ថៃ​បញ្ជូន​ពលរដ្ឋ​ទៅ​ព្រំដែន​ក្រោយ​គំរាម​វាយ​យក​ភូមិ​ជោគ​ជ័យ​ខណៈ​កម្ពុជា​បិទ​ព័ត៌​មាន​ពី​ព្រំ​ដែន

ខណៈ​បន្លា​លួស​ដែល​យោធា​ថៃ បាន​ដាក់​ពង្រាយ​នៅ​តាម​បណ្ដោយ​ភូមិ​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់ ក្នុង​ឃុំអូរ​បីជា​ន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ កំពុង​តែ​​ញែក​ទឹក​ដី​ខ្មែរ បញ្ជូល​​ទៅ​ក្នុង​ភូមិ​ណង​ចាន់​របស់​ថៃ​នោះ ទិដ្ឋ​ភាព​ម្ខាង​នៃ​បន្លា​លួស​ក្នុង​​ទឹក​ដី​ថៃ បាន​បង្ហាញ​ពី​ភាព​សប្បាយ​រីក​រាយ ដោយ​មាន​ពលរដ្ឋ​ថៃ​ជា​ច្រើន បាន​ធ្វើ​ដំណើរ​មក​ភូមិ​ណង​ចាន់ បាន​នាំគ្នា​រាំ​ច្រៀង​សប្បាយ​ក្អាក​ក្អាយ ស្រប​ពេល​ដែល​អាជ្ញាធរ​ខេត្ត​ស្រះ​កែវ កំពុង​ដំណើរ​ការ​ចែក​ដី​ឱ្យព​លរដ្ឋ​ខ្លួន​កាន់​កាប់ បន្ទាប់​ពី​ដក​ហូត​បាន​ពី​ពលរដ្ឋ​ខ្មែរ។

ដោយ​ឡែក​នៅ​ខាង​ទឹក​ដី​ខ្មែរ​ក្នុង​ភូមិ​ជោគ​ជ័យ​ឯណេះ​វិញ ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាត់​បង់​ផ្ទះ​សម្បែង បាន​ត្រឹម​តែ​ឈរ​មើល​ផ្ទះ​របស់​ខ្លួន ដែល​ទាហាន​ថៃ​បាន​វាយ​កម្ទេច​ចោល​ពី​ចម្ងាយ ដោយ​អារម្មណ៍​​សោកសៅ​ប៉ុណ្ណោះ​ ខណៈ​អាជ្ញាធរ​បាន​រឹត​បន្តឹង​ការ​​ចេញ​ចូល និង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ពី​តំបន់​កើត​ហេតុ​ការណ៍​ដូច​មុន​ទៀត។

ពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរ​បីជាន់​​ម្នាក់ ថ្លែង​ក្នុង​លក្ខ​ខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​វីអូឌី​តាម​បណ្ដាញ​តេឡេ​ក្រាម​ថា មក​ដល់​ពេល​នេះ យោធា​ថៃ​នៅតែ​ប​ន្ត​ដាក់​រាយ​បន្លា​លួស និង​ដើរ​វាស់​វែង​ដី​ឱ្យព​លរដ្ឋ​ថៃ​កាន់​កាប់។ ប្រភព​ដដែល​បន្ត​ថា ខណៈ​ក្រុម​យោធា និង​អាជ្ញាធរ​ថៃ​ធ្វើ​សកម្ម​ភាព​យ៉ាង​រលូន​នោះ អាជ្ញាធរ​ខ្មែរ​ បាន​បិទ​មិន​ឱ្យ​ប្រជាព​លរដ្ឋ ឬ​អ្នក​សារព័ត៌​មាន ចូល​ទៅ​ថត​ពី​ព្រឹត្តិ​ការណ៍​នៅទី​តាំង​កើត​ហេតុ​ដូច​កាល​ពី​មុន​នោះ​ឡើយ ដោយ​ពួក​គេ​បាន​អះ​អាង​ថា ដើម្បី​កុំ​ឱ្យ​រំខាន​ដល់​រដ្ឋាភិ​បាល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា។ 

ពលរដ្ឋរូបនេះ បានលើក​ជា​សំណួរ​ថា តើ​ហេតុអ្វី​បា​នជា​ពេល​នេះ រដ្ឋាភិ​បាល​បាន​ព្យាយាម​លាក់​បាំង​ព័ត៌​មាន​ពី​ភូមិ​ជោគ​ជ័យ រឿង​យោធា​ថៃ​ឈ្លាន​ពាន​ស្ងាត់​​ឈឹង? ខណៈ​យោធា​ថៃ បាន​បន្ត​រាយ​បន្លា​លួស​ចូល​ក្នុង​ដែន​ដី​ខ្មែរ​កាន់​តែជ្រៅ​ ដោយ​មិន​ខ្លាច​ច្បាប់​ណា​ឡើយ រី​ឯ​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​ឈឺចុ​ក​ចាប់​យ៉ាង​ខ្លាំង​ ប៉ុន្តែ​មិន​អាច​និយាយ​បាន ព្រោះ​ត្រូ​វ​រដ្ឋ​អំណាច​គេ​បិត​មាត់។

យ៉ាងណាក៏ដោយ ការបំបិទសំឡេង​សារព័ត៌​មាន​ឯករាជ្យ​នេះ គឺ​ជា​ជំនាញ​មួយ​របស់​មេដឹក​នាំ​កម្ពុជា​ទៅ​ហើយ ដែល​ពួក​គេ​បាន​ប្រើ​ប្រាស់​វិធី​នេះ ដើម្បី​បិទ​បាំង​រឿង​អាស្រូវ និង​អំពើ​ពុក​រលួយ ក្នុង​របប​ដឹក​នាំ​របស់​ពួក​គេ។ ដោយ​សារ​តែ​កត្តា​នេះ​ហើយ ទើប​អ្នក​ឃ្លាំមើល​មួយ​ចំនួន យល់​ឃើញ​ថា បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​កម្ពុជា​ចាញ់​ប្រៀប​ទៅ​លើ​ប្រទេស​ជិត​ខាង ដែល​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​លឿន រហ័ស និង​ទូលំ​ទូលាយ​ជាង។

ក្នុងនោះ អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត បាន​សរសេរនៅ​លើ​ប​ណ្ដាញ​សង្គម​ហ្វេស​ប៊ុក នៅ​ថ្ងៃ​ទី២ ​ខែ​កញ្ញា​ថា សូម្បី​តែ​ព័ត៌មាន​បញ្ហា​ព្រំដែន​ឥឡូវ ក៏​ត្រូវ​នាំ​ចូល​ពី​ថៃ​ដែរ នៅ​ខាង​កម្ពុជា ឯណេះ​វិញ​ងងឹត​សូន្យ​សុង។ លោក​បន្ត​ថា ការ​ឆ្លើយ​តប​នឹង​ការ​ឈ្លាន​ពាន​ពី​សំណាក់​យោធា​ថៃ មិន​មែន​ជា​បំណង​របស់​មេដឹក​នាំកម្ពុជា​នោះ​ទេ ទើប​ពួក​គេ​មិន​អើពើ​នឹ​ង​ការ​រំលោភ​បំពាន វាត​ទី​យក​ដី​ធ្លី ផ្ទះ​សម្បែង ប្រាសាទ និង​តំបន់​ផ្សេង​ៗ ដោយ​ប្រើ​លេស​ស្ងៀម​ស្ងាត់ អត់​ធ្មត់ ដើម្បី​បិទ​បាំង​នឹង​កា​រ​ដោះ​ដូរ​នេះ។

លោក វ៉ន ចាន់ឡូត បន្ថែម​ថា កន្លង​ទៅ លោក ហ៊ុន សែន ធ្លាប់​និយាយ​មុន​យោធា​ថៃ​បើក​ការ​ឈ្លាន​ពាន​ថា បើ​យោធា​ថៃ​ឈ្លាន​ពាន​ កម្ពុជា​មិន​ត្រឹម​តែ​ទប់​ទល់​ទេ ថែម​ទាំង​វាយ​បក​ទៀត។ តែ​ម​ក​​ទល់​ពេល​​នេះ អ្នក​ឃ្លាំ​មើល​ថា លោក ហ៊ុន សែន និង​កូន​ប្រុស​នាយក​រដ្ឋ​មន្ត្រី មិន​ត្រឹម​តែ​ទប់​មិន​បាន​ទេ ហើយ​ថែម​ទាំង​ឱ្យ​យោធា​ថៃ​មក​ឈ្លាន​ពាន​តាម​អំពើ​ចិត្ត​ទៀត ហើយ​លោក​​​ប្រឹង​ពន្លឿន​ធ្វើ​ច្បាប់​ដក​សញ្ជាតិ និង​បន្ដ​កម្ចាត់​សំឡេង​រិះ​គន់​ដោយ​មិន​អនុ​គ្រោះ។

យ៉ាងណាក៏ដោយ ទោះស្ថិតក្នុងកាលៈ​ទេសៈ​ត្រូវ​ប្រទេស​ជិត​ខាង​ឈ្លាន​ពាន​ក៏ដោ​យ រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ភ្លេច​នោះ​ទេ ក្នុង​ការ​ចាប់​ខ្លួន​អ្នក​ដែល​ហ៊ាន​និយាយ​រិះគ​ន់​មេដឹក​នាំ​កម្ពុជា ក្នុង​រឿង​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ ដែល​ចោទ​លោក​ថា ជាមេដឹកនាំ​កម្ពុជា​មាន​គោល​ជំហរ​ខ្លាំង​តែ​ពី​ដំបូង និង​ចុង​ក្រោយ​បែរ​ជា​មាន​ភាព​ទន់​ជ្រាយ និង​គ្មាន​ភាព​ច្បាស់​លាស់​លើ​យន្ត​ការ​ច្បាប់​អន្តរ​ជាតិ ដែល​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​ទឹក​ដីទៅ​ប្រទេស​ថៃ យ៉ាង​ស្ងប់​ស្ងាត់។ ជាក់​ស្ដែង ការ​ចាប់​ខ្លួន​ប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិ​បណ្តោះ​អាសន្នគណបក្ស​កម្លាំង​ជាតិ ស្រុក​ភ្នំព្រឹ​ក លោក សឹង ហៀង ក្រោយ​លោក​បញ្ចេញ​មតិ​លើ​បណ្ដាញ​សង្គម ថា​មេដឹក​នាំ​អសមត្ថ​ភាព និង​កំសាក មិន​អាច​ការ​ពារ​ដែន​អធិប​តេយ្យ​ភាព​របស់​ខ្លួន​បាន។

ទាក់ទិននឹងបញ្ហានេះដែរ អ្នកនាំពាក្យកងទ័ពជើង​គោក​ថៃ លោក វីនថៃ ស៊ូវារី (Winthai Suvari) បានអះ​អាង​កាល​ពី​ថ្ងៃទី​១ ខែ​កញ្ញា​ថា កន្លង​មក​ប្រទេស​ថៃ​បាន​ស្វាគមន៍​បេសក​កម្ម​អ្នក​សង្កេត​ការណ៍​បណ្ដោះ​អាសន្ន​​អាស៊ាន (IOT) គណៈ​ប្រតិភូ ICRC ដៃគូ​អ​ន្តរ​ជាតិ និង​ទាំង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថៃ និង​អន្តរ​ជាតិ ដើម្បី​ស៊ើប​អង្កេត​ការ​ពិត​ដោយ​សេរី ដោយ​គ្មាន​ការ​ទប់​ស្កាត់​ព័ត៌​មាន​ណា​មួយ ដូច​កម្ពុជា​នោះឡើយ។

ចំណែកខាងកម្ពុជា​វិញ អង្គ​ភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិ​បាល បាន​សម្រេច​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​កម្ម​វិធីផ្សាយ​ផ្ទាល់ ពី​បច្ចុប្បន្ន​ភាព​ព័ត៌​មាន​ស្តីពី​ស្ថាន​ការណ៍​ព្រំដែន​កម្ពុជា-ថៃ ចាប់​ពី​រសៀល​ថ្ងៃ​​ទី២ ខែ​កញ្ញា ឆ្នាំ២០២៥ នេះ​ត​ទៅ។

ជុំវិ​ញរឿ​ង​នេះ ប្រធាន​អង្គ​ការ​​ប្រជា​ធិប​តេយ្យ​​ខ្មែរ ​ដែ​ល​​មាន​​មូល​ដ្ឋាន​​​នៅ​​ប្រទេស​​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ភាព​ច្បាស់​លាស់ និង​តម្លា​ភាព ពាក់​ព័ន្ធ​នឹង​គោល​ជំហរ​របស់​ខ្លួន ក្នុង​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី ដើម្បី​ជៀស​វាង​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​យល់​ច្រឡំ ឬ​មន្ទិល​សង្ស័យ។

លោក ស៊ឹង សែនករុណា ថ្លែង​ថា៖ «អ៊ីចឹង​តែ​កាល​ណាមិ​ន​ឆ្លើយ​តប​នូវ​មធ្យោបា​យដោ​យស​ន្តិវិធី​ណា​មួយ​ ដែល​ធ្វើ​ឱ្យ ដែល​ធ្វើ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​ការ​ឈ្លាន​ពាន​ទេ គេ​មើល​ឃើញ​ថា ​សមត្ថ​ភាព ឬ​ឥទ្ធិពល​ការ​ដឹក​នាំ​របស់​​មេដឹក​នាំ​បច្ចុប្បន្ន គឺ​មាន​ភាព​កម្សោយ ហើយ​ធ្វើ​ឱ្យ​បរទេស​ដែល​ជា​អ្នក​ជិត​ខាង​ហ្នឹង ចេះ​តែ​បន្ត​ឈ្លាន​ពាន បន្ត​រុក​កួន​ជាន់​ឈ្លី​មក​លើ​កម្ពុជា​បន្ត​ទៀត ហើយ​ពលរដ្ឋ នឹង​ពិនិត្យ និង​មើល​ឃើញ​កាន់​តែ​ច្បាស់​ដែរ​ថា ការ​ដឹក​នាំ​របស់​មេដឹក​នាំ​គឺ​ខ្វះ​ក្នុង​ការ​ទទួល​ខុស​ត្រូវ ទៅ​លើវាសនា​របស់​ពលរដ្ឋ​ខ្លួន»

កាល​ពី​ថ្ងៃទី​២៨ ខែ​សីហា​ កង​​កម្លាំង​​បូរ៉ា​​ផាថៃ បាន​​ប្រកាស​​​ប្រើ​​ច្បាប់​​អាជ្ញា​​សឹក ដោយ​ព្រមាន​នឹង​​វាយ​​គ្រប់​​គ្រង​​ភូមិ​​ណង​ចាន់ ខ្មែរ​​ហៅ​ថា​​ភូមិ​​ជោគ​​ជ័យ ឃុំ​​អូរ​បីជា​ន់​ ខេត្ត​​បន្ទាយ​មាន​​ជ័យ បន្ទាប់​ពីយោ​ធា​ថៃ បាន​ចោទ​ថា ​ភា​គី​​កម្ពុជា បាន​​​នាំ​​ប្រជាជន​ខ្លួន​ចូល​​មក​​បង្ក​​ហេតុ​ចលាចល​​ក្នុង​​ទឹក​ដី​​ថៃ ​នៅ​​ក្នុង​​ទីតាំង​​ភូមិ​​ណង​ចាន់ ដែល​ពួក​គេ​បាន​អះ​អាង​ថា ស្ថិត​​ក្នុង​​ដែន​​អធិប​​តេយ្យ​​របស់​​ថៃ។

ទោះជាយ៉ាងណា ពលរដ្ឋខ្មែរអះអាងថា ពួកគាត់មិនបានបង្ក​ហេតុ​​ចលាចល​​ក្នុង​​ទឹក​ដី​​ថៃ​នោះ​ទេ ក៏ប៉ុ​ន្តែ​គឺភាគី​យោធា​ថៃ​ទៅ​វិញ​ទេ ដែល​បាន​ចូល​មក​ឈ្លាន​ពាន រាយ​បន្លា​លួស​ព័ទ្ធ​យក​ផ្ទះព​លរដ្ឋ​ទាំង​ឆៅៗ ដែល​បង្ខំ​ឱ្យ​ពួក​គាត់​ត្រូវ​ចេញ​មក​រារាំង។

យោងទៅតាមផែនទីរបស់​ឧត្តម​ស្នង​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ដែល​ហៅ​កាត់​ថា UNHCR បាន​បង្ហាញ​អំ​ពីជំ​រុំ​ជន​ភៀស​ខ្លួន​ខ្មែរ ដែ​ល​នៅ​ក្នុង​ទឹក​ដី​ថៃ គឺ​មាន​តែ​ជំរុំ “ខាវ​អ៊ី​ដាង: Khao I Dang” មួយ​ប៉ុណ្ណោះ។ ចំណែក​ជំរុំ​ផ្សេង​ទៀត UNHCR បាន​មក​ធ្វើ​នៅ​លើទឹ​ក​ដី​ខ្មែរ ដោយ​សារ​ខ្លាច​មាន​ការ​រំលោភ​បំពាន និង​យាយី​ពី​សំណាក់​ទាហាន​ថៃ។

ដោយឡែក ជំរុំណងចាន់ (Nong Chan) គឺស្ថិតនៅលើទឹកដីកម្ពុជា ជាប់​នឹង​ព្រំដែន​ថៃ ក្នុង​ភូមិ​ណង​ចាន់​ ដែល​ជំរុំ​នេះ​គ្រប់​គ្រង​ដោយ​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ (Khmer People’s National Liberation Front) របស់​លោក សឺន។ ក្នុង​កំឡុង​ឆ្នាំ​១៩៧៩ យោធា​ថៃ​បាន​ដឹក​ជន​ភៀស​ខ្លួន​ខ្មែរ ដែល​ភៀស​ខ្លួន​​ទៅ​​ទម្លាក់​​ជ្រោះ និង​ចាក់​ចោល​ក្នុង​ចម្ការ​មីន​ក្នុង​ខេត្ត​ព្រះ​វិហារ ក្រោម​លេស​ថា​ ដោយ​សារ​ជន​ភៀស​ខ្លួន​ខ្មែរ ចូល​មក​ក្នុង​ទឹក​ដី​ថៃ។

ជាថ្មីម្ដងទៀត ក្នុងឆ្នាំដដែលនោះ មាន​ហេតុ​ការ​ណ៍ប្រ​យុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ជំរុំ នៅ​ពេល​ដែល​ទាហាន​ថៃ​ម្នាក់ ត្រូ​វបា​ន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ស្ត្រី​ខ្មែរ ហើយ​ត្រូវ​បាន​បាញ់​សម្លាប់។ មេប​ញ្ជាការ​យោធា​ថៃ លោក ប្រាចាក់ សាវាងចិត្ត (Prachak Sawaengchit) បាន​បញ្ជា​ឱ្យ​កង​ទ័ព​ថៃ​បាញ់​ផ្លោង ទៅ​ក្នុង​ជំរុំ​ ដោយ​បាន​សម្លាប់​ជន​ភៀស​ខ្លួន​ខ្មែរ​ប្រហែល ១០០​នាក់។

ទោះជាយ៉ាងនេះក្ដី ស្ថិតក្រោមភាពស្ងៀមស្ងាត់របស់​មេដឹក​នាំ​កម្ពុជា គិត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ខេត្ត​ស្រះ​កែវ បាន​បើក​ឱ្យ​ពលរដ្ឋ​ថៃ ដែល​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ដី​ធ្លី អាច​ធ្វើ​ស្រែ​ចម្ការ​បាន នៅ​ភូមិ​ណង​ចាន់ ក្នុង​តំបន់​បង្គោល​ព្រំដែន​លេខ ៤៦-៤៧ ដែល​ទាហាន​ថៃ ទើប​នឹង​បាន​រាយ​បន្លា​លួស​ព័ទ្ធ​យក​ពី​ពលរដ្ឋ​ខ្មែរ​ លើក​លែង​តែ​ដីមួ​យ​ចំនួន​ដែល​បាន​រ​កឃើ​ញ​គ្រាប់​មីន ដោយ​រង់​ចាំ​ការ​ត្រួត​ពិនិត្យ​សុវត្ថិ​ភាព​ពី​មន្ត្រី​ជំនាញ​។

ទន្ទឹមគ្នានេះ អភិបាលខេត្តស្រះកែវ លោក បរិញ្ញា ពោធិ៍សត្យ ​បាន​​បញ្ជាក់​ថា នឹង​ចេញ​​ប័ណ្ណ​​កម្ម​​សិទ្ធិ​​​ដី​ឱ្យ​ពលរដ្ឋ​​ថៃ ​ដោយ​​​បញ្ចប់​​នៅ​​​ឆ្នាំ​​២០២៥។

ដោយឡែក នៅឯតំបន់ភ្នំទ្រព្យ ច្រកអានសេះ​ និង​ប្រាសាទ​តាមាន់ធំ វិញ រដ្ឋាភិបាល​ថៃ​បាន​បញ្ជូន​អ្នក​ជំនាញ​​របស់​ខ្លួន​ជា​ច្រើន​នាក់ ដើម្បី​វាយ​តម្លៃ​ពីកា​រ​ខូច​ខាត ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​កង​ទ័ព​ខ្មែរ និង​បង្កើត​គម្រោង​អភិវឌ្ឍន៍​ជា​តំបន់​ទេស​ចរណ៍។

យ៉ាងណាក៏ដោយចុះ ពលរដ្ឋខ្មែរ ដែលត្រូវ​យោធា​ថៃ​រាយ​បន្លា​លួស​ព័ទ្ធ​យក​ផ្ទះ និង​ដី បាន​ត្រឹម​លួច​សម្រក់​ទឹក​ភ្នែក​ស្ងាត់ៗ ដោយ​មិន​ហ៊ាន​ថ្លែង ឬ​ចេញ​មក​និយាយ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នោះ បាន​ស្នើ​ឱ្យ​មេដឹក​នាំ​កម្ពុជា ចេញ​មក​បក​ស្រាយ​ការ​ពិត ចំពោះ​ដំណោះ​ស្រាយ ដែល​បាន​អះអា​ង​ជាមួយ​ប្រជា​ពលរដ្ឋ ដើម្បី​ឱ្យ​ពួក​គាត់​អស់​ចិត្ត។ ចំណែក​ពលរដ្ឋ​មួយ​ចំនួន​ទៀត បាន​បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​មេដឹក​នាំ​កម្ពុជា ដែល​បង្ហាញ​ពី​គោល​ជំហរ​ទន់​ជ្រាយ និង​បណ្ដោយ​ឱ្យ​ទាហាន​ថៃ បន្ត​ឈ្លាន​ពាន​កម្ពុជា​សារជាថ្មី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ