តំណាងសហគមន៍ឡពាង ខេត្តកំពង់ឆ្នាំង ស្នើដល់សាលាឧទ្ធរណ៍ភ្នំពេញ ចុះស្រាវជ្រាវស៊ើបអង្កេតដោយផ្ទាល់នៅតំបន់មានជម្លោះដីធ្លី ដោយចុះជួបគ្រប់ភាគីពាក់ព័ន្ធ មុននឹងសម្រេចសេចក្តី ខណៈពួកគាត់បង្ហាញក្តីឈឺចាប់នឹងប្រព័ន្ធតុលាការថ្នាក់ទាប ដែលកាត់សេចក្តីទាំងអយុត្តិធម៌ឱ្យពួកគាត់ជាប់ទោស ទាំងដែលពួកគាត់បានបាត់បង់ដីធ្លីអស់រយៈពេល ២៥ឆ្នាំ ទៅលើក្រុមហ៊ុនខេឌីស៊ី (KDC) របស់ភរិយាអតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម។
នៅថ្ងៃទី០២ ខែកញ្ញានេះ សាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់តំណាងសហគមន៍ឡពាងចំនួន ៥រូប ដែលជាប់ចោទពីបទ ប្រើប្រាស់អំពើហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។
លោក ញឹម ញឿន ហៅ ស្ងួន ញឿន តំណាងសហគមន៍ឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលរងការចោទប្រកាន់ បានឱ្យដឹងនៅបន្ទាប់ពីសវនាការនោះថា ខាងភាគីក្រុមហ៊ុនបានប្តឹងតំណាងពលរដ្ឋទាំង ៥រូប ទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ថាបានប្រើប្រាស់ហិង្សា និងធ្វើឱ្យខូចខាតរបងក្រុមហ៊ុន ទាំងដែលពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់។
លោកបន្តថា នៅថ្ងៃកើតហេតុនោះ ពលរដ្ឋបានធ្វើសន្និសីទកាសែតរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនខេឌីស៊ី ប៉ុន្តែខាងកម្មកររបស់ក្រុមហ៊ុនបានរំខានដល់ពលរដ្ឋ និងបានវាយរបងនោះគប់មកលើពលរដ្ឋ តែបែរជាខាងក្រុមហ៊ុនប្តឹងពលរដ្ឋទៅតុលាការ ហើយសាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចក្តីទាំងអយុត្តិធម៌ឱ្យក្រុមហ៊ុនឈ្នះក្តីលើពលរដ្ឋថែមទៀត។
ការណ៍នេះ លោកស្នើដល់សាលាឧទ្ធរណ៍ភ្នំពេញ ចុះទៅស្រាវជ្រាវ និងស៊ើបអង្កេតដោយផ្ទាល់នៅទីតាំងកើតហេតុ ឬទីតាំងដីដែលមានជម្លោះ និងត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជៀសវាងការសម្រេចសេចក្តី ឬប្រកាសសាលដីកា ដោយស្តាប់តែចម្លើយពីខាងសមត្ថកិច្ច សាក្សីខាងក្រុមហ៊ុន និងក្រុមហ៊ុន តែមិនមានការចូលរួមពីពលរដ្ឋ។
លោក ស្ងួន ញឿន និយាយថា៖ «បើសិនជាតុលាការយុត្តិធម៌ តុលាការឯករាជ្យ តុលាការចុះទៅស៊ើបអង្កេតដោយច្បាស់លាស់កន្លែងកើតហេតុ ខ្ញុំជឿថានឹងមានយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដីធ្លីទាំង១០៨គ្រួសារហ្នឹង នៅក្នុងសហគមន៍ឡពាងរបស់ខ្ញុំ តែបើតុលាការអត់បានទៅស៊ើបអង្កេត កាត់ក្តីទៅតាមតែរបាយការណ៍របស់ប៉ូលីសថ្នាក់ក្រោម របាយការណ៍របស់ក្រុមហ៊ុនទេ ខ្ញុំថា គ្មានយុត្តិធម៌ទេថ្ងៃប្រកាសសាលក្រម ថ្ងៃទី១២[ខែកញ្ញា]ហ្នឹង»។
តំណាងសហគមន៍ឡពាងម្នាក់ទៀតដែលរងការចោទប្រកាន់នៅតុលាការដែរនោះ លោក ម៉ា យាវ អាយុ ៤៨ឆ្នាំ បានស្នើដល់តុលាការទម្លាក់បទចោទប្រកាន់ទៅលើតំណាងពលរដ្ឋ ដោយថាពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ភាគីក្រុមហ៊ុនឡើយ។
លោកថា៖ «ខ្ញុំក៏សូមអំពាវនាវដែរដល់សម្តេចបវធិបតី និងសម្តេចតេជោ ហ៊ុន សែន សូមលោកមេត្តាជួយជំរុញឱ្យមានការដោះស្រាយនូវបញ្ហាដីធ្លីជូនពលរដ្ឋពួកយើងខ្ញុំ ហើយសូមឱ្យជួយអន្តរាគមន៍ពីបញ្ហាដែលពលរដ្ឋជាប់ចោទ ដែលកើតឡើងពីបញ្ហាដីធ្លីទាំងអស់ សូមឱ្យតុលាការទម្លាក់ ហើយច្រានចោលនូវបទចោទពីពលរដ្ឋទាំងអស់នោះ ឱ្យរួចផុតពីការចោទប្រកាន់ទាំងអស់ហ្នឹង ដើម្បីមានសេរីភាពគ្រប់បែបយ៉ាង»។
តំណាងសហគមន៍ឡពាង អ្នកស្រី អ៊ុំ សុភី ដែលបានឡើងមកគាំទ្រស្វាមីឈ្មោះ ស្ងួន ញឿន និងពលរដ្ឋផ្សេងទៀតដែលរងការចោទប្រកាន់ បាននិយាយថា ក្រុមហ៊ុនខេឌីស៊ី បានបំពានរំលោភយកដីធ្លី និងធ្វើរបងហ៊ុំព័ទ្ធដីរបស់ពលរដ្ឋ ហើយបែរជាប្តឹងពលរដ្ឋជាច្រើនករណីទៅកាន់តុលាការថែមទៀត ដែលការណ៍នេះជារឿងអយុត្តិធម៌សម្រាប់ពលរដ្ឋ។
អ្នកស្រីបន្តថា សំណុំរឿងដែលក្រុមហ៊ុនប្តឹងពលរដ្ឋនេះ ត្រូវបានបញ្ជូនមកតុលាការនៅក្រុងភ្នំពេញទាំងអស់ ដែលធ្វើឱ្យពលរដ្ឋត្រូវចំណាយសាហ៊ុយច្រើនក្នុងការធ្វើដំណើរចុះឡើង ខណៈដែលពួកគាត់រងគ្រោះដោយសារដីធ្លីធ្លាក់ខ្លួនក្រីក្រហើយ ត្រូវចំណាយប្រាក់តតាំងក្តីនៅតុលាការជាមួយក្រុមហ៊ុន ហើយត្រូវតុលាការសម្រេចឱ្យពលរដ្ឋជាប់ទោសទាំងអយុត្តិធម៌ថែមទៀត។
អ្នកស្រី អ៊ុំ សុភី បង្ហាញការឈឺចាប់ចំពោះប្រព័ន្ធតុលាការថា៖ «ធ្វើហ្នឹង អត់មានហៅពួកខ្ញុំមកសាកសួរ អត់មានឱ្យសាក្សីចូលទៅបំភ្លឺទេ អីចឹងបានថា ការចោទប្រកាន់របស់ពួកគាត់ហ្នឹងទាំងបំពាន ដោយមិនមានយុត្តិធម៌សម្រាប់ពួកខ្ញុំ អីចឹងពួកខ្ញុំអត់អាចទទួលយកបានទេ ក្នុងការដែលតុលាការផ្តន្ទាទោស ឱ្យគ្រួសាររបស់ខ្ញុំជាប់ពន្ធនាគារ ៣ឆ្នាំ ដោយទោសព្យួរ ហើយបង់លុយទៅឱ្យសងជំងឺចិត្តទៅដល់ក្រុមហ៊ុនដល់ទៅម្នាក់ ២លាន[រៀល]នោះ គឺពួកខ្ញុំអត់អាចទទួលយកបានទេ ហើយបញ្ហាដីធ្លីរបស់ពួកខ្ញុំគឺអត់ព្រមដោះស្រាយសោះ គ្រាន់តែក្រុមហ៊ុនប្តឹងស្មាណា គឺចាត់ការស្មាហ្នឹង អីចឹងពួកខ្ញុំទទួលភាពអយុត្តិធម៌រហូតមក មិនដែលទទួលបាននូវអ្វីដែលជាយុត្តិធម៌សម្រាប់ពួកខ្ញុំទេ»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង និងតំណាងក្រុមហ៊ុន ខេឌីស៊ី បានទេ នៅថ្ងៃអង្គារនេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បញ្ហាទំនាស់ដីធ្លីនៅសហគមន៍ឡពាងនេះ បានកើតឡើងរ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ នៅតែពុំទាន់មានដំណោះស្រាយឡើយ ហើយផ្ទុយទៅវិញតំណាងសហគមន៍ជាច្រើនរូប បានរងនូវការចោទប្រកាន់តាមផ្លូវតុលាការ និងជាប់ពន្ធនាគារ ដោយសារតែភាពសកម្មនៃការតស៊ូមតិដើម្បីការពារ និងទាមទារនូវយុត្តិធម៌រឿងដីធ្លីរបស់ពួកគាត់ទៅវិញ។
លោកបន្តថា ការអូសបន្លាយពេលនៃការដោះស្រាយបញ្ចប់បញ្ហាវិវាទដីធ្លីនេះ បានធ្វើឱ្យប្រជាសហគមន៍ជួបបញ្ហាប្រឈមក្នុងជីវភាព កូនចៅត្រូវបោះបង់ការសិក្សា និងជួបបញ្ហាបំណុលថែមទៀត។ ការណ៍នេះ លោកបានជំរុញដល់រដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ពន្លឿនការដោះស្រាយបញ្ចប់វិវាទដីធ្លីនេះ ហើយសង្ឃឹមថាសាលាឧទ្ធរណ៍នឹងទម្លាក់បទចោទទៅលើតំណាងពលរដ្ឋទាំងនោះ។
លោក អំ សំអាត និយាយថា៖ «ខ្ញុំយល់ថា ដល់ពេលហើយដែលបញ្ហារឿងដីធ្លីនៅសហគមន៍ឡពាងនេះ គួរតែត្រូវបានពន្លឿននិតិវិធីដោយក្រសួងស្ថាប័នពាក់ព័ន្ធ និងភាគីពាក់ព័ន្ធ ជំរុញឱ្យមានដំណោះស្រាយឱ្យបានលឿនឱ្យបានឆាប់សម្រាប់ពួកគាត់ ដើម្បីកាត់បន្ថយនូវភាពលំបាកនៃជីវភាពរស់នៅ ក៏ដូចជាការចំណាកស្រុក ឬក៏បំណុលផ្សេងៗ និងការបោះបង់ការសិក្សារបស់កូនគាត់ជាដើមហ្នឹង»។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងសហគមន៍ឡពាង ខេត្តកំពង់ឆ្នាំង មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ KDC របស់អ្នកស្រី ជា ខេង ភរិយាលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តាំងពីឆ្នាំ២០០២ មកម្ល៉េះ ដោយក្រុមហ៊ុនបានឈូសឆាយដីអ្នកភូមិ ១៤០ហិកតា។ នេះបើតាមសហគមន៍ឡពាង ដែលធ្លាប់រាយការណ៍កន្លងមក៕









