ចាប់តាំងពីមានសង្គ្រាមខ្មែរ-ថៃ គឺរាប់ចាប់ពីទាហានថៃ បានលួចឆ្មក់ចូលមកបាញ់ទាហានខ្មែរស្លាប់ម្នាក់នៅតំបន់មុំ៣ កាលពីថ្ងៃទី២៨ខែឧសភា បន្ទាប់មកក៏មានការរាលដាលរហូតដល់ផ្ទុះអាវុធ នៅថ្ងៃទី២៤ ខែកក្កដា និងបច្ចុប្បន្ន បើទោះបីជាភាគីទាំង២កំពុងអនុវត្តបទឈប់បាញ់ក៏ពិតមែន ក៏ប៉ុន្តែភាគីថៃមិនបាននៅស្ងៀមឡើយ គឺតែងតែចូលមករាយបន្លាលួសវាទយកដីខ្មែរ។
នៅក្នុងដំណើរការវិវត្តនៃជម្លោះព្រំដែននេះ កម្ពុជាដែលជាភាគីរងគ្រោះតែងតែបិទបាំងព័ត៌មានជាច្រើន ដែលមិនគួរបិទបាំង។ ថាតើហេតុអ្វីកម្ពុជាជាជនរងគ្រោះ បែរជាត្រូវបិទបាំងព័ត៌មានដែលថៃចូលមករំលោភបំពានទៅវិញ?។
ផ្តើមចេញពីការវិភាគ បើនិយាយក្នុងន័យទូលំទូលាយជនរងគ្រោះ ឬក្រុមគ្រួសារដែលត្រូវចោរបាញ់សម្លាប់ឬក៏វ៉ៃធ្វើបាបដើម្បីប្លន់យកទ្រព្យសម្បត្តិ គឺវាចាំបាច់ណាស់ដែលជនរងគ្រោះ ត្រូវតែស្រែកឱ្យបានកាន់តែឮកាន់តែល្អ ដើម្បីឱ្យគេជួយ លើកលែងតែក្នុងករណីក្រុមចោរភ្ជង់កាំភ្លើង ឬចាប់សមាជិកគ្រួសារណាម្នាក់ធ្វើជាចំណាប់ខ្មាំងប៉ុណ្ណោះ ដែលជនរងគ្រោះត្រូវនៅសម្ងំស្ងៀមសិន ដើម្បីសុវត្ថិភាព។
ចំណែក ការរំលោភបំពានរបស់ប្រទេសមួយ ចូលមកក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសមួយទៀត ដូចដែលថៃកំពុងរំលោភបំពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា គឺកាន់តែមានភាពចាំបាច់ខ្លាំងថែមទៀត ដែលត្រូវប្រកូកប្រកាសឱ្យពិភពលោកបានដឹង មិនមែនត្រូវលាក់ព័ត៌មាននោះទេ លើកលែងតែព័ត៌មាននោះ ជាព័ត៌មានទាក់ទងនឹងការសម្ងាត់របស់កងទ័ព ដូចជា លេណដ្ឋានទ័ព បន្ទាយទ័ព ចំនួនទ័ព ការចល័តទ័ព ចំនួនសព្វាវុធ ឬប្រភេទនៃសព្វាវុធរបស់ទ័ព និងឯកសារសម្ងាត់របស់កងទ័ពឬរបស់រដ្ឋាភិបាលជាដើម។
ប៉ុន្តែក្រសួងការពារជាតិ និងរដ្ឋាភិបាលកម្ពុជាមិនដូច្នោះឡើយ បែរជាព្យាយាមបិទបាំង សូម្បីតែព័ត៌មានដែលបង្ហាញថា កម្ពុជាគឺជាជនរងគ្រោះដែលត្រូវបានថៃរំលោភបំពានក៏បិទបាំងដែរ មិនត្រឹមតែប៉ុណ្ណោះថែមទាំងព្យាយាមគំរាមកំហែងធ្វើទុក្ខបុកម្នេញ ទៅលើអ្នកដែលសកម្មក្នុងការផ្តល់ព័ត៌មានពិតថែមទៀតផង។
វីអូឌី សូមរំលឹកព្រឹត្តិការណ៍ខ្លះៗ ដែលក្រសួងការពារជាតិបានព្យាយាមបិទព័ត៌មាន មានដូចជា កាលពីព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃ បានលួចឆ្មក់ចូលមកបាញ់ប្រហារលើលេណដ្ឋានកងទ័ពកម្ពុជានៅតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យស្លាប់កងទ័ពកម្ពុជាម្នាក់ គឺលោកព្រិន្ទ្របាលឯក សួន រោន។
ភ្លាមៗនោះ សារព័ត៌មាននៅក្នុងប្រទេសថៃ បានចុះផ្សាយព្រោងព្រាត ថែមទាំងមួលបង្កាច់ថា កងទ័ពកម្ពុជាបានវាយប្រហារទៅលើកងទ័ពថៃ ហើយកងទ័ពថៃបានបាញ់តបតវិញ បណ្តាលឱ្យកងទ័ពកម្ពុជាស្លាប់ម្នាក់ទៅវិញ។
នៅពេលជាមួយគ្នានេះ ខាងស្ថាប័នព័ត៌មានកម្ពុជា មិនមានព័ត៌មានដែលទាហានថៃបានបាញ់សម្លាប់ទាហានខ្មែរនេះផ្សាយឡើយ ដោយសារតែពេលនោះ ទាំងអ្នកនាំពាក្យក្រសួងការពារជាតិ និងមន្ត្រីពាក់ព័ន្ធបានបិទព័ត៌មាននេះ។
រហូតទាល់តែល្ងាចជិតយប់ក្នុងថ្ងៃដដែលនោះ ទើបក្រសួងការពារជាតិ ចេញសេចក្តីប្រកាសព័ត៌មានថា កងទ័ពថៃបានឆ្មក់ចូលមកវាយប្រហារកងទ័ពកម្ពុជា នៅក្នុងទឹកដីកម្ពុជា បណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់ស្លាប់ និងបានថ្កោលទោសទាហានថៃ ដែលបានរំលោភចូលក្នុងដែនអធិបតេយ្យភាពកម្ពុជា និងបានបាញ់ប្រហារដ៏ព្រៃផ្សៃមកលើទាហានកម្ពុជា។
ការចេញសេចក្តីប្រកាសព័ត៌មានយឺតហួសហេតុនៅពេលនោះ បានធ្វើឱ្យមានការស្តីបន្ទោសយ៉ាងខ្លាំងដល់ក្រសួងការពារជាតិ ពីព្រោះវាបានផ្តល់ឱកាសឱ្យសារព័ត៌មាននៅក្នុងប្រទេសថៃ ធ្វើការផ្សព្វផ្សាយបរិហារមួលបង្កាច់កម្ពុជាទៅពេញពិភពលោក ទាំងដែលកម្ពុជាគឺជាជនរងគ្រោះ។
នៅក្រោយមានបទឈប់បាញ់ គឺកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ទាហានថៃមួយក្រុម បានប្រើល្បិចដើរចូលមកសុំចាប់ដៃនិងថតរូបជាមួយទាហានខ្មែរនៅតំបន់ជាំតែ។ ប៉ុន្តែក្រោយមកទាហានថៃប្រដាប់អាវុធដែលពួនចាំនៅក្នុងព្រៃក្បែរនោះ បានចេញមកភ្ជង់ព័ទ្ធចាប់ទាហានខ្មែរបាន២០នាក់ រត់រួចម្នាក់។ ភ្លាមៗនោះ សារព័ត៌មានក្នុងស្រុក និងក្រុម MMO មួយចំនួន ក៏បានផ្សព្វផ្សាយពីព័ត៌មាននេះ ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិ និងសារព័ត៌មានគាំទ្ររដ្ឋាភិបាលជាច្រើនបានចុះផ្សាយបដិសេធថា ជាព័ត៌មានមិនពិតបំពុលសង្គម។ មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីដាក់កំហិតឱ្យលុបព័ត៌មានទាំងនោះចោលវិញ ក្រសួងការពារជាតិថែមទាំងប្រគល់ឈ្មោះស្ថាប័នព័ត៌មាននិងក្រុម MMOចំនួន៦ស្ថាប័នទៅឱ្យក្រសួងព័ត៌មានឱ្យធ្វើការលត់ដំថែមទៀតផង។
ប៉ុន្តែនៅថ្ងៃបន្ទាប់មកគឺនៅថ្ងៃទី៣០ ខែកក្កដា ឧត្តមសេនីយទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានប្រាប់ក្រុមអនុព័ន្ធយោធានិងមន្ត្រីទូតចំនួន១៣ប្រទេស ដែលចុះទៅត្រួតពិនិត្យស្ថានការនៅតំបន់ព្រំដែនថា ព័ត៌មានទាំងនេះ គឺជាព័ត៌មានពិតដែលថៃបានរំលោភបទឈប់បាញ់។ រហូតមកដល់ពេលនេះ មានតែទាហាន២នាក់ប៉ុណ្ណោះ ដែលត្រូវបានថៃបញ្ជូនត្រឡប់មកវិញ បន្ទាប់ពីបានធ្វើទារុណកម្មឡើងទន់ខ្លួន រហូតដល់វង្វេងស្មារតីដើរលែងរួច ខណៈ១៨នាក់ផ្សេងទៀត មិនទាន់ត្រូវបានដោះលែងមកវិញនៅឡើយ។
បន្ថែមពីនេះ ចាប់តាំងពីមានបទឈប់បាញ់ ដោយមានការជួយអន្តរាគមន៍ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្រោមការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេនលោក អាន់វ៉ា អ៊ីប្រាហ៊ីម និងការតាមឃ្លាំមើលពីចិន ដែលបានចូលជាធរមាន កាលពីវេលាម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា បន្ទាប់ពីមានសង្គ្រាមប្រយុទ្ធស៊ីសាច់ហុតឈាមគ្នា រយៈពេល៥ថ្ងៃ បណ្តាលឱ្យស្លាប់ និងរបួសទាំងសងខាងមក កងទ័ពថៃ មិនបាននៅស្ងៀមនោះទេ គឺតែងតែចូលមករាយបន្លាលួសវាទយកដីខ្មែរនៅតាមតំបន់ជាច្រើន ដែលពួកគេបានប្រយុទ្ធចាញ់កងទ័ពកម្ពុជា ដូចជា នៅច្រកអានសេះ ភ្នំទ្រព្យ មុំបីជាំតែនិងប្រាសាទតាមាន់ធំជាដើម ហើយចុងក្រោយនេះ បានចូលមករាយបន្លាលួសវាទយកផ្ទះពលរដ្ឋខ្មែរនៅតាមភូមិមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។
បើទោះបីជាយោធាថៃ បានចូលមកករកូរកកាយតាមរយៈការរាយបន្លាលួស និងជីកលេណដ្ឋានវាទយកដីខ្មែរជាបន្តបន្ទាប់ ធ្វើឱ្យប្រជាបលរដ្ឋខ្មែរនៅតាមព្រំដែនក្តៅក្រហាយ អត់ទ្រាំលែងបាន រហូតដល់រួមសាមគ្គីគ្នារុញច្រានកងទ័ពថៃឱ្យចេញទៅវិញ យ៉ាងណាក៏ដោយ ក៏នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលធ្វើឡើងយ៉ាងហោចណាស់មួយថ្ងៃ២ដង ក៏ទាំងអ្នកនាំពាក្យរដ្ឋាភិបាល អ្នកនាំពាក្យក្រសួងការពារជាតិ និងអ្នកនាំពាក្យក្រសួងការបរទេស តែងតែប្រកាសដដែលៗថា ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនមានសភាពស្ងប់ស្ងាត់ កម្ពុជាគោរពបទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួន កងទ័ពកម្ពុជាឈរជើងយ៉ាងរឹងមាំ ដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួនដែរ។
លើសពីនេះ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ខែសីហា បានធ្វើការព្រមានលោក សាន ប៊ុនធឿន នៃ SBT News នៅកណ្តាលចំណោមមហាជន នៅភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ដោយមិនឱ្យធ្វើការផ្សាយបន្តផ្ទាល់ ពីព្រឹត្តិការណ៍ដែលប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់សស្រាក់សស្រាំរួមសាមគ្គីគ្នា រុញច្រានកងទ័ពសៀម មិនឱ្យរាយបន្លាលួសវាទយកផ្ទះពលរដ្ឋបន្ថែមទៀត នៅភូមិជោគជ័យឡើយ។
លោកថា៖ «និយាយគ្នាឱ្យហើយលើកចុងក្រោយឈប់ឡាយ ខ្ញុំប្រាប់ថាឈប់ឡាយ យល់! ខ្ញុំធ្វើការនៅនេះខ្ញុំចេះធ្វើការ ប្រជាពលរដ្ឋឱ្យចូលមិនឱ្យចូលរបៀបម៉េចខ្ញុំ ចេះធ្វើការ យល់ទេ? អត់ទេខ្ញុំមានឡាយណាមេ! ឡាយអំមិញខ្ញុំឃើញឡាយថាអត់ឡាយម៉េច? និយាយអត់ម៉េច ទេវតាមានភ្នែក។ អាអូនបិទឡាយ»។
នៅថ្ងៃដដែលនោះ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ក៏បានឃាត់ខ្លួន លោក មាស សារ៉ា ចាងហ្វាងគេហទំព័រ CCN ដែលទើបតែត្រូវបានក្រសួងព័ត៌មានលុបអាជ្ញាបណ្ណផងដែរ ខណៈបុរសរូបនេះកំពុងតែធ្វើការផ្សាយបន្តផ្ទាល់ពីហេតុការណ៍នោះ។ ប៉ុន្តែនៅថ្ងៃបន្ទាប់មក លោក មាស សារ៉ា ត្រូវបានដោះលែងមកវិញបន្ទាប់ពីបានចុះកិច្ចសន្យាទទួលស្គាល់កំហុសនិងសុំទោស។
ប៉ុន្តែលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា នៅក្នុងកំឡុងពេលនេះ គឺជាពេលវេលានៃការអនុវត្តបទឈប់បាញ់ ហើយដែលរហូតមកទល់ពេលនេះ កម្ពុជាគោរពកិច្ចព្រមព្រៀងនេះបានយ៉ាងល្អដែលចាត់ទុកថាជាប្រៀបខ្លាំងរបស់កម្ពុជា នៅក្នុងសមរភូមិការទូត ដែលយើងគួរគប្បីត្រូវតែថែរក្សាឱ្យបាន។
លោកលើកឡើងថា៖ «ដើម្បីបំផ្លាញពិន្ទុដ៏ល្អដែលកម្ពុជាទទួលបានពេលនេះ ការញុះញង់គ្រប់រូបភាពត្រូវបានធ្វើឡើង ដើម្បីឱ្យភាគីកម្ពុជាអស់ការអត់ធ្មត់ ហើយឈានទៅប្រព្រឹត្តអំពើណាមួយតាមបែបកំហឹងទល់កំហល់ ដែលគេអាចប្រើជាលេស ដើម្បីបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ តាមរយៈការចោទប្រកាន់ថា កម្ពុជា ជាអ្នកវាយប្រហារមុន។ នេះគឺជាអន្ទាក់ដ៏គ្រោះថ្នាក់ដែលបងប្អូនយើងគប្បីត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត»។
យ៉ាងណាក្តី សាធារណៈជនជាច្រើន មិនយល់ស្របទៅនឹងការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលឡើយ ដោយបានសរសេរសារ និងបញ្ចេញឃ្លីបវីដេអូថា ដើម្បីបានពិន្ទុល្អតើកម្ពុជាត្រូវបន្តនៅស្ងៀមឱ្យថៃមើលងាយរាល់ថ្ងៃ តាមរយៈការចូលមករាយបន្លាលួស និងជីកលេណដ្ឋានវាទយកទឹកដីខ្មែរ ធ្វើឱ្យប្រជាពលរដ្ឋនៅតាមព្រំដែនយំស្រែករាល់ថ្ងៃ ដោយសារតែបាត់បង់ផ្ទះបាត់បង់ដីឬយ៉ាងណា? ខណៈពលរដ្ឋម្ចាស់ដីបានភៀសខ្លួនទៅរស់នៅក្រោមតង់ ហាលខ្យល់ហាលភ្លៀង ប្រឈមនឹងជំងឺគ្រប់ប្រភេទ។ សាធារណៈជនក៏គាំទ្របទឈប់បាញ់មិនឱ្យមានការផ្ទុះអាវុធទៀតដែរ ប៉ុន្តែកម្ពុជាមិនត្រូវនៅសម្ងំស្ងៀមឱ្យទាហានថៃចូលមកធ្វើអ្វីៗតាមចិត្ត នៅក្នុងទឹកដីរបស់ខ្លួននោះទេ គឺកម្ពុជាចាំបាច់ត្រូវរុញទាហានថៃដែលចូលមករាយបន្លាលួសវាទយកដីខ្មែរឱ្យចូលទៅក្នុងដីថៃវិញ ដូចដែលពលរដ្ឋនៅភូមិជោគជ័យ ក្នុងឃុំអូរបីជាន់បានធ្វើ។
វិលទៅសំណួរខាងដើមថា តើហេតុអ្វីកម្ពុជាជាជនរងគ្រោះត្រូវបិទបាំងព័ត៌មាន ដែលថៃចូលមករំលោភបំពានកម្ពុជា?
ជ្រុងមួយនៃសំណួរនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់បានពន្យល់កាលពីពេលថ្មីៗនេះ ពីមូលហេតុដែលក្រសួងការពារជាតិ និងរដ្ឋាភិបាលបានបិទបាំងព័ត៌មាន បន្ទាប់ពីកើតហេតុទាក់ទងទៅនឹងទាហានថៃចូលមកចាប់ខ្លួនទាហានខ្មែរ២០នាក់ថា គឺធ្វើឡើងដើម្បីការពារសុត្ថិភាពរបស់កងទ័ពទាំងនោះ ខណៈកងទ័ពទាំងនោះកំពុងស្ថិតនៅក្នុងកណ្តាប់ដៃកងទ័ពថៃ។
ប៉ុន្តែអ្នកជំនាញនិងបញ្ញវ័ន្តមួយចំនួន មិនយល់ស្របទៅនឹងការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែត ឡើយ ដោយថា តាមពិតការលាក់ព័ត៌មានទៅវិញទេ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតកងទ័ពកម្ពុជាទាំងនោះ ពីព្រោះករណីចាប់កងទ័ពកម្ពុជានេះ មិនមែនជាករណីចាប់ជម្រិត ក្នុងអំពើឧក្រិដ្ឋកម្មធម្មតានោះទេ ប៉ុន្តែវាជាការរំលោភបទឈប់បាញ់ ដែលមានការព្រមព្រៀងគ្នាដោយភាគីទាំងពីរ និងមានការឃ្លាំមើលដឹងឮដោយប្រធានអាស៊ាន និងប្រទេសមហាអំណាច ដូចជា សហរដ្ឋអាមេរិក និងចិនទៀតផង។
សម្រាប់អ្នកនយោបាយប្រឆាំង និងបញ្ញវ័ន្តដែលមិនស្របនឹងរដ្ឋាភិបាល បានចាត់ទុកការបិទព័ត៌មានរបស់រដ្ឋាភិបាលថា គឺដើម្បីធ្វើការចរចាក្រៅឆាកទ្វេភាគី ដែលនឹងអាចធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីបន្ថែមទៀតទៅភាគីថៃ។ លោក សម រង្ស៊ី ប្រធានក្រុមប្រឹក្សាជាតិតស៊ូ បានបង្ហោះសារលើបណ្តាញសង្គម នៅថ្ងៃទី២៩សីហាថា នៅខាងកើតរដ្ឋាភិបាលគ្រួសារហ៊ុន ធ្វើការចរចាចុះឡើងៗជាមួយវៀតណាមបានធ្វើឱ្យបាត់ភូមិលោក ហេង សំរិន អតីតប្រធានរដ្ឋសភា។ ឥឡូវនេះ រដ្ឋាភិបាលគ្រួសារហ៊ុន កំពុងចរចាទ្វេភាគីទៀតជាមួយថៃ។
ជាមួយគ្នានេះ លោក អ៊ុំ សំអាន អ្នកមានបទពិសោធន៍កិច្ចការព្រំដែន និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បាននិយាយនៅថ្ងៃទី២៩ ខែសីហានេះ បែបចំអកថា លោក ហ៊ុន សែន បានបទឈប់បាញ់ លោក ថាក់ស៊ីន បានដីខ្មែរ។
ជម្លោះបងប្អូនធម៌ ដែលនាំទៅដល់សង្គ្រាម៥ថ្ងៃបានធ្វើឱ្យ លោក ហ៊ុន សែន បាក់ស្បាតហើយលែងហ៊ានខ្លាំងដាក់ថៃ និងលោក ថាក់ស៊ីន ដូចមុនសង្រ្គាម ហើយលោក ហ៊ុន សែន កំពុងសុំអង្វរលោកចោរកុំឱ្យឈ្លានពាននិងអង្វរសុំថៃចរចាបើកច្រកព្រំដែនឡើងវិញ ដោយបំភ្លេចការឈ្លានរបស់ថៃ ដែលថៃបានរាយបន្លាលួសយកទឹកដីខ្មែរ ព្រមទាំងមិនអើពើពីទុក្ខសោករបស់ពលរដ្ឋខ្មែរ ដែលត្រូវទាហានថៃបណ្តេញចេញពីផ្ទះសម្បែងទៀតផង។
លើសពីនេះ លោកថា ការបាក់ស្បាតដោយខ្លាចថៃនិងលោក ថាក់ស៊ីន ធ្វើឱ្យលោក ហ៊ុន សែន ទន្ទេញពាក្យបទឈប់បាញ់ អត់ធ្មត់ និងចាស់ទុំ ទោះបីជាទាហានថៃបានរាយបន្លាលួសព័ទ្ធយកដីខ្មែរនិងផ្ទះពលរដ្ឋខ្មែរក៏ដោយ ក៏លោក ហ៊ុន សែន បញ្ជាឱ្យទាហានខ្មែរដកថយ។
ដូចជានៅប្រាសាទតាមាន់ធំ លោក ហ៊ុន សែន បញ្ជាឱ្យទាហានខ្មែរដកថយរហូតទាល់តែទាហានថៃចូលមកគ្រប់គ្រងប្រាសាទតាមាន់ធំ។ ហេតុនេះ ជម្រើសចុងក្រោយលោក ហ៊ុន សែន នឹងអង្វរលោក ថាក់ស៊ីន សុំសន្តិភាពនិងអំណាច ដោយដោះដូរនឹងទឹកដីខ្មែរដូចដែលលោក ហ៊ុន សែន បានកាត់ទឹកដីខ្មែរឱ្យវៀតណាមនាទសវត្សទី៨០ ដើម្បីប្តូរយកអំណាច ដោយសុំអង្វរឱ្យវៀតណាមលើកបន្តុប។
សម្រាប់អ្នកតំណាងរាស្ត្របក្សប្រឆាំងរូបនេះ ការចាប់ខ្លួនអ្នកកាសែត និងការគំរាមអ្នកកាសែត កុំឱ្យផ្សាយផ្ទាល់ពីការឈ្លានពានរបស់ថៃ គឺជាចំណុចចាប់ផ្តើម នៃការគំរាមគំហែងរបស់លោក ហ៊ុន សែន ហើយដីខ្មែរតាមព្រំដែន អាចនឹងត្រូវថៃលេបប្របាក់ ដូចដែលវៀតណាម លេបប្រហាក់ដីខ្មែរ នៅតាមព្រំដែនដែរ ដែលការណ៍នេះ មេដឹកនាំបក្សកាន់អំណាចនឹងចេញមកអះអាងថា នេះជាជោគជ័យមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដែលបានធ្វើខ្សែបន្ទាត់ព្រំដែនក្លាយជាតំបន់សន្តិភាព៕









