មេធាវីស្នើតុលាការ​កុំចាត់​​ការ​​បណ្តឹង​​​ថ្មី​​លើ​​លោក​​ថាច់ សេដ្ឋា ដោយ​​​ថា​​ជា​​អង្គ​​ហេតុ​​ចាស់

មេធាវីការ​ពារ​សិទ្ធិ​ឱ្យ លោក ថាច់​ សេដ្ឋា អនុប្រធាន​គណបក្ស​​​ភ្លើង​​ទៀន បាន​ស្នើ​​ដល់​​តុលាការ​​​​​ក្រុង​​ភ្នំពេញ កុំចាត់​ការ​​​​ទៅ​លើ​បណ្តឹង​​ថ្មី ​​ដែល​​មេធាវី​​តំណាង​​គណបក្ស​ប្រជាជន​កម្ពុជា បាន​​ប្តឹង​កូនក្តី​របស់លោក ដោយ​លើ​ក​ហេតុ​ផល​​ថា បណ្តឹង​នេះជា​អង្គ​ហេតុ​ចាស់ ដែលអនុប្រធាន​បក្សប្រឆាំង​រូបនេះធ្លាប់បានអនុវត្ត​ទោស​រួច​មក​ហើយ។​

តំណាង​អយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ នៅថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះ បាន​កោះ​​ហៅលោក ថាច់ សេដ្ឋា និង​មេធាវី​ការ​ពារ​សិទ្ធិ​របស់​លោក ឱ្យ​ចូល​ទៅបំភ្លឺជុំវិញ​បណ្តឹង​ដែល​លោក គី តិច មេធាវី​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ប្តឹង​ករណី​ដែល​​លោក ថាច់ សេដ្ឋា បានថ្លែង​ពេលជួបសំណេះ​សំណាល​ជាមួយ​​​​​​ពលករ​ខ្មែរ​​នៅឯប្រទេស​​កូរ៉េខាង​ត្បូង​ កាលពីថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០២៣ ដែល​ការ​ថ្លែងនោះ​​បំផ្លើស​​​ការ​​ពិត​ និង​ជាការ​​ផ្តល់ព័​ត៌មា​ន​ក្លែង​​ក្លាយ មាន​​ចេតនា​​ទុច្ចរិ​ត​​ទម្លាក់​កំហុស​ និងមួល​បង្កាច់ធ្វើ​ឱ្យប៉ះពាល់​​ធ្ងន់ធ្ងរ​ដល់កិត្តិយស​របស់គណបក្ស​ប្រជាជន​កម្ពុជា។​

លោក អែម ចន្ថា ជា​​មេធាវីការ​ពារ​សិទ្ធិ​ឱ្យ​លោក ថាច់ សេដ្ឋា បាន​ឱ្យ​ដឹងថា អំឡុង​ពេល​បំភ្លឺ​នៅតុលាការ​នា​ព្រឹក​មិញ​នេះ​ លោក​ ថាច់ សេដ្ឋា បាន​ប្រាប់ទៅ​តំណាង​អយ្យការ​ថា បណ្តឹងថ្មី​​​របស់​​គណបក្ស​​ប្រជាជនកម្ពុជា ដែលប្តឹង​ពាក់ព័ន្ធ​នឹង​ការ​ថ្លែ​ងរបស់គាត់នៅប្រទេស​កូរ៉េ​ខាង​ត្បូងនោះ​ ជា​អង្គហេតុ​ចាស់​ ឬស្ថិត​ក្នុងសំណុំរឿង​ចាស់ដែល​គាត់​បាន​អនុវត្ត​ទោស​រួចហើយ ទៅតាម​សាល​ក្រម​ជាស្ថាពរ​របស់​តុលាការ​កំពូល​។

ការណ៍នេះ លោកមេធាវីថា រូបលោក ក៏ដូចជា​​លោក ថាច់ សេដ្ឋា បានស្នើ​ទៅ​តំណាង​អយ្យ​ការ​ ពិចារណា​ក្នុងការ​​តម្កល់សំណុំរឿង​​​ ​ឬ​កុំ​ចាត់ការ​​​ទៅ​លើ​បណ្តឹង​​ថ្មីនេះ ព្រោះជា​អង្គហេតុ​ចាស់ ឬអង្គហេតុ​តែ​មួយ​ដែលធ្លាប់អនុវត្ត​ទោស​រួច ដែល​​មិន​អាច​ធ្វើការ​ចោទប្រកាន់​​​ជាថ្មីទៀត​បាន​ទេ​​។​

លោកថា៖ «នេះជាបណ្តឹង​ថ្មី ប៉ុន្តែ​ចោទ​​ប្រកាន់​ទៅលើ​ព្រឹត្តិការណ៍​​ដែល​​គាត់[លោក​​ថាច់ សេដ្ឋា]​​​នៅ​​កូរ៉េ​ ដូច​បណ្តឹង​​​​លើក​មុន​ដដែល ដែលធ្លាប់កាត់ទោស​ហើយ។ ​ក្នុងនាម​ជា​មេធាវី ហើយ​​និងកូនក្តី បានស្នើ​សុំ ជាពិសេសគឺ​សាម៉ីខ្លួន​គាត់​តែ​ម្តង គឺ​ស្នើ​សុំ​ឱ្យ​តុលាការ​​ធ្វើការ​តម្កល់រឿង​​ចោល​ឥត​ចាត់​ការ​ ព្រោះវា​ជា​អង្គហេតុ​ដដែល»

វីអូឌី មិនអាចសុំការ​ឆ្លើយតបជុំវិញការ​ស្នើនេះ ពីតំណាង​អយ្យការ​អមសាលា​ដំបូង​រាជធានីភ្នំពេញ លោក ប្លង់ សុផល ដែលជា​អ្នក​ចេញលិខិត​អញ្ជើញ​មេធាវី និង​លោក ថាច់ សេដ្ឋា ឱ្យ​ទៅបំភ្លឺនៅ​ថ្ងៃនេះ​បានទេ។

ភរិយាលោក ថាច់ សេដ្ឋា គឺអ្នកស្រី ថាច់ សុខបូរ៉ានី មានប្រសាសន៍ថា អ្នកស្រីពុំបានដឹង​ថា​​តុលាការ​កោះ​ហៅ​ស្វាមីអ្នកស្រីជុំវិញសំណុំរឿងអ្វីនោះទេ ខណៈសមត្ថកិច្ច​នៅ​តុលាការ​ហាក់​មាន​ការ​រឹតត្បិតខ្លាំង​​ទៅលើ​​​រូបគាត់​​ មិន​ឱ្យ​ជួប​នឹង​ស្វាមី។ អ្នកស្រីបន្តថា សកម្មភាព​របស់​លោក ថាច់ សេដ្ឋា កន្លង​​មក គឺធ្វើដើម្បីជាតិមាតុភូមិ​ ដោយពុំបាន​ប្រព្រឹត្តខុស​ដូចកា​រចោទ​​ប្រកាន់​ឡើយ។​

អ្នកស្រីនិយាយ​ថា៖«ខ្ញុំចង់សំណូម​ពរ​ថា បើឌុប​ប្តី​ខ្ញុំ​មក សុំឱ្យ​ខ្ញុំ​បានជួបគាត់ និយាយ​ជាមួយ​គាត់​ឱ្យ​​​ស្រួល​បួលបន្តិច កុំ​ឱ្យ​ប៉ូ​លីស​ហាម​ឃាត់​ពួក​ខ្ញុំ​ពេក​ ដល់​ពេល​​ចឹង​ខ្ញុំ​​ជា​គ្រួសារ​គាត់ ខ្ញុំ​តែង​តែ​ឈឺ​ចាប់ ឈឺចាប់ជា​ខ្លាំង​តែម្តង ហាម​ឃាត់​​​រហូត មិន​ដឹង​ថា​ហាម​ឃាត់​រឿង​អី ព្រោះខ្ញុំ​មិនមែន​ជន​ល្មើសអី​​ខុស​​ស្អីណា គ្រាន់តែរឿង​​គាត់ធ្វើ​ដើម្បី​ជាតិ​សោះ​ខុស​ដែរ​​​អី»

អ្នកនយោបាយជំទាស់​ លោកថាច់ សេដ្ឋា ដែល​បច្ចុប្បន្ន​ជា​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន កំពុង​អនុវត្ត​ទោស​​ក្នុង​ពន្ធនា​គារ ក្រោម​បទ​ល្មើស​ចំនួន​២។ កាល​ពី​ថ្ងៃទី​​២១ ខែ​កញ្ញា ឆ្នាំ២០២៣ លោកត្រូ​វតុ​លាការ​ក្រុង​​ភ្នំពេញ​ សម្រេច​ផ្តន្ទា​ទោស​ដាក់​​ពន្ធនា​គារ​​រយៈ​ពេល​ ១៨​​ខែ ​និង​​បង្គាប់​ឲ្យ​​សង​​សំណង​​រដ្ឋប្ប​វេណី ​និង​​ជំងឺ​ចិត្ត​​ដើម​បណ្តឹង​​ជាង ​៣​ម៉ឺន​​ដុល្លារ​​ទៀត​ នៅ​ក្នុងសំណុំរឿ​ង​ចេញ​សែក​គ្មាន​សាច់​ប្រាក់ តែ​គណបក្ស​​ប្រឆាំង​បាន​ច្រាន​ចោល។

លោក​ ថាច់ សេដ្ឋា ​ដែល​ជា​ប្រ​ធាន​សហគមន៍​ខ្មែរ​​កម្ពុជា​​ក្រោម​ផង​នោះ​ ក៏​ត្រូវ​តុលាការ​ក្រុងភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០២៣ កាត់​ទោស​ក្នុង​សំណុំ​រឿង​មួយ​ទៀត ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៣​ឆ្នាំ និង​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន​៤លាន​រៀល ពីបទ​ញុះញង់​បង្ក​ភាព​វឹក​វរ ពាក់​ព័ន្ធ​​នឹង​ការ​និយាយ​​ពី​​ប្រវត្តិ​​សាស្ត្រ​​វៀត​​ណាម​លេប​ទឹក​ដី​ខ្មែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ