អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch រកឃើញថា រដ្ឋាភិបាលកម្ពុជា កំពុងតាមយាយីពលរដ្ឋខ្មែរ រស់នៅប្រទេសជប៉ុន ដែលមិនចំណុះឱ្យរដ្ឋាភិបាល ដែលខ្លួនយល់ថា សកម្មភាពនេះ ជាការគាបសង្កត់ឆ្លងដែនហួសព្រំដែន ត្រូវតែស្តីបន្ទោស ដើម្បីការពារសិទ្ធិជនភៀសខ្លួន។
នេះបើតាមរបាយការណ៍របស់ Human Rights Watch ចេញផ្សាយកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥នេះ។ Human Rights Watch បាននិយាយថា រដ្ឋាភិបាលប្រទេសកម្ពុជា ពង្រីកការគាបសង្កត់សកម្មជនក្នុងប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងៗទៀត ដែលនេះគឺជាឧទាហណ៍មួយរាប់បញ្ចូលជាការគាបសង្កត់ឆ្លងដែន។
លើសពីនេះ អង្គការនេះ បានជំរុញឱ្យរដ្ឋាភិបាលជប៉ុន គួរតែស្តីបន្ទោសលើរដ្ឋាភិបាលកម្ពុជា ចំពោះការគាបសង្កត់ឆ្លងដែន និងចាត់វិធានការ ការពារប្រជាជនកម្ពុជាដែលរស់នៅក្នុងប្រទេសជប៉ុន ឲ្យបានល្អប្រសើរ។
Human Rights Watch បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានព្យាយាមរារាំងការរិះគន់ជាសាធារណៈលើការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់កាប់អំណាចនេះ ដោយកំណត់ទិសដៅអ្នកប្រឆាំងនៅឯក្រៅប្រទេស និងអ្នកគាំទ្រនយោបាយគណបក្សប្រឆាំង ក៏ដូចជាសាច់ញាតិរបស់ពួកគេនៅប្រទេសកម្ពុជាផងដែរ។
សម្រាប់ Human Rights Watch ការអនុវត្តនេះ ត្រូវបានគេស្គាល់ថា ការគាបសង្កត់ឆ្លងដែនហួសព្រំដែន ដើម្បីបង្ក្រាបអ្នកប្រឆាំង និងសមាជិកសមាគមន៍ជនភៀសខ្លួន។
ជុំវិញបញ្ហានេះ ខ្លួនបានសុំបញ្ជាក់ពីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ សម្រាប់ការសុំអធិប្បាយលើការរកឃើញនេះ ប៉ុន្តែថា ក្រសួងមិនបានឆ្លើយតបនោះទេ។
សម្រាប់ អ្នកស្រី វាន់ លក្ខិណា អ្នកតស៊ូមតិដែលកំពុងរស់នៅប្រទេសជប៉ុន បានចាត់ទុករបាយការណ៍ដែលចេញដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានឆ្លុះបញ្ចាំងពីការពិត ថាពិតមានការគំរាមឆ្លងដែននេះពិតមែន។
អ្នកស្រីថា រូបអ្នកស្រីផ្ទាល់ក៏ធ្លាប់ការគំរាមឆ្លងដែនពីគណបក្សប្រជាជនកម្ពុជាផងដែរ ។
អ្នកស្រីថា៖ «នៅពេលដែលយើងធ្វើសកម្មភាពប្រឆាំង ឬក៏មិនពេញចិត្តនូវគោលនយោបាយណាមួយរបស់រដ្ឋាភិបាលកម្ពុជា គឺគ្រួសាររបស់យើងនឹងតែងតែជួបប្រទះនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដូចជាមានអាជ្ញាធរមានប៉ូលិសមានមេភូមិមេឃុំ ដែលគាត់ទៅគំរាមអ្នកផ្ទះយើង ទៅណែនាំគ្រួសារឪពុកម្ដាយកុំឲ្យកូននៅក្រៅប្រទេសហ្នឹងធ្វើសកម្មភាពបន្តទៀត»។
លើសពីនេះ អ្នកស្រីថា គាត់ធា្លប់រងការគំរាមតាមរយៈផ្ញើសារ គេគំរាមចាប់កូនរបស់អ្នកស្រី គំរាមក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជា បើមិនព្រមបញ្ឈប់ការរិះគន់ រួមទាំងមានដីកាកោះដល់ទៅ២លើកទៀតផង ។
អ្នកស្រីថា៖ «អ្វីសំខាន់ហ្នឹងគឺវាឆ្លុះបញ្ចាំងហើយ គឺពីការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាហ្នឹង គឺឲ្យតែអ្នកណាមិនយល់ស្រប ឲ្យតែអ្នកណាប្រឆាំងនឹងគោលនយោបាយរបស់គាត់ គឺគាត់និងលុបបំបាត់គេចោលតែម្ដង គឺនៅក្នុងប្រទេសកម្ពុជាហ្នឹង គឺមានករណីជាច្រើនដែលប្រជាពលរដ្ឋរងគ្រោះ ដោយសារតែការតវ៉ាការ ការទាមទាររកយុត្តិធម៌អីជាដើម អ៊ីចឹងបានន័យថា ការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជារវាងឲ្យកូនលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ហ្នឹងគឺជាការដឹកនាំមួយដែលមិនឲ្យប្រជាពលរដ្ឋហ្នឹង ស្វែងយល់ យល់ដឹងអំពីបញ្ហានយោបាយ ពីបញ្ហាសង្គម និងការដឹកនាំរបស់គេទេ ជាពិសេសគឺប្រជាពលរដ្ឋណាដែលប្រឆាំងនឹងការដឹកនាំ គេនឹងបំបាត់ចោលតែម្ដង អ៊ីចឹងវាមិនខុសអីពីប្រទេសផ្ដាច់ការមួយចំនួនទេ»។
VOD មិនអាចសុំប្រតិកម្មពីរដ្ឋាភិបាលបានទេ ជុំវិញការលើកឡើងនេះ។ ប៉ុន្តែជារឿយៗរដ្ឋាភិបាលតែងតែច្រានចោលរាល់ការរកឃើញពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងការរកឃើញរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិផងដែរ។
ដោយឡែក អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន និយាយថា ការរកឃើញថា រដ្ឋាភិបាលកម្ពុជា រំលោភសិទ្ធិមនុស្ស មិនមែនជារឿងថ្មីទេ ដោយថា ជារឿយៗរដ្ឋាភិបាលតែងតែរងការចោទថា បានរំលោភសិទ្ធិមនុស្សទាំងក្នុងនិងក្រៅប្រទេស។ ហើយថា រដ្ឋាភិបាលក៏តែងតែបដិសេធការរកឃើញបែបនេះ ជាញឹកញាប់ដែរ ដែលលោកថា បញ្ហានេះ មិនមែនជារឿងថ្មីសម្រាប់កម្ពុជាទេ។
លោកថា៖ «ដូច្នេះមិនមានអីប្លែកទេរឿងអស់នេះ ជាទូទៅអ្នកដែលមានអំណាចតែងតែរំលោភសិទ្ធិមនុស្សរំលោភទៅលើអ្នកទន់ខ្សោយ ជាទូទៅអ៊ីចឹងហើយបានគេតែងតែមានច្បាប់គេធ្វើឲ្យមានចែងជាច្បាប់ ដើម្បីកុំឲ្យអ្នកដែលមានអំណាចរំលោភទៅលើអ្នកទន់ខ្សោយ ប៉ុន្តែអាស្រ័យលើអ្នកមានអំណាចនោះគោរពច្បាប់ឬអត់ ដូចជា ក្នុងករណីរំលោភបំពានពីសំណាក់ប្រទេសថៃមកលើកម្ពុជានេះ»។
យ៉ាងណា លោកចង់ឃើញអង្គការអន្តរជាតិមួយនេះ បង្ហាញជំហរផងដែរ ជុំវិញការដែលទាហានថៃ រំលោភសិទ្ធិពលរដ្ឋខ្មែរ រឿងជម្លោះព្រំដែន ដែលថៃបានបណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះសម្បែង ហើយយោធាថៃយកលួសបន្លាមកព័ទ្ធយកផ្ទះពលរដ្ឋខ្មែរថ្មីៗនេះ។
ទាក់ទិនរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ការគោរពសិទ្ធិមនុស្សគឺសំខាន់សម្រាប់ប្រទេសដែលប្រជាធិបតេយ្យ ហើយកម្ពុជា បច្ចុប្បន្ន ការគោរពសិទ្ធិមនុស្ស គឺមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសេចក្ដីថ្លែងការណ៍ស្ដីពីសិទ្ធិមនុស្សជាសកលផងដែរ ដូច្នេះកម្ពុជាមានកាតព្វកិច្ចអនុវត្តន៍ឱ្យបានពេញលេញ។
លោកបន្តថា ប្រសិនបើការគោរពសិទ្ធិនៅកម្ពុជាមានភាពខ្វះចន្លោះ នោះនឹងប៉ះពាល់ដល់ការអនុវត្តសិទ្ធិ និងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ ពិសេសរងការរិះគន់ពីសហគមន៍អន្តរជាតិទៀតផង។
លោកថា៖ «ប្រសិនបើរដ្ឋាភិបាលលោកមិនបានអនុវត្ត និងបំពេញតាមកាតព្វកិច្ចរបស់ខ្លួនទេ អាហ្នឹងវាធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋមានសិទ្ធិរបស់ពលរដ្ឋមួយចំនួន ចេញដើម្បីកុំឲ្យមានការរិះគន់រាជរដ្ឋាភិបាល ឬក៏កម្ពុជា យើងត្រូវតែអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដែលជារដ្ឋភាគីនៅក្នុងការលើកកម្ពស់ទៅលើសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ សិទ្ធិសេរីភាពផ្សេងៗទៀតរបស់ពលរដ្ឋធ្វើអ៊ីចឹងដែរ ហើយធានាថាពលរដ្ឋគ្រប់រូបអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួន ទូលំទូលាយស្របតាមបទដ្ឋានអន្តរជាតិនិងរដ្ឋធម្មនុញ្ញ»។
ក្នុងនាមជាសង្គមស៊ីវិល លោកសង្កត់ធ្ងន់ថា ដើម្បីកុំឱ្យមានការរិះគន់ កម្ពុជាត្រូវធានាឱ្យពេញលេញពីសេរីភាពក្នុងការបញ្ចេញមតិ និងត្រូវពិនិត្យ រាល់របាយការណ៍ដែលរកឃើញដោយសហគមន៍ជាតិ និងអន្តរជាតិឱ្យលម្អិត និងកែលម្អចំនុចខ្វះខាត ជាជាងការបដិសេធដោយមិនបានពិនិត្យជាមុន។
យ៉ាងនេះក្តី អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានគូសបញ្ជាក់ថា ចន្លោះខែមេសាដល់ខែកក្កដា ឆ្នាំ២០២៥ អង្គការឃ្លាំមើលសិទិ្ធមនុស្សបានសម្ភាសន៍ជនជាតិខ្មែរចំនួន ២៣នាក់ ដែលរស់នៅប្រទេសជប៉ុន។ ពួកគេស្ទើរតែគ្រប់គ្នាបានចូលរួមសកម្មភាពសន្តិវិធី ចូលរួមជាសាធារណៈ និងប្រមូលផ្តុំគ្នាគាំទ្រគណបក្សប្រឆាំងកម្ពុជា ពិសេសនោះគឺគណបក្សសង្រ្គោះជាតិ ដែលត្រូវបានគេរំលាយ និងគណបក្សភ្លើងទៀន។ ដោយឡែក អ្នកដ៏ទៃទៀត បានបង្កើតមាតិការធ្វើការរិះគន់គណបក្សកាន់អំណាចតាមបណ្តាញអ៊ីនធើណែត។
សម្រាប់ប្រភពនោះ ជាច្រើនឆ្នាំកន្លងទៅនេះ អាជ្ញាធរប្រទេសកម្ពុជាបានបង្រ្កាបការតវ៉ាដោយសន្តិវិធី និងបានចាប់ខ្លួន ថែមទាំងកាត់ទោសសមាជិកគណបក្សនយោបាយប្រឆាំង និងសកម្មជនសហជីពតាមតែអំពើចិត្ត។
លើសពីនេះ ពួកគេបានធ្វើសកម្មភាពខ្លាំងឡើងប្រឆាំងនិងអ្នករិះគន់នៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយផងដែរ។ អ្នករិះគន់រដ្ឋាភិបាលមួយចំនួន បានភៀសខ្លួនទៅប្រទេសផ្សេងៗទៀត រួមទាំងប្រទេសជប៉ុន ជាកន្លែងដែលទទួលនាមជាជនភៀសខ្លួន ដែលរដ្ឋាភិបាលជប៉ុនផ្តល់ឱ្យដោយកម្រ៕









