ឥណ្ឌានិងចិនជាដៃគូអភិវឌ្ឍន៍មិនមែនជាដៃគូប្រកួតប្រជែងនោះទេ ការលើកឡើងនេះអំឡុងពេលលោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា មូឌី និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យ ខណៈដែលពួកគេបានពិភាក្សាគ្នា អំពីកំណែលំអទំនាក់ទំនងពាណិជ្ជកម្មស្របពេលមានភាពមិនប្រាកដប្រជានៃពន្ធសកល។
ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានរាយការណ៍នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះថា លោក មូឌី(Modi)ស្ថិតនៅក្នុងប្រទេសចិន ដើម្បីចូលរួមក្នុងកិច្ចប្រជុំពីរថ្ងៃនៃប្លុកសន្តិសុខក្នុងតំបន់របស់អង្គការសហប្រតិបត្តិការសៀងហៃ រួមជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន(Vladimir Putin) និងមេដឹកនាំប្រទេសផ្សេងៗទៀត ដូចជា ប្រទេសអ៊ីរ៉ង់ ប៉ាគីស្ថាន និងរដ្ឋអាស៊ីកណ្តាលចំនួនបួន ក្នុងការបង្ហាញអំពីសាមគ្គីភាព។
ក្រុមអ្នកវិភាគ បាននិយាយថា លោក ស៊ី និងលោក ម៉ូឌី កំពុងសហការគ្នាដើម្បីទប់ទល់នឹងសំពាធពីលោកខាងលិច បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មពន្ធចំនួន ៥០%លើទំនិញឥណ្ឌា ដែលជាការឆ្លើយតបទៅនឹងទីក្រុងញូ ដៀលី(New Delhi) ចំពោះការទិញប្រេងពីរុស្ស៊ី។
លោក មូឌី បានប្រាប់លោក ស៊ី ថា លោកបានប្តេជ្ញាក្នុងការធ្វើឱ្យទំនាក់ទំនងរវាងឥណ្ឌា និងប្រទេសចិនប្រសើរឡើង និងបានពិភាក្សាអំពីឱនភាពនៃពាណិជ្ជកម្មទ្វេភាគី ដែលកំពុងកើនឡើងរបស់ឥណ្ឌាចំនួនជិត ៩៩.២ពាន់លានដុល្លារ លើសពីនេះថែមទាំងផ្តោតលើតម្រូវការ ដើម្បីរក្សាសន្តិភាពនិងស្ថេរភាព នៅតាមព្រំដែនដែលមានជម្លោះរបស់ពួកគេ បន្ទាប់ពីការប៉ះទង្គិចគ្នាក្នុងឆ្នាំ២០២០ បង្កឱ្យមានការប្រឈមមុខគ្នាផ្នែកយោធារយៈពេល ៥ឆ្នាំ។
ជាមួយគ្នានេះ លោក ស៊ី ក៏បានបន្ថែមថា ទំនាក់ទំនងរវាងចិននិងឥណ្ឌា អាចនឹងមានស្ថេរភាព ប្រសិនបើភាគីទាំងពីរផ្តោតលើភាពជាដៃគូ ជំនួសឱ្យការប្រគួតប្រជែង៕









