ប្រភពចៅក្រមនិងអង្គការសិទ្ធិមនុស្ស បាននិយាយកាលពីថ្ងៃអង្គារថា ចៅក្រមស៊ើបអង្កេតបារាំងបានចេញដីកាចាប់ខ្លួនអតីតមន្ត្រីកំពូលស៊ីរីចំនួន ៧នាក់ រួមទាំងអតីតប្រធានាធិបតី បាសា អាល់អាសាធ(Basharal-Assad) ចំពោះការទម្លាក់គ្រាប់បែកលើមជ្ឈមណ្ឌលសារព័ត៌មាន នៅទីក្រុងហូម(Homs) កាលពីឆ្នាំ២០១២។
ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ(Reuters) បានរាយការណ៍នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ថា ទីក្រុងហូម(Homs)ដែលនៅភាគខាងលិចប្រទេសស៊ីរី គឺជាបន្ទាយដ៏រឹងមាំរបស់ពួកឧទ្ទាម អំឡុងពេលសង្រ្គាមស៊ីវិលនៅស៊ីរី ដែលត្រូវបានឡោមព័ន្ធដោយកងកម្លាំងរបស់រដ្ឋាភិបាល លោក អាសាធ(Assad) ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤។ ការឡោមព័ន្ធត្រូវបានបញ្ចប់ដោយពួកឧទ្ទាមប្រឆាំង លោក អាសាធ(Assad) បានដកខ្លួនចេញពីទីក្រុង។
គ្រាប់រ៉ុកកែត បានវាយប្រហារ “មជ្ឈមណ្ឌលសារព័ត៌មានក្រៅផ្លូវការ” នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ ដោយបានសម្លាប់អ្នកកាសែតអាមេរិកកាំងដ៏ល្បីល្បាញ មានឈ្មោះថា ម៉ារៀ ខលវីន(Marie Colvin) និង អ្នកថតរូបជនជាតិបារាំង ឈ្មោះ រ៉េមី អូឈ្លីក(Remi Ochlik) និងធ្វើឱ្យអ្នកកាសែត ២នាក់ផ្សេងទៀត រងរបួស រួមទាំងអ្នកបកប្រែផងដែរ។
សហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស បាននិយាយថា អតីតមន្ត្រីទាំង ៧រូប ត្រូវបានចោទប្រកាន់ពីបទសមគំនិតឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ចំពោះការវាយប្រហារលើមជ្ឈមណ្ឌលនេះ។ បន្ថែមពីនេះ ប្រទេសបារាំងអនុញ្ញាតឱ្យដាក់សំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងតុលាការរបស់ខ្លូន។ ប្រភពតុលាការ បាននិយាយថា ដីកាចាប់ខ្លួនរបស់អឺរ៉ុបនេះ ត្រូវបានដាក់ចេញកាលពីខែមុន។
អង្គការសិទ្ធិមនុស្សផ្សេងទៀតនៃមជ្ឈមណ្ឌលស៊ីរី សម្រាប់ប្រព័ន្ធផ្សព្វផ្សាយនិងការបញ្ចេញមតិដោយសេរីបាននិយាយថា ចៅក្រមប្រទេសបារាំងបានរកឃើញថា ការវាយប្រហារមានគោលដៅទៅកាន់អ្នកកាសែតបទេសដោយចេតនា៕









