ថៃគំរាមបិត​ប្រាសាទ​តាមាន់​ធំ​និង​ឈ្លាន​ពាន​ទីតាំង​ផ្សេង​​ទៀត​​ខណៈ​​កម្ពុជា​ប្រកាន់​ជំហរ​អត់​ធ្មត់

ខណៈ​កម្ពុជា​ប្រកាន់​ជំហរ​មិន​ប្រឈម​មុខ​ជាមួយ​ថៃ ដើម្បី​អនុវត្ត​បទ​ឈប់​បាញ់ មេ​បញ្ជាការ​យោធា​ភូមិ​ភាគ​២​ថៃ បាន​បង្ហាញ​មហិច្ឆតា​លេប​ទឹក​ដី​ខ្មែរ​បន្ថែម ដោយ​ព្រមាន​ថា ពួក​គេ​នឹង​បិទ​ប្រាសាទ​តាមាន់​ធំជា​ថ្មី​ទៀត និង​​បន្ត​​រា​​យលួ​សប​ន្លានៅ​ច្រក​អាន​សេះ តាម​ផែន​ទី​ខ្នាត​១​លើ​៥០​ពាន់​ដែល​ខ្លួន​គូស​ដោយ​ឯកតោ​ភាគី ។

ការណ៍​នេះ ជំរុញ​ឱ្យក្រុមអ្នកឃ្លាំមើល បារម្ភ​ថា បូរណភាព​ទឹកដី​កម្ពុជា​នឹង​បន្ត​បាត់​បង់​ក្រោម​អំណាច​មេដឹក​នាំ​គ្រួសារ​​ហ៊ុន ខណៈ​ទាហាន​ថៃ​បាន​រាយ​លួស​បន្លា​ព័ទ្ធ​ដី​ខ្មែរ និង​ផ្ទះ​ពលរដ្ឋ​រួច​ហើយ​នៅ​ភូមិ​ព្រៃ​ចាន់ ភូមិ​អូរ​បី​ជាន់ ផ្នែក​ខ្លះ​នៃ​ច្រក​អាន​សេះ រួម​ទាំង​សាង​សង់​លេណ​ដ្ឋាន​នៅលើ​ប្រា​សាទ​តាមាន់​ធំ ដែល​ជា​មរតក​របស់​បុព្វបុរស​ខ្មែរ ក្រោយ​មាន​បទ​ឈប់​បាញ់។

លើសពីនេះ កាលពីថ្ងៃទី២ ខែ​កញ្ញានេះ មេទ័ពភូមិភាគ២ លោក ប៊ុនស៊ីន ផាត់ក្លាំង បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​សារព័ត៌​មាន​ថៃ​ជាច្រើន​ថា រឿង​បញ្ហា​នៅ​ប្រាសាទ​តាមាន់ធំ នឹង​បិទ​មិន​ឱ្យ​ចេញ-ចូល​ទៀត​ទេ។

លោកបន្តថា បើចង់ចេញ-ចូលប្រាសាទតាមាន់ធំ ត្រូវ​មាន​វីសា ឬ​លិខិត​ឆ្លង​ដែន Passport សម្រាប់​ជន​បរទេស ដែល​ចង់​ឡើង​មក​ទស្សនា​ប្រាសាទ​នេះ។

លោក​បញ្ជាក់​ទៀត​ថា ចំពោះ​រឿង​នៅច្រ​ក​អាន​សេះ និង​ប្រាសាទ​តាមាន់​ធំនេះ​ ទាហាន​ថៃ​បាន​រុំ​ព័ទ្ធ​រាយ​លួស​​បន្លា​ទាំងអ​ស់​រួច​ហើយ ដោយ​ថា ជា​ដែន​អធិបតេយ្យ​របស់​ថៃ។

លោកបន្តថា ម្តងនេះ បើមា​នន​រណាហ៊ា​ន​ប៉ះ​រួ​​ស​បន្លា​នៅ​ច្រក​អាន​សេះ ឬ​រំលោភ​ប៉ះពា​ល់​ប្រាសាទ​តាមាន់​ធំ ស្មើនឹ​ង​ប៉ះឬ​បំពាន​អធិប​តេយ្យ​របស់​ថៃ។

លោកសង្កត់ធ្ងន់ទៀតថា ការបិទប្រាសាទតាមាន់ធំ និង​រាយ​រួស​បន្លា​ម្តង​នេះ មិន​រុះ​រើ​ចេញ​ជា​ដាច់​ខាត។

លោក​និយា​យ​ថា៖ «បញ្ហានៅ​ប្រា​សាទ​តាមា​ន់ធំ ប្រាសាទ​តាមាន់ធំ​ នឹង​បិទ​មិន​ឱ្យ​ចេញចូល អ្នក​ណា​ចង់​ចេញ-ចូល ត្រូវ​មាន​វីសា ឬ Passport សម្រាប់​ជន​បរទេស»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការពារជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា ប្រាប់​VOD​នៅ​ថ្ងៃ​ទី៣ ខែ​កញ្ញា​នេះ និយាយ​​ក្នុង​នាម​ទស្សនៈ​ផ្ទាល់​ខ្លួន និង​មិ​ន​ឱ្យ​ខ្វូត​សំឡេង​ផង​នោះ បាន​អះអា​ង​ថា អ្ន​ក​ស្រី​ផ្ទាល់ មិន​ចង់​ឆ្លើយ​ឆ្លង​ទេ។ អ្នក​ស្រីថា​ ក្នុង​នាម​ជា​ខ្មែរ​ដូចគ្នា មិន​ត្រូវ​ជឿ​លើ​ការ​ញុះ​ញង់​របស់​បរទេស​ជិត​ខាង​ ដែល​នាំ​ឱ្យ​បង្ក​ចលាចល​ក្នុង​ប្រទេស និង​នាំឱ្យ​មា​ន​ការ​ភ័ន្ត​​ច្រឡំ​ដល់​ពលរដ្ឋ​ខ្លួន​នោះ​ទេ។

មិនតែប៉ុណ្ណោះ អ្នកស្រីថារឿងទាហានថៃ​ប្រកាស​ចង់​យក​ទឹក​ដី​ខ្មែរ ​គឺ​ជា​រឿង​ដែល​មិន​អាច​កើត​ឡើង​ទៅ​រួច​ទេ ដោយ​​សំអាង​ថា គ្មាន​ប្រទេស​ណាប​ណ្តោយ​ឱ្យ​ប្រទេស​មួយ​ទៀត​ អាច​លេប​ទឹក​ដី​គេ​តាម​ទំនើង​ចិត្ត​បាន​នោះ​ទេ។

យ៉ាងណាក្តី តំណាង​រាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន និយាយ​ថា តួនាទី​រដ្ឋាភិបាល​មិន​មែន​ចាំតែ​បដិសេធ​យក​រួច​ខ្លួន​នោះ​ទេ ត្រូវ​មាន​វិធានការ​ទប់​ស្កាត់ រារាំង​ណាមួ​យ ប្រកប​ដោយ​ប្រសិទ្ធ​ភាព។

លោកបន្តថា ស្របពេលដែលទាហានថៃហ៊ាន​គឃ្លើន​​ច​ង់​ប្រកាស​បិទ​ប្រាសាទ​បុរាណ​ខ្មែរ​បែប​នេះ ភាគី​កម្ពុជា​ត្រូវ​ត្រៀម​​ខ្លួន​ដើម្បី​ទប់​ទល់ និង​ពង្រឹង​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ការ​ពារ​ទឹក​ដី​ជាជា​ង​ចាំតែ​បដិ​សេធ។

លោកសង្កត់​ធ្ងន់​ថា ការ​ប្រកាសរបស់ទាហានថៃបែប​នេះ កាន់​តែ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​មហិច្ចតា​ឈ្លាន​ពាន​របស់​ថៃ គេ​នៅ​តែចិ​ញ្ចឹម​ចិត្ត​ចង់​លេប​ទឹក​ដីក​ម្ពុជា តាម​ផែន​ទី​ខ្នាត​១លើ៥​០ពាន់​របស់​គេ។

លោកថា៖ «ឆ្លុះបញ្ចាំងថាគាត់ចង់លាក់បាំងព័ត៌មាន ខ្លាចប្រជាពលរដ្ឋ​ដឹង​ទៅ ពលរដ្ឋ​រិះ​គន់​ការ​ដឹក​នាំ​របស់​គ្រួសារ​ហ៊ុន​នឹង​ធ្វើ​ឲ្យបា​ត់​បង់​ទឹក​ដី និង​ធ្វើ​ឱ្យគា​ត់​អាម៉ាស់​មុខ ហើយ​ថា​កុំទៅ​ជឿ​ថៃ​ដែល​ចោរ​ឈ្លាន​ពាន ថៃ​គេ​និយាយ​គេ​ធ្វើមែ​ន ដូច​ជា គេព័​ទ្ធ​យក​ប្រាសាទ​តាមាន់​ធំ គេ​ព័ទ្ធ​មែន គេ​ព័ទ្ធ​យក​ច្រក​អាន​សេះ គេ​ព័ទ្ធ​មែន ហើយ​គេ​យក​ភ្នំ​ទ្រព្យ គេយ​ក​មែន ហើយ​តិច​ទៀត​គេថា​គេ​យ​កប្រា​សាទ​តាក្រ​បី ខ្ញុំ​ជឿ​ថា​តិច​ទៀត​ថៃ​គេយ​ក​មែន បើ​គេ​យក​មែន មិន​ដឹង​ធ្វើ​អ្វីគេ​​ដែរ»។

សម្រាប់លោក អ៊ុំ សំអាន ក្នុងកាលៈទេសៈនេះ កម្ពុជា​មិនអាច​ចេះតែ​អ​ត់​ធ្មត់​ឱ្យ​បរទេស​បន្ត​ឈ្លាន​ពាន​ទឹក​ដី​តាម​ទំនើង​ចិត្ត​នោះ​ទេ ត្រូវ​ត្រៀម​ខ្លួន​ប្រើ​ប្រាស់​សិទ្ធិ​ស្វ័យ​ការ​ពារ​ជានិច្ច ដើម្បី​ការ​ពារ​ទឹក​ដី​ខ្មែរ។លោកថា​ ការ​ប្រកាស​បិទ​ប្រាសាទ​តាមាន់​ធំ​របស់​ថៃ​នេះ ជា​ភស្តុតាង​មួយ​ផង​ដែរ​ថា ថៃ​មិន​បាន​គោរព​លើ​ប​ទឈ​ប់​បាញ់ ដែល​ផ្តួច​ផ្តើម​គំនិត​​ដោយ​ប្រធាន​​អាស៊ាន និង​​មហា​អំណាច​ចិន និង​អាមេរិក​ទេ។

លោកថា៖ «គាត់បិទព័ត៌មានរឿងព្រំដែនហ្នឹង ដើម្បី​ការ​ពារ​មុខ​មាត់​របស់​គាត់​កុំ​ឲ្យអា​ម៉ាស់ ព្រោះ​ឃើញ​ថៃ​ឈ្លាន​ពាន​យើង​អត់​មាន​ការ​ទប់​ស្កាត់ អត់​មាន​ការ​រារាំង​អ៊ីចឹង ប្រជាព​លរដ្ឋ​ឃើញ​ថា​រដ្ឋាភិ​បាល​អសមត្ថ​ភាព​ក្នុង​ការ​ការ​ពារ​ទឹក​ដី ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ខាង​ អ៊ីចឹង​គេ​ធ្វើ​ដូច​ជា​មួយ​យួន​ហ្នឹង​ឯង គឺ​គេ​បិទ​បាំង​ព័ត៌​មាន​ដើម្បី​កា​រ​ពារ​មុខ​មាត់​របស់​រដ្ឋាភិ​បាល ទី១។ ទី២​គេ​គ្រោង​កាត់​ដី​ហ្នឹង​ ទៅ​ឲ្យ​ថៃ​នៅ​ពេល​អនាគត​ឆាប់ៗ​ហ្នឹង ដើម្បី​កុំ​ឲ្យមា​ន​សង្គ្រាម​ ដើម្បី​ជួយ​ការ​ពារ​អំណាច​ត្រកូល​ហ៊ុន​នោះ​ត​ទៀត អាហ្នឹង​ដូច​គេ​ធ្វើ​ជាមួយ​វៀត​ណាម​អីចឹង»។

ប្រហែលគ្នានេះដែរ ប្រធានក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត និយាយ​ថា ភាព​គឃ្លើន​របស់​ទាហាន​ថៃ​មិន​ចេះ​ចប់​ទេ បើក​ម្ពុជា​មិ​ន​ត្រៀម​ខ្លួន​ដើម្បី​ការ​ពារ​ទប់​ទល់​មហិច្ចតា​ឈ្លាន​ពាន​សៀម​នេះ។

លោកបារម្ភថា បើថៃប្រើផែនទីខ្នាត១លើ៥​០ពាន់របស់​គេ ទឹក​ដី​កម្ពុជា​នឹង​ប្រឈម​ការ​បាត់​បង់​បន្ថែម​ទៀត ជាក់​ស្តែង​នៅ​ភូមិ​ជោគ​ជ័យ និ​ង​ច្រក​អាន​សេះ ថៃច​ង់​ប្រើ​ផែន​ទី​នេះ ដើម្បី​គ្រប់​គ្រង​តំបន់​នោះ។

លោកបញ្ជាក់ថា ផែនទីដែលភាគីថៃប្រើជាផែនទីឯកតោ​ភាគី ហើយ​មេដឹកនាំ​កម្ពុ​ជា​ លោក ហ៊ុន សែន ធ្លាប់​និយាយ​​ថា ផែន​ទី​នោះ​ជា​ផែន​ទី​ចោរ មិន​អាច​យក​មក​ប្រើ​ដើម្បីឈ្លា​ន​ពាន​ទឹក​ដី​កម្ពុជា​នោះ​ទេ។

លោកថា៖ «ជាក់ស្ដែងនៅខាងសមរភូមិប្រយុទ្ធនេះ យើង​អត់​មាន​បាន​ធ្វើ​អី​ទាំង​អស់ សៀម​គេ​ធ្វើ​អី​ក៏​ធ្វើ​ទៅ យើង​ឃើញ​មើល​ទស្សនៈ​ហ្នឹង វា​មើល​ទៅ​វា​ហាក់​ដូច​​ជា​ឆក់​​ល្វែង​ហាក់​ដូច​ជា​យើង យើង​ទម្លាក់​អាវុធ​ចោល​ដោយ​គ្មាន​បាន​ធ្វើស​ង្គ្រាម​ទេ បណ្ដោយ​គេ​ចូល​មក​តាម​ចិត្ត អាហ្នឹង​វា​ជាកំ​ហុស​ឆ្គង​មួយ​ដែរ​ នៅ​ក្នុង​ស្ថាន​ភាព​ដែល​កំពុង​តែ​ប្រឈម ហើយ​យើង​អត់​បាន​ធ្វើ​អី បណ្តោយ​ឱ្យ​គេ​ចូលម​ក​ដោយ​អត់​ធ្វើ​សូម្បី​តែសិ​ទ្ធិ​ការ​ពារ​ខ្លួន យើង​អត់​បាន​ប្រើ ទាំង​នេះ​គឺជា​កា​រឆ​ក់​ល្វែង​មួយ​ក្នុង​កំរិត​អ្នក​ដឹក​នាំ​រដ្ឋ»។

យ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ធ្លាប់​អះអា​ង​ថា ការ​អត់​ធ្មត់​គោរព​បទ​ឈប់​បាញ់​ចាប់​ពី​កិច្ច​ព្រម​ព្រៀង​នេះ ចូ​ល​ជា​ធរមាន​មក កម្ពុជា​ទទួល​បាន​ការ​កោត​សរសើរ​ពី​សហគម​ន៍​អន្តរជាតិ និង​ថា​នេះ​ជាយុ​ទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ របស់​រដ្ឋាភិ​បាល ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី។

លោកថា៖ «គោលជំហរដ៏ជាក់លាក់របស់​កម្ពុជា ខ្ញុំ​សូ​ម​​បញ្ជា​ក់​​ជូន ​​គឺ​​ការ​​ការ​​ពារ​​អធិប​​តេយ្យ​​ភាព​​ជា​​តិ​បូរណ​​ភាព​​ទឹ​​ក​ដី ដោយ​​រក្សា​បាន​​នូវ​​សុខ​សន្តិ​ភាព​ ស្រប​​ពេល​ជាមួយ​​គ្នា​នេះ។ គឺ​ជា​ស្មារតី​នៃ​នយោបាយ​ឈ្នះ​​ឈ្នះ​ ដែល​ជា​ស្នូល​នៃបន្ទាត់​​នយោបា​យរ​បស់​រាជ​រដ្ឋាភិ​បាល ​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា»

យ៉ាងនេះក្តី អ្នកឃ្លាំមើលយល់ឃើញផ្ទុយ​ពីនេះ ដោយ​ពួក​គេ​ថា ក្នុង​ពិភព​លោក​គ្មាន​ប្រទេស​ណា​អាច​ការ​ពារ​ទឹក​ដី​បាន តាម​រយៈ​មិន​តប​តជាមួយ​សត្រូវ​វាយ​លុក​ចូល​ឈ្លាន​ពាន​ទឹក​ដី​នោះ​ទេ។

យ៉ាង​ណាមិ​ញ បទឈប់បាញ់ដែលបានចូលជាធរមាន​ជាង​​មួ​យ​​ខែ​កន្លង​​​​​ទៅ​​​នេះ ថៃ​​មិ​​ន​​បាន​​​គោរព​​ទេ​ ជាក់​ស្តែង​ក្រោយ​​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​បាន​៨ម៉ោង ថៃ​បាន​​​ចល័ត​​ទ័ព​ចូល​​​ចាប់​​ទាហាន​​​ខ្មែរ​​២០​​នាក់ ដល់​​ក្នុង​​បន្ទាយ​​នៅ​ព្រំ​ដែន​​ជួរ​មុខ រហូត​បច្ចុប្ប​ន្ន ថៃ​មិន​ទាន់​ប្រគល់​ទាហាន​ខ្មែរ ​១​៨នា​ក់​​ទៀត​ ​ប្រគល់​​​ឱ្យ​មក​កម្ពុជា​វិញ​នៅ​​ឡើយ​ទេ ទោះ​​កម្ពុជា​​បន្ត​​អំពាវ​​នាវ​​និង​​រក​​អន្តរាគមន៍​​ពី​ស​ហគមន៍​​អន្តរ​​ជាតិក្តី។

លើសពីនេះ​ យោធា​ថៃ​បាន​​ចល័ត​​ទ័​ព​​ចូល​​​ទៅ​​រាយ​​បន្លា​លួ​​ស​​​ព័ទ្ធ​យក​​​ប្រាសាទ​​តាមាន់​​ធំ ក្នុង​​ខេត្ត​​ឧត្តរ​មាន​​​​​ជ័យ ព័ទ្ធ​​យក​​តំបន់​​អាន​​សេះ ខេត្ត​​ព្រះ​​​វិហារ និង​​ភូមិ​​អូរបី​ជាន់ និង​​គំរា​​​ម​ចុះ​រុះ​រើ​ផ្ទះពលរដ្ឋ​ជិត​២០០ខ្នង​​​​ទៀត នៅ​ភូ​មិ​ជោគ​ជ័យ ស្រុក​​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ខណៈ​ភាគី​កម្ពុជា​មិន​តបត​ដោយ​ប្រកាស​ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់​គោរ​ពប​ទ​ឈប់​បាញ់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ