និស្សិតរាប់រយនាក់ បានជួបជុំគ្នានៅទីក្រុងធំៗនៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ ដោយមិនព្រួយបារម្ភនឹងការបង្រ្កាបលើអ្នកតវ៉ា បន្ទាប់ពីមានករណីហិង្សាលើអ្នកតវ៉ាកាលពីសប្តាហ៍មុន ដែលយ៉ាងហោចណាស់មានមនុស្ស ៨នាក់ បានស្លាប់ក្នុងអំពើហិង្សាដ៏ធ្ងន់ធ្ងរបំផុត នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ក្នុងរយៈពេលជាងពីរទសវត្សរ៍នេះ។
ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានរាយការណ៍នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះថា ការតវ៉ាបានចាប់ផ្តើមកាលពីសប្តាហ៍មុន ដោយប្រឆាំងជាអាទិភាពចំពោះការចំណាយរបស់រដ្ឋាភិបាល លើការផ្តល់អត្ថប្រយោជន៍បន្ថែមដល់សភា ហើយបន្តឡើងដល់ការបះបោរ និងការលួចប្លន់ បន្ទាប់ពីរថយន្តប៉ូលីសមួយគ្រឿងបុកសម្លាប់អ្នករត់ម៉ូតូឌុប។
ផ្ទះរបស់សមាជិកគណបក្សនយោបាយ រួមទាំងមន្ត្រីហិរញ្ញវត្ថុ ត្រូវបានចោរលួចនិងអគាររដ្ឋត្រូវបានរុះរើដុតបំផ្លាញ ដែលនេះជាបញ្ហាប្រឈមចំពោះរដ្ឋាភិបាលរបស់ប្រធានាធិបតី ប្រាបូវ៉ូ សាប់ប៊ីយ៉ាន់តូ តាំងពីលោកចូលមកកាន់តំណែងជិតមួយឆ្នាំនេះ។
កាលពីថ្ងៃអាទិត្យ លោក ប្រាបូវ៉ូ បានកាត់បន្ថយអត្ថប្រយោជន៍របស់សភា ដែលជាការសម្បទានដ៏សំខាន់មួយដល់ក្រុមអ្នកតវ៉ា ប៉ុន្តែលោកបានព្រមានថា កងកម្លាំងសន្តិសុខនឹងចាត់វិធានការតឹងរឹង ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ ហើយកងកម្លាំងនោះដឹកនាំដោយវត្តមានយោធាយ៉ាងច្រើន ដែលនាំឱ្យមានការពន្យាការជួបជុំគ្នានៅហ្សាកាតា។
តែទោះជាយ៉ាងណាក៏ដោយ ក្រុមនិស្សិតតវ៉ាបានប្រមូលផ្តុំគ្នានៅហ្សាកាតា ក៏ដូចជានៅមជ្ឈមណ្ឌលវប្បធម៌ទីក្រុងយ៉ុងយ៉ាហ្គាតា (Yogyakarta) នៃប្រទេសឥណ្ឌូនេស៊ី រួមទាំងទីក្រុងបានដុង (Bandung) និង ម៉ាកាសហ្សា (Makassa) ដែលជាទីតាំងនៃអំពើហិង្សាដ៏ធ្ងន់ធ្ងរ កាលពីចុងសប្តាហ៍ ដែលបណ្តាលឱ្យមានមនុស្សស្លាប់នៅក្នុងការដុត និងអំពើហិង្សាដោយហ្វូងមនុស្ស៕









