កម្លាំងនគរបាលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រងការចោទប្រកាន់ថាបានចាប់ខ្លួនប្រធានគណៈកម្មាធិការប្រតិបត្តិស្រុក កូតាមកពីគណបក្សកម្លាំងជាតិដោយគ្មានដីកា និងភស្តុតាងអ្វីទាំងអស់ ខណៈមន្រ្តីជាន់ខ្ពស់បក្សក្រៅរដ្ឋាភិបាលមួយនេះបានអះអាងថាសាច់ញាតិ និងក្រុមគ្រួសាររបស់ជនសង្ស័យនៅមិនទាន់ទទួលបានដំណឹងពិតប្រាកដ ស្តីពីការឃុំខ្លួននេះធ្វើឡើងនៅទីណានៅឡើយទេ។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានប្រាប់សំឡេងប្រជាធិបតេយ្យ វីអូឌី នៅថ្ងៃទី១ ខែកញ្ញាថា លោក សឹង ហៀង ដែលជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សប្រចាំស្រុកភ្នំព្រឹក ពិតជាត្រូវកម្លាំងនគរបាលស្រុក ចាប់ខ្លួនពិតប្រាកដមែន។ ប៉ុន្តែលោកបដិសេធថា រហូតមកដល់ពេលនេះ ទាំងគណបក្ស និងក្រុមគ្រួសារ នៅមិនទាន់ទទួលបានដំណឹងណាមួយ ស្តីពីការឃុំខ្លួនជនសង្ស័យនៅឡើយទេ។ ម្យ៉ាងវិញទៀត ការចាប់ខ្លួននេះ ក៏មិនដឹងថាតើសមត្ថកិច្ចផ្អែកលើបទចោទ និងភស្តុតាងបែបណានៅឡើយដែរ ព្រោះការចាប់ខ្លួននេះ ធ្វើឡើងដោយគ្មានដីកា និងគ្មានហេតុផលអ្វីទាំងអស់។
លោកថា៖ «លោក សឹង ហៀង មកដល់ពេលនេះយើងអត់ទាន់ដឹងថា យកទៅឃុំនៅទីណានៅឡើយទេ»។
គណបក្សហ្វេសប៊ុកផ្លូវការរបស់មន្រ្តីគណបក្សប្រឆាំង ដែលសំឡេងប្រជាធិបតេយ្យ វីអូឌី ទទួលបាននៅថ្ងៃនេះ បង្ហាញថា លោក សឹង ហៀង ប្រធានប្រតិបតិ្តគណបក្សកម្លាំងជាតិប្រចាំស្រុកភ្នំព្រឹក ត្រូវកម្លាំងនគរបាលស្រុកចាប់ខ្លួន និងបញ្ជូនមកស្នងការនគរបាលខេត្តបាត់ដំបង មុននឹងបញ្ជូនបន្តមកទីក្រុងភ្នំពេញ។ ការចាប់ខ្លួនដែលធ្វើឡើងកាលពីល្ងាចថ្ងៃទី៣០ ខែសីហា មុនពេលបញ្ជូនមកទីក្រុងភ្នំពេញមួយថ្ងៃបន្ទាប់ គឺធ្វើឡើងដោយគ្មានដីកាពីតុលាការអ្វីទាំងអស់ ហើយការចាប់ខ្លួននេះទៀតសោត ក៏មិនដឹងស្ថិតក្រោមហេតុផលបែបណានោះដែរ។
ជុំវិញរឿងនេះ សំឡេងប្រជាធិបតេយ្យ វីអូឌី មិនអាចទាក់ទងស្នងការដ្ឋាននគរបាលខេត្ត និងអធិការស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបានទេ នៅថ្ងៃនេះ។
ដោយឡែក របាយការណ៍របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ «ស្តីពីអ្នកជាប់ឃុំដោយប្រើសិទ្ធិ» ក៏បានបង្ហាញដែរថា មុនលោក សឹង ហៀង ត្រូវចាប់ខ្លួននេះ រីឯលោក អ៊ាម រ៉ាវុធ អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស ខណ្ឌពោធិ៍សែនជ័យ និងជាតំណាងយុវជនទីក្រុងភ្នំពេញ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនដែរ កាលពីថ្ងៃទី១៥ ខែសីហា។
ចំណែក លោក រ៉ុង ឈុន ដែលជាទីប្រឹក្សាគណបក្សកម្លាំងជាតិ បដិសេធថា តាមពិតលោក អ៊ាម រ៉ាវុធ ខាងគណបក្សរកមិនឃើញពីបទល្មើស ដូចអីដែលសមត្ថកិច្ច និងតុលាការទីក្រុងភ្នំពេញចោទប្រកាន់ទេ ជុំវិញដែលថាជនសង្ស័យ បានប្រមាថព្រះមហាក្សត្រ។ លោកបន្តថា ការបន្តរូបភាពបែបនេះ គឺជាសញ្ញានៃការបំភិតបំភ័យ និងជាការគំរាមកំហែងខាងនយោបាយធ្ងន់ធ្ងរណាស់។
លោកបន្តទៀតថា ការធ្វើដូចនេះ វាគឺរឿងដែលផ្ទុយពីអ្វីដែលរដ្ឋាភិបាល តែងអះអាងចង់ឱ្យមានការបង្រួបបង្រួម និងឯកភាពផ្ទៃក្នុងជាតិ។ ប៉ុន្តែមួយករណីហើយមួយករណីទៀត រូបភាពនៃការគំរាមកំហែងខាងនយោបាយនេះ គឺពួកគេបំពានមិនឈប់ឈរ។ ប្រការនេះ នាំឱ្យមន្រ្តីបក្សក្រៅរដ្ឋាភិបាលបន្តរងគ្រោះ ដោយគ្មានកំហុសជាបន្តបន្ទាប់។
បើតាមលោក រ៉ុង ឈុន ល្មមដល់ពេលដែលរដ្ឋាភិបាលធ្វើតាមសន្យាហើយ។ ជាងនេះទៀត មន្រ្តីបក្សប្រឆាំងដែលចាប់ខ្លួន និងបន្តឃុំខ្លួន ពួកគេគួរត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញ។
លោកថា៖ «កាលៈទេសៈដែលប្រទេសយើងកំពុងតែប្រឈម ពីសំណាក់សៀមឈ្លានពានមកលើដែនអធិបតេយ្យនៃកម្ពុជាយើង បញ្ហាការចាប់ខ្លួន គួរត្រូវបញ្ឈប់ ហើយត្រូវដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ។ លើសពីហ្នឹងទៀត អ្នកនយោបាយដូចជា លោក កឹម សុខា លោក ថាច់ សេដ្ឋា ក៏ជាអ្នកសង្គមកញ្ញា សេង ធារី ក្តី យុវជនបរិស្ថាន យុវជន២៣តុលា សមល្មមនឹងដោះលែងហើយ ដើម្បីបង្ហាញថា កម្ពុជាយើងមានការផ្សះផ្សាជាតិ មានការសាមគ្គីឯកភាពជាតិ»។
យ៉ាងនេះក្តី លោក អ៊ីន គង់ជិត មន្រ្តីអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបាត់ដំបង យល់ឃើញថា ការចាប់ខ្លួននេះ អាចជាវិធីកម្ចាត់សំឡេងជំទាស់នៅមូលដ្ឋានច្រើនជាងហេតុផលបទល្មើស។ មិនតែប៉ុណ្ណោះ ជនសង្ស័យរូបនេះ គឺជាមនុស្សដែលមានប្រជាប្រិយបំផុត នៅថ្នាក់ក្រោមជាតិរបស់បក្សក្រៅរដ្ឋាភិបាល។ អ្នកការពារសិទ្ធិមនុស្សរូបនេះ ចាត់ទុកថា ការផ្តល់សេរីភាពពេញលេញ ឱ្យមន្រ្តីនយោបាយ ដែលមកពីសំឡេងផ្ទុយគ្នា គឺជាជម្រើសដែលល្អ។ បើមិនដូច្នេះទេ ភាពប្រេះឆាផ្ទៃក្នុងកម្ពុជា អាចនឹងត្រូវកើតឡើង ដោយសារជនរងគ្រោះកាន់តែច្រើនឈឺចាប់នឹងភាពអយុត្តិធម៌សង្គម។
លោកថា៖«ការចាប់ខ្លួនគាត់គឺជាសារមួយប្រាប់ទៅសាធារណជនថា កុំឱ្យនិយាយបញ្ចេញមតិផ្តេសផ្តាស ប៉ះពាល់លើថ្នាក់ដឹកនាំ ហើយមួយទៀត លោក សឹង ហៀង គាត់ជាមនុស្សមានប្រជាប្រិយភាពក្នុងមូលដ្ឋានខ្ញុំមើលប្រវត្តិគាត់ពីដើម តាំងពីឆ្នាំ២០១៧មក ដែលមុនការបោះឆ្នោតឃុំសង្កាត់ដែលមានគណបក្សសង្គ្រោះជាតិ ចូលរួមគាត់បានរួមគ្នាជាមួយសហការីគាត់ហ្នឹងបានដឹកនាំឃោសនា រហូតទទួលបានសំឡេងឈ្នះទាំង៥ឃុំ ក្នុងស្រុកភ្នំព្រឹក»។
របាយការណ៍របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ «ស្តីពីអ្នកជាប់ឃុំដោយប្រើសិទ្ធិ» បានបន្តកត់ត្រាចំនួនអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស យុវជនការពារបរិស្ថាន សហជីព និងសារព័ត៌មាន មានចំនួនចេះតែបន្តកើនឡើង ដោយការចាប់ខ្លួនគ្មានហេតុផល និងកម្ចាត់សំឡេងផ្ទុយ។ ផ្អែកលើតួលេខនេះ លីកាដូ បង្ហាញថា អ្នកដែលប្រើសិទ្ធិសំដែងមតិ ក្នុងហេតុផលនយោបាយ និងសេរីភាពនៃការបញ្ចេញមតិមានចំនួនកើនឡើងជិត ១០០នាក់ហើយ។ ពួកគេទាំងនោះ ជារួមរកឃើញថា គ្មានបទល្មើស និងធាតុផ្សំនៃបទល្មើសដែលគួរត្រូវចាប់ខ្លួនឡើយ ក្រៅពីធ្វើដើម្បីបុព្វហេតុសិទ្ធិ និងសេរីភាព៕









