គ្រួសារ​ហ៊ុន​ត្រូវ​គេមើ​ល​ឃើញ​ថា​សន្ទនា​ជាមួយ​សត្រូវ​ឈ្លាន​​ពាន​​តែព​ង្រីក​យុទ្ធ​សាស្រ្ត​កំចាត់​ខ្មែរ​គ្នា​ឯង

បើទោះ​បី​ជា​ថៃ​ចូ​ល​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ ជាង​១ខែ​ទៅ​នេះ រំលោភ​លើ​បទ​ឈប់​បាញ់​ក្តី រដ្ឋាភិបាល​គ្រួសារ​ហ៊ុន នៅ​តែ​អះ​អាង​ថា ខ្លួន​ជ្រើស​រើស​យក​ការ​សន្ទនា មិន​ប្រឈម​មុខ​ជា​យោធា​ថៃ ក្នុង​ពេល​នេះ​ទេ ដោយ​សំអាង​ថា​ខ្លួន​ជាអ្ន​ក​ស្រឡាញ់​សន្តិ​ភាព ។

ប៉ុន្តែផ្ទុយ​ពីនេះ​ រដ្ឋាភិបាល​របស់​គ្រួសារ​ហ៊ុន បាន​បង្កើន​វិធាន​ចាប់​ឃុំ​ខ្លួន​សកម្ម​ជន​នយោ​បាយ​ប្រឆាំង​ដែល​នៅ​សេស​សល់​ក្នុង​ប្រទេស និង​ជំរុញ​ច្បាប់​ដក​សញ្ជាតិ ដែល​គេ​មើល​ឃើញ​ថា ដើម្បី​កម្ចាត់​ខ្មែរ​គ្នា​ឯង​យ៉ាង​សកម្ម។

អ្នកនាំពាក្យ​រដ្ឋាភិ​បាល លោក ប៉ែន បូណា នៅ​ថ្ងៃ​ទី២ ខែក​ញ្ញា​នេះ បាន​និយាយ​ថា ការ​គោរព​បទ​ឈប់​បាញ់​យ៉ាង​ខ្ជាប់​ខ្ជួន​របស់​កម្ពុជា កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរ​ជាតិ ដែល​ថា​នេះ​ជា​នយោ​បាយ​ឈ្នះឈ្នះ បើ​ទោះ​ជា​ថៃ​បាន​ពង្រីក​ការ​ឈ្លាន​ពាន​ទឹក​​​ដី​ខ្មែរ​ច្រើន​កន្លែង​ក្តី។

លោកថា៖ «កម្ពុជាបានគោរពកិច្ចព្រមព្រៀងនេះ​យ៉ាង​ខ្ជាប់​ខ្ជួន ដោយ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​លើ​ការ​ងារ​ការ​ទូត និង​កិច្ច​ពិភាក្សា​គ្នា​ដោយ​សន្តិ​វិធី ជាមួយ​ភាគី​​ថៃ ក៏​ដូច​ជា​ភាគី​ពាក់​ព័ន្ធ ដើម្បី​ស្វះ​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​ព្រំដែន»។

លើសពីនេះ​ អ្នកនាំពាក្យក្រសួង​ការពារជាតិ​កម្ពុជា អ្នក​ស្រី ម៉ាលី សុជាតា ក៏​បាន​ថ្លែង​ដែរ​ថា កម្ពុជា មិន​ជ្រើស​រើស​យក​ការ​ប្រឈម​មុខ​ដាក់​គ្នា ជា​ដំណោះ​ស្រាយ​នោះ​ទេ​ ក្នុ​ង​នាម​ប្រទេស​ស្រឡាញ់​សន្តិ​ភាព។

អ្នកស្រីថា៖ «ក្នុងនាមជាប្រទេសដែលមា​ន​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​ស្រឡាញ់​សន្តិ​ភាព​កម្ពុជា​ បាន​ប្រកាន់​ខ្ជាប់​នូវ​លក្ខ​ខណ្ឌ​នៃ​បទ​ឈប់​បាញ់​ដោយ​ជ្រើស​យក​ការ​សន្ទនា​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដោយ​មិន​ទទួល​យក​ការ​ប្រឈម​មុខ​ដាក់​គ្នា និ​ង​ជម្លោះ​ឡើយ កម្ពុជា​សូម​គូស​បញ្ជាក់​សារជា​ថ្មី​នូវ​គោល​ជំហរ​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​ ស្មោះ​ត្រង់ ស្រប​តាម​ច្បាប់​អន្តរ​ជាតិ​ ធម្មនុញ្ញ​អង្គការ​សហ​ប្រជា​ជាតិ និង​ធម្ម​នុញ្ញ​អាស៊ាន»។

តែផ្ទុយពីនេះ តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់​VOD​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា​នេះ​ថា សារ​របស់​អ្នក​នាំ​ពាក្យ បញ្ជាក់​យ៉ាង​ច្បាស់​​ថា រដ្ឋាភិបាល​គ្រួសារ​ហ៊ុន ខ្លាំង​បាន​តែ​ជាមួ​យ​ខ្មែរ​ទេ តែ​សត្រូវ​ឈ្លាន​ពាន​ទាំង​ថៃ​និង​វៀត​ណាម​ខ្លាច​គេ ហើយ​ប្រកាស​ប្រើ​យន្តកា​រ​ចរចា ​ទោះ​ដឹង​ថា គេ​ចង់​លេប​ទឹក​ដី​ ។

លោក​គូស​បញ្ជាក់ថា ក្រោយ​ផ្ទុះអា​វុធ​៥ថ្ងៃ ហើយ​មាន​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ គ្រួសារ​ហ៊ុន​លែង​ហ៊ាន​ទប់​ទល់​នឹង​ការ​ឈ្លាន​ពាន​របស់​ថៃ​ហើយ ព្រោះ​ដឹង​​ថា ខ្លួន​គ្មាន​សមត្ថ​ភាព​ទប់​ទល់ ហើយ​ថា ជម្រើស​មាន​តែ​ប្រើ​ពាក្យ​អត់​ធ្មត់ ដើម្បី​បិទ​បាំង ហើយ​ងាក​មក​កំចាត់​ខ្មែរ​គ្នា​ឯង​ជំរុ​ញ​ឱ្យ​ការ​ពារ​ទឹក​ដី ។

លោកសង្កត់ធ្ងន់ថា យុទ្ធសាស្រ្តអត់ធ្មត់ ឬ​នយោបាយ​ចាស់​ទុំ​របស់​រដ្ឋាភិបាល កំពុង​បើក​ដៃ​ឱ្យ​ទាហាន​ថៃ​បន្ត​គឃ្លើន​ឈ្លាន​ពាន ដោយ​សាង​សង់​លេណ​ដ្ឋាន និង​រាយ​រួស​បន្លា​ព័ទ្ធ​យក​ដីខ្មែ​រ តាម​ទំនើង​ចិត្ត។

លោកថា៖ «ឆ្លុះបញ្ចាំងរដ្ឋា​ភិបាលកំសាក​ អត់​ហ៊ាន​តតាំង​ជាមួយ​សត្រូវ​ឈ្លាន​ពាន គាត់​ខ្លាំង​បាន​តែ​មួយ​ខ្មែរ​គ្នា ចាប់​​ខ្មែរ​ដាក់​គុក ហើយ​ណា​មួយ​គាត់​អត់​ចង់​ការ​ពារ​ទឹក​ដី គាត់​ប្រើ​ទ្រឹស្តី​អត់​ធ្មត់​នឹង​ដើម្បី​ឱ្យ​ថៃ​បន្ត​យក​ទឹក​ដី​សម្រេច​​តែ​នឹង​ចិត្ត​ទៅ ហើយ​ងាក​មក​ពន្លឿន​ច្បាប់​ដក​សញ្ជាតិ ដែល​គាត់​ថា រដ្ឋាភិ​បាល​កាត់​ទឹក​ដី​ឱ្យ​ថៃ​ហើយ នឹង​ត្រូវ​បាន​គេ​ចោទ​ថា​អ្នក​ឯង​ក្បត់​ជាតិ​គប់​គិត​ជាមួយ​ថៃ នឹង​ដក​សញ្ជាតិ​អ្នក​ឯងជាដើម»។

សម្រាប់​លោក អ៊ុំ សំអាន បើ​មេដឹកនាំ​គ្រួសារ​ហ៊ុន ស្រឡាញ់​​ជាតិ មាតុ​ភូ​មិ​​ខ្មែរ​​មែន ត្រូវ​​ទប់​ស្កាត់​ថៃ​កុំ​ឱ្យ​រាយ​លួស​បន្លា​​ព័ទ្ធ​យក​ដី​ខ្មែរ និង​ត្រូវ​ឱ្យ​ថៃ​ដក​ទ័ព​ចេញ​ពី​ប្រាសាទ​បុរាណ​របស់​ខ្មែរ​ទាំង​អស់ ចេញ​ពី​ដី​ខ្មែរ​ភ្លាម។

លោក​សង្កត់​ធ្ងន់​ថា បើមេដឹកនាំគ្រួសារហ៊ុនហ៊ាន​ប្រើ​យុទ្ធ​​សាស្រ្ត​ងើប​​មួយ​​​វ៉ៃ​​មួយ ជាមួយ​ថៃ​​​ឈ្លាន​​ពាន​ទឹក​​ដី​កម្ពុជា​​នឹង​​មិន​​បាត់​​បង់ ហើយពលរដ្ឋ​ខ្មែរ​នឹង​កោត​សរសើរ​នូវ​វីរៈ​ភាព​របស់​គ្រួសារ​ហ៊ុន​វិញ។​

លោកថា៖ «យើង​ឃើញ​ថា រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​លោក ហ៊ុន ម៉ាណែត នេះ គឺ​ខ្លាំង​បាន​តែ​ជា​មួយ​ខ្មែរ​គ្នា​ឯង​ព្រោះ​ខ្មែរ​ដៃ​ទទេ អ៊ីចឹង​ប្រើ​ទ្រឹស្តី​ងើប​មួយ​វ៉ៃ​មួយ​តែ​ជាមួយ​​ខ្មែរ តែ​ជាមួយ​ថៃ​អត់​ហ៊ាន​គេ​ទេព្រោះ​គេ​មាន​កាំភ្លើង​ដែរ​អ៊ីចឹង​កាល​ណាខ្លាំង​ជាមួយ​គេ ថៃ​អាច​ទម្លាក់​ត្រកូល​ហ៊ុន​ចេញពី​​អំណាច​ឃើញ​ថាប្រាំ​ថ្ងៃ​ហ្នឹង​មើល​ទៅ​ដូច​ជា​ទប់​ទល់​ជាមួយ​គេ​បាន​ទេ បើសិ​ន​ជា​ខ្លាំង​ជាមួយ​គេ​ហ្នឹង​គេ​យក​នឹង​យកហោះ​F-16 ជាដើម​ហ្នឹង​អាច​ទម្លាក់​លើ​ផ្ទះ​ លោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន ដូច្នេះ​អត់​ហ៊ាន​ខ្លាំង​ជាមួយ​ថៃ​ទេ»។

ប្រហែលគ្នា​នេះ​ដែរ អ្នក​ច្បាប់ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក វន់ ចាន់ឡូត ហាក់​ស្តី​បន្ទោស​ដែរ​ថា គ្មាន​មេដឹក​នាំ​លើ​ពិភព​លោក​រូប​ណា អង្គុយ​ទន្ទេញ​ពាក្យ​ថា​អត់​ធ្មត់​ហើយ​ឱ្យ​សត្រូវ​ឈ្លាន​ពាន​ទឹក​ដី​នោះ​ទេ។

ក្នុងន័យ​នេះ លោក​ពន្យល់​ថា មេដឹកនាំ​ដែល​អង្គុយ​ទន្ទេញ​ពាក្យ​ថា អត់​ធ្មត់ កុំ​ប្រឈម​ជាមួយ​គេ ដើម្បី​សន្តិ​ភាព និង​​ស្ថេរភាព​នេះ គឺ​ជា​មេដឹកនាំ​ដែល​កំសាក​បំផុត ហើយ​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​ជាតិ​មាតុ​ភូមិ។

លោកបន្តទៀត​ថា ការ​បណ្តោយ​ឱ្យ​សត្រូវ​បន្ត​គឃ្លើន​ឈ្លាន​ពាន​ទឹក​ដី វា​ឆ្លុះ​បញ្ចាំង​ពី​ភាព​កំសាក​និង​គ្មាន​ទំនួល​ខុស​ត្រូវ​របស់​មេដឹក​នាំ ដែល​មិន​អាច​ការ​ពារ​សុខ​សន្តិភាព​ និង​បូរណ​ភាព​ទឹក​ដី​របស់​បុព្វ​បុរស។

ម្យ៉ាងវិញទៀត លោក​ថា ការខ្លាំងបានតែជាមួយខ្មែរ​គ្នាឯ​ង កាន់​តែ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា មេដឹក​នាំ​ពិត​ជាគ្មាន​ឆន្ទៈ​ការ​ពារ​ទឹក​ដី និង​គ្មាន​​ឆន្ទៈ​បង្រួប​បង្រួម​ជាតិ តប​តាម​ស្មារតី​នៃ​រដ្ឋ​ធម្ម​នុញ្ញ​របស់​ជាតិ​នោះ​ទេ។

លោកថា៖ «ប្រាកដ​ណាស់ ពលរដ្ឋ​នឹង​បន្ត​រង​គ្រោះ​អំ​ពី​ការ​ដឹក​នាំ​ដែល​មិន​ប្រកប​ដោយ​អភិបាល​កិច្ច​ល្អ ហើយ​ទី២​តាម​រយៈ​ច្បាប់​ស្តី​ពី​សញ្ជាតិ ដែល​បាន​ធ្វើ​វិសោធន​កម្ម​រួច​រាល់​ហើយ​នេះ វា​នឹង​ធ្វើ​ឱ្យ​ទំហំ​នៃការ​បែក​បាក់​ជាតិ​កាន់​តែ​ធំ ហើយ​ជាពិសេស​កម្ពុជា​ទំនង​នឹង​ប្រឈម​នឹង​ការ​ប្រេះ​ស្រាំ បញ្ហា​ផ្ទៃ​ក្នុង ជាពិសេស​ក្នុង​កាលៈ​ទេសៈ​ដែល​កំពុង​ទទួល​រក​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ជិត​ខាង ហើយ​ការ​បែ​ក​បាក់​នេះ វា​នឹង​ជា​ឳកាស​សម្រាប់​ប្រទេស​ជិត​ខាង សម្រេច​​មហិច្ចតា​ឈ្លាន​ពាន​ទឹក​ដី​កម្ពុ​ជា​បាន​សម្រេច»។

លើសពីនេះ លោក វន់ ចាន់ឡូត ក៏បាន​សរសេរ​សារ​ហ្វេស​ប៊ុក​របស់​លោក​និយាយ​ថា វិសោធន​កម្ម​ច្បាប់​ស្ដីពី​សញ្ជាតិ ត្រូវ​បាន​អនុម័ត​ដោយ​ព្រឹទ្ធ​សភា ៥៤​ លើ​៦៣​សំឡេង។

លោក​បន្ត​ថា ការ​ធ្វើច្បា​ប់​នេះ ទំហំ​បែក​បាក់​ជាតិ​នឹង​កាន់​តែ​ពិបាក​ផ្សះ​ផ្សា​ហើយ ព្រោះ​ច្បាប់​នេះ​ទំនង​នឹង​ជំរុញ​ឱ្យច​លនា​ប្រឆាំង​ក្រៅ​ប្រទេស​កាន់​តែ​មាន​សន្ទុះ និង​ឥទ្ធិ​ពល​កាន់​តែ​ខ្លាំង​ទៅ​វិញ​ទេ។

លោក​បន្តទៀតថា ក្នុងឆ្នាំ២០២៥ ក្រោមកណ្ដាប់ដៃលោក ហ៊ុន ម៉ាណែត អ្នក​បន្ដ​វេន​ ការ​បង្កើត និង​កែ​ប្រែ​ច្បាប់​ដ៏ចម្រូង​ចម្រាស់​មួយ​ចំនួន រួម​មាន៖ ១. ច្បាប់​ដាក់​មនុស្ស​មួយ​ក្រុម​ជា​ភេរវករ ២.​វិសោធន​កម្មរដ្ឋ​​ធម្មនុញ្ញមាត្រា​៣៣ និង​ ៣.​វិសោធន​កម្ម​ច្បាប់​ស្ដី​ពី​សញ្ជាតិ។

សម្រាប់ លោក វន់ ចាន់​ឡូត យល់​ថា យើង​ចេះ​អត់​ធ្មត់ អធ្យា​ស្រ័យ​ដល់​សត្រូវ​ដែល​ឈ្លាន​ពាន សម្លាប់​ខ្មែរ ហេតុ​អ្វី​រឿង​​ទាំង​អស់​នេះ​មិន​អាច​ធ្វើ​ចំពោះ​ខ្មែរ​ដូច​គ្នា​ផង​ទៅ?

លោកបន្ត​ថា ការ​បាត់​បង់​ទឹកដីនៅពេលប្រយុទ្ធគ្នាជារឿង​មួយ រីឯ​ការ​បាត់​បង់​នៅ​ពេល​សន្ដិភាព​នេះ មេ​ដឹក​នាំ​ខ្មែរ​​ត្រូវ​ទទួល​ខុស​ត្រូ​វ​ទាំង​ស្រុង​ចំពោះ​បញ្ហា​នេះ។

លោកបន្ថែមទៀតថា ទោះ​បី​ជាពលរដ្ឋខ្មែរមិនហ៊ានតវ៉ា ដោយ​ខ្លាច​ភាព​ឃោរឃៅ​របស់​មេដឹ​កនាំ​ តែលោក​ថា​ប្រវត្តិ​សាស្ដ្រ​នឹង​ចារិក​ទុក​ដោយ​មិន​លើក​លែង​ជា​ដាច់​ខាត។

យ៉ាងណាក្តី ទោះថៃបន្តឈ្លានពានកម្ពុជា តែនៅ​ក្នុង​ប្រទេស រដ្ឋាភិបាល​មិន​បន្ធូរ​ដៃ​លើ​វិធាន​ការ​ចាប់​ឃុំ​ខ្លួន​សកម្ម​ជន​បក្ស​ប្រឆាំង និង​ដោះ​លែង​អ្នក​នយោបាយ​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ដើម្បី​ផ្សះ​ផ្សាជា​តិ​តាម​បំណង​របស់​ពលរដ្ឋ​នោះ​ទេ។

តែផ្ទុយទៅវិញរដ្ឋសភា និងព្រឹទ្ធសភា នៅតែបន្ត​ជំរុញ​ឱ្យ​ចេញ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត ទោះ​បី​ការ​ដែល​លោក ហ៊ុន សែន ចង្អុល​ឱ្យ​មាន​ច្បាប់​នេះ ក្រោយ​ការ​រិះគន់​ពី​សហគម​ន៍​ជាតិ និង​បញ្ញ​វន្ត ថា​ជា​ច្បាប់​រំលាយ​ពូជ​សាសន៍​ខ្មែរ​ក្តី។

ទាំងនេះ រដ្ឋាភិបាលរងការរិះ​គន់​ថា ច្បាប់​ដក​សញ្ជាតិ​ខ្មែរ ​​ជា​ការ​ពង្រីក​យុទ្ធ​សាស្ត្រ​​របស់​​បក្ស​​កាន់​​អំណាច ដែល​​មាន​​គោល​​ដៅ​​យ៉ាង​ច្បាស់​​លាស់ បង្ក្រាប​​ទៅ​​លើ​​ដៃ​​គូ​​ប្រកួត រួម​​ទាំង​បិទ​​ខ្ទប់​​មិន​​ឱ្យ​​និយាយ​រឿង​​បាត់​បង់​ទឹក​​ដី​​ទៅ​ប្រ​ទេ​ស​​​ជិត​ខាង នា​សម័យ​​ទំនើប​ ក្រោម​ការ​ដឹក​នាំ​ដ៏​យូរ​ឆ្នាំ​របស់​គណបក្ស​កាន់​អំណាច។

ការរិះគន់នេះ ហាក់ឆ្លើយ​តប​នឹងរដ្ឋសភា បាន​ប្រកាស​ថា ការ​ដែល​ខ្លួន​បើក​ផ្លូវ​​​ឱ្យរ​ដ្ឋាភិបាល​អាច​ដក​​​សញ្ជាតិ​​ខ្មែរ​​​ពី​កំណើត​នេះ សំដៅ​លើ​ពលរដ្ឋ​ខ្មែរ​​ណា ដែល​បាន​ធ្វើ​សកម្ម​ភាព​ក្បត់​ជាតិ គប់​គិត​ជាមួយ​បរទេស ធ្វើ​ឱ្យ​ប៉ះ​​ពាល់​​ដល់​​សន្តិ​សុខ​ជាតិ​ និង​ឧត្តម​ប្រយោជន៍​​​ជាតិ​​យ៉ាង​ធ្ងន់​ធ្ងរ​ ខណៈ​ការ​ដឹក​នាំ​របស់​​គណបក្ស​​កាន់​អំណាច មាន​ពលរដ្ឋ​ខ្មែរ ជិត​ពាក់​កណ្តាល​ប្រទេស មិន​ពេញ​ចិត្ត​ជិត​១០​ឆ្នាំ​ទៅ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ