ក្រុមមន្ត្រីនិយាយថា សហរដ្ឋអាមេរិកនឹងមិនចូលរួមក្នុងការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ លើកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួនទេ ដែលជំរុញឱ្យអ្នកតស៊ូមតិលើកឡើងថា ការដកខ្លួនរបស់ក្រុងវ៉ាស៊ីតោននេះ ជាក្តីបារម្ភលើបញ្ហាសិទ្ធិមនុស្ស និងយុត្តិធម៌សកល។
ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ(Reuters) បានរាយការណ៍នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ថា ការត្រួតពិនិត្យជាសកលតាមកាលកំណត់ ដែលហៅកាត់ថា យូភីអ័រ(UPR) រំពឹងថា រដ្ឋសមាជិកទាំង ១៩៣ របស់អង្គការសហប្រជាជាតិនឹងបញ្ជូនរបាយការណ៍ ស្តីពីការកំណត់សិទ្ធិមនុស្សរបស់ពួកគេរៀងរាល់៤ឆ្នាំកន្លះទៅ៥ឆ្នាំម្តង។
ដោយឡែកមន្ត្រីនាយកដ្ឋានរដ្ឋរបស់សហរដ្ឋអាមេរិកម្នាក់ បានប្រាប់រ៉យទ័រ(Reuters)ថា សហរដ្ឋអាមេរិកនឹងមិនចូលរួមក្នុងយន្តការត្រួតពិនិត្យជាសកល តាមកាលកំណត់ដែលហៅកាត់ថា យូភីអ័រ(UPR) និងមិនបញ្ជូនរបាយការណ៍របស់ខ្លួននៅក្នុងខែវិច្ឆិកា នៅពេលដែលខ្លួន និងប្រទេសទាំង១៣ផ្សេងទៀត ត្រូវបានកំណត់ឱ្យពិនិត្យឡើងវិញ។
មន្ត្រីរូបនេះ បាននិយាយថា ការធ្វើឡើងនេះតាមបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី០៤ ខែកុម្ភៈ ដើម្បីដកខ្លួនពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
អ្នកនាំពាក្យនៃអន្តររដ្ឋាភិបាលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា ការិយាល័យរបស់សហរដ្ឋអាមេរិក នៅទីក្រុងហ្សឺណែវ បានជូនដំណឹងនេះដល់ពួកគេអំពីការសម្រេចចិត្តនេះ។
យោងតាមការវិភាគលើកំណត់ត្រាសាធារណៈរបស់ក្រុមប្រឹក្សា ពេលនេះសហរដ្ឋអាមេរិកក្លាយជាប្រទេសដំបូងគេដែលមិនផ្តល់របាយការណ៍យូភីអ័រ(UPR)។ ដោយឡែក លោក រ៉ាវីណា សាំដាសានី(Ravina Shamdasani) ប្រធានអ្នកនាំពាក្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានប្រាប់រ៉យទ័រថា លោកមានការសោកស្តាយចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក៕









