០២៥»។

ដោយឡែក តំណាងរាស្រ្តបក្សសង្រ្គោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​VO​D​នៅថ្ងៃ​ទី​២៩ ខែ​សីហា​នេះ​ថា ការ​គំរាម​របស់​ថៃ គឺ​ថៃច​ង់​សម្រេច​មហិច្ឆតា​លេប​ទឹក​ដី​ខ្មែរ តាម​​ផែន​ទី​ខ្នាត​១/៥០០០ ដែល​ថៃ​គូរ​ដោយ​ឯក​តោ​ភាគី។

លោកបន្ត​ថា ថៃបន្តប្រើផែនទី​ចោរ​នេះ ដើម្បី​យក​លេស​បន្ត​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​​តា​មទំ​នើង​ចិត្ត ហើយ​ទម្លាក់​កំហុស​​ដាក់​កម្ពុជា​ដែល​ជា​ជន​រង​គ្រោះ។

លោកថា៖ «កាលណាគេវាយផងចរចាផងហ្នឹង បើ​គេ​គ្រប់​គ្រង​បាន​សមរភូមិ​ច្រើន​កន្លែង​ហើយ ការ​ចរចា​ហ្នឹង​គឺ​គេ​ទទួល​ជោគ​ជ័យ​អ៊ីចឹង​ហើយ​បាន​គេ​វាយ​ផង ចរចា​ផង​ អាហ្នឹង​​ជា​យុទ្ធ​សាស្ត្រ​នៃ​ការ​ធ្វើ​សង្រ្គាម​ ហើយ​កាល​ដែល​ថៃ​គេ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​នេះ គឺ​គេច​ង់​បណ្ដេញ​ប្រជាពលរដ្ឋ​យើង​ចេញ​ពី​ទីតាំង​ដែល​ប្រជា​ពលរដ្ឋ​​យើង​ឈរ​ជើង​ប៉ុន្មាន​​ថ្ងៃ​នេះ បន្ទា​ប់​ពី​គាត់​រើ​បន្លា​លួស​របស់​ថៃ​ចេញ»។

សម្រាប់លោក អ៊ុំ សំអាន បារម្ភថា បើថៃបន្តប្រើប្រាស់ផែន​ទីចោរ​នេះ ទឹក​ដី​កម្ពុជា​តាម​បន្ទាន់​ព្រំដែន​នឹង​បន្ត​បាត់​បង់ ជាពិសេស​ភូមិ​ជោគ​ជ័យ ភូមិ​ព្រៃ​ចាន់ និ​ងតំបន់​មួយ​ចំនួន​ទៀត រួ​មច្រក​អាន​សេះ​ជាដើម បើ​បក្ស​កាន់​អំណាច​​កម្ពុជា ខ្វះ​សមត្ថ​ភាព​ទប់​ទល់។

លោកថា៖ «ថៃគំរាមកំហែងមកលើបូរណភាព​ទឹក​ដី​កម្ពុជា ព្រោះ​គេច​ង់​បាន​ដី​ដែល​គេច​ង់​ឈ្លាន​ពាន​ទៅតាម​ផែន​ទី​ខ្នាត​មួយ​លើ​៥០​ពាន់ ហើយ​គេយ​ល់​ថា​ខ្មែរ​យើង​កំពុង​តែ​បាក់​ស្បាត​ បន្ទាប់​ពី​ធ្វើស​ង្គ្រាម​៥ថ្ងៃ​ហ្នឹង​គឺ​លែង​ហ៊ាន​ជាមួយ​ថៃហើ​យ អ៊ីចឹង​ហើយ​ថៃ​គំរាម​យក​ដើម្បី​ឲ្យ​គេច​ង់​បាន​ដី​កន្លែង​ណា​គេ​នឹង​យក​កន្លែង​ហ្នឹង ហើយ​យើង​នេះ​ខ្លាច​សម្លុត​ថៃ​ឱ្យ​ថៃ​យក​អី​យក​ទៅ»។

ដោយឡែក អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វន់ ចាន់ឡូត និយាយ​ថា ការ​ប្រកាស​ច្បាប់​អាជ្ញាសឹក​របស់​ទាហាន​ថៃ​នេះ ឆ្លុះ​បញ្ចាំង​ថា ថៃ​កំពុង​ប្រើ​យុទ្ធ​សាស្រ្ត​២ ចរចា​ផង គំរាម​រំលោភយកដីខ្មែផង។

លោកអះអាងថា ចោរសៀម​នៅតែចិញ្ចឹមចិត្តឈ្លានពានដី​ខ្មែរ ដោយ​សារ​តែ​កម្ពុ​ជា​ខ្សោយ មេដឹក​នាំ​ហាក់​មិន​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​តតាំង​ប្រឆាំង ទប់​ទល់​នឹង​ទង្វើ​ឈ្លាន​ពាន​របស់​ចោរ​សៀម​នេះ។

លោក​បារម្ភ​ថា បើកម្ពុជាមិនខ្លាំងទេ មិនពឹងសហប្រធាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​បារីស ឬ​ប្រទេស​មហាអំ​ណាច​ទេ ថៃ​នឹង​បន្ត​ប្រើ​ផែន​ទីចោរ​ រំលោភ​យក​ដី​ខ្មែរ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​មិន​ចប់​នោះ​ទេ។

លោកថា៖ «ការបន្តប្រើប្រាស់ផែនទីដែលគូ​សជា​​ឯកតោ​ភាគី​នេះ គឺ​គ្រាន់​តែ​ជាលេស​មួយ​ដ៏ស​មហេតុ​ផល​ដើម្បី​បំពេញ​នូវ​មហិច្ឆតា​នៃកា​រ​ឈ្លាន​ពាន​របស់​ភាគី​ថៃ មក​កាន់​កម្ពុជា ដូច​យើង​ដឹង​ហើយ​ភាគី​ថៃ​តែង​តែ​ទទូច​ឲ្យ​កម្ពុជា​ទទួល​យក​យន្ត​ការ​នៃ​ការ​ចរចា​ជា​ទ្វេភាគី​ ដោយ​បញ្ចៀស​ទៅ​ការ​ប្ដឹង​ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ។ ទី២​ភាគី​ថៃតែ​ង​តែប្រើ​​ប្រាស់​ការ​គំរាម​កំហែង​ ប្រើ​កម្លាំង​ទ័ព​មក​លើ​កម្ពុជា ក្នុង​ករណី​ដែល​ការ​ចរចា​បរាជ័យ​ដែល​មាន​ន័យ​ថា កម្ពុជា​មិន​ទទួល​យក​នូវ​ការ​គោរព​តាម​ផែនទី​ដែល​គូស​ជាឯកតោ​ភាគី​នោះ ប្រាកដ​ណាស់​នៅ​ក្នុ​ង​នាម​ចារឹក​នៃ​អ្នក​ឈ្លាន​ពាន គឺ​នឹង​ប្រើ​ប្រាស់​នូវ​កម្លាំង​យោធា​ដើម្បី​បំពេញ​នូវ​កម្ម​វត្ថុ​នៃ​ការ​ឈ្លាន​ពាន​របស់​ខ្លួន​ដោយ​ចៀស​មិន​ផុត​ទេ»។

កន្លងទៅ លោក ហ៊ុន សែន ធា្លប់​និយាយ​ក្នុង​សភា​ថា កម្ពុជា​នឹង​មិន​អនុញ្ញាត​ឱ្យ​ថៃ​ប្រើ​ផែន​ទី​នេះ ដើម្បី​កំណត់​បន្ទាត់​ព្រំដែន​នោះ​ទេ ដោយ​ចាត់​ទុក​ផែន​ទី​ដែល​ថៃ​គូរ​ដោយ​ឯកតោ​ភាគី​នោះ​ថា​ជា​ផែន​ទី​ចោរ។

លោកថា៖ «យើងគ្រាន់តែធ្វើការដាស់តឿន​ចំពោះ​អ្នក​តែ​​ប៉ុណ្ណោះ ចំពោះមុ​ខ​ប្រជាជាតិ​របស់​យើង យើង​មាន​តម្លាភា​ព​ចំពោះ​ការ​ប្រើ​ប្រាស់​ផែន​ទី។ ផែនទី​ចោរ​ដែល​ឈ្លាន​ពាន​យើង​កាល​ពី​ឆ្នាំ​២០០៨ យើង​មិន​គម្បី​ត្រូវ​បាន​ប្រើ​ប្រាស់​ទៀត​ទេ យើង​សុំ​ប្រាប់​អ្នក​ឱ្យ​បាន​ដឹង»។

ប៉ុន្តែមួយខែកន្លង​ទៅ​នេះ ថៃមិ​ន​បាន​គោរព​ប​ទ​ឈប់​បាញ់​នេះទេ​ ដោយ​​ចល័ត​​ទ័ព​ចូល​​ចាប់​​ទាហាន​​ខ្មែរ​២០​​នាក់ ដល់​​ក្នុង​​បន្ទាយ​នៅ​ព្រំ​ដែន​​ជួរ​មុខ រហូត​បច្ចុប្ប​នៅ​១៨នាក់​ទៀត​ ដែល​ថៃ​មិន​ទាន់​ប្រគល់​ឱ្យ​កម្ពុជា​នៅ​ឡើយ ទោះ​កម្ពុជា​បន្ត​អំពាវ​នាវ​និង​រក​អន្តរាគមន៍​ពីស​ហគមន៍​អន្តរ​ជាតិ។

លើសពីនេះ​ យោធា​ថៃ​បាន​​ចល័ត​​ទ័​ព​​ចូល​​​ទៅ​​រាយ​​បន្លា​លួ​​ស​​ព័ទ្ធ​យក​​ប្រាសាទ​​តាមាន់​​ធំ ក្នុង​​ខេត្ត​​ឧត្តរ​មាន​​​​ជ័យ ព័ទ្ធ​​យក​​តំបន់​​អាន​​សេះ ខេត្ត​​ព្រះ​​​វិហារ និង​​ភូមិ​​អូរបី​ជាន់ និង​​គំរា​​​ម​ចុះ​រុះ​រើ​ផ្ទះពលរដ្ឋ​ជិត​២០០ខ្នង​​ទៀត នៅភូ​មិ​ណង​ចាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ខណៈ​ភាគី​កម្ពុជា​មិន​តបត​ដោយ​ប្រកាស​ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់​គោរ​ពប​ទ​ឈប់​បាញ់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ