ក្រុមអាជ្ញាធរ និងនិស្សិត និយាយថា ប៉ូលីសប្រទេសឥណ្ឌូនេស៊ី បានបាញ់ឧស្ម័នលើក្រុមអ្នកតវ៉ានៅជិតសកលវិទ្យាល័យចំនួន២ នៅទីក្រុងបានដុង(Bandung) ដោយបង្កឱ្យមានការព្រួយបារម្ភអំពីភាពចលាចលដែលបានសម្លាប់មនុស្សចំនួន ១០នាក់ ចាប់តាំងពីសប្តាហ៍មុន។
ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានរាយការណ៍នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥នេះថា ការតវ៉ាបានចាប់ផ្តើមនៅរដ្ឋធានីហ្សាកាតា ដែលផ្តោតលើគោលដៅនៃការចំណាយរបស់រដ្ឋាភិបាលបង្កើនអត្ថប្រយោជន៍សម្រាប់សភា ហើយតាំងពីពេលនោះមក ការតវ៉ាបានរីករាលបានពេញផ្ទៃប្រទេស។ ការផ្ទុះកុបកម្ម និង ការលួចប្លន់បានបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិនៅក្នុងទីក្រុងរាប់លានដុល្លារ បន្ទាប់ពីរថយន្តប៉ូលិសបានបើកបុកអ្នករត់ម៉ូតូឌុបម្នាក់ស្លាប់។
ក្រុមនិស្សិតសកលវិទ្យាល័យត្រូវបានគេមើលឃើញថា ជាអ្នកការពារលទ្ធិប្រជាធិបតេយ្យនៃប្រទេសឥណ្ឌូនេស៊ីជាយូរហើយ ដោយបានដើរតួនាទីនាំមុខការតវ៉ាផ្តួលរំលំប្រធានាធិបតីផ្តាច់ការស៊ូហាតូ (Suharto) ក្នុងឆ្នាំ១៩៩៨។
ព្រឹត្តិការណ៍នៅទីក្រុងបានដុងនេះ គឺជាករណីដំបូងដែលប៉ូលីសបាញ់លើក្រុមបាតុករនៅជិតបរិវេណសកលវិទ្យាល័យអំឡុងពេលនៃការតវ៉ានាពេលបច្ចុប្បន្ន។
យ៉ាងណា មន្ត្រីប៉ូលីសបាននិយាយថា ខ្លួនមិនបានចូលទៅក្នុងបរិវេណសកលវិទ្យាល័យឥស្លាមបានដុងនៅជិតសកលវិទ្យាល័យប៉ាស៊ូដង់ ដែលមានចម្ងាយជាង ១៤០គីឡូម៉ែត្រ ពីទីក្រុងហ្សាកាតា ប៉ុន្តែនឹងព្យាយាមបំបែកហ្វូងបាតុករដែលមិនមែននិស្សិតនៅជុំវិញបរិវេណនោះ។
ក្រុមនិស្សិតសកលវិទ្យាល័យឥស្លាមបានដុង បានចោទប្រកាន់កងកម្លាំងសន្តិសុខថា កំពុងព្យាយាមរកវិធីរារាំងការបំបាត់សំឡេងនេះដោយលើកឡើងថា ជាការ‘‘វាយប្រហារយ៉ាងព្រៃផ្សៃ’’នៅបរិវេណសាលា។ដោយឡែកក្រុមនិស្សិតនៅសកលវិទ្យាល័យប៉ាស៊ូដង់ ក៏បានចែករំលែកស្រដៀងគ្នាផងដែរ នៅក្នុងប្រព័ន្ធបណ្តាញសង្គម។
បន្ថែមពីនេះ និស្សិតនៅប៉ាស៊ូដង់ យូហ្គា តាឌីយ៉ាឡាហ្គា រូជីយ៉ា (Pasundan Yoga Tadiyalaga Ruchiya)មានការខឹងសម្បា ដោយបានរកឃើញសម្បកគ្រាប់បែកយ៉ាងហោចណាស់ ៤០ គ្រាប់ នៅបរិវេណសកលវិទ្យាល័យ។ ជាមួយគ្នានេះ និស្សិតសកលវិទ្យាល័យឥស្លាមម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងបរិវេណសាលារបស់គាត់ ហើយកំពុងទទួលការវះកាត់។
ប្រភពរ៉យទ័រថា ស្នងការសិទ្ធិមនុស្សរបស់ប្រទេសឥណ្ឌូនេស៊ី បង្ហាញអំពីការព្រួយបារម្ភចំពោះកងកម្លាំងសន្តិសុខ ហើយកំពុងធ្វើការស៊ើបអង្កេតជុំវិញរឿងនេះ។ យ៉ាងណា ការឆ្លើយតបរបស់សន្តិសុខក៏ត្រូវបានអង្គការអន្តរជាតិធ្វើការរិះគន់ផងដែរ។ ដោយឡែកការិយាល័យអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការចោទប្រកាន់ពីការរំលោភសិទ្ធិដោយកងកម្លាំងសន្តិសុខ និងជំរុញឱ្យមានការស៊ើបអង្កេត៕









