វិបត្តិ​សង្គម​​អា​ច​​នឹង​កើត​ឡើង​​​បើ​​ពលករ​​ខ្មែរ​មក​​​ពី​ថៃ​ជាង​​កន្លះ​​លាន​​​នាក់​​មិន​​​អាច​​​រក​​​ការ​​​​​ងារ​​បាន​​ធ្វើ

អ្នក​​ជំនាញ​ និង​​អ្ន​ក​​​ឃ្លាំ​មើល​​មួយ​​ចំនួន ​លើក​ឡើង​ថា ការ​​បន្ត​ទប់​​ទល់​​ទៅ​​នឹង​មហិច្ឆតា​​​បន្ត​​ឈ្លាន​​ពាន​​ទឹក​ដី​តាម​​រយៈ​យុទ្ធ​សាស្ត្រ​​រាយ​​បន្លា​លួស​​វាទ​​យក​​​ដី​ខ្មែរ​ ​​ពីសំ​ណាក់​​យោធា​ថៃ​​បន្ទាប់​​​ពី​បទ​​ឈប់​​បាញ់ គឺ​​ជា​​រឿង​​សំ​ខា​​ន់​​ដែល​​ត្រូ​វ​ដោះ​​ស្រាយ​ ​ខណៈ​​មក​​ដល់​​ពេល​​នេះ ​​មាន​​​ប្រជាពលរដ្ឋ​​ជា​ច្រើន​​គ្រួសារ​នៅ​ជាប់​​ព្រំដែន​​ថៃ​បាន​​បាត់​បង់​​​ដី​ធ្លី​​ផ្ទះ​​សំបែង​​របស់​​ខ្លួន​។ ក៏​ប៉ុន្តែកា​រ​​បង្កើត​​ការ​ងារ​​សម្រាប់​​ពលករ​ខ្មែរ ​ដែល​​ទើប​​វិល​​ត្រឡប់​​មក​​​ពី​ថៃ ​​វា​ក៏​ជា​រឿង​​សំខាន់ ​និង​​ចាំ​បាច់​ផង​ដែរ ​​​ដែល​​​រដ្ឋាភិ​បាល​​​តាម​​រយៈ​​ក្រសួង​​ការ​ងារ​​ត្រូវ​​​ធ្វើ​​ដំណាល​​គ្នា​ជា​បន្ទាន់​។

ក្រសួង​ការងារ ​បាន​​ផ្សព្វ​ផ្សាយ​​សម្តី ​​លោក ​ហេង សួរ រ​ដ្ឋ​មន្ត្រី​​ក្រសួង​​ការងារ កាល​ពី​ថ្ងៃទី​​​៣១ ខែ​​សីហា​ថា រហូត​​មក​​ដល់​​ពេល​​នេះ​ ​មាន​​ពលរដ្ឋ​​ខ្មែរ​ ​៩២​ម៉ឺន​​នាក់ ​បាន​​វិល​​ត្រឡប់​​​ពី​​ប្រទេស​ថៃ​​ចូល​​មក​​កម្ពុជា​វិញ​ ក្នុងនោះ​​មាន​​ពលករ​ប្រហែល​​៧០​​ម៉ឺន​នាក់ ប្រឈម​នឹងភាពអត់ការងារធ្វើ​​ ក្រៅ​​ពី​នេះ​​មាន​អាជីវករ​ដែល​គាត់​លក់ដូរនៅ​តាម​ព្រំដែន​ប្រទេសថៃ។

លោកថ្លែង​​ថា៖ «ពលករតែម្តង​គឺប្រហែលជា​ខ្ទង់​៧០​ម៉ឺន​នាក់​ប៉ុន្តែ​៧០​ម៉ឺន​​នាក់​ក៏ច្រើនដែរ​។ មក​ដល់ម៉ោង​នេះ​ចាប់​ពី​ខែ​៧​មក​ដល់​ខែ៨នេះយើង​មាន​លទ្ធភាព​ផ្តល់​​ការ​ងារ​ឱ្យបាន​ប្រហែល​ជាខ្ទង់​១៥​ម៉ឺន​នាក់​ អ៊ីចឹង​យើង​នៅ​​សល់​​ប្រហែល​​​​ជា​៥០​ម៉ឺន​​នាក់​​ទៀត ​ដែល​​យើង​​​ធ្វើ​​ម៉េ​ច​​​ត្រូវ​ខិតខំ​ទា​ញប​ង​ប្អូន​​យើ​ង​​ឱ្យ​ចូល​ទៅ​ក្នុង​​ទីផ្សារ​ការ​ងារ​នេះ​​​ឱ្យ​បាន​​លឿន​»។

 បើតាម​លោក ​ហេង សួរ ​​ជា​ធម្មតាកម្ពុជា​អាចបង្កើតការងារ​បាន​ពី១ម៉ឺន​ទៅ​១ម៉ឺន​៥​ពាន់​នាក់​​ក្នុង​មួយ​ខែ ប៉ុន្តែក្នុងដំណាក់កាល​នេះ ​វិស័យ​ឯកជន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ ​​ដោយ​ខិត​ខំ​ពង្រីក​ឱកាស​ការងារ​ក្នុង​មួយ​​ខែបាន​ប្រហែល​​៧-៨ម៉ឺននាក់ ហើយ​ក្រសួង​ការងារ​នឹងជំរុញ​ឱ្យ​ធ្វើយ៉ាងណា ​ត្រូវ​បង្កើតការងារ​ឱ្យបាន​ក្នុង​១​ខែប្រហែល​១០ម៉ឺន​នាក់។

បច្ចុប្បន្ន​មាន​ពលករខ្មែរទើប​វិលត្រឡប់​មក​ពីថៃ​​​ប្រមាណតែ​១៩ម៉ឺន​នាក់​​ប៉ុណ្ណោះ ក្នុង​ចំណោម​៩២​ម៉ឺន​នាក់​​​ដែល​ទទួល​​បាន​ការ​ងារ​ធ្វើ។ ​នេះ​បើយោង​តាម​របាយការណ៍​របស់​​វិទ្យា​ស្ថានបណ្តុះ​បណ្តាល និងស្រាវ​​ជ្រាវ​​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI)​ កាលពីថ្ងៃ​ទី​២៧​ខែ​សីហា​។ របាយការណ៍​ស្តីអំពី​បញ្ហាការងារ​​សម្រាប់​ពលករ​ចំណាក​ស្រុកកម្ពុជា​​ដែលទើប​​វិល​ត្រលប់​​ពីប្រទេសថៃ​របស់​CDRI​ ​នេះ​បាន​បង្ហាញ​ពីក្តី​កង្វល់​ដែលពលករ​​ប្រមាណជាង​៧០​ម៉ឺន​នាក់​​ទៀត​ អាចប្រឈមនឹងភាពគ្មានការងារធ្វើ។

ជាមួយគ្នា​នេះ អង្គ​ការ​​សង់ត្រាល់ ​បាន​និងកំពុ​ង​រៀបចំ​វេទិកា​ស្ដីពី​«សុវត្ថិភាព​ចំណាក​ស្រុក» ​និង​បាន​​​ផ្ដល់​ជំនួយ​​គាំទ្រ​សង្គ្រោះ​បន្ទាន់​ ដល់អតីត​ពលករ​រាប់​ពាន់នាក់​នៅ​តាម​បណ្តាខេត្ត​មួយ​ចំនួន ​ដែល​មាន​ប្រជាពលរដ្ឋ​​ក្នុង​ចំនួន​​​ច្រើន ​បាន​ធ្វើ​ចំណាកស្រុក​​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ ក្នុង​រយៈ​ពេល​ជាច្រើន​ឆ្នាំ​កន្លងមក​​នេះ។ ក្នុងនោះ​​មាន​ដូច​ជា ខេត្ត​បន្ទាយ​មាន​ជ័យ ឧត្តរមានជ័យ ​ព្រះ​វិហារ សៀម​រាប កំពង់ធំ និង​​បាត់​ដំបង​ជាដើម ​ដោយ​ពលករ​​១​គ្រួសារ​​ទទួលបាន​អង្ករ​ទន្ងន់៥០​គីឡូក្រាម ​មី១កេះ ទឹកត្រី ទឹកស៊ីអ៊ីវ និង​កញ្ចប់​​​ថវិកា​១០ម៉ឺន​រៀល​។

លោក​ មឿន តុលា​ ប្រធានអង្គការ​សង់ត្រាល់ ​បាន​ឱ្យ​ដឹងថា បញ្ហា​មិន​ទាន់​អាច​រកការងារ​បាន​ធ្វើ​ក្នុង​ចំនួន​ដ៏ច្រើន​​របស់​ពលករ​គឺ​ជាបញ្ហា​ធំមួយ​ ខណៈ​ពលករ​ជាច្រើន​ជាប់​បំណុលធនា​គារ​​និងមីក្រូហិរញ្ញវត្ថុ។ បើ​តាម​ការលើក​ឡើង​របស់​ពល​ករ​នៅក្នុង​វេទិកា​​របស់​អង្គការ​សង់​ត្រាល់ មាន​ពលករប្រមាណ​ត្រឹម​តែ១០ភាគរយទេ ដែល​​រកការងារ​បាន​ធ្វើ​​តែ​មិន​មែន​ជាការ​ងារមិន​ជាប់​លាប់​ឡើយ ​ក្នុង​នោះ​មាន​​ដូច​ជាការ​ងារ​សំណង់​ជាដើម ខណៈ​ពលករខ្លះ​បាន​ធ្វើ​ចំណាក​ស្រុក​ចេញ​ពីខេត្ត​របស់​ខ្លួន ​ទៅ​រកការងារ​ធ្វើ​នៅ​តាម​បណ្តាខេត្ត​ផ្សេង​ទៀត​​ដូច​ជា​ខេត្ត​ព្រះសីហនុជាដើម។

លោកថា៖ «បញ្ហាប្រឈម​របស់ពលករហ្នឹង ​​គឺ​គាត់​ត្រឡប់មក​វិញមាន​ចំនួន​ច្រើន ​ប៉ុន្តែ​ទំហំការងារ​ដែល​គាត់​ទទួល​បាន​នឹង​សម្រាប់​សង់ត្រាល់​ យើង​អត់ទាន់មានតួលេខអីជាក់លាក់ទេ ​ក៏ប៉ុន្តែបើ​យើង​ស្តាប់តាមពីវេទិកា​​មួយ​ទៅវេទិកាមួយដែល​យើងចែកជំនួយ​២-៣ថ្ងៃនេះ យើង​ឃើញ​ចំនួន​អ្នក​ទទួលបានការងារ​នឹងមិន​​ច្រើនទេ ដូចជា បានប្រហែលខ្ទង់​១០​ភាគរយអី​មានកន្លែង​ខ្លះ​ខ្ទង់​ប៉ុណ្ណឹង​​មាន​កន្លែងខ្លះមិន​ដល់​នឹងទេ។ ហើយ​សំណួរ​សួរថា​ពេល​ដែល​អត់ការងារនឹង​អ្វីដែល​ជាបញ្ហា​របស់​ពួកគាត់គឺរឿងបំណុល​»

សម្រាប់ ​លោក ចាន់ សុផល នាយក​នៃមជ្ឈមណ្ឌល​សិក្សាគោលនយោបាយ បាន​ថ្លែ​ង​ពេល​ផ្តល់​បទសម្ភា​សន៍​​ដល់​​ AMS Central ថា ការ​វិល​​ត្រឡប់​របស់​ពលករខ្មែរ​ពី​ប្រទេសថៃក្នុង​ចំនួន​ដ៏ច្រើន ​អា​ច​នឹង​ធ្វើឱ្យ​បាន​​ផល​ចំណេញ​ដល់​សេដ្ឋកិច្ច ​ក្នុងករណី​ដែល​ពួកគាត់​មក​ដល់​ស្រុកកំណើត​ទទួលបានការ​ងារ​ធ្វើ ខណៈ​ជាក់​​ស្តែង​​ស្រុកយើង​នៅមានកង្វះខាតកម្លាំង​ពលកម្ម​ នៅ​តាម​សហគ្រាសរោង​ចក្រ​​មួយ​ចំនួន​ ដែល​ទើប​វិនិយោ​គ​ថ្មីៗ​។ ​ដូច្នេះ​ការ​វិល​ត្រឡប់​របស់​ពលករចំណាកស្រុក​នេះ ​ធ្វើឱ្យ​ធូរសា្រល​ចំពោះ​តម្រូវការការងារ​បន្ថែម​ ​​នៅ​​តាម​សហគ្រាស​រោងចក្រ​ ​តាម​វិស័យកសិកម្ម​អីជាដើម។ លើសពីនេះ ​ក៏អាច​ផ្តល់​ផល​ចំណេញ​ដល់​​សង្គម​ផងដែរ​ គឺពួកគាត់​បាន​ជួប​ជុំក្រុមគ្រួសារ​កូនចៅ​ធ្វើឱ្យមាន​ភាពរីករាយក្នុងគ្រួសារ​។

លោក​បន្តថា ប្រសិន​បើ​មាន​ការងារ​និង​ប្រាក់​ខែ​២៥០ដុល្លារ​​​ បូក​និងប្រាក់​ថែមម៉ោង​ មួយ​ខែ​ពលករ​១លាន​នាក់​​នឹង​បង្កើត​បាន​ប្រាក់​ចំណូល៣ពាន់​លាន​ដុល្លារ ​ដែល​នឹងធ្វើ​​ឱ្យ​ផលិត​ផល​សរុប​ក្នុង​ស្រុក​រីកថែម​​ប្រ​មាណ​ ​​៦ភាគ​រយ​ដែល​ជាចំនួន​ដ៏ច្រើន។ ឧទាហរណ៍ ​សេដ្ឋកិច្ច​ក្នុង​មួយ​ឆ្នាំៗ​កើន​ឡើង​ម្តុំ៦​ភាគរយ ​ដោយ​សារ​ការ​​ខិតខំប្រឹងប្រែង​ទាំង​អស់គ្នា​។ ដល់ឥឡូវ​យើង​មានកម្លាំងពលកម្ម​​មួយ​លាន​នាក់​​ចូល​មក​ទៀត​ នោះ​សេដ្ឋ​កិច្ចក្នុង​ស្រុក​យើង ​នឹងរីក​ថែម​ប្រហែល​ជា៦ភាគ​រយ​ទៀតក្នុង​ឆ្នាំនេះ បើ​សិន​ជាពួកគាត់​មាន​ការងារ​ធ្វើ។

លោកថា៖ «ជាឧបសគ្គ​ឬក៏ជាបញ្ហា​អវិជ្ជមាន​ក្នុង​ករណីដែល​នៅពេល​ដែល​ពលករមក​ដល់​ភូមិ​ឃុំ អត់មានការ​ងារ​ធ្វើ​​អត់មានប្រាក់ចំណូល។ ប្រសិន​បើសម្រាប់​ការ​រស់នៅ​ប្រចាំថ្ងៃ​ខ្ញុំ​យល់​ថា​មិនអីទេ គឺ​តាម​ភូមិ​ឃុំ​យើង​ មាន​អាហារ​បូបចុកគ្រប់គ្រាន់​អាច​បរិភោគ​​តាមគ្រួសារ​រៀងៗខ្លូន។ ​ក៏ប៉ុន្តែ​អ្វីដែល​មានការ​ប្រឈម​ខ្លាំង​​តាមការ​យល់​ដឹងកន្លង​​មក​នោះ គឺ​កាតព្វកិច្ច​នៃការ​សង​បំណុលទៅធនាគារ​ ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ជាជាបញ្ហាធំ»។

បើ​តាម​ លោក ​ចាន់ សុផល​ បច្ចុប្បន្ន​តម្រូវ​ការ​​ការ​ងារ​នៅ​កម្ពុជា​​មាន​​មិន​​ច្រើន​នោះទេ​ អាច​ថា ស្រូបយក​កម្លាំង​​ពលកម្ម​បាន​ពាក់កណ្តាល​ តែ​នៅ​កន្លះ​លាន​នាក់​ទៀតត្រូវការ​ការងារ​ថ្មី។ ដូច្នេះលោកថា ​រដ្ឋាភិបាល​ត្រូវ​ទម្លាក់​កញ្ចប់​​​ថវិកា​ជួយ​បង្កើត​​ជាគម្រោង​រដ្ឋ ឬក៏គាំទ្រ​ដល់​​គម្រោង​ឯកជន​បន្ថែម ​ដើម្បី​បង្កើតការ​ងារ​ឱ្យ​បាន​​​ឆាប់​រហ័ស​ដែល​​យើង​ចាត់ទុកថា គឺ​ជាការ​ដោះ​ស្រាយ​វិបត្តិ​គឺរដ្ឋ​ត្រូវ​តែហ៊ាន​ចំណាយ​ដូច​កាលពីវិបត្តិកូវីដ-១៩ ​រដ្ឋ​បាន​ចំណាយ​ជាង​១ពាន់​លានដុល្លារ​ជាដើម។

បើយោងតាមCBC គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២៤ ប្រជាពលរដ្ឋ​កម្ពុជា​៥លាន​៤ម៉ឺន​នាក់ ​បាន​ជំពាក់​បំណុល​ធនាគារ​​និង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុង​ទំហំទឹកប្រាក់​ជិត​៦០​ពាន់​លាន​ដុល្លារ។

បើ​ទោះបីជាដំណោះ​ស្រាយ​លើ​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ នៅ​មិន​ទាន់​មាន​ភាពប្រាកដ​ប្រជា​ ​ហើយ​​បទ​ឈប់​​បាញ់​​នៅ​តែមាន​ភាព​ផុយ​ស្រួយ​យ៉ាងណាក្តី ក៏បច្ចុប្បន្ននៅ​តែមាន​ពល​រដ្ឋ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់​​ទៀត​ កំពុង​​​តែ​សម្ងំ​​​នៅ​​ធ្វើកា​រ​​នៅក្នុ​ង​​ប្រទេស​​ថៃនៅ​ឡើយ ​ក្នុងនោះ​មួយ​ចំនួន​ដោយ​សារ​ត្រូវរកប្រាក់​ផ្ញើមក​បង់សង​ធនាគារ​នៅ​កម្ពុជា ​និង​មួយ​ចំនួន​ទៀត ​នៅ​ជំពាក់ប្រាក់​ថៅ​កែជន​​ជាតិ​ថៃ។ នេះបើយោងតាម​ពលករមួយ​ចំនួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ