ខួប៨ឆ្នាំនៃការដកសិទ្ធិធ្វើនយោបាយ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្រុមអ្នកគាំទ្របានរំលេចពីគំរូអាក្រក់របស់តុលាការកម្ពុជា គ្រប់គ្រងដោយ លោក ហ៊ុន សែន ក្នុងគោលដៅកម្ចាត់អ្នកប្រជាធិបតេយ្យ ដើម្បីពង្រឹងអំណាចបែបគ្រួសារនិយម ផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ។
ការរំឭកពីភាពអយុត្តិធម៌នេះ ខណៈគិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ មានរយៈពេល៨ឆ្នាំហើយដែលលោក កឹម សុខា ត្រូវបានជាប់ឃុំ ក្រោមការចោទប្រកាន់ដែលគេមើលឃើញថា ជាបទចោទបែបប្រឌិត ដើម្បីបំបិទសំឡេងមេបក្សប្រឆាំងដ៏មានសក្តានុពលរូបនេះ ចេញពីទីលាននយោបាយ។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា និយាយថា ការចោទលើលោក កឹម សុខា ភ្ជាប់ជាមួយអាមេរិកផ្តួលរំលំរដ្ឋាភិបាលខ្មែរនេះ គឺជាបទចោទបែបប្រឌិត បង្កការឈឺចាប់រវាងខ្មែរ និងខ្មែរធ្វើឱ្យជាតិប្រេះស្រាំជិត១០ឆ្នាំទៅនេះ។
ជាងនេះទៀត លោកថា ដំណើរការជំនុំជម្រះក្តីលើ លោក កឹម សុខា ចំនួន ៨ឆ្នាំ បានត្រឹមសាលាឧទ្ធរណ៍នេះ គឺជារឿងក្តីមានរយៈពេលវែងមិនធ្លាប់មាន ដែលជាភាពមិនប្រក្រតីក្នុងប្រព័ន្ធតុលាការកម្ពុជា ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិលោក កឹម សុខា ផងដែរ។
លោកថា៖ «ក្នុងនាមខ្ញុំជាអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ហើយជាសហការីរបស់លោកប្រធាន កឹម សុខា ខ្ញុំមានការសោកសង្រេងមែនទែនចំពោះការចោទ និងចាប់ លោកប្រធាន កឹម សុខា ដោយអយុត្តិធម៌ដោយបំពានទៅលើអភ័យឯកសិទ្ធ ក្នុងនាមលោកជាអ្នកតំណាងរាស្ត្រដែលត្រូវបានការពារដោយច្បាប់។ ហើយការចោទទៅលើលោក កឹម សុខា គឺជាការចាប់ចោទ មិនមែនត្រឹមតែបំពានទៅលើច្បាប់នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺរំលោភទៅលើអភ័យឯកសិទ្ធិរបស់លោក ក្នុងនាមលោកជាអ្នកតំណាងរាស្ត្រ»។
លោក សូរីដា កត់សម្គាល់ថា ពេលមានជម្លោះព្រំដែនជាមួយថៃនេះ រដ្ឋាភិបាលមិនទាន់ផ្តល់សញ្ញាដោះលែង លោក កឹម សុខា ទេ ដើម្បីផ្សះផ្សាជាតិទេ ផ្ទុយទៅវិញតុលាការកម្ពុជានៅតែត្រូវបានប្រើបង្រ្កាបលើអ្នកនយោបាយបក្សប្រឆាំងជាច្រើននាក់ថែមទៀត។
បើតាម លោក សូរីដា សហគមន៍អន្តរជាតិ ជាពិសេស សហរដ្ឋអាមេរិក ចង់ឱ្យកម្ពុជាគោរពប្រជាធិបតេយ្យ សិទ្ធិមនុស្ស រៀបចំការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ តែបើរដ្ឋាភិបាលបន្តយាយីអ្នកនយោបាយប្រឆាំងបែបនេះ មិនត្រឹមតែមិនអាចពង្រឹងចំណងការទូតជាមួយលោកសេរីបានទេ ហើយវាក៏ពិបាកទប់ទល់ការឈ្លានពានពីបរទេសដែរ។
លោកថា៖ «កាលណាយើងបន្តចាប់តទៅទៀត មានន័យថា រដ្ឋាភិបាលកំពុងតែធ្វើឲ្យខ្លួនឯងចុះខ្សោយទៅវិញទេ ពីព្រោះម្ខាងយើងកំពុងតែតតាំងជាមួយនឹងសត្រូវសៀមឈ្លានពាន ហើយម្ខាងទៀត យើងកំពុងតែកម្ចាត់ខ្មែរដទៃទៀតដាក់គុក»។
បន្ថែមលើនេះ លោក សូរីដា សង្កត់ធ្ងន់ថា ក្រោយកិច្ចព្រមព្រៀង២៣តុលាមក អាមេរិកបានជួយកម្ពុជាគ្រប់វិស័យ ដោយចាយលុយរាប់ពាន់លានដុល្លារ លើវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងការអភិវឌ្ឍធនធានមនុស្សជាដើម ដែលនេះបង្ហាញថាគ្មានចេតនាផ្តួលរំលំរដ្ឋាភិបាល ដូចការចោទនោះឡើយ។
មួយវិញទៀត លោកថា ការផ្តួចផ្តើមគំនិតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យមានបទឈប់បាញ់វាងកម្ពុជា និងថៃ ថ្មីៗនេះ គឺភស្តុតាងរឹងមាំបញ្ជាក់ពីភាពស្អាតស្អំរបស់អាមេរិកដែរ។
លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការទីក្រុងភ្នំពេញ ចេញសាលក្រមចុះថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣ ផ្តន្ទាទោស ដោយឃុំខ្លួននៅក្នុងផ្ទះ ចំនួន២៧ឆ្នាំ ខណៈសមត្ថកិច្ចចាប់ខ្លួនគាត់ ទាំងពាក់កណ្តាលអាធ្រាត្រ ឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
លោកត្រូវបានតុលាការចោទប្រកាន់ ពីបទក្បត់ជាតិ តាមបណ្តឹងរបស់រដ្ឋាភិបាល លោក ហ៊ុន សែន អំឡុងចុងឆ្នាំ២០១៧ ដោយចោទថា គាត់គប់គិតជាមួយសហរដ្ឋអាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាល។
យ៉ាងណា ភ្លាមៗ ក្រោយតុលាការប្រកាសសាលក្រមផ្តន្ទាទោស លោក កឹម សុខា សហរដ្ឋអាមេរិកតាមរយៈស្ថានទូតប្រចាំកម្ពុជា ច្រានចោលទៅនឹងសេចក្តីសម្រេចរបស់តុលាការនេះ។
សហរដ្ឋអាមេរិក ចាត់ទុកការផ្តន្ទាទោស ដើម្បីបំបិទសំឡេង លោក កឹម សុខា ដោយផ្អែកលើបទសមគំនិត ប្រឌិត គឺជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌។
អតីតនាយខុទ្ធកាល័យ លោក កឹម សុខា គឺ លោក មុត ចន្ថា និយាយលើហ្វេសប៊ុកលោកថា រយៈពេល៨ឆ្នាំហើយ ដែលលោក កឹម សុខា បាត់បង់សេរីភាព ដោយការចោទប្រកាន់មួលបង្កាច់មានចរិតនយោបាយ និងការកាត់ទោសយ៉ាងអយុត្តិធម៌ ធ្វើឱ្យលោក កឹម សុខា ទទួលរងនូវអំពើទារុណកម្មខាងផ្នែកស្មារតី និងផ្លូវចិត្ត។
លោកសង្កត់ធ្ងន់ថា ការចាប់ខ្លួនទាំងពាក់កណ្តាលអធ្រាត្រនេះ វាប្រៀបដូចរបបខ្មែរក្រហមដែលបានប្រព្រឹត្តទៅលើពលរដ្ឋខ្មែរ ក្នុងចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ ដែលបានសម្លាប់ពលរដ្ឋខ្មែរជាង៣លាននាក់។
ដោយឡែក កូនស្រីច្បង លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បង្ហោះសារលើហ្វេសប៊ុកខ្លួនថា ៨ឆ្នាំហើយដែលលោកឪពុករបស់គាត់ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ និងបន្ទាប់មកជាប់ឃុំក្នុងផ្ទះ ក្រោមការចោទប្រកាន់មិនពិតពីបទ គប់គិតជាមួយសហរដ្ឋអាមេរិក។
ជុំវិញរឿងនេះ VOD មិនអាចសុំការឆ្លើយតបពីតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញលោក ផ្លង់ សុផល បានទេគិតត្រឹមម៉ោងផ្សាយនេះ។
យ៉ាងណា សំណុំរឿងប្តឹងទាស់របស់ លោក កឹម សុខា ដែលគ្រោងធ្វើកាលថ្ងៃទី១៤ ខែសីហាកន្លងទៅ ត្រូវបានសាលាឧទ្ធរណ៍ លើកពេលជាថ្មីទៀតដោយមិនកំណត់ពេល និងមិនបានបញ្ជាក់ពីមូលហេតុទេ។
សម្រាប់ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ចាត់ទុកការអូសបន្លាយពេលសវនាការលោក កឹម សុខា បែបនេះ គឺប៉ះពាល់សិទ្ធិទទួលបានយុត្តិធម៌របស់ លោក កឹម សុខា។
យ៉ាងណា លោកថា ក្នុងពេលកម្ពុជាមានជម្លោះព្រំដែនជាមួយថៃនេះ រដ្ឋាភិបាលគួរតែមានដំណោះស្រាយនយោបាយមួយដោះលែង លោក កឹម សុខា ឱ្យមានសេរីភាពដើម្បីឯកភាពជាតិខ្មែរ ទប់ទល់ការឈ្លានពានពីប្រទេសជិតខាង។
លោកថា៖ «យើងឃើញថាកន្លងមកមានជម្លោះព្រំដែនកម្ពុជា និងថៃហ្នឹង គឺយើងឃើញប្រជាពលរដ្ឋខ្មែរ ខ្មែរយើង! បង្ហាញអំពីការឯកភាពជាតិ បង្ហាញអំពីការរួបរួមខ្មែរនិងខ្មែរជាធ្លុងមួយដែលជាចំណុចនេះ គឺជារឿងល្អ ហើយយើងអង្គការសង្គមស៊ីវិល ក៏ចង់ឃើញអ្នកនយោបាយ ទាំងអស់ហ្នឹង គឺមានតែឯកភាពជាតិមានសាមគ្គីភាពរួមគ្នាជាធ្លុងមួយ ដើម្បីផលប្រយោជន៍ជាតិ »។
យ៉ាងណា តាមរយៈសំណេរបស់លោក មុត ចន្ថា មនុស្សជំនិត លោក កឹម សុខា បានរំឭកថា កាលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ លោកបានអមដំណើរលោក កឹម សុខា ទៅប្រជុំជាមួយសហគមន៍ការទូតបរទេសនៅទីក្រុងបាងកក ប្រទេសថៃ ហើយក៏បានទទួលព័ត៌មានការត្រៀមចាប់ខ្លួនបើត្រឡប់មកកម្ពុជាវិញ។
ប៉ុន្តែលោក កឹម សុខា ប្តេជ្ញាត្រឡប់ចូលមាតុប្រទេសវិញ ក្រោមហេតុផលថា កម្ពុជាគឺជាប្រទេសបានផ្តល់កំណើតដល់លោក។
មួយវិញទៀត ក្នុងនាមប្រធានគណបក្សប្រឆាំងដ៏ធំ លោកមិនអាចរត់ចោលពលរដ្ឋខ្មែរពាក់កណ្តាលប្រទេស ដែលបោះឆ្នោតឱ្យគណបក្សសង្រ្គោះជាតិបានទេ ហើយលោកសុខចិត្តលះបង់សេរីភាពផ្ទាល់ខ្លួន ដោយប្តូរមកវិញនូវការតស៊ូរបស់ពលរដ្ឋខ្មែរ ដើម្បីសេរីភាព លទ្ធិប្រជាធិបតេយ្យ និងជាតិខ្មែរគង់វង្ស។
លោក មុត ចន្ថា បន្ថែមថា តំណាងអយ្យការ និងក្រុមមេធាវីរដ្ឋាភិបាលកម្ពុជា បានចោទអង្គការ USAID, IRI, NDI រួមទាំងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងសមាជិករដ្ឋសភា ព្រឹទ្ធសភាសហរដ្ឋអាមេរិក ថាជាមេខ្លោងនៅពីក្រោយលោក កឹម សុខា ក្នុងការផ្តល់លុយ និងរៀបចំផែនការធ្វើបដិវត្តន៍ បង្កឱ្យមានប្រទូស្តរ៉ាយ ឬឈ្លានពានកម្ពុជា។
យ៉ាងណា លោកចោទជាសំណួរថា តើសាធារណជនជាតិ និងអន្តរជាតិ មានឃើញសហរដ្ឋអាមេរិកចូលមកប្រទូស្តរ៉ាយ ឬឈ្លានពានព្រះរាជាណាចក្រកម្ពុជា ដូចការចោទប្រកាន់នោះដែរឬទេ? លោកថា ឃើញតែប្រទេសសៀមដែលកំពុងឈ្លានពានកម្ពុជា៕









