ប្រជាសហគមន៍នេសាទនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានអះអាងមកថា ពួកគេជិត៥០គ្រួសារ មានការព្រួយបារម្ភពីវិបត្តិជីវភាពក្រោយដឹងថា ដីព្រៃលិចទឹកនៅតំបន់នោះ ១៤១ហិកតា ត្រូវបានស្ថាប័នពាក់ព័ន្ធកាត់ឱ្យទៅមន្ត្រីមានអំណាចមានងារជាឧកញ៉ាធ្វើជាកម្មសិទ្ធិ។
បើតាមប្រជាពលរដ្ឋ សហគមន៍នេសាទការពារព្រៃលិចទឹកជ្រលង មានផ្ទៃដីសរុប ១ ៥៧២ហិកតា មានទីតាំងស្ថិតនៅភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ទីតាំងនោះ ជាព្រៃកោងកាង ហើយស្ថិតក្នុងដែនសហគមន៍នេសាទជ្រលង ដែលសហគមន៍នេសាទបានគ្រប់គ្រង អភិរក្ស និងអាស្រ័យផលតាំងពីឆ្នាំ២០០៨មកម្លេះ ពោលគឺមានរយៈពេល១៧ឆ្នាំហើយ បើគិតត្រឹមឆ្នាំ២០២៥នេះ ដោយមានការទទួលស្គាល់ពីអាជ្ញាធរ និងក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាល។
អនុប្រធានសហគមន៍នេសាទការពារព្រៃលិចទឹកជ្រលង លោក រៀន ជាង ប្រាប់VODនៅថ្ងៃទី២ ខែកញ្ញានេះថា សហគមន៍នេសាទមួយនេះ បានបង្កើតឡើងតាំងពីមុនឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១០ ទើបមានការចុះបញ្ជីទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធ។
លោកគូសបញ្ជាក់ថា ទើបនៅឆ្នាំ២០២៤ ស្រាប់តែឈ្មោះ ហាន់ ឃៀង ដែលមានងារជាឧកញ៉ាបានស្នើសុំចុះបញ្ជី មានទីតាំងស្ថិតនៅសហគមន៍នេសាទ ដែលថា ពុំមានឯកសារកាន់កាប់ដីធ្លីស្របច្បាប់ និងសំអាងថាបានអាស្រ័យផលជាក់ស្ដែងយូរឆ្នាំទៅវិញ។
លោកថា៖ «ក្នុងពាក្យសុំកាត់ឆ្វៀលគេដាក់ថា ដីហ្នឹងប្រភេទដីអាស្រ័យផលជាក់ស្ដែង តែជាក់ស្ដែងការពិតដីហ្នឹងឧកញ៉ា ហាន់ ឃៀង មិនដែលឃើញគាត់មកអាស្រ័យផលទេ ហ្នឹងមានប្រជាពលរដ្ឋជាក់ស្ដែងមានដែលនៅក្នុងសហគមន៍គាត់ចិញ្ចឹមក្ដាម អីៗហើយខ្ញុំមកនៅនេះជាង២០ឆ្នាំមិនដែលឃើញឧកញ៉ាមកធ្វើអីសូម្បីម្ដង»។
លោក ជាង បង្ហាញការព្រួយបារម្ភថា ប្រសិនបើអាជ្ញាធរកាត់ឆ្វៀលដីតំបន់នេះ ឱ្យទៅបុគ្គលឈ្មោះ ហាន់ ឃៀង ពិតមែន នោះពួកគាត់ជិត៥០គ្រួសារ នឹងប្រឈមបញ្ហាជីវភាពធ្ងន់ធ្ងរ ពិសេសគឺបាត់បង់ព្រៃកោងកាង ដែលជាកន្លែងប្រកបមុខរបរបំរើដល់ជីវភាពប្រចាំថ្ងៃ និងជាកន្លែងសម្រាប់ទាក់ទាញភ្ញៀវទេសចររបស់សមាជិកសហគមន៍នេសាទជ្រលងនេះ។
លោកថា៖ «សហគមន៍នេះ បង្កើតឡើងតាំងពីឆ្នាំ២០០៥ ចុះបញ្ជីទទួលស្គាល់ជាក្រសួងកសិកម្មកាលពីឆ្នាំ២០១០ ក្តីបារម្ភបើចេញប័ណ្ណមែន យើងជាសហគមន៍នេសាទអស់ជាកន្លែងនេសាទ អស់កន្លែងអភិរក្សពួកគាត់អត់មានកន្លែងនេសាទទៀត តែគេចេញប្លង់រឹងសមាជិកនេសាទទាំងគណៈកម្មការប៉ះពាល់ខ្លាំង ព្រោះគាត់សង្ឃឹមអាស្រ័យផលលើដីហ្នឹង បើអស់ទៀតមានតែចំណាកស្រុក ព្រោះលើកមុននោះដី១១៨១ហិកតា គេចាក់ដីជុំវិញធ្វើឱ្យងាវ និងព្រៃកោងកាងងាប់អស់ហើយ »។
អនុប្រធានសហគមន៍រូបនោះ សង្កត់ធ្ងន់ថា ក្នុងនាមលោកជាតំណាងសហគមន៍ លោកស្នើឱ្យអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ពិនិត្យពិចារណាឡើងវិញ ចំពោះការចេញប័ណ្ណលើដីសហគមន៍នេសាទជ្រលងនេះ។
ដោយឡែក លោក ផូ ដូ ជាប្រជាជនរស់នៅតំបន់នេះ ក៏បានបង្ហាញក្ដីកង្វល់ប្រហាក់ប្រហែលគ្នាដែរ ដោយថា ប្រជាសហគមន៍ដែលរស់នៅតំបន់នេះ គឺពឹងផ្អែកទាំងស្រុងលើវិស័យជលផល ប្រសិនបើបាត់បង់ដីសហគមន៍នេះ នោះពួកគេនឹងប្រឈមជីវភាពកាន់តែខ្លាំងជាមិនខាន។
គាត់ថាបើដីព្រៃនេះមួយផ្នែកធ្លាក់ក្នុងដៃបុគ្គលជាឯកជនមែន នោះពួកគាត់នឹងបាត់បង់ប្រាក់ចំណូល ហើយអាចប្រឈមការចំណាកស្រុកឆ្ងាយជាលក្ខណៈគ្រួសារ។
លោកថា៖ «ក្ដីបារម្ភរបស់ខ្ញុំ បើសិនជារដ្ឋាភិបាលគាត់កាត់ដីទៅឲ្យឈ្មោះបុគ្គលខាងលើហ្នឹងបាន វាធ្វើឲ្យមានការប៉ះពាល់ដល់ជីវភាពពួកគាត់ខ្លាំង ព្រោះដោយសារពួកគាត់ហ្នឹងសព្វថ្ងៃហ្នឹងគាត់កំពុងតែរស់ដោយសារដីរបស់សហគមន៍ »។
ពលរដ្ឋរូបនេះ បន្ថែមទៀតថា៖ «បញ្ហាអ្នកឧកញ៉ាអ្នកមានលុយមានអំណាច គេគម្រោងវាស់វែងដីព្រៃលិចទឹកដីសហគមន៍ជាកម្មសិទ្ធិកាន់កាប់របស់គេ ដីនេះដីព្រៃកោងកាងដីព្រៃ យាយរួមដីព្រៃលិចទឹកហើយប្រជាជនកំពុងអាស្រ័យផលកំពុងធ្វើកសិកម្ម វារីវប្បកម្មហើយដីនេះអាស្រ័យផលមក២០ ៣០ឆ្នាំមកម្ល៉េះ គេមកធ្វើកម្មសិទ្ធិចេញបណ្ណកម្មសិទ្ធិ ស្នើសុំក្រសួងយកដីជាកម្មសិទ្ធិរបស់ឧកញ៉ាឈ្មោះ ហាន់ឃៀង»។
បើតាមសេចក្តីប្រកាសព័ត៌មានមួយច្បាប់របស់សមាគមឧកញ៉ាកម្ពុជា ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់ថា លោក ហាន់ ឃៀង ជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។
ជារឿយៗ លោក ហាន់ ឃៀង តែងតែដឹកនាំប្រតិភូសមាជិកឧកញ៉ា អមដំណើរនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ទៅចូលរួមកិច្ចប្រជុំកំពូលមួយចំនួននៅក្រៅប្រទេស ក្នុងនោះក៏មានផងដែរ ក្នុងដំណើរទៅកាន់កិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ(GMS) នៅប្រទេសចិន កាលពីថ្ងៃទី៦ និងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ជុំវិញករណីនេះ អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ សុំមិនធ្វើអត្ថាធិប្បាយជុំវិញកង្វល់របស់ប្រជាពលរដ្ឋនេះទេ ដោយជំរុញឱ្យទៅសួរក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំនួសវិញ ដែលគិតត្រឹមម៉ោងផ្សាយនេះ VOD(វីអូឌី )នៅមិនអាចទាក់ទងមន្ត្រីអ្នកនាំពាក្យបានទេ។
លោកថា៖ «ខ្ញុំគិតថា កិច្ចការងារនេះ ប្អូនសាកសួរទៅខាងក្រសួងរៀបចំដែនដីវិញ»។
សម្រាប់អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា ការព្រួយបារម្ភរបស់ពលរដ្ឋ ដែលកំពុងរស់នៅអាស្រ័យផលនៅតំបន់នោះជារឿងត្រឹមត្រូវ ដោយលោកសំអាងថា ពលរដ្ឋមានសិទ្ធិចូលរួមបង្ហាញពីក្ដីកង្វល់ និងស្នើសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំនៅពេលដែលពលរដ្ឋកំពុងរងគ្រោះ។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សរូបនេះ លើកឡើងថា អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ គួរតែមានការពិគ្រោះយោបល់ជាមួយនឹងខាងសហគមន៍ជាមុនសិន ហើយទទួលយករាល់ការស្នើសុំរបស់ពលរដ្ឋមកពិភាក្សា ស្វែងរកដំណោះស្រាយសមស្របណាមួយជូនពលរដ្ឋ។
លោកថា៖ «អាជ្ញាធរត្រូវធ្វើការពិគ្រោះយោបល់ជាមួយនឹងសហគមន៍ ជាពិសេសតំបន់ដែលប៉ះពាល់ហ្នឹងតែម្ដង ហើយស្ដាប់ការសំណូមពររបស់គាត់ គាត់ចង់បានអីរក្សាទុកដើម្បីអ្វី ជាជាងការគិតប្រយោជន៍តែបុគ្គលកាត់ឲ្យទៅបុគ្គលហ្នឹងនោះធ្វើជាប្រយោជន៍បុគ្គល ចឹងអាជ្ញាធរសូមគិតប្រយោជន៍សាធារណៈប្រយោជន៍សហគមន៍ជាធំវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរ[…]ចឹងអាជ្ញាធរត្រូវធ្វើការពិគ្រោះយោបល់ជាមួយនឹងពលរដ្ឋ ហើយស្ដាប់និងយកសំណូមពររបស់ប្រជាពលរដ្ឋទៅប្រាប់ថ្នាក់លើបានយល់ពីបញ្ហា និងកង្វល់របស់ប្រជាពលរដ្ឋ អំពីផលប៉ះពាល់ការកាត់ដីព្រៃកោងកាងដីសាធារណៈរបស់រដ្ឋនេះទៅឲ្យឯកជន»។
យ៉ាងណា បើតាមអនុប្រធានសហគមន៍នេសាទជ្រលង លោក រៀន ជាង និងពលរដ្ឋដែលកំពុងអាស្រ័យផលនៅលើដីសហគមន៍កំពុងរៀបចំឯកសារប្ដឹងជំទាស់ និងស្នើឱ្យអាជ្ញាធរខេត្ត រួមទាំងក្រសួងពាក់ព័ន្ធពិនិត្យពិចារណាឡើងវិញចំពោះការចេញប័ណ្ណ លើដីសហគមន៍នេសាទជ្រលងដែលមានទំហំ ១៤១ហិកតា ឲ្យទៅឈ្មោះ ហាន់ ឃៀង ដែលមានទីតាំងស្ថិតនៅភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីទុកជាសម្បត្តិរដ្ឋ។
លោកថា៖ «យើងកំពុងសុំការគាំទ្រពីពលរដ្ឋ និងសមាជិកសហគមន៍ ផ្ដិតមេដៃជំទាស់អត់ឱ្យចេញប័ណ្ណកម្មសិទ្ធិនេះទេ ព្រោះបើចេញទៀតគឺអស់ដែនសហគមន៍»។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា «សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ»៕









