ឥណ្ឌូនេ​ស៊ី​បញ្ជា​ឱ្យ​កង​កម្លាំង​ចាត់​វិធាន​ការ​ទប់​ទល់​ភាព​ចលាចល​ដែល​គំរាម​តំណែង​មេដឹ​ក​នាំ

ប្រធានាធិបតី​ប្រទេស​ឥណ្ឌូ​នេស៊ី​ លោក ប្រាបូវូ សាប់​ប៊ី​យ៉ាតូ (Prabowo Subianto)កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បញ្ជា​ឱ្យ​កង​កម្លាំង​សន្តិ​សុខ​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់​ ទប់​ទល់​ទៅ​នឹង​ភាព​ចលាចល​ដែល​បាន​វាយ​លុក​ទី​ក្រុង​ជាច្រើន​នៅ​ទូទាំង​ប្រទេស។

លើសពី​នេះ ថែម​ទាំង​បាន​ប្រកាស​ថា សមាជិក​សភា​បាន​យល់​ព្រម​លុប​ចោល​ចំពោះ​ការ​តំឡើង​ប្រាក់​ឧបត្ថម្ភ​លំនៅដ្ឋាន​ដែល​ជា​ភាព​ទុក្ខ​សោក​ដ៏​សំខាន់​មួយ​របស់​អ្នក​តវ៉ា។

សារព័ត៌មាន​ នីគី​អេស៊ា​(Nikkie Asia) បាន​រាយ​ការណ៍​នៅ​ថ្ងៃទី​៣​១ ខែ​សីហា ឆ្នាំ​២០២៥​នេះ​ថា ផ្លូវ​នានា​នៅទី​ក្រុង​ចាកាតា និង​ទីក្រុង​ផ្សេង​ទៀត​ មាន​សភាព​ស្ងប់​ស្ងាត់កា​ល​ពី​ថ្ងៃ​អាទិត្យ ដោយ​មាន​វត្តមាន​ប៉ូលីស​និង​យោធា​ជា​ច្រើន​នៅ​ក្នុង​តំបន់​កណ្តាល​នៃ​រដ្ឋ​ធានី​ដែល​ធ្លាប់​មាន​ការ​តវ៉ា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ៧នាក់ កាល​ពី​ថ្ងៃអាទិត្យ​ បន្ទាប់​ពី​មាន​ការ​រាយ​កាណ៍​បន្ថែម​ពី​ការ​ស្លាប់​ចំនួន​ពី​រករណី។

ភាពចលាចល គឺជាការគំរាមកំហែង​ដ៏​ធំបំផុត​ដែល​លោក​ ប្រាបូវូ (Prabowo) បាន​ប្រឈម​មុខ​នៅ​ក្នុង​តំណែង​ប្រធានាធិបតី​រយៈ​ពេល ១០​ខែ​របស់​លោក។ ភាព​ចលាចល​នេះ​ផង​ដែរ បា​ន​ជំរុញ​លោក​ឱ្យ​លុប​ចោល​គម្រោង​ទស្សនៈ​​កិច្ច​ទៅ​ប្រទេស​ចិន ដែល​ជា​កិច្ច​ប្រជុំ​កំពូល​របស់​អង្គ​ការ​សហ​ប្រតិ​បត្តិ​ការ​សៀង​ហៃ ជា​កន្លែង​ដែល​លោក​បាន​គ្រោង​នឹង​ជួប​ជាមួយ​ប្រធានា​ធិបតី​ ស៊ី ជីន​ពីង (Xi Jinping)។

ការតវ៉ា​នេះ បង្ក​ឡើង​ដោយ​ការ​ខក​ចិត្ត​របស់​សាធារណ​ជន​ ចំពោះភា​ព​ពិបាក​នៃ​សេដ្ឋ​កិច្ច​ និង​ការ​កើន​ឡើង​នៃ​ប្រាក់​ខែ​របស់​សមាជិក​សភា ដែល​ការ​តវ៉ា​នេះ​ចាប់​ផ្តើម​នៅ​ថ្ងៃ​​ទី​២៥ ខែ​សីហា ឆ្នាំ​២០២៥ និង​បាន​បង្កើន​ការ​ចលាចល​ដ៏​ហិង្សា​រយៈ​ពេល​៣ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ដល់​ថ្ងៃ​សៅរ៍ ដោយ​ផ្តោត​លើ​ការ​ទាម​ទារ​ឱ្យ​កាត់​បន្ថយ​អត្ថ​ប្រយោជន៍​លើ​ស​របស់​សមាជិក​សភា រួម​ទាំង​ប្រាក់​ឧបត្ថម្ភ​លំនៅ​ដ្ឋាន​ប្រចាំ​ខែ​ចំនួន ៥០លាន​រូពី​ស្មើប្រមាណ ​៣ ១០០ដុល្លារ ដែល​ច្រើន​ជាង​ប្រាក់​ឈ្នួល​អប្បបរមា​ជាតិ​ចំនួន​ដប់​ដង។

ភាព​ចលាចល​ដែល​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ក្រុង​ហ្សាកាតា​ បាន​ពង្រីក​ដល់​កោះ​ជ្វា​(Java) កោះ​បាលី(Bali​)​ភាគ​ខាង​លិច នុសា តេង​ហ្គារ៉ា (Nusa Tenggara) កាលីម៉ាន់​តាន់ Kalimantan និង​ស៊ូវេ​ស៊ី Sulawesi បន្ទាប់​ពី​ការ​បង្រ្កាប​ដោយ​ហិង្សា​​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ