ទិន្នន័យពាណិជ្ជកម្ម បានបង្ហាញថា ប្រទេសចិន អាចនឹងនាំចេញគ្រឿងបន្លាស់ដ្រូន ទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បើទោះបីជាប្រទេសចិន បានបដិសេធជាផ្លូវការថា មិនបានផ្គត់ផ្គង់ឱ្យភាគីណាមួយរវាងរុស្ស៊ីនិងអ៊ុយក្រែន ក្នុងសង្គ្រាមឈ្លានពានពីរុស្ស៊ី រយៈពេលជាង៣ឆ្នាំទៅនេះក៏ដោយ។
សារព័ត៌មាន នីគីអេស៊ា(Nikkie Asia) បានរាយការណ៍នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះថា ទិន្នន័យគយរបស់រដ្ឋាភិបាលបង្ហាញថា ប្រទសចិនបាននាំចេញថ្មលីចូម(lithium-ion batteries)ចំនួន ២.៦ពាន់លានគ្រឿងទៅទូទាំងពិភពលោកក្នុងរយៈពេល ៧ខែ រហូតដល់ខែកក្កដា ដែលច្រើនជាងឆ្នាំមុន ២០% ប៉ុន្តែចំនួនដែលនាំចេញទៅរុស្សីនោះបានកើនប្រហែល ៩០%។
ថ្មលីចូម(lithium-ion batteries) ជាប្រភេទថ្មប្រើបច្ចេកវិទ្យាដែលផ្ទុកនិងបញ្ចេញថាមពល ហើយក៏ជាប្រភេទថ្មដែលមានការប្រើប្រាស់ទូលំទូលាយបំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ព្រោះវាមានកម្លាំងថាមពលនិងទំងន់ស្រាល ហើយអាចបញ្ចូលថ្មឡើងវិញបាន ហើយវាអាចប្រើជាមួយឧបករណ៍ដ្រូន និងឧបករណ៍ផ្សេងច្រើនទៀត។
តម្រូវការដ្រូនហាក់បីកំពុងកើនឡើងនៅរុស្ស៊ី និងអ៊ុយក្រែនដែលភាគីទាំងពីរនេះ កំពុងប្រើប្រាស់ដ្រូនយ៉ាងទូលាយនៅក្នុងសង្រ្គាមនេះផងដែរ។ ដោយឡែកមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិរបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងរបាយការណ៍នៅខែធ្នូថា ប្រទេសចិនអាចមានឥទ្ធិពលនៅក្នុងជម្លោះនេះ។
បន្ថែមពីនេះ អ្នកតំណាងផលិតថ្មដ្រូននៅសិនជិន(Shenzhen) បានប្រាប់នីគីអេស៊ាថា ក្រុមហ៊ុននាំចេញទៅកាន់គោលដៅនានា រួមទាំងអ៊ុយក្រែនផងដែរ។
អ្នកតំណាងបានបន្តថា៖ «ថ្មីៗនេះ បរិមាណនាំចេញច្រើនទ្វេរដងបើធៀបនឹងបរិមាណឆ្នាំមុនៗ’’។
យ៉ាងណា ប្រទេសចិន បានបដិសេធថា ខ្លួនមិនបានផ្តល់អាវុធដល់អ៊ុយក្រែន និងរុស្ស៊ីទេ ប៉ុន្តែអ្នកសង្កេតការណ៍សង្ស័យថា រុស្ស៊ីកំពុងទទួលគ្រឿងបន្លាស់ដ្រូនដែលផលិតដោយប្រទេសចិន។ លើសពីនេះ ទីក្រុងមូស្គូ ក៏កំពុងពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយនឹងទីក្រុងប៉េកាំង ហើយទីក្រុងមូស្គូក៏បានលក់ប្រេង និងឧស្ម័នធម្មជាតិទៅឱ្យប្រទេសចិន ដើម្បីទទួលបានមូលនិធិចំដែលពេលមានទណ្ឌកម្មរបស់លោកខាងលិចផងដែរ៕









