លោក គីម ជុងអ៊ុន បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅទីក្រុងប៉េកាំង បុគ្គលិករបស់ប្រទេសកូរ៉េខាងជើង បានបោសសម្អាតវត្ថុដែលមេដឹកនាំកំពូលប្រទេសទាំងនោះ បានប៉ះយ៉ាងប្រុងប្រយ័ត្ន ដែលអ្នកវិភាគលើកឡើងថា ជាវិធានការសន្តិសុខ ដើម្បីទប់ស្កាត់នឹងចារកម្មបរទេស។
ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ(Reuters) បានរាយការណ៍នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ថា ទោះបីជាមានការលេចចេញនូវទំនាក់ទំនងមិត្តភាពរវាងលោក គីម(Kim) និង លោក ពូទីន(Putin) ក៏ដោយ យ៉ាងណាវីដេអូកាលពីថ្ងៃពុធ ក៏បានបង្ហាញអំពីវិធានការពិសេសរបស់រដ្ឋផ្តាច់មុខនេះ ដើម្បីបិទបាំងតម្រុយណាមួយដែលបង្ហាញអំពីសុខភាពរបស់ លោក គីម។
លើសពីនេះ នៅក្នុងតេឡេក្រាមអ្នកសារព័ត៌មានវិមានក្រឹមឡាំង បានចែករំលែកវីដេអូបុគ្គលិករបស់លោក គីម ចំនួន២នាក់ ដែលកំពុងសម្អាតបន្ទប់នៅរដ្ឋធានីរបស់ប្រទេសចិន យ៉ាងល្អិតល្អន់ និងប្រុងប្រយ័ត្ន ដែលជាកន្លែងរវាង លោក គីម និងលោក ពូទីន បានជួបគ្នាជាង២ម៉ោង។ បន្ថែមពីនេះ កៅអីពូក តុកាហ្វេដែលនៅជិត លោក គីម ក៏ត្រូវបានសម្អាត រួមទាំងកែវទឹកក៏ត្រូវយកចេញផងដែរ។
ខណៈពេលដំណើរកម្សាន្តក្រៅប្រទេស កាលពីមុន លោក គីម បានខ្ចប់បង្គន់ផ្ទាល់ខ្លួននៅលើរថភ្លើងពណ៌បៃតងដែលនាំលោក គីម ទៅក្រុងប៉េកាំង ដើម្បីលាក់តម្រុយអំពីសុខភាព នេះបើតាមសារព័ត៌មាននីគី(Nikkei) បានរាយការណ៍ដោយដកស្រង់ពីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង និងជប៉ុន។
បន្ថែមពីនេះ វីដេអូ បានបង្ហាញថា ពីមុន លោក គីម បានអង្គុយនៅក្នុងកិច្ចប្រជុំកំពូលមួយទៀត ជាមួយលោក ពូទីន នៅឆ្នាំ២០២៣ ក្រុមសន្តិសុខរបស់ លោក គីម បានជូតកៅអីដោយថ្នាំសម្លាប់មេរោគ និងបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដើម្បីធានាថាកៅអីមានសុវត្ថិភាព ដោយមានឆ្មាំម្នាក់ប្រើឧបករណ៍ចាប់ដែកសង្កេតដើម្បីស្កេនពិនិត្យកៅអី៕









