រដ្ឋបាលខេត្តស្ទឹងត្រែង បញ្ជាក់នៅថ្ងៃនេះថា ជុំវិញសំណើសុំកិច្ចអន្តរាគមន៍ ដើម្បីបញ្ចប់រឿងរ៉ាវក្នុងសំណុំរឿងរស់នៅលើដីព្រៃសហគមន៍ដោយខុសច្បាប់ គឺភាគីពាក់ព័ន្ធកំពុងតែពិនិត្យ និងសម្របសម្រួល ប៉ុន្តែអ្វីដែលជាបញ្ហាស្មុគស្មាញ គឺត្រង់ថានៅក្រោយពេលរដ្ឋបាលខេត្តទទួលបានសំណើពីម្ចាស់បណ្តឹងហើយ បែរជាសាម៉ីខ្លួនទៅផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដែលនាំឱ្យប៉ះពាល់ទៅដល់ដំណើរការស្វែងរកយុត្តិធម៌ នៅក្នុងវិវាទនេះទៅវិញ។
ប្រតិកម្មរបស់អភិបាលខេត្តស្ទឹងត្រែង នៅពេលនេះ កើតឡើងនៅបន្ទាប់ពី លោក សូ សុផល ប្រធានគណបក្សដើម្បីកម្ពុជាប្រចាំស្រុកថាឡាបរីវ៉ាត់ បានថតជាឃ្លីបវីដេអូកាលពីថ្ងៃទី២៩ សីហា រួចហើយ យកទៅផុសបន្ត។ នៅក្នុងខ្លឹមសារនៃឃ្លីបវីដេអូ ដែលមានរយៈពេលជាង២នាទី លោក សូ សុផល បានអំពាវនាវឱ្យអភិបាលខេត្ត ជួយស្វែងរកយុត្តិធម៌ ករណីមន្រ្តីបរិស្ថានខេត្តស្ទឹងត្រែង ប្តឹងរូបលោកចំនួន៣សំណុំរឿង ទៅតុលាការ មានជាប់ពាក់ព័ន្ធនឹងដីព្រៃសហគមន៍។
ក្នុងន័យនេះ ជនសង្ស័យ ចាត់ទុកថា ការប្តឹងផ្តល់ប្រឆាំងរូបលោក គឺជារឿងមិនត្រឹមត្រូវ ហើយវារឹតតែប៉ះពាល់ធ្ងន់ធ្ងរថែមទៀតដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកដែលជាជនរងគ្រោះ។
លោកបន្តថា៖ «សូមជួយមើលមន្ត្រីរដ្ឋបាលព្រៃឈើដែលមានឈ្មោះ ដូចខាងក្រោម ១. លោក ទុំ នេរ៉ូ ២. លោក អន ចាន់សុជាតិ ៣. លោក អ៊ុន សំអឿន និង៤. លោក មាស គឹមហេង។ ពួកគេយកបានយកបង្គោលថ្មមកដាក់លើដីរបស់ខ្ញុំបាទ ចំនួន៣បង្គោល ដែលដីរបស់ខ្ញុំបាទ អាស្រ័យផលជាយូរឆ្នាំមកហើយ ហើយអ្នកទាំងបួនបានប្តឹងខ្ញុំបាទឈ្មោះ សូ សុផល ទៅតុលាការ»។
ឆ្លើយតបរឿងនេះ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា អះអាងនៅថ្ងៃនេះថា ជុំវិញសំណុំរឿងសុំកិច្ចអន្តរាគមន៍របស់លោក សូ សុផល នេះគឺរដ្ឋបាលខេត្តកំពុងដំណើរការនីតិវិធី។ ប៉ុន្តែអ្វីដែលធ្វើឱ្យលោកខកចិត្ត គឺនៅត្រង់ថាកិច្ចការនេះកំពុងតែដំណើរការ ស្រាប់តែម្ចាស់សំណុំរឿង បែរជាទៅផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដែលវាមិនបានបង្ហាញពីភាពថ្លៃថ្នូរ។ មិនតែប៉ុណ្ណោះ បញ្ហានេះវាបានជះឥទ្ធិពលមិនល្អឡើយ សម្រាប់ដំណើរការស្វែងរកយុត្តិធម៌។
ក្រៅពីនេះ បើតាមលោក សរ សុពុត្រា បញ្ជាក់ថា ម្ចាស់បណ្តឹងគឺលោក សូ សុផល នេះត្រូវគេរកឃើញថាបានរស់នៅ និងអាស្រ័យផលលើដីព្រៃសហគមន៍ ដោយខុសច្បាប់ថែមទៀត។ ក្នុងន័យនេះ វាត្រូវទាមទារពេលវេលាដោះស្រាយ ដើម្បីរកខុសត្រូវ និងផ្តល់យុត្តិធម៌ដ៏ពិតប្រាកដ នៅក្នុងវិវាទមួយនេះ។
លោកបន្តថា៖ «គាត់ដាក់បណ្តឹងមកយើង ហើយយើងកំពុងដោះស្រាយឲ្យគាត់បានត្រឹមត្រូវ ហើយបើគាត់ចង់ដឹង គាត់គួរសួរមកខេត្ត។ បែរជាគាត់ឲ្យមានការបំភ្លឺពី វីអូឌី ពីណាវិញ វាអត់ត្រូវរឿង។ ស្ថាប័នដោះស្រាយកំពុងដោះស្រាយជូនគាត់ ដែលគាត់ប្តឹងមកយើង ហើយសួរថាគាត់ដាក់បណ្តឹងមកថ្ងៃ២៨នេះ ហើយគាត់មកឡាយទាមទារឲ្យយើងជួយដោះស្រាយជូនគាត់ម៉េច ហើយរឿងនេះ កំពុងស្ថិតនៅក្នុងដៃតុលាការនៅឡើយ»។
យ៉ាងណា ជុំវិញវិវាទនេះ សំឡេងប្រជាធិបតេយ្យ វីអូឌី ទទួលបានដីកាចំនួន៣ របស់តុលាការខេត្តស្ទឹងត្រែង ដែលចុះកាលបរិច្ចេទដាច់ដោយឡែកពីគ្នា។ ដីកាទី១ ដែលចេញដោយតំណាងអយ្យការអមតុលាការខេត្តស្ទឹងត្រែង លោក ជា សុភ័ក្រ្ត ដែលតម្រូវឱ្យជនសង្ស័យ សូ សុផល ចូលខ្លួនបំភ្លឺទាក់ទងសំណុំរឿង «កាប់រានព្រៃ ឈូសឆាយដីព្រៃ និងហ៊ុំព័ទ្ធដីព្រៃ» ដែលប្រព្រឹត្តិកាលពីខែឧសភា ឆ្នាំ២០២៤ នៅឃុំកាំងចាម ស្រុកថាឡាបរីវ៉ាត់។ មិនយូរប៉ុន្មាន ដីកាបង្គាប់ឱ្យចូលខ្លួន ដាច់ដោយឡែកមួយទៀត ដែលចេញដោយចៅក្រមស៊ើបសួរ លោក សូត វិជិតរដ្ឋ ក្នុងដំណើររឿងក្តីតែមួយ ហើយដីកាចុងក្រោយ ដែលចេញដោយចៅក្រមស៊ើបសួរ លោក សូត វិជិតរដ្ឋ ដដែល កាលពីខែកក្កដា ឆ្នាំ២០២៥ គឺបង្គាប់ឱ្យជនសង្ស័យ ចូលខ្លួនបំភ្លឺ ក្នុងរឿងក្តីដូចគ្នាទៅនឹងដីកាមុនៗដែរ។
ម្យ៉ាងវិញទៀត នៅក្នុងសំណុំរឿងតែមួយ ប៉ុន្តែមានដីកាបង្គាប់ឱ្យចូលខ្លួនដាច់ដោយឡែកពីគ្នាបែបនេះ លោក សូ សុផល អះអាងថា ម្ចាស់បណ្តឹងនៅក្នុងរឿងក្តីព្រហ្មទណ្ឌនេះ គឺជាមន្រ្តីបរិស្ថានខេត្តស្ទឹងត្រែង ហើយការចោទប្រកាន់រូបលោកភ្ជាប់ទៅនឹងវិវាទដីធ្លីនេះ នោះក៏ព្រោះតែពួកគេព្យាយាមចង់បំបិទសំឡេងគណបក្សក្រៅរដ្ឋាភិបាល នៅថ្នាក់មូលដ្ឋាន។
យ៉ាងនេះក្តី សំឡេងប្រជាធិបតេយ្យ វីអូឌី មិនអាចទាក់ទងមន្រ្តីបរិស្ថានខេត្តស្ទឹងត្រែង ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់នេះបានភ្លាមៗទេ នៅថ្ងៃទី៤ ខែកញ្ញានេះ។
ទាក់ទិនករណីនេះ លោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា ថ្លែងថា មិនថាអ្នកនយោបាយ ឬពលរដ្ឋទេ ពួកគេគ្មានចង់បានអ្វីក្រៅពីរបបអាហារ និងជម្រកស្នាក់នៅសមរម្យឡើយ។ ក្រៅពីនេះ បណ្តឹងប្រឆាំងមន្រ្តីគណបក្សរបស់លោក នៅថ្នាក់មូលដ្ឋាននេះ គឺបានបង្ហាញពីភាពមិនប្រក្រតី ក្នុងនីតិវិធីរួចទៅហើយ។ ម្យ៉ាងវិញទៀត លោកបង្ហាញនូវមន្ទិលសង្ស័យ ពីភាពខុសគ្នាទៅលើដីសហគមន៍ ដូចដែលម្ចាស់បណ្តឹងប្តឹងចោទ មន្រ្តីគណបក្សរបស់លោក ហើយមានបញ្ហាជាច្រើន ដែលគួរឱ្យសង្ស័យ នៅពីក្រោយនៃសំណុំរឿងមួយនេះ។
លោកបន្តថា៖ «ប្រជាពលរដ្ឋគ្មានចង់បានអីក្រៅពីយុត្តិធម៌ទេ។ ចង់បានតែអាហារបីពេលហ្នឹងរស់នៅ អាហារគ្រប់គ្រាន់ មានជម្រកសមរម្យ និងមានដីធ្លីសម្រាប់ចិញ្ចឹមក្រពះហ្នឹង។ បើយោងទៅលើ វីដេអូ និងលិខិតដែលដាក់ទៅអភិបាលខេត្តហ្នឹងមិនធម្មតាទេ។ ដីមួយកន្លែងគ្រាន់តែកសាងសំណុំរឿងបីដង ហើយជាន់គ្នាទៀត។ នេះបើយោងទៅលើលិខិតដែលធ្វើការរបៀបខ្ជះខ្ជាយអញ្ចឹងមិនធម្មតាទេ។ គេសប្បាយចិត្ត ដូចបក្សប្រឆាំងអីគេសប្បាយចិត្តណាស់ បើមានចៅហ្វាយខេត្តអញ្ចឹងធ្វើការ។ ខ្ញុំគ្រាន់តែចោទសំណួរទៅវិញទេ តើដីសហគមន៏កើតមុនគាត់ដែលរស់នៅ ឬក៏គាត់រស់នៅមុនសហគមន៍ទើបតែហ្នឹងកើត»។
បើទោះជាបែបណា គេសង្កេតឃើញថា នេះមិនមែនជារឿងថ្មីទេ សម្រាប់ជីវិតនយោបាយ របស់គណបក្សដើម្បីកម្ពុជា នៅលើទឹកដីនៃខេត្តភូមិភាគឦសាន។ មានមន្រ្តីផ្សេងទៀត របស់គណបក្សក្រៅរដ្ឋាភិបាលមួយនេះ ក៏ត្រូវរងបណ្តឹងតាមផ្លូវតុលាការ ជាបន្តបន្ទាប់ដែរ ក្នុងហេតុផលដីធ្លី និងបញ្ហាបរិស្ថានដូចគ្នានេះ។ អ្នកការពារសិទ្ធិមនុស្ស ធ្លាប់លើកឡើងថា បញ្ហានេះទំនងជាសញ្ញានៃការគំរាមកំហែង និងយាយីខាងនយោបាយ ច្រើនជាងការអនុវត្តនីតិវិធី៕









