តុលាការក្រុងភ្នំពេញ​​មិន​ឱ្យ​សកម្មជន​២៣​តុលា​នៅ​ក្រៅ​ឃុំ​ទោះ​បាន​ឃុំ​ខ្លួន​ជាង​១ឆ្នាំ

តុលាការ​​ក្រុង​​ភ្នំពេញ នៅព្រឹ​ក​ថ្ងៃ​ពុធ​​នេះ បាន​​បដិសេធ​បណ្តឹង​​​សុំ​នៅ​ក្រៅឃុំ​​​របស់​សកម្ម​ជន​​ផ្សព្វ​​​ផ្សាយ​​​កិច្ច​ព្រម​ព្រៀងទី​​ក្រុង​​ប៉ារីស​២៣​តុលា ដោយ​​មិន​​បាន​​ផ្តល់​សម្អាង​​ហេតុ ​និ​ង​​បាន​​ចាប់​​​ផ្តើម​​​បើក​​ស​វនាការ​​លើ​អង្គ​សេចក្តី​ សួរ​ដេញដោល​សកម្ម​ជន​ទាំងនោះ ជុំវិញ​​បទ​​ចោទ ញុះ​ញង់​។

កាលពី​​ថ្ងៃទី​២៧ ខែសីហា​ សាលាដំបូងរាជធានីភ្នំពេញ បាន​បើក​សវនាការ​​​​​​លើ​ការ​ស្នើសុំ​នៅក្រៅ​ឃុំជាបណ្តោះ​អាសន្ន​របស់​សកម្មជន​​២៣តុលា ដែល​​មាន​លោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា និង​​លោក សាន សិទ្ធ ដោយប្រកាសសាលក្រម​នៅថ្ងៃទី​០៣ ខែ​កញ្ញានេះ ក្រោយ​មេធាវី​​​បានស្នើ​និតិ​វិធី​ដោយ​ផ្ទាល់​មាត់ ដោយ​សារតែ​ការ​ឃុំខ្លួន​លើ​សកម្ម​ជនទាំងនោះបាន​ធ្វើឡើង​ជាង១ឆ្នាំ​មក​ហើយ។

លោក សឺន ជុំជួន សហ​មេធាវីការ​ពារក្តីឱ្យ​សកម្មជន២៣តុលា បាន​ថ្លែងប្រាប់​ក្រុមអ្នកសារព័ត៌មាន​នៅ​មុខ​សាលា​​ដំបូងរាជធានីភ្នំពេញ​​ថា តុលាការ​បាន​សម្រេច​បដិសេធ​បណ្តឹង​សុំនៅក្រៅឃុំ​នេះ ដោយ​មិន​បានបញ្ជាក់​ពីមូលហេតុនោះទេ ដោយ​សារពេល​វេលាខ្លី។

លោកថា៖ «យើងនៅតែ​ចាត់ទុកថាជាការ​ប៉ះពាល់ទៅ​លើ​សិទ្ធិ​នៃ​ការ​ឃុំខ្លួន យើង​គិត​​ថេរវេលា​មក​ដល់​ពេល​នេះ គឺការ​ឃុំខ្លួន​​មានរហូត​ដល់ទៅជាង​១ឆ្នាំ​ទៅហើយ ម្លោះ​ហើ​យ​តុលាការគប្បី​ពិចារណា​កន្លែង​ហ្នឹង​ ដើម្បី​ឱ្យ​ពួកគាត់​មានសេរីភាព ប៉ុន្តែផ្ទុយទៅ​វិញការ​ប្រកាស​សាល​ក្រម​គឺ​​មិន​ត្រូវ​បាន​អនុញ្ញាត​ទេ ហើយ​យើង​មិនបាន​ការ​សម្អាងហេតុដែល​មិន​ព្រម​ដោះ​​លែង​ហ្នឹង យើង​​ក៏​មិនបាន​ដឹងច្បាស់​ទៀត មិនដឹង​​ថាគាត់ស​ម្អាង​​ហេតុ​ទៅ​លើ​​មូល​​ហេតុអី[…] អីចឹង​យើងក្នុងនាម​ជា​មេធាវី មិនអាច​ទទួលយក​បានទេ»។

បើតាម​លោក​មេធាវី សឺន​ ជុំជួន នៅព្រឹក​នេះ​ដែរ​​ តុលាការ​​ក៏បាន​បើក​សវនាការ​លើ​អង្គ​សេចក្តី ដោយ​សួរ​ដេញ​ដោល​​​លើ​សំណុំរឿង​ទី១ ដែលមានសកម្មជន​កិច្ចព្រមព្រៀង​​​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស៊្រន កញ្ញា ភឹង សោភា និង​លោក សាន​ សិទ្ធិ ដែរ​ប៉ុន្តែ​សវនាការ​​ពេញ​មួយ​​ព្រឹក​នោះ​​ សួរ​​បាន​​តែលោក​ ស៊្រុន ស៊្រន​ ម្នាក់​ប៉ុណ្ណោះ ហើយ​បានលើកពេល​សវនាការ​ទៅសប្តាហ៍ក្រោយ​ទៀត។​

លោក​បន្តថា ក្នុង​សវនាការ​នោះ ទាំង​​ចៅក្រម ព្រះរាជអាជ្ញា បាន​សួរ​ដេញដោល​ច្រើនពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ ក្នុងនោះព្រះរាជអាជ្ញា​បានសួរ​ពីចេតនារបស់លោក​ ស៊្រុន​ ស្រ៊ន​ ដែលជា​កូន​ក្តីរបស់លោក​​​​ ជុំវិញចេត​នា​នៃកា​រ​ប្រព្រឹត្តពាក់ព័ន្ធនឹ​ងបទចោទ​ «​ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» ប៉ុន្តែ​លោក ស៊្រុន ស្រ៊ន បាន​ឆ្លើយតបថា សកម្ម​ភាព​របស់​ពួកគេ គឺ​ធ្វើឡើង​ស្របទៅតាមច្បាប់ និង​​មិន​មាន​ចេតនា​ណា​​មួយធ្វើ​ឱ្យ​ប៉ះពាល់​ដល់សន្តិ​សុខ​សង្គម​នោះទេ។​​

លោកមេធាវីនិយាយ​ថា៖ «​គាត់[លោក ស៊្រុន ស៊្រន​]នៅតែ​បដិសេធ ដោយលើកឡើង​ថា ជា​ចេតនា​ល្អ​​របស់​គាត់ ជាគោលបំណង​ល្អ​របស់​គាត់ មិនមានចេតនា​ណា​មួយដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិ​សុខ​សង្គម​ទេ​»

សកម្មជនផ្សព្វផ្សាយ​កិច្ច​ព្រមព្រៀង​ទីក្រុ​ងបារីស​២៣តុលា លោក ស៊្រុន ស៊្រន កញ្ញា ភឹង​ សោភា និង​​លោក សាន សិទ្ធ ត្រូវសមត្ថកិច្ច​​ចាប់​ខ្លួន​កាលពី​​ថ្ងៃ​​​ទី​​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ ដោយ​ចោទ​​ពីបទ ​ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម។ ការចាប់ខ្លួននេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីពួកគេបាននិយាយពី​គុណសម្បត្តិ និង​គុណវិបត្តិនៃការបញ្ចូល​ខេត្តចំនួន៤ របស់កម្ពុជា ​ទៅ​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​ប្រទេស​វៀត​ណាម​ និង​ឡាវ (CLV)។

កញ្ញា ភឹង សោភ័ណ ដែលជា​​​បងស្រីរបស់កញ្ញា ភឹង សោភា បង្ហាញការ​សោក​ស្តាយ​ដែល​តុលាការ​ក្រុង​ភ្នំពេញ បាន​បដិសេធ​កា​រស្នើសុំនៅ​ក្រៅ​ឃុំរបស់​សកម្ម​ជន​ទាំង​៣រូប ព្រមទាំង​អ្នក​រង​ការ​ចោទជិត ១០​នាក់​ទៀត។ កញ្ញាថា ការ​បន្ត​ឃុំខ្លួន​សកម្ម​ជន​២៣តុលានេះ បានធ្វើ​ឱ្យ​ប៉ះពាល់ធ្ងន់ធ្ងរ​ដល់ស្ថាន​ភាពជីវ​ភាព និង​ការ​​រស់​នៅ​​ជាក់ស្តែង​របស់ពួកគេ ព្រមទាំងប៉ះពាល់​ដល់​​​សិទ្ធិ​នៃការ​ឃុំខ្លួន​របស់​ជន​ដែលត្រូវ​ចោទ។​

កញ្ញាថា៖ «ការ​បន្តរក្សា​ជនដែលត្រូវ​ចោទហ្នឹង គឺ​វា​ហួសនិតិវិធី គាត់​ត្រូវ​បាន​ឃុំ​រហូត​ដល់​១៣​ខែ​​ជាង​ហើយ​ ចឹង​បើគិត​ពីរយៈ​ពេល​នៃ​​​ការ​អនុវត្ត​ទោស ​គឺ​វា​​លើស​​ពាក់​កណ្តាលនៃ​កា​រអនុវ​ត្ត​ អីចឹង​កន្លែង​ហ្នឹង​ ខ្ញុំ​មើល​ឃើញ​ថា​ វាប៉ះពាល់​ដល់​សិទ្ធិ​របស់​គាត់​»

ចំណែក លោក សុខ សុវណ្ណារិទ្ធ ជាពលរដ្ឋ​រស់នៅ​ខេត្តកណ្តាល ដែល​ធ្លាប់​បានរៀន​អំពីច្បាប់ និង​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ពីក្រុម​សកម្ម​ជន​២៣តុលា​នោះ ក៏​បាន​បង្ហាញ​កា​រសោក​ស្តាយ​ផង​ដែរ ដែល​តុលាការ​បន្ត​ឃុំខ្លួន​ពួកគេ​នៅក្នុង​ពន្ធនាគារ ខណៈដែលពួកគេ​ជា​ធនធាន​សំខាន់​ ក្នុង​ការ​ជួយ​ដល់សង្គមជាតិ។

លោកថា៖ «សុំទទូច​ដល់ខាង​​តុលាការ មេត្តា​ប្រើ​ច្បាប់​ដើម្បី​ដោះស្រាយ​ក្តីគាត់​ឱ្យ​បាន​ឆាប់​ៗ»

វីអូឌី មិនអាចសុំការ​បញ្ជាក់ជុំវិញករណីនេះ ពីអ្នកនាំពាក្យ​សាលា​ដំបូង​រាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាឌី បាន​ទេ នៅថ្ងៃ​ពុធនេះ។​

មន្ត្រីស៊ើប​អង្កេត​ជាន់ខ្ពស់នៃសមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យី សុខសាន្ត ​យល់​ថា តុលាការ​​គួរតែ​ដោះ​លែ​ង​​​សកម្មជន​២៣​ឱ្យ​នៅក្រៅឃុំ ដោយសារ​សកម្មភាពរបស់​ពួកគាត់ដែលធ្វើ​​​កន្លងមក ហើយ​ត្រូវ​បានតុលាការ​​ចោទប្រកាន់​នោះ​​ គឺគ្រាន់តែជាការបញ្ចេញមតិ និងក្តីបារម្ភ​ជុំវិញ​ការ​​​​អភិវឌ្ឍ​នៅតំបន់ត្រីកោណ CLV ដែល​​រដ្ឋាភិ​បាល​​​កម្ពុជា បានប្រកាសដក​ខ្លួន​​ចេញ​​​ទៅហើយនោះ ដូច្នេះ​វាមិនមានអីជាការ​​រិះគន់ធ្ងន់ធ្ងរ​ទៅលើ​រដ្ឋាភិបាល​នោះទេ​។

លោក​ថា៖ «ដូច្នេះ​ក្នុងនាម​អង្គការសង្គមស៊ីវិល​​ ខ្ញុំយល់ថា តុលាការ​គួរតែ​ដោះលែងឱ្យ​ពួកគាត់​មានសេរី​ភាព​​វិញ​ទៅ​ ប្រសើរ​ជាង​ការ​ឃុំខ្លួន​គាត់ឱ្យ​នៅក្នុងពន្ធនាគារ ទី​២ដោយសារ​ការ​ឃុំ​ខ្លួនគាត់មក​ដល់ពេល​នេះ​ គឺជាង​១ឆ្នាំ​ហើយ មិន​ទាន់​បាន​កាត់សេចក្តីថាគាត់​មានទោស​ឬអត់ទោស​ទេ»

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ធ្លាប់​និយាយ​ថា ការ​​ឃុំ​ខ្លួន​​ក្រុម​​លោក ស៊្រុន ស្រ៊ន រហូត​​លើស​​នីតិវិធី​ជា​ទង្វើ​ខុស​ច្បាប់ មិន​ផ្តល់​តម្លៃដ​ល់​អ្នក​ដែល​ស្រឡាញ់​ជាតិ​ទឹក​ដី ខណៈ​ក្រុម​លោក ស៊ុ្រន ស៊្រន តែង​តែ​ផ្សព្វ​ផ្សាយ​ពី​សារ​សំខាន់​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភា​ព​ទីក្រុងប៉ារីស ដែល​កិច្ច​ព្រម​ព្រៀង​នេះ បាន​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ និង​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ជំនួស​មក​រិញ​ដោយ​ការ​ប្រកួត​អំណាច​​ការ​បោះ​ឆ្នោតដោយ​​សេរី និង​យុត្តិ​ធម៌ តាម​គន្លង​ប្រជា​ធិប​តេយ្យ ។

លោកថា៖ «រដ្ឋាភិបាល និង​តុលាការហ្នឹង​​ ហាក់​​មិនយក​ចិត្ត​ទុកដាក់ក្នុងការ​ដោះស្រាយបញ្ហា​​និង​ផ្តល់​យុត្តិ​ធម៌​​ដល់​ជន​រង​គ្រោះ​ទេ​ ដូចដែលកន្លងទៅអីចឹង​​ ពួកគាត់​បញ្ចេញមតិ​បញ្ចេញយោ​បល់ គ្មាន​បានទៅ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់សន្តិ​សុខ​​សង្គម​ ដល់ស្ថិរភាព​ជាតិ​អីទេ​​ គ្រាន់តែ​រំលឹក​ពីក្បួន​​ខ្នាតច្បាប់​ទម្លាប់​មួយ​ចំនួន​​​ពាក់ព័ន្ធ​នឹង​​កិច្ច​ព្រម​ព្រៀង​ទី​​ក្រុង​ប៉ារីស​​ ក្នុងការ​ពារ​បូរណភាពទឹកដីកម្ពុជាហ្នឹង ចឹង​អ្វី​ដែលពួកគាត់​​ធ្វើហ្នឹង​​​ដូចជាគ្មានកំហុស​អ្វី​ទាំង​អស់​​​[…]​អីចឹង​រឿង​អីដែល​ត្រូវ​ឃុំខ្លួនគាត់ត​​ទៅទៀត ដោះលែ​ងឱ្យ​គាត់​មានសេរីភាពទៅ»។

ពាក់ព័ន្ធនឹង​រឿង​តំបន់​ត្រីកោណ​​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម CLV-DTA នេះ គឺ​​មាន​មនុស្ស​ប្រហែល ១០០​នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីចុង​ខែ​កក្កដា ឆ្នាំ​២០២៤ ហើយជាមួយគ្នា​​នោះ មាន​ជាង ៦០​នាក់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ និងដាក់ពន្ធនាគារ សម្រាប់ការតវ៉ានៅលើប្រព័ន្ធផ្សព្វ​​​ផ្សាយ​​​សង្គម ផែនការប្រមូល​​ផ្តុំ ឬបង្ហាញពីអារម្មណ៍របស់ពួកគេអំពីការជាប់ពាក់ព័ន្ធនៅក្នុងករណី CLV-DTA ។

ដីការបស់តុលាការ បានលើកឡើងថា ជនជាប់ចោទបាន​បង្កើត​ព័ត៌មាន ​«បំភ្លៃ»និង«ប្រឌិត​» ​ដោយ​​​មាន​ចេតនា​​​ទុច្ចរិត ញុះ​ញង់​ឱ្យ​មាន​ការ​ខឹង​សម្បារ​ប្រឆាំង​នឹងថ្នាក់ដឹកនាំ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ។

តែយ៉ាងណា ក្រោយមក​​រដ្ឋាភិបាលបានប្រកាសដកខ្លួនចេញពី CLV-DTA រយៈពេល ២០ឆ្នាំ កាល​ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីការតវ៉ា និងការរិះគន់តាមបណ្តាញសង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ