មាតាធម្មជាតិ​ឱ្យពិ​និត្យ​​ក្រុម​ហ៊ុន ឆៃ ជីង​ហ៊ាង ពាក់​ព័ន្ធ​ការ​បំផ្លាញ​ធន​ធាន​ធម្មជាតិ​ជា​ច្រើន​ករណី

នៅក្នុង​វីដេអូ ដែល​មាន​រយៈ​ពេល​ជាង ៣នាទី បង្ហោះ​ឡើង​វិញ​ដោយ​សកម្ម​ជន​ចលនា​មាតា​ធម្ម​ជាតិ បាន​លាត​ត្រដាង​ថា អាណា​ចក្រ​ជំនួញ​របស់​លោក ឆៃ ជីងហ៊ាង កំពុង​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅក្នុ​ង​ទំនាក់​ទំនង​នយោ​បាយ ដែល​​ក្រុម​ហ៊ុន​ចំនួ​ន២ ក្នុង​ចំណោម​ក្រុម​ហ៊ុន​ទាំង ៤១​របស់​លោក កំពុង​មាន​ទំនាក់​ទំនង​ជាមួយ​គ្រួសារ​ត្រកូល​ហ៊ុន និង​អ្នក​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិ​បាល។

ប្រភពបាន​បង្ហាញ​ថា ក្រុម​ហ៊ុន​ចំនួន​២ របស់​លោក ឆៃ ជីងហ៊ាង លោក​រក​ស៊ីពុ​ក​រលួយ​ជាមួយ​គ្រួសារ​មេដឹក​នាំ​ត្រកូល​​ហ៊ុន​នោះ រួម​មាន ក្រុម​ហ៊ុន HKLCH IMPORT EXPORT ដែល​មាន​ក្មួយ​បង្កើត​របស់​ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន គឺ​លោក​ស្រី ហ៊ុន គឹម​ឡេង ជា​ម្ចាស់​ភាគ​ហ៊ុន​ផង​ដែរ និង​ទីពីរ ​គឺ​ក្រុម​ហ៊ុន អង្គរមាស (ANGAR MEAS) ដែល​មាន​អតីត​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់​ធំ និង​ត្រូវ​ជាប្អូ​ន​ថ្លៃរ​បស់​ទេស​រដ្ឋមន្ត្រី អនុ​ប្រធាន​ទី១ គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ លោក គន់ គីម គឺ​លោក គឹង វណ្ណៈ។

តាមវីដេអូ​ស៊ើប​អង្កេត​ដដែល បាន​ឱ្យដឹ​ង​ថា កាល​ពី​ឆ្នាំ​២០១៦ ក្រុម​ហ៊ុន​របស់​លោក ឆៃ ជីង​ហ៊ាង ធ្លាប់​ទទួល​រង​ការ​ស៊ើប​អង្កេត​ពី​ក្រសួង​រ៉ែ និង​ថាមពល ពាក់​ព័ន្ធ​នឹង​ការ​ជីក​យក​រ៉ែ​មាស​ខុស​ច្បាប់​​នៅខេ​ត្ត​រតន​គិរី ដែល​ប្រតិបត្តិ​ការ​នេះ ខុស​ពី​វិសាល​ភាព​នៃ​អាជ្ញាប័ណ្ណ​បូម​ខ្សាច់ ដែល​លោក​ទទួល​បាន។

ក្នុងឆ្នាំដដែលនោះ ក្រុមហ៊ុន ឆៃ ជី​ង​ហ៊ាង គ្រុប និងក្រុមហ៊ុន ជីន​យ័ន ហ្វីង​លាន ខូ អិល​ធី​ឌី (JINYIAN HUANGLIAN TRADKING Co., Ltd) សាងសង់​ទីតាំង​កែច្នៃ​​វល្លិ៍​រមៀត នៅក្នុង​​ឃុំ​ប្ញ​​ស្សី​​ជ្រុំ នៅ​​ស្រុក​​ថ្មបាំង ខេត្ត​​កោះ​កុ​ង ដោយ​ខុស​ច្បាប់ និង​​កា​រ​គ្រោង​​ប្រមូ​ល​​វល្លិ៍​​រមៀត នៅក្នុង​តំបន់ការពារធម្មជាតិ ភូមិសាស្ត្រ​ខេត្ត​កោះកុង ទៀត​ផង។ កាលនោះ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ​លោក​សាយ សំ​អាល់ បាន​ចាត់ទុកថា ការកែច្នៃ​វល្លិ៍​រមៀត គឺជា​សកម្មភាព​ផ្ទុយ នឹង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ត្រង់​មាត្រា​៦១ ដែល​ត្រូវ​ផ្តន្ទាទោស​ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៣ និង​​ច្បាប់​ស្តីពី​ព្រៃឈើ ត្រង់​មាត្រា​៩៧ ដែល​ត្រូវ​ផ្តន្ទាទោស ជា​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១​។​

ទោះជាយ៉ាងនេះក្ដី ចលនាមាតាធម្មជាតិ រកឃើញថា ទោះ​បីក្រុមហ៊ុនរបស់​ លោក ឆៃ ជីងហ៊ាង បាន​បំពានបទ​បញ្ញត្តិ​សម្បទាន​យ៉ាងណា​ក៏ដោយ នៅថ្ងៃទី៣ ខែ​មិថុនា ឆ្នាំ​២០២២ ក៏ក្រុមហ៊ុនរបស់លោកឈ្មោះ K.P Cement នៅតែបានទទួលដីសម្បទានក្នុងតំបន់ព្រៃឡង់ ចំនួនជិត១ពាន់​ហិកតា (៩៣៨ហិកតា) ដោយមាន​ការយល់ព្រមពីអតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល គឺលោក ស៊ុយ សែម។

តែយ៉ាងណា កំឡុងពេលនោះ ក្រុមហ៊ុនរបស់លោក ឆៃ ជីងហ៊ាង បាន​កាប់ឆ្ការព្រៃឈើលើសពីទំហំដី ដែលក្រុម​ហ៊ុន​លោកទទួលបាន និងដឹកឈើប្រណិតទាំងឡានៗ ឆ្ពោះទៅកាន់ផ្លូវធំ។ នេះបើយោងតាមវីដេអូស៊ើប​អង្កេត​ដែល​អង្គ​ការ​មាតា​ធម្ម​ជាតិ ធ្លាប់​ផ្សព្វ​ផ្សាយ​កាល​ពី​៣ខែ​មុន និ​ងត្រូ​វ​បាន​យក​មក​ផ្សព្វ​ផ្សាយ​ម្ដង​ទៀត​ ដោយ​សកម្មជន​ចលនា​​មាតា​ធម្មជាតិ គឺ​អ្ន​ក​ស្រី ស៊ុន រដ្ឋា។

ថ្លែងប្រាប់វីអូឌី នៅថ្ងៃទី០៣ ខែមិថុនា អ្នកស្រី ស៊ុន រដ្ឋា ឱ្យដឹងថា ការចាក់ផ្សាយវីដេអូនេះឡើងវិញ គឺដើម្បីស្នើ​ទៅកាន់ក្រសួងបរិស្ថាន​ជាថ្មីម្ដងទៀត ឱ្យបើកការ​ស៊ើបអង្កេត និងតាមដានការអភិវឌ្ឍលើដីសម្បទាន ដែល​​ក្រុមហ៊ុន KP Cement ទទួលបាននៅព្រៃឡង់។ អ្នកស្រីបន្តថា ភាពស្ងប់ស្ងាត់របស់ក្រសួង កំពុងធ្វើឱ្យប្រជាពលរដ្ឋព្រួយបារម្ភ​ពី​ជោគវាសនាធនធានធម្មជាតិនៅកម្ពុជា ក្រោយធ្លាក់ទៅក្នុងដៃឈ្មួញដែលមានប្រវត្តិបង្កវិនាសកម្មព្រៃឈើ។

អ្នកស្រី ស៊ុន រដ្ឋា ថ្លែង​ថា​៖ «​យើង​ក៏​បា​នតាំ​ង​ចិត្ត​ហើយ​ដែរ​ ថា​គេ​នឹង​មិន​ឆ្លើយ​តប​ជាមួយ​នឹង​រឿង​ទាំង​អស់​ហ្នឹង​ទេ ព្រោះ​​ដោយ​សារ​តែ​រឿង​ហ្នឹង គឺ​យើង​ធ្វើកា​រ​ស៊ើប​អង្កេត​ដោយ​មាន​ភស្តុតាង​ជាក់​លាក់ មាន​ឯក​សារ​ច្បា​ស់​លាស់​ត្រឹម​ត្រូវ ដើម្បី​បង្ហាញ​ជា​សាធារណៈ។ អ្វី​ដែល​យើង​រំពឹង គឺ​យើង​គ្រាន់​តែរំ​ពឹ​​ង​ថា​បន្ទាប់​ពី​ប្រ​ជាជ​​ន​ខ្មែ​​របា​ន​ឃើញ​នូវ​វីដេអូ​​ទាំង​អស់​ហ្នឹង គាត់​នឹង​ហ៊ាន​ក្រោក​ឡើងដើ​ម្បី​ទាម​ទារ ប្រើ​ប្រាស់​អំ​ណាច​រ​បស់​ខ្លួ​ន​ឯង ​ដើម្បី​ទាម​ទារ​ឱ្យ​មាន​តម្លា​ភាព មាន​គណនេយ្យ​ភាព ក្នុង​ការ​អភិវឌ្ឍ​ប្រទេស មាន​ការ​គិ​​តគូរ​ពី​ធ​ន​​ធា​ន​ធម្មជាតិ​ ក៏​ដូច​ជាគិ​ត​គូរពី​សុខភាព​របស់​ប្រជាពលរដ្ឋ»។

ការធ្វើវីដេអូស៊ើបអង្កេតរបស់ក្រុមចលនាមាតាធម្មជាតិ ធ្វើឡើងក្រោយរដ្ឋាភិបាល កាលពី​ថ្ងៃ​ទី៣​ ខែ​មករា ឆ្នាំ​២០២៥ បាន​ប្រកាស​ពី​ការ​សម្រេច​កាត់​ដី​ចំនួន ៩៩​ហិកតា បន្ថែម​ទៀត នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ ព្រៃឡង់ ឱ្យ​ទៅ​ក្រុម​ហ៊ុន K.P Cement សម្រាប់​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍។

ដំណឹងផ្ដល់ដីសម្បទានជាបន្តបន្ទាប់ ទៅកាន់ក្រុមហ៊ុនរបស់ លោក ឆៃ ជីងហ៊ាង បាន​បង្កកា​រ​ព្រួយ​បារម្ភ​ដល់​សកម្ម​ជន​បរិស្ថាន ស្រប​ពេល​ដែល​តំបន់​ព្រៃ​ក្រាស់​មួយ​នេះ កំពុង​រងការ​កាប់​បំផ្លាញ​ពី​ឈ្មួញ​រក​ស៊ី​ឈើគ្រាក់ៗ​ដទៃ​ទៀត។

វីអូឌី នៅមិនទាន់ទទួលបានការឆ្លើយតបពីអ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា ជុំវិញ​រឿង​នេះបាន​ទេ​នៅថ្ងៃ​ទី៣​ ​ខែក​ញ្ញា ដោយ​លោក​ប្រាប់​ថា​កំពុង​ជាប់​ប្រជុំ។

លោក ខ្វៃ អាទិត្យា និយាយថា៖ «កំពុងជាប់ប្រជុំតែបន្តិចទេ ចាំម្ដងទៀតទៅណា ចាំម្ដងទៀត»

យ៉ាងណាក៏ដោយចុះ សកម្មជនបរិស្ថាន និងសហគមន៍ការពារធនធានធម្មជាតិ បាន​បើក​យុទ្ធនា​ការ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លុប​ចោល​អនុក្រឹត្យ​ដែល​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​សាង​សង់​រោង​ចក្រ​ស៊ីម៉ងត៍ លើ​ផ្ទៃ​ដីព្រៃ​ការ​ពារ ៩៩​ហិកតា ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់។ ពួក​គេបា​ន​លើក​ឡើង​ថា ការ​ផ្ដល់​ដី​សម្បទាន​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ជីវ​ចម្រុះ​ព្រៃ​ឈើ ​អាកាស​ធាតុ​ប្រែ​ប្រួល និង​បង្ក​ឱ្យ​មានភាព​​កង្វក់​ដល់​បរិស្ថាន​ធ្ងន់​ធ្ងរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ