រដ្ឋាភិបាលកម្ពុជា រងការរិះគន់ថា ព្យាយាមបំបិទមាត់ជនរងគ្រោះដែលបាត់បង់សមាជិកគ្រួសារជាកងទ័ព ក្នុងជម្លោះព្រំដែនជាមួយថៃ ក្នុងបំណងការពារមុខមាត់របស់ខ្លួន មិនខ្វល់ពីជីវិតយុទ្ធជនពលី ខណៈស្រ្តីម្នាក់ទម្លាយរឿងមានប្តីជាទាហានជួរមុខ តែបាត់ដំណឹងរហូតបច្ចុប្បន្នមិនដឹងស្លាប់ឬរស់ តែត្រូវមន្រ្តីច្រានចោល។
ការិះគន់នេះ ក្រោយរដ្ឋបាលស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានចេញលិខិតបំភ្លឺមួយ ចាត់ទុកវីដេអូផ្សព្វផ្សាយថា ស្រ្តីឈ្មោះ ចាន់ សុភាព រស់នៅភូមិជោគជ័យ ស្រុកអូរជ្រៅ បានបាត់ដំណឹងប្តីជាទាហាន គឺជាព័ត៌មានមិនពិត។
បើតាមលិខិតចុះថ្ងៃទី៣ ខែកញ្ញានោះ បញ្ជាក់ថា បុរសឈ្មោះ ស៊ុន ពេជ្រ ដែលអ្នកស្រី សុភាព អះអាងថាជាប្តីគាត់ ធ្វើជាកងទ័ពនៅជួរមុខ ក្នុងសមរភូមិទិសព្រះវិហារនោះ គឺជាព័ត៌មាន គ្មានប្រភព ឬភស្តុតាងមកអះអាងបញ្ជាក់នោះទេ។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ យល់ថា រដ្ឋាភិបាលកំពុងគំរាមគំហែងលើពលរដ្ឋ ខណៈពួកគេរងភាពអយុត្តិធម៌ ក្រោយបាត់បង់សមាជិកគ្រួសារ តែត្រូវបានហាមចោទថាជារឿងប្រឌិតទៅវិញ។
លោកថា តាមលោកដឹងមានគ្រួសារច្រើនណាស់ ដែលបាត់បង់សមាជិកគ្រួសារជាទាហានជួរមុខ តែរដ្ឋាភិបាលមិនបានបង្ហាញតម្លាភាពក្នុងរឿងនេះទេ។
លោកបារម្ភថា ចលាចលក្នុងជួរកងកម្លាំងអាចកើតមានឡើង បើរដ្ឋាភិបាលបន្តបិទព័ត៌មាន ដោយមិនហ៊ានបង្ហាញការពិតរកដំណោះស្រាយ និងជួយទ្រទ្រង់ជីវភាពដល់ក្រុមគ្រួសារវីរៈកងទ័ពដែលលះបង់ដើម្បីជាតិមាតុភូមិនោះ។
លោកថា៖ «មិនអាចទប់បានទេ! បើថាមិនបង្ហាញការពិតដល់ប្រជាពលរដ្ឋ តើក្រុមគ្រួសារអ្នក(បាត់បង់ជីវិត)ទាំងអស់ហ្នឹងគេនឹងតវ៉ា គេឡើងមកតវ៉ាដល់ភ្នំពេញ។ ត្រូវតែបង្ហាញការពិតកុំឲ្យមានការជ្រួលច្របល់។ ខ្ញុំបារម្ភមែនទែន ច្រួលច្របល់ចំពោះកងទាហានជួរមុខហ្នឹង! មិនធម្មតាទេ អាចចលាចលទូទាំងប្រទេសកម្ពុជា។ ខ្ញុំអំពាវនាវសុំរដ្ឋាភិបាល គិតគូរប្រើថវិកាជាតិយកទៅណា! យើងត្រូវគិតគូរពីជីវភាព ជូនវីរៈជនដែលការពារជាតិយើងនៅជួរមុខ។ សុំឲ្យវិទ្យុវីអូឌីជួយផ្សាយរដ្ឋាភិបាល ដឹងរឿងហ្នឹងផង! សំខាន់បំផុតយើងជួយការពារវីរៈជនយើងឲ្យមានសម្លៀកបំពាក់ សព្វាវុធ និងអាហារឲ្យបានត្រឹមត្រូវ »។
សម្រាប់ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ជំរុញឱ្យរដ្ឋាភិបាលបង្ហាញការពិតពីសោកនាដកម្មដែលថៃឈ្លានពានកម្ពុជា ធ្វើឱ្យពលរដ្ឋខ្មែររងគ្រោះបែកបាក់គ្រួសារ ដូចករណីស្រ្តីដែលទម្លាយពីការបាត់ដំណឹងប្តីជាទាហានជួរមុខនេះជាដើម។
ក្នុងន័យនេះ លោកថា បើរដ្ឋាភិបាលបន្តបិទបាំងព័ត៌មាន គំរាមគំហែងលើពលរដ្ឋបែបនេះ នឹងធ្វើឱ្យពលរដ្ឋអស់ជំនឿចិត្តលើរដ្ឋាភិបាល ហើយក៏បង្ហាញពីចេតនាមិនស្មោះត្រង់ ក្នុងការពារទឹកដីក្រោមការបំពានពីថៃនៅពេលនេះផងដែរ។
លោកថា៖«ប្រជាពលរដ្ឋនិយាយក៏មិនបាននៅតាមព្រំដែនឥលូវហ្នឹង! ប្រជាពលរដ្ឋនិយាយក៏មិនបានទាហានជួរមុខថតបង្ហោះក៏មិនបាន។ ចង់បានអី រដ្ឋាភិបាលចង់ការពារមុខមាត់របស់ខ្លួនឬយ៉ាងម៉េច! រឿងរ៉ាវវានៅតែបែកធ្លាយ វានៅតែគេដឹងអ៊ីចឹង ម្ល៉ោះហើយខ្ញុំយល់ថាគួរណាស់តែបើកលំហសេរីភាពផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយ ហើយគួរណាស់ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋលោកនិយាយការពិតឲ្យបានច្រើន ដើម្បីឲ្យមជ្ឈដ្ឋានទូទៅបានដឹងបានឮ អំពីថាកម្ពុជាកំពុងតែរងគ្រោះការឈ្លានពានហ្នឹង ឲ្យពិតប្រាកដ »។
កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ វិទ្យុបារាំងអន្តរជាតិ RFI បានផ្សព្វផ្សាយវីដេអូមួយ បង្ហាញពីជីវិតអ្នកស្រី ចាន់ សុភាព កំពុងរស់នៅជាមួយកូនតូចធំ៦នាក់ ក្នុងផ្ទះខ្ទមតូចមួយ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយវិលត្រឡប់មកពីទីជម្រកសុវត្ថិភាពមួយ ក្នុងខេត្តបន្ទាយមានជ័យ ភៀសខ្លួនក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។
ក្នុងវីដេអូនោះ ស្រ្តីរូបនេះ រៀបរាប់ទាំងទឹកភ្នែកហូរថា ទោះការប្រយុទ្ធគ្នាត្រូវបញ្ចប់ តែគាត់ពុំទទួលបានដំណឹងពីស្វាមី ជាកងទ័ពជួរមុខនៅទិសព្រះវិហារនៅឡើយ ហើយគាត់នៅតែរង់ចាំដំណឹងពីស្វាមីរបស់ខ្លួនជានិច្ច។
អ្នកស្រីថា៖ «ប្តីខ្ញុំឈ្មោះ ស៊ុន ពេជ្រ ធ្វើទាហាននៅជួរមុខនៅប្រាសាទព្រះវិហារ រាល់ថ្ងៃ ខ្ញុំអត់ដែលដឹងថាគាត់ស្លាប់ ឬមួយរស់ទេ។ ខ្ញុំទាក់ទងអត់បានទេ ខ្ញុំបារម្ភពីប្តីណាស់ អត់ដឹងថាប្ដីយ៉ាងម៉េចយ៉ាងម៉ា!ទាក់ទងគ្នាមិនបាន សាច់ញាតិអត់មាន! អត់មានបងប្អូនទេ ប្ដីខ្ញុំគឺមានតែឯង កូនកំព្រា»។
យ៉ាងណា វីដេអូនោះត្រូវបានលុបចេញវិញ ក្រោយមានការប្រតិកម្មពីអាជ្ញាធរខេត្តបន្ទាយមានជ័យថា ជាព័ត៌មានមិនពិត៕









