រដ្ឋាភិបាល​ចេញ​ការ​ពារ​ក្រោយ​រង​ការ​រិះ​គន់​ថា​នឹង​កាត់​ដី​ឱ្យ​ថៃ​ក្រោម​លេស​ការ​ពារ​សន្តិ​ភាព

រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​អ្ន​ក​នាំពាក្យ បាន​ចេញ​ការ​ពារ​ជុំវិញ​ការ​អត់​ធ្មត់ មិន​តបត​ទៅ​នឹង​ទង្វើ​ឈ្លា​​ន​ពាន​រ​បស់​ថៃ ដែល​ថៃ​បាន​ចូល​មក​ព័ទ្ធ​បន្លា​លួស​យក​ចិត្ត​ខ្មែរ​តាម​ចិត្ត ក្រោម​បទ​ឈប់​បាញ់ ខណៈ​មាន​ការ​រិះ​គន់​ថា ភាព​អត់​ធ្មត់​នេះ ជា​ជំហាន​ឆ្ពោះ​ទៅ​កាត់​ដី​ឱ្យ​ទៅ​ប្រទេស​ថៃ ដើម្បី​ការ​ពារ​អំណាច​ក្រោម​ពាក្យ​ស្រឡាញ់​សន្តិ​ភាព ដូច​ដែល​កម្ពុជា​​ធ្លាប់​ធ្វើ​ជាមួយ​វៀត​ណាម អំឡុង​ទសវត្សរ៍​ទី​៨០។

អ្នកនាំ​ពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និយាយ​នៅ​ថ្ងៃទី​១ខែ​កញ្ញា​នេះ​ថា ការ​អត់​ធ្មត់​របស់​កម្ពុជា​ គោរព​បទ​ឈប់​បាញ់ ​កំពុង​ទទួល​បាន​ការ​កោត​សរសើរ​​ពី​បណ្តា​​ប្រទេស​នានា​លើ​ពិភព​លោក រួម​ទាំង​សហរដ្ឋ​អាមេ​រិក និង​មេដឹក​នាំ​ចិន​ថ្មីៗ​នេះ ក្នុង​ដំណើរ​ដែល​មេដឹក​នាំ​កម្ពុជា លោក ហ៊ុន ម៉ាណែត ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន។

លោក​គូស​បញ្ជាក់​ថា ឥឡូវ​នេះ​កម្ពុជា​បាន​ឭ​ពី​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង ដែល​បាន​អះ​អាង​ពី​ការ​គាំទ្រ​បទ​ឈប់​បាញ់ ហើយ​ចង់​ឃើញ​យន្ត​ការ​សង្កេត​ការ​ណ៍​​អាស៊ាន បង្កើត​ឱ្យ​បាន​ឆាប់​ដែល​ស្រប​ទៅ​នឹង​ការ​ចង់​បាន​របស់​​កម្ពុជា ដែល​លោក​ចាត់​ទុក​ថា​នេះ ជា​សារ​សំខាន់​បំផុត​នៃកា​រ​ងារ​ការ​ទូត ជាពិសេស​លោក​ចង់​ឱ្យ​ពលរដ្ឋ​យល់​ពី​ទឹក​ចិត្ត​មេដឹក​នាំ​កម្ពុជា ដែល​ខិត​ខំ​អត់​ធ្មត់​កុំ​ឱ្យ​ផ្ទុះ​អាវុធ ដោយ​ផ្តោត​សំខា​ន់លើ​ការ​ងារ​ការ​ទូត ដើម្បី​ការ​ពារ​អធិប​តេយ្យ​ភាព​បូរណ​ភាព​ទឹក​ដី និង​រក្សា​បាន​សុខ​សន្តិ​ភាព។

លោកថា៖ «បងប្អូនយើងស្រាក់ដៃគ្នាគាំទ្រ​ជំហរ​ដ៏​ត្រឹម​ត្រូវ​របស់​រាជ​រដ្ឋាភិ​បាល ហើយ​នឹង​បន្ត​ចូល​រួម​បន្សាប​ក្រុម​ជ្រុល​និយម​មួយ​ក្ដាប់​តូច​ ដែល​ញុះ​ញង់​ក្នុង​ចេតនា​អាក្រក់ ដើម្បី​បំផ្លាញ​កម្លាំង​សាមគ្គី​ជាតិ​ដ៏​រឹងមាំ​របស់​យើង»។

ដូច​គ្នានេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិ អ្នក​ស្រី ម៉ាលី សុជាតា បាន​គូស​បញ្ជាក់​ថា បទ​ឈប់​បាញ់​ទទួល​បាន​ការ​ស្វាគមន៍​ពី​សហគមន៍​អន្តរ​ជាតិ និង​ឆ្លុះ​បញ្ចាំង​ពី​បំណង​ប្រាថ្នា​រួម​សម្រាប់​សន្តិភាព​នៅ​ក្នុង​តំបន់។

អ្នកស្រីថា ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាព និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ កម្ពុជា​បាន​ប្រកាន់​ខ្ជាប់​​នូ​វ​លក្ខ​ខណ្ឌ​នៃ​បទ​ឈប់​បាញ់​ ដោយ​ជ្រើស​រើស​យក​ការ​សន្ទនា​កិច្ច​សហ​ប្រតិបត្តិ​ការ​ ដោយ​មិន​ទទួល​យក​ការ​ប្រឈម​មុខ​ដាក់​គ្នា​និង​ជម្លោះ​ឡើយ។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី និយាយ​ថា ការ​ដែល​កម្ពុជា​ជ្រើស​រើស​យក​ការ​អត់​ធ្មត់​ គឺ​ជា​ការ​បញ្ជៀស​ការ​រង​គ្រោះ​ដល់​ជន​ភៀ​ស​សឹក បើ​ទោះ​បី​លោក​បង្ហាញ​ការ​ខក​ចិត្ត​ទៅ​នឹង​ភាគី​ថៃ​ដែល​ថា​មិន​គោរព​បទ​ឈប់​បាញ់ ហើយ​បង្ក​ឱ្យ​កិច្ច​ព្រម​​ព្រៀង​នេះ​ស្ថិត​ក្នុង​ភាព​ផុយ​ស្រួយ។

លោក​ថា៖ «កម្ពុជា​បាន​ធ្វើ​ការ​ជ្រើស​រើស​យក​ការ​អ​ត់​ធ្មត់​ ជាជាង​ការ​តបត​ដោយ​បាន​គិត​គូ​រ​ថា​ការ​កើន​ឡើង​នៃ​ភាព​តាន​តឹង​ វា​នឹង​ធ្វើ​ឲ្យ​ស្ថាន​ភាព​មនុស្ស​ធម៌​កាន់​តែ​អាក្រក់​ឡើង ហើយ​នឹង​ធ្វើ​ឲ្យ​មាន​ប្រជា​ជន​ភៀស​សឹក​កើត​ឡើង​ថែម​ទៀត»។

យ៉ាង​ណា​ ការ​អត់​ធ្មត់​មិន​តបត​ទៅ​នឹង​ទង្វើ​ថៃ​ឈ្លាន​ពាន​ ក្រោយ​មាន​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​ កាល​ពី​​ម៉ោង​១២​យប់​ថ្ងៃទី​២​៨ ខែ​កក្កដា ឆ្នាំ​២០២៥ ពោល​គឺ​ជាង​១ខែទៅ​នេះ​ ថៃមិ​ន​បាន​គោរព​បទ​ឈប់​បាញ់​នេះ​ទេ ដោយ​បាន​ចូល​ទៅ​ចាប់​ទាហាន​ខ្មែរ​២០​នាក់ ធ្វើ​ជា​ចំណាប់​ខ្មាំង រហូត​មក​ដល់​ថ្ងៃ​ទី១ ខែ​កញ្ញា​នេះ​ ទាហាន​ខ្មែរ​១៨​នាក់​ទៀត​ ថៃ​មិន​ទាន់​ប្រគល់​ឱ្យ​មក​កម្ពុជា​វិញ​នៅ​ឡើយ​ទេ។

លើស​ពី​នេះ យោធា​ថៃ​បាន​ចូល​ទៅ​រាយ​បន្លា​លួស​ព័ទ្ធ​យក​ប្រាសាទ​តាមាន់​ធំ នៅ​ខេត្ត​ឧត្ត​រ​មាន​ជ័យ ព័ទ្ធ​យក​តំបន់​អាន​សេះ ក្នុង​ខេត្ត​ព្រះ​វិហារ និង​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរបីជាន់ និង​គំរាម​យក​ភូមិ​ជោគ​ជ័យ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ទាំង​ភាគី​កម្ពុជា​មិន​ឱ្យ​តបត។

ជុំវិញ​បញ្ហានេះ អ្នកនាំពាក្យចលនាជាតិតស៊ូ នៅក្រៅប្រទេស​របស់​លោក សម រង្ស៊ី គឺ​លោក គឹម សុខ ធ្លាប់​បាន​និយាយ​​ថា ការ​អត់​ធ្មត់​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ស្នើ​ប្រកាស​ចុះចា​ញ់​ថៃ ហើយ​ថា​កម្ពុជា​នឹង​យល់​ព្រម​ធ្វើ​ផែន​ទី​ថ្មី កាត់​ដី​កម្ពុជា​នៅ​តាម​ព្រំដែន​ឱ្យ​ទៅ​ថៃ តាម​ដែល​ថៃ​ចង់​បាន​ដូច​ដែល​កម្ពុជា​ធ្លាប់​​ធ្វើ​ជាមួ​យ​វៀត​ណាម អំឡុង​ទសវត្សរ៍​ទី៨​០​ដែរ។

លោកថា៖ «ចរចា​ចុះ​ចរ​ចាឡើ​ង​ ចេញ​កិច្ច​ព្រម​ព្រៀង​ថ្មី​ កិច្ច​ព្រម​ព្រៀង​ថ្មី​ ទាត់​ចោល​នូវ​គោល​ការណ៍​អន្តរ​ជាតិ​និង​ច្បាប់​អន្តរ​ជាតិ ឧទាហរណ៍​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជាដើម បន្ទាប់​មក​គេ​ចេញ​នូវ​បែប​ប​ទគេ​​ហៅ​ថា យន្ត​ការ​ថ្មី​ ផែន​ទី​ថ្មី ដល់​ទៅ​យន្ត​ការ​ថ្មី​ផែន​ទី​ថ្មី គឺ​ស្មើ​នឹង​ការ​ពិត ខ្មែរ​ឲ្យ​ថៃ​ដូច​ធ្លាប់​ធ្វើ​កន្លង​មក​ជាមួយ​វៀត​ណាម​កាត់​កោះ​ត្រ​ល់​ឲ្យ​វៀត​ណាម កាត់​ដែន​សមុទ្រ​ឲ្យ​វៀត​ណាម​កាត់​ចង្កោម​កោះ​ក្រច​ក​សេះ​ឲ្យ​វៀតណាម​កាត់​ដី​គោក​ឲ្យ​វៀត​ណាម»។

លើសពីនេះ លោក សម រង្ស៊ី ហៅជម្លោះប្រដាប់អាវុ​ធកម្ពុជា -ថៃ  ផ្តើ​ម​ចេញ​ពី​មេដឹក​នាំ​កម្ពុជា​ លោក ហ៊ុន សែន ចាប់​បោក​លោក ថាក់​ស៊ីន អស់​រាប់​រយ​លាន​ដុល្លារ មិន​មែន​ផ្តើម​ចេញ​ពី​ឆន្ទៈ​ការ​ពារ​ទឹក​ដីទេ​។

លោក​បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​នៅ​ថ្ងៃទី​១ខែកញ្ញា​នេះ​ថា៖ Asia Sentinel បាន​រាយ​ការណ៍​អំពី​ជម្លោះ​រវាងលោក​​ ហ៊ុន សែន និង លោក ថាក់​ស៊ីន ដែល​ព្យាយាម​ទិញ​ភាគ​ហ៊ុន ២៤% នៅ​ក្នុង​ក្រុម​ហ៊ុន​ថាមពល​ថៃ​ដ៏​ធំ​មួយ​ឈ្មោះ Bangchak ក្នុង​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ ដោយ​ប្រើ​ឈ្មួញ​កណ្តាល​ឈ្មោះ Benjamin Mauerberger ជ​នជា​តិ​អាហ្វ្រិក​ខាង​ត្បូង ដែល​មាន​កាន់​សញ្ជាតិ​ខ្មែរ។ ប៉ុន្តែ​​មូ​លនិ​ធិ​​សន្តិសុខ​​សង្គម​​របស់​​ប្រទេស​​ថៃ (Thailand Social Security Fund) ​ដែល​​មាន​​ភាគ​ហ៊ុន ១៤% ក្នុង​ក្រុម​ហ៊ុន Bangchak បាន​​បដិសេធ​​មិ​ន​​លក់​ធ្វើ​​ឱ្យលោក​​ ហ៊ុន សែន ខឹង​សម្បារ​យ៉ាង​ខ្លាំង។ លោក ហ៊ុន សែន ត្រូវ​បាន​គេ​បោក​ប្រាស់​អស់​រាប់​រយ​លាន​ដុល្លារ។

សម្រាប់លោក សម រង្ស៊ី «រឿងនេះ​បាន​កើត​ឡើង​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០២៤ មក​ម្លេះ ដែល​នាំ​ឱ្យ​មាន​ជម្លោះ​ផ្ទាល់​ខ្លួន​រវាង ហ៊ុន សែន និង ថាក់ស៊ីន»។

ជម្លោះ​នេះ គឺ​ជា​ឫសគល់​​នៃ​​បញ្ហា​​ដែល​​​ធ្វើ​​ឲ្យ លោក​ ​ហ៊ុន សែន ខឹង​​ខ្លាំង​​រហូត​​ដល់​ហ៊ាន​​ចេញ​​មុខ​​ទំលាយ​សន្ទ​នា​​តាម​​ទូរស័ព្ទ​​ជាមួយ​​កូន​ស្រី លោក ថាក់​ស៊ីន គឺ​អ្នក​ស្រី​ ផែថងថាន។ ជម្លោះ​​​​នេះ​​បាន​​អូស​​ទាញ​ជីវិត​​ទាហាន​និង​​ប្រជាជន ​​ឲ្យ​​ធ្លាក់​​ចូល​​ក្នុង​​សង្រ្គាម​​ដែល​​មិន​​គួរ​​កើត​​ឡើង។ វា​ជា​រឿង​​អមនុស្សធម៌​​បំផុត​ដែល​គេ​យក​​ជីវិត​​មនុស្ស​​មកសង​សឹក​គ្នា ដោយ​សារ​តែ​​ជម្លោះ​​ផ្ទាល់​ខ្លួន។

លើសពី​នេះ មន្ត្រីគណបក្សប្រឆាំងមួយរូបទៀត គឺ​លោក មុត ចន្ថា បាន​និយាយ​កាល​ពី​ថ្ងៃទី​២៧ ខែ​សីហា​ថា លទ្ធផល​​នៃ​បទ​ឈប់​បាញ់​គឺស្មើ​សូន្យ ។

ក្នុងន័យនេះ លោក​​ពន្យល់ថា ចាប់​តាំងពីមានកិច្ចព្រមព្រៀងបទឈប់​បាញ់​គ្នា នៅ​ថ្ងៃ​ទី២​៨ ខែ​កក្កដា ឆ្នាំ២០២៥​មក ខែ្មរ​បាត់​ដី​ដោយ​សារ​ការ​ឈ្លាន​ពាន​ទន្រ្ទាន​កាន់​កាប់ និង​ហ៊ុំព័ទ្ធ​បន្លា​លួស​ពី​ទាហាន​សៀម។ លទ្ធផល​គោរព​បទ​ឈប់​បាញ់ ទទួល​បាន​មក​វិញ គឺ​កង​ទ័ព​ខ្មែរ ២០​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​កំពុង​ជាប់​ឃុំ​នៅ​ឡើយ។

ប្រាសាទ​តាមាន់ធំ​ត្រូវ​បាន​ថៃ​ឈ្លាន​ពាន​ដោយ​ហ៊ុំ​ព័ទ្ធ​បន្លា​លួស និង​កាន់​កាប់ ភូមិ​ជោគ​ជ័យ ភូមិ​អូរបី​ជាន់ ភូមិ​ជោគ​​ជ័យ ដែល​ថៃ​នៅ​ថា​ភូមិ​ណង​ចាន់ ត្រូវ​ទាហាន​ឈ្លាន​ពាន​សៀម​ហ៊ុំព័ទ្ធ​បន្លា​លួស​ទន្រ្ទាន​យកកាន់​កាប់។

លោក​ចោទ​ជា​សំណួរ​ថា តើ​ទាំង​នេះ​សុំ​ឱ្យ​ជឿ​ជាក់​លើ​រដ្ឋាភិ​បាល ជឿ​ជាក់​សមត្ថ​ភាព​ចរចា​របស់​រដ្ឋាភិ​បាល​ឬ?។ លោក​ថា កុំ​យក​លេស​គោរព​បទ​ឈប់​បាញ់ មិន​ចេញ​មុខ​ទប់​ទល់​ចំពោះ​អំពើ​ឈ្លាន​ពាន​ជា​បន្តបន្ទាប់​ទាហាន​សៀម ។

សម្រាប់លោក មុត ចន្ថា មាត់​អួត​ថា​មិនឱ្យបាត់​ដី​សូម្បី​តែ​០១មីលី​ម៉ែត្រ​ជាដា​ច់​ខាត តែ​ឥឡូវ​វា​បាត់​រាប់ពាន់​ម៉ែត្រ បាត់​ទាំង​ភូមិ និង​ផ្ទះ​សម្បែង របស់​ប្រជា​ពលរដ្ឋ និង​ប្រាសាទ​ខ្មែរ។

លើសពីនេះ ប្រជាពលរដ្ឋខ្មែរ​ឈឺចាប់​ពេក​ទ្រាំ​នឹង​អំពើ​ឈ្លាន​ពាន​មិន​បាន ​ក៏​ប្រើ​ប្រាស់​កាតព្វ​កិច្ច​ជា​ម្ចាស់​ប្រទេស ម្ចាស់​ជោគ​វាសនា ក្រោក​ឡើង​តតាំង​ប្រឆាំង​នឹង​អំពើ​ឈ្លាន​ពាន​របស់​ថៃ តែ​បែរ​ជា​ត្រូវ​បាន​រដ្ឋាភិបាល រារាំង និង​គំរាម​កំហែង​ទៅ​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ