ពលរដ្ឋខ្មែរ​នៅភូមិជោគជ័យ​ចេញ​ប្រឈម​មុខ​ជាមួយ​យោធា​ថៃ​ជា​ថ្មី​ទៀត​ដើម្បី​ការ​ពារ​ទឹក​ដី

ពលរដ្ឋ​ខ្មែរ​រាប់​សិប​នាក់ បាន​ប្រឈម​មុខ​ជា​ថ្មីទៀ​ត ជាមួយ​យោធា​ថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ការ​ពារ​ទឹក​ដី ជំនួស​ក្រសួង​ការ​ពារ​ជាតិ​ខ្មែរ ខណៈ​ក្រុម​យោធា​ថៃ បាន​ចល័ត​ចូល​មក​រាយ​លួស​បន្លា ព័ទ្ធ​យក​ដីខ្មែរ នៅ​ភូមិ​ជោគ​ជ័យ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ។

ការចេញប្រឈមរបស់ពលរដ្ឋខ្មែរនៅ​ភូមិ​ជោគ​ជ័យ ជាមួយ​ទាហាន​ថៃ​ជា​លើក​ទី​២​នេះ ក៏​ចំ​ពេល​ដែល​មេ​ទ័ព​ថៃ​ ព្រមាន​ថានឹ​ង​ប្រើ​កម្លាំង​យោធា វា​យ​យក​ភូមិ​ខ្មែរ​មួយ​ចំនួន​នៅ​ស្រុក​អូរជ្រៅ និង​រុះ​រើ​ផ្ទះ ១៧០​ខ្នង​ ដោយ​ចាត់​ទុក​ថា ជា​ដី​របស់​ខ្លួន តាម​ផែន​ទី​ដែល​ថៃ​គូរ​ដោយ​ឯកតោ​ភា​គី ដែល​មេដឹក​នាំខ្មែរ​ហៅ​ថា​ជា​ផែន​​​ទី​ចោរ។

ប្រភព​ពលរដ្ឋ​និយាយ​ថា ទាហាន​ថៃ​ជា​ច្រើន​នាក់ បាន​ធ្វើ​សកម្ម​ភាព​រាយ​លួស​បន្លា ឈ្លាន​ពាន​ដី​ស្រែ​ចម្កា​រ​​របស់​ពួក​គាត់ ដោយ​អះអា​ង​ថា ដី​ភូមិ រួម​ទាំង​ដី​ស្រែ​ចម្ការ​ទាំង​នេះ​រប​ស់​ថៃ។

លើសពីនេះ អភិបាល​ខេត្ត​ស្រះកែវ ប្រទេស​ថៃ លោក ព្រីនញ៉ា ពោធិ៍សា​ត់ បាន​ដាក់​លិខិត​ជូនអភិ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ ឱ្យ​រុះ​រើ​ផ្ទះ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា​១៧០​គ្រួសារ ចេញ​ពី​ភូមិ​ជោគ​ជ័យ ដែល​ថៃ​ថា​ជាភូមិ​ណង​ចាន់ របស់​ខ្លួន និង​ភូមិ​ណង​យ៉ា​កែវ ខេត្ត​ស្រះ​កែវ។

ក្នុងលិខិតនេះ និយាយថា ជនជាតិខ្មែរ​បានសាង​សង់​ផ្ទះ និង​សំណង់​ផ្សេងៗ​នៅ​ភូមិ​ណង​ចាន់ និង​ភូមិ​ណង​យ៉ាកែវ ដែល​ជា​កម្ម​សិទ្ធិ​របស់​ថៃ រំលោភ​លើ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា (MOU) ថៃ-កម្ពុជា ​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០០០ បាន​កំណត់​ការ​បោះ​បង្គោល​ព្រំ​ដែ​ន​ដី​គោ​ក​។

ថៃដែល​តែង​តែមា​ន​មហិច្ឆតា​លេប​ទឹក​ដី​ខ្មែរ​ច្រើន​រយ​ឆ្នាំម​ក​នេះ បាន​ប្រាប់​ទៅ​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ឱ្យ​ត្រូវ​ចាត់​​វិធាន​ការ​​​ជា​​បន្ទាន់ ​ក្នុ​ង​​ការ​​ផ្លាស់​​ប្តូរ​ទីលំនៅ​របស់​ពលរដ្ឋ​ខ្មែរ​ចំនួន​ជាង ១៧០​គ្រួសារ​នេះ។

ថៃព្រមាន​ថា ប្រសិន​បើ​​ប្រជាពលរដ្ឋ​​ខ្មែរ​​ទាំង​នោះ​ មិន​​គោរព​​តាម​​សំណើរ​​​រុះ​រើ​​នេះ​ទេ អាជ្ញាធរ​​​ថៃ​​នឹង​​ចាត់​វិធាន​ការ​​តាម​ច្បាប់​ផ្លូវ​ថៃ ចុះ​បណ្តេញ​ចេញ និង​រុះ​រើ​ដោយ​ផ្ទាល់។​

មិនតែ​ប៉ុណ្ណោះ អ្នកនាំពាក្យមេបញ្ជាការភូមិភាគ១រ​បស់​ថៃ​ លោក សុរៈវីជ ដែងចាន់ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី៣ ខែកញ្ញា​​ដែរ​ថា ទាហាន​ថៃ នឹង​ប្រើវិ​ធាន​ការ​ក្តៅ​ចំពោះ​សកម្ម​ភាព​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ទន្រ្ទាន មក​រស់​នៅ​ភូមិ​ណងចាន់ ទឹក​ដី​របស់​ថៃ​នេះ។

លោកអះអាងថា ទាហានថៃមានច្បាប់អាជ្ញាសឹកដើម្បី​គ្រប់​គ្រង និង​កាន់​កាប់​ភូមិ​ណង​ចាន់ និង​ភូមិ​ណងយ៉ា​កែវ ទាំង​មូល ដូច្នេះ​បើ​មាន​សកម្ម​ភាព​រារាំង ឬ​ទន្រ្ទាន ឈ្លាន​ពាន​ចូល​ដី​ថៃ និង​ប្រើ​ធម៌​ក្តៅ​មិន​ខាន់។

លោក​និយាយ​ក្នុង​សម្តី​ដើម​ថា «ថៃ​មិ​នព្រម​ឱ្យ​ពលរដ្ឋ​ខ្មែរ​ឈ្លាន​ពាន ទន្រ្ទាន​កាន់​កាប់​ដី​ថៃ​នៅ​ភូមិ​ណង​ចាន់​នេះ​ទេ គឺ​ថៃ​លែង​អត់​ធន់​តទៅ​ទៀត​ហើយ ថៃ​មិន​មែន​ជា​បង​ធំ​ចិត្ត​ល្អ​សម្រាប់​កម្ពុជា​ទៀត​ទេ»។

លោកនិយាយ​ទៀត​ថា «បើនៅ​តែ​មិន​ស្តាប់ ទាហាន​ថៃ​នឹង​ចាត់​វិធាន​ការ​ពី​ស្រាល​ទៅ​ធ្ងន់ គឺ​នឹង​ប្រើ​ធម៌​ក្តៅ​ ចុះ​រុះ​រើ​ផ្ទះព​លរដ្ឋ​ជាង​១៧០​ខ្នង​ទាំង​នោះ​​ចេញ​ពី​ដែន​អធិប​តេយ្យ​របស់​ថៃ»។

ជុំវិញបញ្ហានេះ VOD មិនទាន់អាចសុំការបំភ្លឺ ពី​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ លោក អ៊ុំ រាត្រី បាន​នៅ​ឡើយ​ទេ គិត​​ត្រឹម​​ម៉ោង​ផ្សាយ​នេះ ដោយ​លោក​ចុច​ផ្តាច់​ទូរសព្ទ។

តែយ៉ាងណា នៅថ្ងៃទី៤ ខែ​កញ្ញានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បាន​បង្ហោះលិ​ខិត​មួយ​ច្បាប់ ដោយ​និយាយ​ថា អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ទទួល​បាន​លិខិត​របស់​​អភិបាល​ខេ​ត្ត​ស្រះ​កែវ​ថៃ​ហើយ។

ប៉ុន្តែថា បញ្ហា​ខាង​លើនេះ​ គឺ​ជា​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​គ្រប់​គ្រង​ព្រំដែន និង​ការ​ងារ​វាស់​វែង​ខណ្ឌ​សីមា​ បោះ​បង្គោល​ព្រំដែន ដែល​ជា​សមត្ថកិច្ច​របស់​គណៈ​កម្មា​ធិកា​រ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ​(GBC) និង​គណៈ​កម្ម​ការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក (JBC)។

មួយវិញទៀត កម្ពុជាថា ភាគីថៃ គួរអនុវត្ត ស្រប​តាម​កិច្ច​ព្រម​ព្រៀង​ស្តីពី​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ព្រំដែន ចុះ​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​១៩៩៥ និង​អនុស្សរណៈនៃ​ការ​យោគ​យល់​គ្នា ស្តី​ពីកា​រ​វាស់​វែង ខណ្ឌ​សីមា​ព្រំដែន​គោក​កម្ពុជា-ថៃ ឆ្នាំ​២០០០ (MOU)។

កម្ពុជាបានគូសបញ្ជាក់ថា ការ​ធ្វើ​សកម្មភាព​ដោយ​ឯកតោ​ភាគី​ណា​មួយ ប៉ះ​ពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​​រស់​នៅ​ និង​អាស្រ័យ​ផល​ក្នុង​តំបន់​នោះ ជាកា​រ​បំពាន​ដល់ MOU ឆ្នាំ​២០០០ និង​​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់ រវាង​កម្ពុជា​និង​ថៃ នា​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ ព្រមទាំង​​បំពាន​លើ​ស្មារតី​នៃ​កិច្ច​ប្រជុំ​វិសាមញ្ញ​នៃ​គណៈ​កម្មា​ធិការ ព្រំដែន​ទូទៅ​កម្ពុជា-ថៃ​(GBC) នា​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២៥ នៅ​ប្រទេស​ម៉ាឡេស៊ី ព្រម​ទាំង​ស្មារតី​នៃ​កិច្ច​ប្រជុំ​គណៈ​កម្មាធិ​ការ​ព្រំដែន​​ថ្នាក់​យោធ​ភូមិ​ភាគ (RBC) រវា​ង​ប្រទេស​ទាំង​ពីរ នា​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៥។

កាលពីថ្ងៃទី២៥ ខែ​សីហា ប្រជាពលរ​ដ្ឋខ្មែ​រ​រាប់​សិប​នាក់ នៅ​ភូមិ​ជោគជ័យ បាន​​ប្រឈម​​មុខ​ជាមួយ​យោធាថៃ​ម្តង​ហើយ ដែល​ពេល​នោះ ការ​តស៊ូស្រុះ​គ្នា​រ​បស់​ពលរដ្ឋ​ខ្មែរ ធ្វើ​ឱ្យ​យោធា​ថៃ​បង្ខំ​ចិត្ត​ដក​ថយ​វិញ ហើយ​ពលរដ្ឋ​ខ្មែរ​បន្ត​ដេក​ចាំព្រំ​ដែន រហូ​ត​ពេល​នេះ ។

ប៉ុន្តែទីតាំងនោះ​ត្រូវបាន​អាជ្ញាធរ​កម្ពុជា រឹត​បន្តឹង​ការ​ចេញ​ចូល រីឯ​រដ្ឋាភិបាល​កម្ពុជា​បាន​ទប់​ស្កាត់​មិន​ឱ្យ​អ្នក​សារព័​ត៌​មាន ចុះ​ធ្វើ​សេចក្តី​រាយ​ការណ៍​ផ្ទាល់ នៅ​ទីតាំង​ដែល​ថៃ​គំរា​មឈ្លា​ន​ពាន​នោះ​ទេ។

តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់VOD​នៅថ្ងៃ​ទី៤ ខែ​កញ្ញា​នេះ​ថា ក្រោយ​ឃើញ​វីដេអូ​ពលរដ្ឋ​ខ្មែរ​ចេញ​​ការ​ពារ​ទឹក​ដី​ខ្លួន​បែប​នេះ លោក​មាន​អារម្មណ៍​ឈឺចា​ប់ ចំពោះ​ទង្វើ​ឈ្លាន​ពាន​របស់​យោធា​ថៃ។ លោក​បន្ត​ថា ពលរដ្ឋ​កម្ពុជា​ពិត​ជា​អភ័ព្វ​ណាស់ ដែល​មាន​មេដឹក​នាំ​កំសាក គ្មាន​សមត្ថ​ភាព​ការ​ពារ​សុខ​សន្តិ​ភាព និង​បូរណ​ភាព​ទឹកដី​របស់​បុព្វបុ​រស​ខ្មែរ បណ្តោយ​ឱ្យ​ទាហាន​​ថៃ​បន្ត​គឃ្លើន​ឈ្លាន​ពាន​ដី​ខ្មែរ។

លោកបារម្ភថា ដីស្រែចម្ការពលរដ្ឋខ្មែរ​នៅភូមិជោគ​ជ័យ និង​ភូមិ​ព្រៃចាន់ អាច​នឹង​ប្រឈម​បាត់​បង់​ទៅ​ថៃបន្ថែម​ទៀត បើ​មេដឹកនាំ​គ្រួសារ​ហ៊ុន​ប្រើ​យន្ត​ការ​ចរចា​ទ្វេភាគី ​ជា​មួយ​ចោរ​សៀម​ឈ្លាន​ពាន​ដែន​ដី​ខ្មែរ​នេះ។

លោកសង្កត់ធ្ងន់ថា បើកម្ពុជាបន្តប្រើយន្តការចរចាទ្វេភាគី​ជាមួយ​ថៃ កម្ពុជា​នឹង​បរាជ័យ ចាញ់​ប្រៀប​ថៃ​ នឹង​ធ្វើ​ឱ្យ​បា​ត់​បង់​ទឹក​ដី ព្រោះ​ភាគី​ថៃ​ប្រកាន់​ជំហរ​យក​តាម​ផែន​ទី១​លើ៥​០​ពាន់​របស់​គេ ដែល​ថៃ​គូស​ដោយ​ឯកតោ​ភាគី។

លោកថា៖ «ការចរចាទ្វេភាគី១០០% គឺ​យើង​មិន​អាច​ទទួល​បាន​ភូមិ​ជោគ​ជ័យ​ហ្នឹង​មក​វិញ​ទេ ព្រោះ​ថៃ​គ្រប់​គ្រង​រួច​ហើយ​ថៃ​រាយ​បន្លា​លួស​នៅ​ថ្ងៃ​នេះ ហើយ​នៅ​​ពេល​អនាគត​ឆាប់ៗ​ គេនឹ​ង​ធ្វើ​របង​ស៊ីម៉ងត៍​ទៀត​ឬរ​បង​បេតុង​ទៀត ដូច្នេះ​រឿ​ង​អីគេ​​ឲ្យ​យើង​ត្រឡប់​មក​វិញ នៅ​ភូមិ​ទាំង​ពីរ​ហ្នឹង មក​កម្ពុជា​វិញ​នោះ​ទេ»។

សម្រាប់លោក អ៊ុំ សំអាន ដើម្បីទប់ទល់នឹងទង្វើឈ្លានពានដែន​អធិ​ប​តេយ្យ​របស់​កម្ពុជា មេដឹក​នាំ​កម្ពុជា​ចាំបាច់​ណាស់​ ត្រូវ​ពន្លឿន​ប្តឹង​ទៅ​សហ​ប្រធា​ន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ភ្លាម ខណៈ​ភាគី​ថៃ​ក៏​ជាប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ដែរ។

សម្រាប់លោក អ៊ុំ សំអាន ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស បាន​បញ្ជា​ក់យ៉ា​ង​ច្បាស់​ថា បើមាន​ការ​រំលោភ​បំពាន​ដែន​អធិប​តេយ្យ​កម្ពុជា កម្ពុជា​អាច​ស្នើ​សុំ​ការ​ឧបត្ថម្ភ​ពី​សហ​ប្រធាន​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស មាន​ប្រទេស​បារាំង និង​ឥណ្ឌូនេស៊ី ដើម្បី​ជួយ​ការ​ពារ​ទឹក​ដី​កម្ពុជា។

លោកបន្តថា បើមេដឹកនាំគ្រួសារហ៊ុន មិនពន្លឿនប្រើយន្តការអន្តរ​ជាតិ និង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទេ កម្ពុជា​ជៀស​មិន​ផុត​ពី​ការ​បាត់​បង់​ទឹក​ដី​នោះ​ទេ។

លោកថា៖ «រដ្ឋាភិបាលត្រូវបញ្ជាឲ្យកងកម្លាំងប្រដាប់​អាវុធ ទាហាន​ហ្នឹង​ទៅ​ការ​ពារ​ទឹក​ដី ទៅ​ទប់​ទល់​នឹង​ទាហាន​ថៃ​ចូល​មក​ឈ្លាន​ពាន​ទឹ​ក​ដី​ខ្មែរ​​យើង ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បែ​រ​ជា​កង​ប្រដាប់​អាវុធ ឬ​អត់​ទៅ​ការ​ពារ​ប្រជា​ពលរដ្ឋ បែរ​ឱ្យ​​ប្រជាពលរដ្ឋ​ទៅ​ការ​ពារ​ទឹក​ដី​ខ្លួន​ឯង​ទៅ​វិញ បើ​អីចឹង​យល់​ល្អ លោក ហ៊ុន សែន​លោក ហ៊ុន ម៉ាណែត ចុះ​ចេញ​ពី​តំណែង​ទៅ ឱ្យ​ប្រជាព​លរដ្ឋ​ការ​ពារ​ទឹក​ដី​វិញ​ល្អ​ជាង»។

ប្រហែលគ្នានេះដែរ អ្នកច្បាប់និងជាអ្នកវិភាគឯករាជ្យ លោក វន់ ចាន់ឡូត បារម្ភ​ថា ភូមិ​ជោគ​ជ័យ ​និ​ង​ភូមិព្រៃ​ចាន់ អាច​នឹង​ប្រឈម​បាត់​បង់ បើ​ថៃ​ប្រើ​ច្បាប់​អាជ្ញា​សឹក​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​លំនៅ​ដ្ឋាន។

លោកអះអាងថា យុទ្ធសាស្រ្តរដ្ឋបាលខេត្តស្រះ​កែ​វ និង​យោធា​ភូ​មិ​ភាគ១​ថៃ ហាក់​រំលឹក​កម្ពុជា​ថា ទឹក​ដី​នៅតំ​បន់​នោះ​ជា​ទឹក​ដី​របស់​ថៃ គឺ​ភាគី​ថៃ​បាន​បញ្ជូន​ដំណឹង​ហើយ បើ​មិន​រុះ​រើ ស្មើ​នឹង​បំពាន​ដែន​ដី​ថៃ។

លោកបា​រម្ភ​ទៀត​ថា កម្ពុជា​និង​ថៃ អាច​នឹង​ផ្ទុះ​អាវុធ​ដាក់​គ្នា​ម្តង​ទៀត ខណៈ​បញ្ហា​នៅ​តំបន់​មាន​ជម្លោះ​ នោះ ភាគី​នៃ​ប្រទេស​ទាំង​ពីរ ហាក់​ប្រកាន់​ជំហរ​អះ​អាង​ថា ជា​ទឹក​ដី​របស់​ខ្លួន រៀង​ៗ​ខ្លួន​បែប​នេះ។

សម្រាប់​លោក វន់ ចាន់ឡូត យល់ថា ក្នុងកាលៈទេសៈ​ដែល​ភាគី​ថៃ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​ឈ្លាន​ពាន និង​ចង់​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​លំនៅដ្ឋាន​នេះ កម្ពុជា​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​ពឹង​សហប្រធាន​ទីក្រុង​ប៉ារីស​នោះ​ទេ។

លោកថា៖ «កម្ពុជាគួរតែពិចារណាទៅលើជម្រើស​ផ្សេងៗ ក្នុង​នោះ​រួម​ទាំង​ការ​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ ដើម្បី​ធានា​ទៅ​លើកា​រកា​រ​ពារ​នូវ​ដែន​អធិប​តេយ្យ និង​បូរណភាព​ទឹក​ដី​របស់​ខ្លួន​ ក្នុង​ករណី​ដែល​រដ្ឋាភិបាល​កម្ពុជា​​មិន​អាច​ធានា​បាន​នូវ​ចំពោះ​មុខ​នៃ​ការ​ឈ្លាន​ពាន​នេះ​ទេ ទី១ កម្ពុជា​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ភាព​ស្មុគ​ស្មាញ​រយៈ​ពេល​វែង ដោយ​សារ​តែ​ការ​វាត​ទី​និយម​របស់​ភាគី​ថៃ»។

លើសពីនេះ អ្នកវិភាគ​នយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​​​ចង្អុល​​​​​បង្ហាញ​ពី​​មូល​​​ដ្ឋាន​​​ច្បាប់​​រឹង​​​មាំ​​របស់​​កម្ពុជា ដែល​ប្រទេស​​ជិត​ខាង​មិន​អាច​រំលោភ​បំពា​ន​​បាន។

លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់បានបង្ហោះសារ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា កម្ពុជា​អាច​ប្រើ​ប្រា​ស់​យន្ត​ការដោះ​ស្រាយ ការ​រំលោភ​យក​កោះ​គុត​ពី​ភាគី​ថៃ ដោយ​ប្រើ​ប្រាស់​មាត្រា​៥ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

បើតាមមាត្រា៥ នៃកិច្ចព្រមព្រៀងនេះ បញ្ជាក់​ថា បើ​មាន​ការ​ការ​គំរាម​កំហែង​រំលោភ​លើអធិប​តេយ្យ​ភាព​កម្ពុជា បណ្តា​ភាគី​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ​ ត្រូវ​ពិគ្រោះ​ជា​បន្ទាន់ ​ដើម្បី​អនុ​ម័ត​រាល់​វិធាន​​ការ​សមស្រប ដើម្បី​​ដោះ​ស្រាយ​​រា​ល់​កា​រ​​រំលោភ​​ទាំង​​នេះ​​តាម​មធ្យោបាយ​សន្តិ​វិធី។

វិធានការដោះស្រាយ រួមមាន រាយកា​រណ៍​ទៅ​ក្រុមប្រឹក្សា​សន្តិសុ​ខ​អង្គការ​សហ​ប្រជាជាតិ ឬ​ប្រើ​​ប្រាស់​​មធ្យោ​បាយ​ដំណោះ​​ស្រាយ​​នូវ​ទំនាស់​ដោយ​សន្តិ​វិធី​ យោង​តាម​មាត្រា​៣៣ នៃ​ធម្មនុញ្ញ​​អង្គការ​សហប្រជាជាតិ ហើយ​ភាគី​ពាក់​ព័ន្ធ​ក៏​អាច​សុំកា​រ​ឧបត្ថម្ភ​ពី​សហ​ប្រធាន​នៃ​សន្និសីទ​ប៉ារីស​ស្តី​ពី​កម្ពុជា រួម​មានប្រទេស​​​បារាំង និង​ប្រទេស​ឥណ្ឌូនេស៊ី​ផង​ដែរ។

បើតាមលោក​បណ្ឌិត ឡៅ ម៉ុងហៃ កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុ​ង​ប៉ារីស​ បញ្ជាក់​យ៉ាង​ច្បាស់​ថា ម្ចាស់​ហត្ថលេខី​ទាំង​១៨​ប្រទេស ដែល​ជា​សាក្សីនៃ​​កិច្ច​ព្រម​ព្រៀង​នេះ រួម​ទាំង​ប្រទេស​ថៃ និងវៀតណាម ត្រូវ​ទទួល​ស្គាល់ និងគោរ​ពគ្រប់​បែប​យ៉ាង​ទាំង​អស់ ដល់​អធិប​តេយ្យ​ភាព ឯករាជ្យ បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃដែន​ដី អព្យា​ក្រឹត​ភាព និង​ឯកភាព​ជាតិ​កម្ពុជា។

មាត្រា៥២​នៃរដ្ឋ​ធម្មនុញ្ញ ចែង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ​ប្តេជ្ញា​រក្សា​ការ​ពារ​ឯករាជ្យ អធិប​តេយ្យ​ បូរណ​ភាព​ទឹក​ដី អនុ​​​វ​​​ត្ត​​​​​នយោបាយ​​បង្រួប​បង្រួម​ជាតិ ដើម្បី​ការ​ឯកភាព​ជាតិ។

ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែ​ងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារ​បរទេស នូវដែនដី​ជាតិ​ទាំង​ស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ