កាសែតអូស្រ្តាលី បានចុះផ្សាយជាថ្មីទៀត ជុំវិញរឿងអាស្រូវសែស្រឡាយមេដឹកនាំកំពូលរបស់កម្ពុជា គឺលោក ហ៊ុន តូ ថាមានជាប់ពាក់ព័ន្ធបទឧក្រិដ្ឋជួញដូរគ្រឿងញៀន ដែលការណ៍នេះជាក្តីបារម្ភបង្កគ្រោះថ្នាក់ដល់ពលរដ្ឋតជំនាន់ ក្រោមដៃឧក្រិដ្ឋជនរកស៊ីចិញ្ចឹមអំណាចគ្រួសារហ៊ុន បើប្រព័ន្ធច្បាប់មិនអាចកាត់ទោសមេឧក្រិដ្ឋជនស្និទ្ធិនឹងមេដឹកនាំកំពូលបាន។
ការសែតឌឹ អូស្រ្តាលាន (The Australian) នៅខែសីហា ឆ្នាំ២០២៥ បានចុះផ្សាយថា សំណុំឯកសារសម្ងាត់ដែលកាន់កាប់ដោយប៉ូលីសសហព័ន្ធអូស្ត្រាលីមានភស្តុតាងបង្ហាញថា ក្មួយប្រុសរបស់មេដឹកនាំផ្តាច់ការកម្ពុជា ហ៊ុន សែន នៅទីក្រុងមែលប៊ន សង្ស័យជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀន។
ប្រភពដដែលរាយការណ៍ថា នៅថ្ងៃទី២៩ ខែសីហា តុលាការសហព័ន្ធអូស្រ្តាលី បានបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់ទូរទស្សន៍ Al Jazeera ដែលការពារខ្លួនចំពោះចំណាត់ការបរិហារកេរ្តិ៍ប្រឆាំងនឹងលោក ហ៊ុន តូ ជុំវិញវីដេអូឯកសារនិយាយពីការជួញដូរមនុស្ស និងទាសភាពនៅកម្ពុជា។
ភាពយន្តឯកសារនោះ អះអាងដែរថា លោក ហ៊ុន តូ ត្រូវបាន “រាយការណ៍ដោយប៉ូលីសអូស្ត្រាលីពីបទជួញដូរគ្រឿងញៀន”។
បន្ថែមលើនេះ ប្រធានបក្សកាន់អំណាច លោក ហ៊ុន សែន ក៏ជាប្រធានបទចាប់អារម្មណ៍ចំពោះគណៈកម្មការឧក្រិដ្ឋកម្មអូស្ត្រាលីដែរ ជុំវិញរឿងឧក្រិដ្ឋកម្មឆ្លងដែន។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ រិះគន់ថា រដ្ឋាភិបាលគ្រួសារកម្ពុជា មិនកាត់ទោសលោក ហ៊ុន តូ ទេ ព្រោះតែទុកឱ្យជួយរកលុយចិញ្ចឹមគ្រួសារហ៊ុន។
លោកសង្កត់ធ្ងន់ថា ការដឹកនាំបែបគ្រួសារនិយមរបស់គ្រួសារហ៊ុន អាចរស់បានដោយសារការប្រមូលពួកឧក្រិដ្ឋជនដាក់ក្បែរខ្លួនជួយរកលុយចិញ្ចឹមអំណាច ដែលការដឹកនាំបែបនេះកំពុងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋក្រោមបទល្មើសឆបោកតាមអនឡាញ និងការជួញដូគ្រឿងញៀនជាដើម។
លោកថា៖ «លោក ហ៊ុន តូ ជាក្មួយរបស់លោក ហ៊ុន សែន ហើយជាបងជីដូនមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ចឹងគាត់ការពារគ្រួសារគាត់ ប្រទេសកម្ពុជា ខូចឈ្មោះដោយសារគ្រួសារហ្នឹងហើយ គេទាំងអស់ទូទាំងពិភពលោកគេដឹងហើយ ខ្មែរទូទាំងពិភពលោកមិនអាចចេះនៅមើលឱ្យក្រុមគ្រួសារហ្នឹង ធ្វើអីស្រេចចិត្តបានទេ។ ប្រជាពលរដ្ឋត្រូវតែងើបឡើង ដូចបង់ក្លាដេស ប្រទេសគ្រាន់តែរឿងតូចមួយ គេងើបឡើងដើម្បីកម្ចាត់ពួកជនពុករលួយ និងផ្តាច់ការ»។
ជាការកត់សម្គាល់ ការរកឃើញរបស់ស្ថាប័នអន្តរជាតិនេះ ហាក់ស៊ីគ្នានឹងការទម្លាយរបស់អតីតឧកញ៉ា ហេង សិទ្ធី ដែលថាឧកញ៉ា ហ៊ុន តូ ក្មួយ លោក ហ៊ុន សែន ជាមេខ្លោងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ យកលុយចិញ្ចឹមអំណាចគ្រួសារហ៊ុន។
លោកថា៖ «កាលពីមុនគេស្គាល់កម្ពុជា ជាប្រទេសអច្ឆរិយអង្គរវត្ត ឥឡូវនេះគេស្គាល់កម្ពុជា ដោយសារ ហ៊ុន តូ […] កម្ពុជាក្លាយទៅជាកន្លែងបោកប្រាស់រកស៊ីអនឡាញខុសច្បាប់»។
យ៉ាងណា រដ្ឋាភិបាលកម្ពុជាមិនបានស៊ើបអង្កេតលើ លោក ហ៊ុន តូ ទេ តែបានចាប់ខ្លួនលោក ហេង សិទ្ធី លើទឹកដីប្រទេសរុស្សី ហើយបច្ចុប្បន្នលោក ហេង សិទ្ធី ត្រូវបានឃុំខ្លួននៅកម្ពុជា។
ជុំវិញរឿងនេះ VOD មិនអាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ និងឧកញ៉ា ហ៊ុន តូ បាននៅឡើយទេគិតត្រឹមម៉ោងផ្សាយនេះ។
សម្រាប់ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្រ្តាលី លោក សឹង សែនករុណា យល់ថា បើពឹងលើច្បាប់កម្ពុជា គឺមិនអាចបោសសម្អាតបណ្តាញឧក្រិដ្ឋជនបានទេ ព្រោះមេឧក្រិដ្ឋជនសុទ្ធតែជាមនុស្សស្និទ្ធគ្រួសារហ៊ុន មានឧកញ៉ា ហ៊ុន តូ ជាដើម។
លោកថា បញ្ហានេះកំពុងធ្វើឱ្យកន្លែងកា្លយជាជម្រកពួកឧក្រិដ្ឋជន បង្កការភ័យខ្លាចដល់ប្រទេសក្នុងតំបន់ និងពិភពលោក។
លោកថា៖ «គេមិនខ្លាចញញើតក្នុងការអនុវត្តទៅលើបុគ្គលរូបណាឡើយ ឲ្យតែប្រព្រឹត្តបទល្មើសច្បាប់ទៅក្នុងប្រទេសគេខុសច្បាប់អន្តរជាតិជាដើមហ្នឹង គឺគេមានវិធានការទៅតាមដឹងអ៊ីចឹងយើងទទូចឲ្យសហគមន៍អន្តរជាតិ អ្នកដែលមានសមត្ថកិច្ចពាក់ព័ន្ធ គួរតែពិនិត្យមើលក្នុងការតាមដាន និងស្រាវជ្រាវឲ្យបានល្អិតល្អន់នៅក្នុងបទល្មើសទាំងអស់ហ្នឹង ដើម្បីចាត់វិធានការ ហើយអ្វីដែលយើងមិនអាចមានក្ដីរំពឹងថា នឹងមានចាត់វិធានការទៅក្នុងរឿងក្នុងប្រទេសហ្នឹងដូចដែលខ្ញុំបានលើកឡើងហ្នឹង គឺមិនអាចធ្វើទៅបានទេ វាទាល់តែជាលក្ខណៈអន្តរជាតិបានអាចមានវិធានការ»។
កាលពីឆ្នាំ២០១២ លោក ហ៊ុន តូ ក៏ត្រូវបានប៉ូលិសអូស្ត្រាលីសង្ស័យពីបទជួញដូរហេរ៉ូអ៊ីន និងលាងលុយកខ្វក់ចូលប្រទេសអូស្ត្រាលី តែត្រូវបានរដ្ឋាភិបាលកម្ពុជាច្រានចោល។
ក្រោយមក កាសែត ឌឹ អូស្ត្រាលាន (The Australian) បានរាយការណ៍ជាបន្តបន្ទាប់ថា លោក ហ៊ុន តូ មានជាប់ពាក់ព័ន្ធអំពើចាប់ជំរិតតាមអនឡាញ និងលាងលុយកខ្វក់ជាដើម តែគ្មានស្ថាប័នជាតិណានៅកម្ពុជា ហ៊ានបើកការស៊ើបអង្កេតក្មួយប្រុសលោក ហ៊ុន សែន រូបនេះទេ។
បន្ថែមលើនេះ លោក ហ៊ុន តូ ក៏ត្រួវក្រុមហ៊ុនវិភាគកាក់ឌីជីថល Elliptic មានមូលដ្ឋាននៅប្រទេសអង់គ្លេស រកឃើញថា សំងំរកស៊ីខ្មៅងងឹតតាមប្រព័ន្ធឌីជីថល ក្រោមឈ្មោះក្រុមហ៊ុនហួយ អាដេ គ្រុប។
អំពើឧក្រិដ្ឋកម្មក្នុងក្រុមហ៊ុននេះ រួមមាន ការបោកបញ្ឆោតទំនាក់ទំនងស្នេហាផ្លូវភេទ អំពើបោកប្រាស់ក្នុងគម្រោងវិនិយោគ ការលាងលុយកខ្វក់ និងចាប់ជំរិត ជាដើម។
រីឯ ក្រសួងរតនាគារជាតិអាមរិកវិញ កាលពីខែឧសភា ឆ្នាំ២០២៥ រកឃើញថា ក្រុមហ៊ុន ហួយវ័នគ្រុប របស់ឧកញ៉ា ហ៊ុន តូ ក្មូយប្រុស លោក ហ៊ុន សែន មានជាប់ពាក់ព័ន្ធបទឧក្រិដ្ឋកម្មលាងលុយ ហើយថា ក្រុមហ៊ុននេះកំពុងជ្រៀតចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិកផងដែរ។
បើតាមប្រភពដដែល ចាប់ពីខែសីហា ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៥ បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុននេះ បានលាងលុយកខ្វក់ចំនួន៤ពាន់លានដុល្លារឱ្យក្រុមឧក្រិដ្ឋជន៕









