ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង កំពុងម្នីម្នារៀបចំឥវ៉ាន់ ផលដំណាំ និងសត្វពាហានៈ ត្រៀមខ្លួនជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ក្រោយទឹកជំនន់បន្តហក់ឡើងដល់កម្រិតប្រកាសអាសន្ន។
កសិករនៅភូមិព្រែកត្រប់ ស្រុកឯកភ្នំ លោក ណាត់ អឿន ប្រាប់វីអូឌីនៅថ្ងៃទី២ ខែកញ្ញាថា ទឹកជំនន់បានពន្លិចស្រែរបស់លោក ២ហិកតាកន្លះ ចំពេលដែលលោកកំពុងត្រៀមច្រូតនៅថ្ងៃនេះ។ លោកបន្ត ដោយបង្ហាញក្ដីបារម្ភពីការបាត់បង់ធ្ងន់ធ្ងរ ដែលអាចធ្វើឱ្យលោកជំពាក់គេជាង១ពាន់ដុល្លារបន្ថែមពីលើបំណុលដែលសងមិនទាន់រួច ពីការខាតបង់ដោយសារទឹកជំនន់កាលពីឆ្នាំមុន។
លោក ណាត់ អឿន និយាយថា៖ «អង្កាល់ថ្ងៃទី១ហ្នឹង ហៅម៉ាស៊ីនគេទៅច្រូតហើយហ្នឹងណា ដល់ហៅហើយ ទឹកឡើងមកល្មមៗហើយទឹកច្រោះដាច់ផ្លូវម៉ាស៊ីនឆ្លងអត់រួច។ ដល់អត់បានច្រូត ឥឡូវវាលិចចុងស្រូវហ្នឹងបាត់ភ្លឹបអស់ យំក៏យំវាអត់ចេញ»។
តាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តបាត់ដំបង នៅម៉ោង១១ថ្ងៃត្រង់ នាថ្ងៃទី២ ខែកញ្ញា បង្ហាញថា កម្ពស់ទឹកស្ទឹងសង្កែបានហក់ឡើងដល់ ១៣,៧៦ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្នគឺ ១៣.៧០ម៉ែត្រ។ រដ្ឋបាលខេត្តបញ្ជាក់ថាទឹកជំនន់នេះកើតឡើងដោយសារជំនន់ទឹកភ្លៀងនៅតំបន់ទីជម្រាលនៃស្ទឹងសង្កែផ្នែកខាងលើ។ លិខិតដដែលបានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យត្រៀមខ្លួនជានិច្ច ដើម្បីជម្លៀសពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព ករណីទឹកជំនន់បន្តកើនឡើង។
កសិករនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ អ្នកស្រី នៅ រ៉េត ត្អូញត្អែរថា ទឹកជំនន់បានពន្លិចស្រែដែលកំពុងប្រមូលផល ស្របពេលស្រូវកំពុងចុះថោក ធ្វើឱ្យអ្នកស្រី និងកសិករផ្សេងទៀតប្រឈមនឹងការខាតបង់មិនអាចស្រោចស្រង់បាន។ ទន្ទឹមនឹងការខាតបង់កសិផល អ្នកស្រីថា សម្ភារៈ និងទូកមួយចំនួន បានអណ្ដែតតាមទឹកទៅអស់ ដោយសារអាជ្ញាធរដែលគ្រប់គ្រងទំនប់សាលាតាអន តែងតែបើកទ្វារព្រលែងទឹកនៅពេលយប់ ធ្វើឱ្យពួកគាត់មិនអាចត្រៀមខ្លួនរៀបចំសម្ភារៈបានទាន់ពេលឡើយ។
អ្នកស្រី នៅ រ៉េត និយាយថា៖ «បើកតែពេលយប់ទៀត អត់មានបើកពេលថ្ងៃទេ បើកតែពេលយប់ជួនកាលព្រលប់ៗបានបើក។ ដល់អ៊ីចឹងទៅអ្នកខ្លះអត់ដឹងទេ អ្នកដឹងថាទឹកឡើងទេ។ បើនៅតាមមាត់ស្ទឹងដឹងទៅ បើនៅតាមក្នុងៗ គ្នាអត់ដឹងទេ អណ្ដែតទូក អណ្ដែតឥវ៉ែឥវ៉ាន់គ្នាអស់។ បើកតែយប់ ថ្ងៃអត់បើកទេ មិនដឹងថាយ៉ាងម៉េចទេ ទំនប់ហ្នឹងយ៉ាប់ដល់ហើយ»។
គិតមកត្រឹមរសៀលថ្ងៃទី២ ខែកញ្ញា ទឹកស្ទឹងសង្កែនៅតែបន្តហក់ឡើង ហូរចូលព្រែក និងប្រឡាយ បង្កការជន់លិចផ្ទះសម្បែង និងផ្លូវថ្នល់មួយចំនួននៅក្នុងស្រុកឯកភ្នំ ដោយខ្លះមិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ។ កសិករមួយចំនួនដែលបានច្រូតស្រូវរួចរាល់ បានសម្រុកនាំគ្នាដឹកស្រូវតាមគោយន្តឡើងទៅប៉ែកខាងលើ រកទីទួលដើម្បីហាលសំដិល ចៀសវាងផ្អួរ លក់ឱ្យឈ្មួញមិនចេញ។
ជំនន់ស្ទឹងសង្កែ បានកើនឡើងភ្លាមៗក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ បន្ទាប់ពីនៅតំបន់សំឡូតដែលជាក្បាលស្ទឹង មានភ្លៀងធ្លាក់មេធំៗជាប់គ្នាអស់រយៈពេលជាច្រើនថ្ងៃ។ នៅតំបន់សំឡូត ទឹកជំនន់បានពន្លិចរមណីយដ្ឋាន និងផ្ទះពលរដ្ឋមួយចំនួន រហូតដល់អាជ្ញាធរសម្រេចចិត្តបើកទំនប់ទម្លាក់ទឹកបន្តគ្នាតាមដងស្ទឹងសង្កែ ចាប់ពីទំនប់សេកសក ទំនប់កង្ហត និងចុងក្រោយទំនប់សាលាតាអន។
យោងតាមការវិភាគអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ការវិវត្តនៃព្យុះទី១៤ ឈ្មោះ ណងហ្វា (Nongfa) T2514 ក្នុងឆ្នាំ២០២៥ បានជះឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ហើយបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យបណ្ដាខេត្តមួយចំនួន ក្នុងនោះមានខេត្តបាត់ដំបងផង កើនឡើងបរិមាណទឹកភ្លៀងយ៉ាងគំហុក និងខ្យល់បោកបក់ ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។
ទាក់ទិនរឿងនេះ អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង លោក ខៃ សូដា បានប្រាប់ទូរទស្សន៍ជាតិប្រចាំខេត្តថា ជំនន់ទឹកភ្លៀងនៅផ្នែកខាងលើបានស្រកហើយ តែពលរដ្ឋនៅផ្នែកខាងក្រោម ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ខណៈមន្ត្រីជំនាញកំពុងបើកទ្វាររំដោះទឹកទម្លាក់តាមស្ទឹងសង្កែ ដែលអាចនឹងហក់ឡើងនៅយប់នេះ តែលោកថាក៏មិនទាន់ដល់ការប្រកាសភាពអាសន្ននោះដែរ។
ទោះអាជ្ញាធរអះអាងថា កម្រិតទឹកនៅមិនទាន់ដល់ការប្រកាសអាសន្នធ្ងន់ធ្ងរ តែជំនន់ទឹកភ្លៀងនៅពេលនេះ បានបង្កការខូចខាតធ្ងន់ធ្ងរដល់ផលស្រូវដែលកំពុងច្រូតកាត់ នៅតំបន់ទំនាបប៉ែកខាងក្រោម ដូចជា បាក់ព្រា ព្រែកត្រប់ កន្ត្រៃ ក្រាំងងៀត និងស្រុកឯកភ្នំ។ កសិករបារម្ភថា ប្រសិនបើទឹកនៅបន្តឡើងមួយ ទៅពីរថ្ងៃទៀត នោះស្រូវនឹងខូចទាំងស្រុងមិនបានស្រោចស្រង់បាន ហើយពួកគាត់នឹងត្រូវខាតបង់ជំពាក់បំណុលថែមមួយជាន់ទៀត៕









