រដ្ឋាភិបាល​រងការ​ចោទ​ថា​បិទ​បាំង​រឿង​ទាហាន​ថៃ​យក​ដី​ខ្មែរ​បន្ថែម​ទៀត​នៅ​ជើង​ប្រាសាទ​តាមាន់​ធំ

រដ្ឋាភិបាលកម្ពុជា​​ ​រង​ការ​រិះគន់​ថា បាន​ព្យាយាម​បិទ​បាំង​ទង្វើ​ទាហាន​ថៃ ចូល​មក​រាយ​លួស​បន្លា​ព័ទ្ធ​យក​ដី​ខ្មែរបន្ថែម​​​​ទៀ​ត​នៅ​ជើង​ប្រាសាទ​តាមាន់​ធំ បើ​ទោះ​បី​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​តាំង​ពី​ចុង​សប្តាហ៍​មុន​ក្តី​ តែ​ក្រសួង​ពាក់​ព័ន្ធ នៅ​តែ​អះ​អាង​ថា ស្ថាន​ភាព​នៅ​តាម​ព្រំដែន​ស្ថិត​ក្នុង​សភាព​ស្ងប់​ស្ងាត់។

បើតាមវីដេអូ​ដែល​ត្រូវ​បាន​គេ​ចែក​ចាយ​លើ​បណ្តាញ​សង្គម កាល​ពី​ថ្ងៃ​ទី៣០ ខែ​សីហា កន្លង​ទៅ បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី​២៩ ខែ​សីហា ទាហាន​ថៃ​បន្ត​ធ្វើ​សកម្ម​ភាព​រាយ​លួស​បន្លា​នៅ​ជើង​ប្រាសាទ​តាមាន់​ធំ ខេត្ត​ឧត្តរ​មាន​ជ័យ។

ក្នុងឃ្លីបវីដេអូនោះ​ ទាហាន​កម្ពុជា ព្យាយាម​ស្រែក​រារាំង​កុំឱ្យ​ទា​ហាន​ថៃ​ធ្វើ​សកម្ម​ភាព​រាយ​លួស​បន្លា និង​ស្រែក​ទាម​ទារ​ឱ្យ​ទាហាន​ថៃ​ទាំង​នោះ ត្រូវ​ដក​ទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​តាមាន់ធំ​ជា​បន្ទាន់។

ប្រភពនិយាយថា កន្លែងប្រាសាទតាមាន់ធំនេះ មិន​ទាន់​ព្រម​ព្រៀង​គ្នា​ទេ ត្រូវ​ដក​ទ័ព​ចេញ​រៀង​ខ្លួន​សិន​ រង​ចាំ​បញ្ជា​ពី​ថ្នាក់​លើ មិន​អាច​ធ្វើ​សកម្ម​ភាព​អ្វី​តាម​ទំនើង​ចិត្ត​នោះ​ទេ ត្រូវ​ដក​ថយ​រៀង​ខ្លួន​សិន​មក។

លោកថា៖ «នៅកន្លែងដើមសិនទៅ កុំទាន់​ធ្វើ​អី នៅ​ហ្នឹង​សិន​ហើយ កុំ​ទាន់​ធ្វើ​អី បើ​ខាង​នោះ​ទៅ ខាង​នេះ​ក៏​ទៅ​ដូច​គ្នា ទៅៗ​ដក​ថយ​ទៅ ខាង​ខ្ញុំ​ដក​ដែរ»។

ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្រ្គោះ​ជាតិ​ លោក អ៊ុំ សំអាន ប្រាប់​VO​D​នៅ​ថ្ងៃទី​១ ខែក​ញ្ញា​នេះ​ថា បើ​តាម​អាជ្ញាធរ​​ខ្មែរ​​នៅ​ជួរ​មុខ​បាន​និយាយ​ថា កាល​ពីថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៥ ទាហាន​ថៃ​ពិ​ត​ជា​បាន​រាយ​បន្លា​លួស​នៅ​មុខ​​ប្រាសាទ​តាមាន់​ធំ ត្រង់​ប៉ែក​ខាង​ជើង ឈាន​ខាង​កើត​ពិត​មែន។

លោកថា ទាហានខ្មែរប្រាប់លោកថា បច្ចុប្បន្ន​ប្រាសាទ​តាមាន់ធំ ទាហាន​ថៃ​បាន​ចូល​មក​គ្រប់​គ្រង​រួម​គ្នា​ឡើង​វិញ ខណៈ​កំឡុង​ពេល​ផ្ទុះ​អាវុធ​៥ថ្ងៃ​នោះ ទាហា​ន​កម្ពុជា​​បា​នដេ​ញ​ទាហាន​សៀម​ចេញ​ម្តង​ហើយ។

លោកបន្តថា ទាហានថៃឡើងមកវិញម្តងនេះ បាន​សាង​សង់​លេណ​ដ្ឋាន​លើ​ប្រាសាទ​តាមាន់​ធំ និង​រាយ​លួស​បន្លា​មួយ​ផ្នែក​ធំដែ​ល​ខ្លួន​គ្រប់​គ្រង​ថែម​ទៀត ខណៈ​ថ្មីៗ​នេះ​ទាហាន​ថៃ​បន្ត​ធ្វើ​សកម្មភាព​ចង់​ព័ទ្ធ​យក​ប៉ែក​ខាង​ជើង​ឈាន​ខាង​​កើត​​ប្រាសាទ​ទៀត។

លោកថា៖ «ឃើញវីដេអូនោះជាក់ស្ដែង​គឺ​នៅ​ក្រោមជើ​ង​ប្រាសាទ​នេះ ហើយ​ថៃ​នៅ​លើ​ប្រាសាទ ហើយ​ថៃ​នៅ​ក្នុង​របង​បន្លា​លួស ហើយ​ខ្មែរ​យើង​នៅ​ក្រៅ​របង​បន្លា​លួស​ បើ​យើង​មើល​ការ​មើល​រូប​ភាព​វីដេអូ​ហ្នឹងគេ​បញ្ជា​ក់​ថា ទាហាន​យើង​​នៅ​ខាង​ក្រៅ​រ​បង ចឹងថៃគ្រប់​គ្រង​ប្រាសាទ​តាមាន់​ធំ​ទាំង​ស្រុង ឃើញ​ថា​រដ្ឋាភិបាល​លាក់​លៀម​អត់​ហ៊ាន​ប្រាប់​ការ​ពិត​ថា ថៃ​បាន​យក​របង​លួស និង​ទៅ​ព័ទ្ធ​យក​ប្រាសាទ​តាមាន់​ធំ​ទេ»។

សម្រាប់លោក អ៊ុំ សំអាន ហាក់​ស្តី​បន្ទោស​ថា ការ​ព្យាយាម​លាក់​បាំង​ព័ត៌​មាន​ ឬ​បិទ​ព័ត៌​មាន​ដែល​ថៃ​ឈ្លាន​ពាន​ទឹ​ក​ដី​នេះ ឆ្លុះ​បញ្ចាំង​ថា មេដឹក​នាំ​គ្រួសារ​ហ៊ុន ខ្វះ​ភាព​ស្មោះ​ត្រង់​ចំពោះ​ជាតិ។ លោក​ថា ហាក់​ស្តី​បន្ទោស​ថា ការណ៍​នេះ ជា​ភាព​កំសាក​របស់​មេដឹក​នាំ ដែល​ជា​ក្តីបា​រម្ភ​ពី​ហានិភ័យ​បូរណ​ភាព​ទឹក​ដី។

លោក​ថា៖ «ការបិ​ទព័​ត៌មា​ន​ហ្នឹង មិន​អាច​ការ​ពារ​ទឹក​ដី​យើង​បាន​ទេ រឹ​ង​តែ​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី​ទៅ​វិញ​ទេ បើសិន​ជា​យើង​ឱ្យព័​ត៌មាន​ហ្នឹង​បែក​សុះ​សាយ​ទៅ​ពិភព​លោក​ឃើញ​ថា ថៃ​ឈ្លាន​ពាន អាហ្នឹង​គេ​អាច​ជួយ​យើង​ដើម្បី​ថ្កោល​ទោស​ថៃ ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​ថៃ ដោយ​យើង​បិទ​ព័ត៌​មាន​ប្រជាពលរដ្ឋ​គាត់​អត់​ដឹង​ ពិភព​លោក​ក៏​អត់​ដឹង អ៊ីចឹង​ដូ​ចជា​ការ​គប់គិត​​​គ្នា​ ដើម្បី​​កាត់​​​ដី​​ឲ្យ​​ថៃ ហើ​​យ​អាហ្នឹង​ដូច​ជា​មួយ​យួន​អ៊ីចឹង​បិទ​ព័ត៌​មាន ចុង​ក្រោយ ហ៊ុន សែន កាត់​​​ដី​ឲ្យយួ​ន​អស់»។

ឆ្លើយតបនឹងរឿងនេះ អភិបាលខេត្តឧត្តរមាន​ជ័យ លោក មាន ចាន់​យ៉ាដា បាន​ប្រាប់​VO​D​យ៉ាង​ខ្លី​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌​មាន​នេះ​ទេ។

លោក​ថា៖ «ប​ងអ​ត់​ទាន់​ដឹង​ដែរ បង​អត់​ទាន់​ឃើញ​ទេ កុំ​ទាន់ មិន​អាច​ធ្វើ​តែ​តាម​រូប​ភាព​ និ​ង​វីដេអូ​ប៉ុណ្ណឹង​ទេ ចាំ​មើល​បង​ឃើញ​ស្ថាន​ភាព​ជាក់​ស្ដែង​សិន ករណី​ហ្នឹង មិ​ន​ចេះ​តែ​ឆ្លើយ​ទេ ចាំ​មើល​សិន»។

លើសពីនេះ​ អ្នកនាំពាក្យក្រសួងការពារជាតិ​កម្ពុជា អ្ន​កស្រី ម៉ាលី សុជាតា ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃទី​១ ខែ​កញ្ញា​នេះ​ថា ស្ថាន​ភាព​ព្រំដែន​ជួរ​​មុខ​ក្នុង​ខេត្ត​ព្រះ​វិហារ បន្ទាយ​មាន​ជ័យ និង​ខេត្ត​ឧត្តរ​មាន​ជ័យ មាន​ស្ថាន​ភាព​ស្ងប់​​ស្ងាត់ ខណៈ​កម្ពុជា​គូស​បញ្ជាក់​ជា​ថ្មី​ថា ការ​អនុវត្តន៍​បទ​ឈប់​បាញ់​បាន​ពេញ​លេញរបស់​ភាគី​ទាំង​សង​ខាង នឹង​ធ្វើ​ឱ្យ​បរិយា​កាស​អំណោយ​ផល​ឆ្ពោះ​ទៅ​ការ​នាំ​មក​វិញ​នូវ​សន្តិ​ភាព ស្ថិរ​ភាព និង​ប្រក្រតី​ភាព​នៃ​ទំនាក់​ទំន​ងរវា​ង​ប្រទេស​​ទាំង​ពីរ​ឡើង​វិញ។

អ្នកស្រី​ថា៖ «កម្ពុជាសូមគូសបញ្ជាក់យ៉ាងម៉ឺង​ម៉ាត់​ និង​​ច្បាស់​​លាស់​​បំផុត​​នូវ​​ការ​​ប្ដេជ្ញា​​ចិត្ត​​ឥត​​ងាក​រេ​ របស់​ខ្លួន​​ក្នុង​​ការ​​គោរព​​ និង​​អនុវត្ត​​យ៉ាង​​ខ្ជាប់​​ខ្ជួន​​ នូវ​​បទ​​ឈប់​​បាញ់​ដែល​​សម្រេច​​បាន​ កាល​​ពី​​ថ្ងៃ​ទី​​២៨ ខែ​​កក្កដា​ ឆ្នាំ​​២០២៥ និង​​គោល​​ការណ៍​ឯកភា​ព​​ទាំង​១៣​​ចំណុច​ នៅ​ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​គណ​កម្មាធិការ​កិច្ច​ការ​​ព្រំដែន​ទូទៅ​កម្ពុជា​ថៃ GBC កាល​ពី​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០២៥»

ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត និយាយ​ថា​ ការ​ព្យាយាម​លាក់​បាំង​ណាមួយ​ពីទ​ង្វើ​ឈ្លាន​ពាន​ពី​ប្រទេស​ជិត​ខាង ជា​ការ​បំផ្លាញ​ជាតិ​ខ្មែរ ។

មួយវិញទៀត លោកថា ទង្វើនេះ ឆ្លុះបញ្ចាំងថា មេដឹកនាំ​កម្ពុជា​កំពុង​គប់​គិត​ជាមួយ​បរទេស ដើម្បី​បំផ្លាញ​ជាតិ​និង​ក្បត់​ឆន្ទៈ​រាស្ត្រ​ខ្មែរ​មួយ​នគរ ដែល​ជា​ក្តី​បារម្ភ​ថា ថៃ​នឹង​សម្រេច​មហិច្ឆតា​លេប​ទឹក​ដី​ខ្មែរ តាម​ផែន​ទី​ដែល​ថៃ​គូរ​ដោយ​​ឯកតោ​ភាគី ក្រោម​លេស​បទ​ឈប់​បាញ់ ។

លោកថា៖ «កាល​ណាក​ម្ពុជា រដ្ឋាភិបាល​កម្ពុជា​នៅ​តែប​ន្ត​បណ្តោយ​ឲ្យ​ថៃ​ហ្នឹង គឃ្លើន​ចូល​មក​លុក​​លុយ​ទឹក​ដី​កម្ពុជា​ ហើយ​បណ្ដោយ​ឲ្យ​ថៃ​ហ្នឹង ​អូស​បន្លា​លួស​ព័ទ្ធ​យក​ដី​ស្រែ​ដី​ចម្ការ​ដី​ប្រជា​ពលរដ្ឋ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​តាម​ព្រំដែនហ្នឹង អ៊ីចឹង​ភាព​គ្រោះថ្នា​ក់​របស់​កម្ពុជា វា​កើត​មាន​គឺ​ការ​បាត់​បង់​ទឹក​ដី​ចរិត​លក្ខណៈ​ដែល​មេដឹក​នាំ​ខ្មែរ​កំពុ​ង​ធ្វើ​នេះ ថ្ងៃ​ក្រោយ​បើ​ចរចា​ជាមួយ​ថៃ​ហ្នឹង មើល​ទៅ​ថៃ​មិន​ឲ្យ​ដី​វិល​មក​វិញ​ទេ​ អ៊ីចឹង​បាន​ថា​យើង​មិន​ចង់​ឲ្យមា​ន​ការ​ចរចា​​ជា​ទ្វេភាគី​ ដើម្បី​ដោះស្រា​យប​ញ្ហាហ្នឹ​ង​ទេ ព្រោះ​ការ​ចរចា​ដឹង​តែ​ថៃនឹ​ងមិ​ន​គោរព​កាតព្វកិច្ច​​ព្រ​ម​ព្រៀង​ចរចា​ទ្វេ​ភាគី​ទេ»។

បទឈប់បាញ់ដែលបានចូលជាធរមាន​ជាង​មួយ​ខែ​កន្លង​​​ទៅ​​នេះ ថៃ​មិ​​ន​​បាន​​គោរព​​ទេ​ ជាក់​ស្តែង​ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​បាន​៨ម៉ោង ថៃ​បាន​​​ចល័ត​​ទ័ព​ចូល​​​ចាប់​​ទាហាន​​​ខ្មែរ​​២០​​នាក់ ដល់​​ក្នុង​​បន្ទាយ​​នៅ​ព្រំ​ដែន​​ជួរ​មុខ រហូត​បច្ចុប្ប​ន្ន ថៃ​មិន​ទាន់​ប្រគល់​ទាហាន​ខ្មែរ ​១​៨នា​ក់​​ទៀត​ ​ប្រគល់​​ឱ្យ​មក​កម្ពុជា​វិញ​នៅ​​ឡើយ​ទេ ទោះ​​កម្ពុជា​​បន្ត​​អំពាវ​​នាវ​​និង​​រក​​អន្តរាគមន៍​​ពី​ស​ហគមន៍​​អន្តរ​​ជាតិក្តី។

លើសពីនេះ​ យោធា​ថៃ​បាន​​ចល័ត​​ទ័​ព​​ចូល​​​ទៅ​​រាយ​​បន្លា​លួ​​ស​​​ព័ទ្ធ​យក​​ប្រាសាទ​​តាមាន់​​ធំ ក្នុង​​ខេត្ត​​ឧត្តរ​មាន​​​​ជ័យ ព័ទ្ធ​​យក​​តំបន់​​អាន​​សេះ ខេត្ត​​ព្រះ​​​វិហារ និង​​ភូមិ​​អូរបី​ជាន់ និង​​គំរា​​​ម​ចុះ​រុះ​រើ​ផ្ទះពលរដ្ឋ​ជិត​២០០ខ្នង​​​ទៀត នៅ​ភូ​មិ​ជោគ​ជ័យ ស្រុក​​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ខណៈ​ភាគី​កម្ពុជា​មិន​តបត​ដោយ​ប្រកាស​ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់​គោរ​ពប​ទ​ឈប់​បាញ់។

មាត្រា៥២​នៃរដ្ឋ​ធម្មនុញ្ញ ចែង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ​ប្តេជ្ញា​រក្សា​ការ​ពារ​ឯករាជ្យ អធិប​តេយ្យ​ បូរណ​ភាព​ទឹក​ដី អនុ​​​វ​​​ត្ត​​​​​នយោបាយ​​បង្រួប​បង្រួម​ជាតិ ដើម្បី​ការ​ឯកភាព​ជាតិ។

ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែ​ងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារ​បរទេស នូវដែនដី​ជាតិ​ទាំង​ស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ