ស្រ្តីរាប់រយនាក់ពាក់អាវពណ៌ផ្កាឈូក និងកាន់អំបោសបានដើរដង្ហែរទៅកាន់សភាក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ ដើម្បីតវ៉ាប្រឆាំងនឹងការបំពានរបស់ប៉ូលីស និងការចំណាយដ៏ខ្ជះខ្ជាយរបស់រដ្ឋាភិបាល។
ប៊ីប៊ីស៊ី(BBC) បានរាយការណ៍នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះថា ការតវ៉ានៅទីក្រុងហ្សាកាតា(Jakarta) និងទីក្រុងសំខាន់ផ្សេងៗទៀត បានអូសបន្លាយឈានដល់សប្តាហ៍ទី២របស់ពួកគេ ដែលបង្កឱ្យមានការខឹងសម្បារចំពោះបញ្ហានៃការរស់នៅ និងការបង្កើនអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ដល់សភា។
ខណៈដែលការតវ៉ាកាន់តែខ្លាំងឡើងនេះ លោកប្រធានាធិបតី ប្រាបូវូ សាប់ប៊ីយ៉ាន់តូ(Prabowo Subianto) បាននិយាយថា លោកនឹងលុបចោលដំណើរទស្សនៈកិច្ចទៅទីក្រុងប៉េកាំង ដើម្បីចូលរួមក្បួនដង្ហែយោធាដ៏ធំរបស់ប្រទេសចិន ប៉ុន្តែត្រូវបានគេប្រទះឃើញរូបរបស់លោកថតជាក្រុម កាលពីថ្ងៃពុធ រួមជាមួយប្រធានាធិបតី ស៊ី ជីពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន។
ជាមួយគ្នានេះ អំឡុងពេលនៃការប្រមូលផ្តុំគ្នា កាលពីថ្ងៃពុធ ក្រុមអ្នកតវ៉ាស្រ្តីពាក់អាវពណ៌ផ្កាឈូកមកពីសម្ព័ន្ធនារីឥណ្ឌូនេស៊ី(IWA)បាននិយាយថា អំបោសតំណាងឱ្យបំណងប្រាថ្នារបស់ពួកគេ ‘‘ដើម្បីបោសសម្អាតភាពកង្វក់នៃរដ្ឋ យោធានិយម និងការគាបសង្កត់របស់ប៉ូលីស’’។
បន្ថែមពីនេះ ក្រុមអ្នកតវ៉ាម្នាក់បានប្រាប់ BBC ថា៖ «ការតវ៉ាមិនមែនជាឧក្រិដ្ឋកម្មទេ ប៉ុន្តែជាសិទ្ធិប្រជាធិបតេយ្យដែលមាននៅក្នុងពលរដ្ឋគ្រប់រូប»។
សម្ព័ន្ធស្រ្តី គឺជាក្រុមនយោបាយដែលមានអង្គការ និងចលនាស្រ្តីចំនួន៩០ ក៏ដូចជាក្រុមសង្គមស៊ីវិលជាច្រើន។ ក្រុមចលនាស្រ្តីនេះ មានប្រវត្តិក្រោកឈរនៅក្នុងរបបប្រទេសឥណ្ឌូនេស៊ី ដែលដើរតួយ៉ាងសំខាន់ក្នុងរលកនៃការតវ៉ាកន្លងមកផងដែរ។ ស្រដៀងនឹងការបាតុកម្មថ្មីៗនេះដែរ ស្រ្តីបានប្រកាន់ជំហរប្រឆាំងតវ៉ានឹងការគ្រប់គ្រងផ្តាច់ការរបស់ស៊ូហាតូ(Suharto) ដែលឈានទៅដល់ចលនាកំណែទម្រង់ឆ្នាំ ១៩៩៨។
យ៉ាងណា ការិយាល័យសិទ្ធិមនុស្សនៃអង្គសហប្រជាជាតិ បានអំពាវនាវឱ្យមានការ‘‘ស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងការស៊ើបអង្កេតប្រកបដោយតម្លាភាព’’ លើការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្សនៅក្នុងការដោះស្រាយការតវ៉ារបស់ទីក្រុងហ្សាកាតា៕









