អង្គការពលកម្មអន្តរជាតិ កំពុងវាយតម្លៃផលប៉ះពាល់នៃការកាត់បន្ថយថវិកាចំនួន ១០៧លានដុល្លារ ដែលស្នើឡើងដោយរដ្ឋបាល លោក ត្រាំ ទៅទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ(Geneva) នេះបើតាមសារផ្ទៃក្នុងដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។
រ៉យទ័រ(Reuters) បានរាយការណ៍នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះថា បុគ្គលិកអង្គការពលកម្មអន្តរជាតិ ILO ដែលលើកកម្ពស់សិទ្ធិការងារអន្តរជាតិបានប្រាប់រ៉យទ័រថា ខ្លួនមានការព្រួយបារម្ភនៃការកាត់បន្ថយការងារបន្ថែមទៀត ខណៈសហរដ្ឋអាមេរិកដែលរួមចំណែក ២២% នៃថវិការបស់អាយឡូ (ILO) ព្យាយាមកាត់បន្ថយថវិកាវិញ។
សេតវិមាន បាននិយាយកាលពីថ្ងៃសុក្រថា ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានផ្លាស់ប្តូរដោយឯកតោភាគីដើម្បីលុបជំនួយបរទេសចំនួន ៤.៩ពាន់លានដុល្លារ ដែលអនុញ្ញាតដោយសភាសម្រាប់កម្មវិធីអន្តរជាតិមួយចំនួន ក្នុងនោះរួមទាំងការកាត់ចំនួន១០៧លានដុល្លារចំពោះអាយឡូ (ILO)ផងដែរ។
នៅក្នុងកំណត់ត្រាផ្ទៃក្នុងបានផ្ញើរទៅកាន់បុគ្គលិកនៃអង្គការពលកម្មអន្តរជាតិរបស់ លោក ហ្គីលបឺត ហុងបូ (Gilbert F. Houngbo) បាននិយាយថា អង្គការខ្វះព័ត៌មានពេញលេញចំពោះផលប៉ះពាល់នៃការកាត់បន្ថយនេះ។ បន្ថែមពីនេះ អង្គការពលកម្មអន្តរជាតិ បានប្រាប់រ៉យទ័រថា ខ្លួនកំពុងទាក់ទងជាមួយរដ្ឋបាលសហរដ្ឋអាមេរិក ដើម្បីស្វែងរកព័ត៌មានលំអិតបន្ថែមចំពោះរឿងនេះ។
បុគ្គលិកអាយឡូម្នាក់ បានប្រាប់រ៉យទ័រថា៖ ‘‘ការកាត់បន្ថយដ៏ច្រើននេះ’’ អាចនឹងធ្វើឱ្យការងាររបស់បុគ្គលិកមានហានិភ័យ។ បុគ្គលិកបានបន្ថែមថា សហសេវិកមានការខកចិត្តផងដែរ ចំពោះសេចក្តីថ្លែងការណ៍ពីសំណាក់សេតវិមានដោយបាននិយាយថា អង្គការនេះ ‘‘ធ្វើការដើម្បីបង្កើតសហជីពឱ្យកម្មករបរទេស និងដាក់ពិន័យផលប្រយោជន៍អាជីវកម្មអាមេរិកនៅក្រៅប្រទេស’’។
បុគ្គលិកបានបន្តថា ការបកស្រាយបែបនោះ បានបង្ហាញថា ការវាយតម្លៃប្រាសចាកពីគុណតម្លៃរបស់អង្គការពលកម្មអន្តរជាតិ៕









