ខណៈថៃបន្តវាទ​យក​ដី​ខ្មែរ ​មេទ័ព​​របស់​គ្រួសារ​ហ៊ុន​ ស្នើដក​​​សញ្ជាតិ​ពី​អ្នក​នយោបាយ​ប្រឆាំង

ដោយ​​បដិសេធទាំ​ង​​ស្រុង​​ចំពោះ​ការ​​ផ្សព្វ​ផ្សាយ​​ថា កង​ទ័ព​កម្ពុជា​​ត្រូ​វ​បាន​​ហាម​​មិន​ឱ្យ​​និយា​​យ​​​​ការ​ពិត​​​​​ពី​ការ​បាត់​បង់​ទឹក​ដី​នៅ​​តា​ម​​ព្រំដែន ​និ​ង​​ពី​បញ្ហា​​ការ​​កាត់​ប្រាក់​ខែ​កង​ទ័ព​ អគ្គ​​មេបញ្ជា​​ការ​កង​ទ័ព​​កម្ពុជា​​នៅ​ថ្ងៃ​ទី៤ ខែ​កញ្ញា ឆ្នាំ​២០២៥ បាន​​​ស្នើ​​សុំ​ឱ្យ​​មាន​​ការ​​អនុវត្ត​​ច្បាប់​​ដក​សញ្ជាតិ​​ខ្មែរ ​ពី​​លោក សម រង្ស៊ី និង​អ្នក​​នយោ​បាយ​​ប្រឆាំង​ដទៃ​​ទៀត​។

ប្រតិកម្ម​​របស់​​អគ្គ​បញ្ជាការ​កង​ទ័ព​​នេះ ​​ធ្វើ​ឡើង​​ភ្លាមៗ​​បន្ទាប់​ពី​ក្រុមប្រឹក្សា​​ជាតិ​​តស៊ូ​​(CNRC)​​របស់​លោក​សម រង្ស៊ី​ នៅ​​ថ្ងៃ​ទី​៤ ខែ​កញ្ញា បាន​ធ្វើការ​​ថ្កោលទោស​​យ៉ាង​ដាច់​អហង្ការ ចំពោះ​​រដ្ឋាភិ​បាល ​លោក ​ហ៊ុន ម៉ាណែត ដែលថា បានគំរាមកំហែង និងកាត់ប្រាក់ខែនាយទាហាន ពល​ទាហានជួរមុខ ដែលកំពុងតស៊ូ និងលះបង់អាយុជីវិតរបស់ពួកគាត់ ដើម្បីការពារទឹកដី​កម្ពុជាដែល​ត្រូ​វ​​បាន​ចោរ​ថៃឈ្លានពាន។

លោក គឹម សុខ ​អ្នកនាំពាក្យក្រុម​ប្រឹក្សា​ជាតិតស៊ូ​ ថ្លែងនៅថ្ងៃទី​៤ខែ​កញ្ញា​ថា រដ្ឋាភិបាល​​លោក ​ហ៊ុន ម៉ាណែត​ បាន​​ចាត់​ក្រុមទាហាន​​ពិសេស​​រប​ស់​ខ្លួន ឱ្យ​ទៅ​ហាមឃា​ត់​​យុទ្ធជន​​នៅ​​​សម​រភូមិ​មុខ ​មិន​ឱ្យនិយាយ​រឿង​ធំពីរ​ឡើយ។ ក្នុង​នោះ​រឿងទី​១​ គឺ​មិន​ឱ្យយុទ្ធជន​នៅសម​រ​ភូមិ​មុខ និយាយ​ការពិត​នៃការ​បាត់​បង់​ទឹក​ដី​របស់ប្រទេស​កម្ពុជា​​នៅ​តាមព្រំដែន​ថៃ​ទេ និង​រឿងទី​២ គឺ​​មិន​ឱ្យយុទ្ធជននៅសមរភូមិ​មុខ​​និយាយ​អំពីការ​កាត់​ប្រាក់​​ខែរបស់​ពួកគាត់ឡើយ​។

លោកថា៖ «តាមព័ត៌មាន​ច្បាស់ការ​ទាហានជួរ​មុខជាច្រើនរូប ត្រូវមេៗ​របស់​ពួកគាត់​កាត់ប្រាក់​ខែពាក់​កណ្តាល​។ ទាហានជួរមុខម្នាក់​ ដែល​មាន​ប្រាក់​ខែ១៤០ម៉ឺន​រៀល​ មេៗ​របស់​គាត់​បើក​ប្រាក់​ខែ​ឱ្យ​តែ៧០​ម៉ឺន​រៀល​​ប៉ុណ្ណោះ​ ដោយ​មិន​ពន្យល់ហេតុផលឡើយ​។ ភ្នាក់ងារពិសេស​របស់ ​លោក ​ហ៊ុន ម៉ាណែត ​បាន​ចេញធ្វើ​សកម្មភាព​​គំរាម​​យុទ្ធជននៅ​សមរភូមិមុខ​​ថា បើហ៊ាន​និយាយ​រឿង​ទាំង២នេះ នោះ​នឹងប្រឈមនឹងការដក​ចេញពីក្របខណ្ឌទាហាន ហើយ​អាច​រហូត​ទៅ​ដល់​ចោទ​​ប្រកាន់អំពី​អំពើ​ក្បត់​ជាតិ​ ដកសញ្ជាតិខ្មែរពីពួក​គាត់​ទៀត​ផង»។

តាម​រយៈ​សេចក្តី​ប្រកាស​ដែល​បង្ហោះ​នៅ​​លើ​ហ្វេ​សប៊ុ​ក​​របស់​ ​«កង​ទ័ព​ជើង​គោក​នៃ​​កង​យោធ​ពល​ខេមរភូមិន្ទ» នៅ​​ថ្ងៃ​ទី​៤ ​ខែកញ្ញា ​អគ្គ​បញ្ជាកា​រ​​កង​ទ័ព​កម្ពុជា​ ​បាន​ធ្វើការ​​បដិសេធ​​ទាំង​​ស្រុង ​​​​​និង​បាន​​ចាត់​ទុក​ការ​ផ្សព្វផ្សាយ​របស់​ក្រុម លោក​ សម រង្ស៊ី ​​ដែលថា «រាជរដ្ឋាភិបាល បាន​គម្រាមកំហែង​ និង​កាត់​ប្រាក់ខែ​កងទ័ពជួរមុខ» គឺ​ជាការបំផ្លៃបំផ្លើស​។​

ក្រៅពីថ្កោល​ទោសដាច់អហង្ការ អគ្គបញ្ជាការ​កងទ័ពកម្ពុជា​ដែលស្ថិតនៅ​ក្រោមអំណាច​គ្រួសារ​​ហ៊ុន​ បាន​​ចាត់​ទុក​​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​​មាន​​របស់ លោក សម រង្ស៊ី និង​អ្នក​​នយោបាយ​​ប្រឆាំង ​ដទៃ​​ទៀតថា មាន​គោល​បំណង​បំបាក់​ស្មារតី និង​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត​ ​ចំពោះ​​កង​​យោធ​ពល​​ខេម​រភូមិន្ទ ក៏ដូ​ច​ជា​ប្រទេស​ជាតិ និង​ប្រជាជន​ខ្មែរ ដែល​​រង​គ្រោះដោ​យ​សារ​​ការ​​រំលោភ​​បំពាន​ទាំង​កម្រោល​ មកលើបូរណទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពីសំណាក់កង​ទ័ព​ថៃ​។

មិន​ត្រឹមតែប៉ុណ្ណោះ​ អគ្គបញ្ជាការ​កងទ័ព​ បានចាត់ទុកសកម្មភាព​ក្រុម​ លោក សម រង្ស៊ី ថា​ កំពុង​លុប​បំបាត់​កិត្តិយស​​វីរៈយុ​ទ្ធ​ជន និងជ​ន​រង​គ្រោះ បំផ្លាញ​ស្មារតី​សាមគ្គី​ជាតិ ខណៈ​រាជ​​រដ្ឋាភិ​បាល ប្រជាជន​កម្ពុជា ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ក៏​ដូច​ជា កង​យោធពល​ខេមរភូមិន្ទ បាន​និងកំពុងតស៊ូក្រាញននៀល​ប្រយុទ្ធយ៉ាង​ប្តូរផ្តាច់ ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និង​ប្រជាជន។ ជាមួយគ្នានេះ អគ្គ​បញ្ជាការកងទ័ព​ស្នើសុំ​ឱ្យអនុវត្តច្បាប់ដកសញ្ជាតិលើ លោក សម រង្ស៊ី និង​​អ្នក​​នយោបាយ​ប្រឆាំង​ដទៃទៀត​។

អ្នកគាំទ្ររដ្ឋាភិបាល​មួយ​ចំនួន​ ហាក់ដូច​ជាគាំទ្រ​ការស្នើ​ដកសញ្ជាតិ​ពីអ្នក​នយោ​បាយ​ប្រឆាំង​​​នេះ តាម​រយៈ​ការ​ផ្តល់​រូប​បេះដូង​ និង​រូប​លើកដៃសំពះជាដើម នៅពីក្រោម​សេចក្តី​ប្រកាស​​របស់​កងទ័ព​ជើងគោក​។

ក៏​ប៉ុន្តែ ​អ្នក​លេងហ្វេសប៊ុកផ្សេងទៀត ​មិនគាំទ្រឡើយក្នុង​នោះ ​អាខោនហ្វេស​ប៊ុកឈ្មោះ​ Thia Thea បាន​ចូល​ទៅ​ខមិន​ នៅខាង​ក្រោមសេចក្តីប្រកាស​របស់​អគ្គបញ្ជាការ​កងទ័ព​ ដោយ​បាន​ហៅ​​មេដឹក​នាំ​កង​ទ័ព​ និង​គ្រួសារ​​ហ៊ុន​ថា​ ជា​មេដឹក​នាំ «បំបង់​បាយ​ ខ្លាំង​​ណាស់​​បាន​តែជា​តិ​​សាសន៍​​ឯង ជាមួយ​​ចោរ​សៀម​​វិញស្ងាត់​ឱ្យ​ឈឹង»

ចំណែកអ្នក​លេងហ្វេសប៊ុកផ្សេងទៀត ដូចជា ​ហ្វេសប៊ុក​ឈ្មោះ ​ឡេង ឡន Kanha Mory, Mae Sad និង​Kanha Mory​ ជាដើម បានបញ្ចេញមតិថា បន្លាលួសនិងកង់ឡានដែល​ទ័ព​ចោរ​សៀម​ ដាក់​វាទយកទឹកដី​ខ្មែរ​ មេទ័ព​និង​មេដឹកនាំគ្រួសារ​ហ៊ុន មិនគិតខំប្រឹងដកទេ បែរជា​មក​គិត​ខំ​ប្រឹងដកសញ្ជាតិខ្មែរ​ពីខ្មែរគ្នាឯង​ គិត​​​តែខាំខ្មែរគ្នាឯងដូចឆ្កែ។ ខ្លួន​ឯង​ដឹក​នាំ​ប្រទេស​​មិ​ន​កើត​ បែរ​ជាប​ន្ទោស​អ្នក​ប្រឆាំង​​បន្ទោស​​អ្នក​​រិះ​​គន់​ ចាប់​​អ្នក​​រិះគ​ន់​​ដាក់​​​គុក​។ រឿង​​ជាតិ​​ដែល​​កំពុងជួប​វិបត្តិ​ច្រើនណាស់ មិន​គិត​បែរ​ជា​ទៅគិត​រឿង សម រង្ស៊ី គិតអី​ក្នុង​ខ្លួន? នេះ​​បង្ហាញ​​ថា​មេដឹកនាំអត់កំណើត។

បន្ថែមពីនេះ ​ពួកគេបាន​លើកឡើងទៀត​ថា ទៅទើសអី​ជាមួយ​អ្នករិះគន់ បើខ្លួនឯង​ធ្វើ​ខុស​កែទៅ ហើយ​បើគេ​​រិះ​គន់ខុសការពិត​​ ក៏មិនត្រូវទៅក្ដៅក្រហាយជាមួយធ្វើអ្វី​ដែរ ពីព្រោះ​វា​គ្រាន់​តែជាការ​បញ្ចេញ​មតិ​ក្នុង​ចេតនា​ខ្វល់​ខ្វាយ​​ពីរឿង​ស្រុកទេស​ប៉ុណ្ណោះ​។

អ្នក​លេងហ្វេសប៊ុកទាំងនេះ ​លើក​ឡើង​ថា តាម​​ពិ​ត​ ​លោក ​ហ៊ុន សែន ​និង​​លោក​ ​ហ៊ុន ម៉ាណែត​ ទៅ​​វិញ​​ទេ ដែល​​ត្រូវ​ដក​សញ្ជាតិ​ ពីព្រោះ​​មេ​ដឹកនាំឪ​កូនទាំង​ពីរ​នាក់​​នេះ ​​បាន​​ដឹក​នាំ​​ប្រទេស​គប់​គិត​រណប​​មេដឹក​នាំ​​ប្រ​ទេស​​ជិត​ខាង​​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី​ជាប​ន្ត​បន្ទាប់​ បញ្ជូន​​ទាហាន​​ខ្មែរ​​ទៅ​ច្បាំង ​ហាក់​ដូច​ជាបញ្ជូន​ឱ្យទៅ​ស្លាប់ដោយ​​ឱ្យ​កងទ័ព​កម្ពុជា​ស្លៀកពាក់​រយីក​រយាក ពាក់ស្ពែកជើងផ្ទាត់​សូម្បី​តែ​សម្ភារ​ចាំបាច់មួយ​ចំនួន ​​ដែល​ត្រូវ​ពាក់​ការពារ​អាយុជីវិត ​ដូចជា មួកនិងអាវក្រោះ​ពាក់​ការពារគ្រាប់ និងម៉ាសពាក់ការពារផ្សែងពុលក៏គ្មាន​ដែរ ​ធ្វើឱ្យ​កងទ័ព​ជួរ​មុខជាច្រើនបាន​ពលី ​ដោយ​សារ​ត្រូវគេបាញ់​សុះខ្លួន ​និង​ត្រូវ​ផ្សែង​ពុល​របស់​កង​ទ័ព​ថៃ ​បូក​រួម​ទាំង​សព្វាវុធ​របស់​​កងទ័ពកម្ពុជាសុទ្ធ​តែជាសព្វាវុធ​ចាស់ៗ។

សម្រាប់ ​លោក ឆាំ ឆានី ​ជា​អ្នក​​នយោបាយ​​ប្រឆាំង​ម្នាក់​​ដែល​​ជា​មុ​ខស​ញ្ញាត្រូវ​ដក​សញ្ជាតិ​​ បាន​​ថ្លែ​ង​​ថា ក្រុមសន្តិ​ភាព​អស់​ដី សន្តិភាព​អស់​ព្រៃ សន្តិភា​ពអ​ស់​ភ្នំ​របស់​គ្រួសារ​​ហ៊ុន ចាប់​ផ្តើម​​ជំរុ​ញ​ឲ្យមា​ន​ការ​​ទាម​ទារ និងធ្វើ​ញត្តិ ស្នើ​ដក​សញ្ជាតិ​ខ្មែរ ដែល​ជា​សញ្ជាតិ​​​ពី​កំណើត​របស់​ ​លោក​ សម រង្ស៊ី និង​​លោក គឹម សុខ។

លោក​បាន​និយាយ​ក្នុងសំដីដើមថា៖«ការគម្រាមដកសញ្ជាតិកំណើតរបស់ពួកយើងខ្ញុំ ពី​​រប​ប​ក្រុង​​ភ្នំពេញនៅ​ពេ​លនេះ​ មិន​មែន​​​ជា​រឿង​ចម្លែក និង​មិន​មែន​ជា​រឿង​ថ្មី​ទេ ដែល​ពួក​គេ​​តែ​ង​ធ្វើទុ​កបុ​ក​ម្នេញ មក​លើ​ពួកយើង លើ​ពលរដ្ឋ​ស្លូត​ត្រង់ និងស​កម្មជន​នយោបាយ ជាដើម។ តែទោះយ៉ាងណា ការគម្រាមនេះ មិន​បាន​ធ្វើឲ្យ​យើង​ខ្ញុំ​តក់​ស្លុត ភ័យខ្លាច និង​​រារែក​ចំពោះកា​រ​តស៊ូ ដើម្បី​សេរី​ភាព និង​ការ​ផ្លាស់​ប្តូរ​បែប​វិជ្ជមាន​នៅ​កម្ពុជា​ឡើយ»

សូមបញ្ជាក់ថា សមាជិកព្រឹទ្ធសភាចំនួន៥៤នាក់ ​​កា​ល​ពីថ្ងៃ​ទី​១ ខែ​កញ្ញា ​ឆ្នាំ​​២០២៥ ​បាន​​ឯក​ភាព​​​​ទាំង​ស្រុង​​លើ​សេ​ច​ក្ដី​​ព្រាង​​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​ ​ស្ដីពី វិសោធន​កម្ម​​ច្បា​ប់​ស្ដីពី​​សញ្ជាតិ បន្ទាប់​ពី​​រដ្ឋ​សភា​​បានបោះ​​ឆ្នោត​​អនុ​ម័ត​​​យល់ព្រម កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។

ក្រុមអង្គការសង្គមស៊ីវិល​ជាង​៥០ ​បាន​ប្រឆាំងជំទាស់​ការអនុម័តសេចក្តីព្រាងច្បាប់នេះ ​ដោយ​លើក​ឡើង​ថា ច្បាប់​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ការ​​បា​ក់​បែក​ជាតិ​កាន់​តែ​ខ្លាំង​​ ថែម​ទាំង​​ជា​កា​រ​​ដាក់​​សម្ពាធ​បន្ថែម​​ទៀត​​ទៅ​លើ​សិទ្ធិ​​សេរី​ភាព​បញ្ចេញ​មតិ​​ដែល​​រួម​​តូច​ស្រាប់​នៅ​​កម្ពុជា​។

បច្ចុប្បន្ន​មាន​អ្នកនយោបាយ​ប្រឆាំង ​និង​សកម្ម​ជន​សង្គម​ជិត​​៨០​​នាក់ ​កំពុង​​​ជាប់​​ឃុំ​​​​ក្រោម​ការ​​ចោទ​ប្រកាន់​ពីបទញុះញង់ ក្បត់ជាតិ ជាបទចោទដែល​មជ្ឈដ្ឋាន​ជាតិ ​និងអន្តរជាតិ​​ជាច្រើន ​រួមទាំង​អង្គការ​សហប្រជាជាតិ​ ​ចាត់​ទុក​ថា ជាបទចោទ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ​ដែល​មេបក្ស​កាន់​អំណាច​លោក ​ហ៊ុន​ សែន​ ធ្វើឡើង​​​​ដើម្បី​ផ្តួល​គូប្រជែង​​នយោបាយ​របស់​ខ្លួន។

វីអូឌី ​មិន​ទាន់​អាច​ទាក់​ទង​កងទ័ព​ជួរមុខ​ ដើម្បី​​ស្នើសុំ​ធ្វើអត្ថាធិប្បាយ​ ​ចំពោះ​​ការ​​លើក​ឡើង​​ខាង​​​លើបា​ន​​ទេ នៅ​ថ្ងៃ​​ទី​​​៥​ខែកញ្ញានេះ។ ប៉ុន្តែ​កន្លងមក​ថ្មីៗ​នេះ ​មាន​សេចក្តីរាយការ​ជាច្រើន​ថា មេបញ្ជាការ​​កង​ទ័ព​​​នៅ​​តាម​អង្គ​ភាព​​មួយ​​ចំនួន ​បានកឹបកេង​ថវិកាដែល​ជារបប​កងទ័ព​ ​ហើយ​ជំនួយ​ឧបត្ថម្ភ​ជាច្រើន​​​ដល់​កងទ័ពជួរមុខ​ត្រូវ​បាន​មន្ត្រីមួយ​ចំនួន​កឹប​កេង។

ក្នុង​នោះ ​មាន​​ទាហាន​ឈរ​ជើង​​នៅ​ភ្នំកោះ​យ៉ ស្ថិត​នៅទល់​មុខកោះគជ់​ ​កាលពីថ្ងៃ​ទី​៦ ខែ​សីហា ​ឆ្នាំ​​២០២៥បាន​​​ចោទ​សួរ​​​តាម​បណ្តាញ​សង្គម​​ថា​ «លោក ឯម ចន្ថា វីរៈ​ការពារកោះ​កុង​ក្រៅ​​លេខ​២ បាន​​កាត់​លុយ​កូន​ទាហាន​​១៤ម៉ឺន​រៀល​ក្នុង​មួយខែ​ យក​ទៅ​ណា? លុយ​ឧបត្ថម្ភ​៣០០០​រៀល ​របស់​សម្តេច​បាត់ទៅណា?​ អំណោយ​​​ជួរមុខបាត់ទៅ​ណា?»។

ទាហាន​ទាំង​នេះ បាន​ស្នើ​សុំ​ឱ្យ​​លោក ​ឯម​ ចន្ថា បើក​ប្រាក់​ទាំង​នេះជូ​ន​​ពល​​ទាហាន​ នាយ​ទាហាន​​រង ​និង​​នាយ​​ទាហាន​​ក្រោម​​បង្គាប់​​​​ឱ្យ​​​បាន​​គ្រប់​​ចំនួន​តាម​​រប​បរ​ដ្ឋ។ ប៉ុន្តែ​យ៉ាងណាក្តី ​រហូត​មក​ដល់​ពេល​នេះ ​​គេ​​មិន​ទាន់​​ឃើញ​​មាន​​ប្រតិកម្ម​​ពី ​លោក ​ឯម ចន្ថា និង​ពីក្រសួង​ការពារជាតិ​​នៅ​​ឡើយ​​ទេ ខណៈ​​ដែល​​កង​ទ័ព​​​នៅ​​ភ្នំកោះ​យ៉​ ​បាន​អះ​អាង​​ថា ពួកគេ​មានភស្តុតាងគ្រប់គ្រាន់ និង​ថែម​ទាំង​ស្នើ​ឱ្យ​អង្គភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​ចុះទៅ​ស៊ើប​អង្កេត​ដោយ​​ផ្ទាល់​ទៀត​ផង​​។

បន្ថែមពីនេះ​ បើ​តាម​នាយទាហានកងទ័ព​​​ជើងគោកម្នាក់ ​ដែល​បដិសេធប្រាប់ឈ្មោះ​ ធ្លាប់​​បាន​​ប្រាប់​​វីអូឌី​ថា បច្ចុប្បន្ន​​​ពល​ទាហាន​ម្នាក់​​​ទទួល​បាន​​ប្រាក់​​​ខែ ​ចាប់​​​ពី​១​លាន​​​៣សែន​​រៀល​​ឡើង ​ខណៈ​ប្រពន្ធ​​ទាហាន​ទទួល​បាន​១ម៉ឺន​រៀល​ និង​កូនទាហាន​ម្នាក់​ទទួលបាន​១៥០០០​រៀល​។ ប៉ុន្តែ​ប្រាក់​ខែ​ទាំង​នេះ ​​​​​មិន​​មែន​​បើក​​បាន​ទាំង​​អស់​​ទេ គឺ​នៅ​តាម​អង្គភាព​ខ្លះ​ត្រូវ​គេ​​កាត់​ចូល​គណបក្ស​ប្រជា​ជន​ក្នុង​១ខែ ​៥ម៉ឺន​រៀល​​ កាត់​ជួយ​ដល់​គ្រួ​សារ​​ទាហានដែល​ទទួល​មរណភាព ​និងក៏មាន​ការ​កាត់​ផ្សេងៗ​ទៀត​ផងដែរ។ ​

នៅពេល​មានការផ្ទុះសង្គ្រាម​ជាមួយថៃ មិន​ថាគ្រួសារ​កងទ័ព​ដែល​ពលី និង​កង​ទ័ព​​ដែល​កំពុង​ដេកសម្រាក​ព្យា​បាលមុខរបួស​​នៅ​តាម​មន្ទីរពេទ្យ​នានា​នោះទេ សូម្បី​កង​ទ័ព​ដែល​កំពុង​ឈរ​ជើងនៅជួរ​មុខ ក៏​​ឃើញ​តែបង្ហោះ​​សារ​ព្រោង​ព្រាត​​ជាមួយ​រូបថត និងវីដេអូ​លើកដៃ​សំពះ​សុំ​ជំនួយ​ពីសប្បុរសជន ដើម្បី​បាន​ជា​ប្រាក់ព្យា​បាល​​​របួស ​និង​ស្រោច​ស្រង់​​ជីវភាព​ដែល​​កំពុង​ខ្វះ​ខាត​យ៉ាងខ្លាំង។

ភាពក្រតោកយ៉ាកយ៉ាងខ្លាំងរបស់កងទ័ព​ដែល​ស្លៀកពាក់​ខោ​អាវ​ស្លកពណ៌​រយីក​រយាក​ ពាក់ស្បែកជើងផ្ទាត់ ប្រពន្ធ​កូនរស់នៅក្នុ​ង​ផ្ទះខ្ទម​​មើល​ពីមុខ​ធ្លុះ​​ដល់ក្រោយ ​និង​ខ្លះ​គ្មានផ្ទះ​សុំផ្ទះ​បងប្អូនឱ្យប្រពន្ធកូនស្នាក់នៅ​​ជាដើម ​ត្រូវបាន​​​មជ្ឈដ្ឋាន​សង្គមស្តីបន្ទោស​ទៅលើ​អំពើ​ពុក​រលួយ​ជាប្រព័ន្ធ បក្ខពួកនិយម​ ​តូចស៊ីតាម​តូច​​ ធំស៊ីតាមធំ ​នៃរដ្ឋាភិ​បាល​​ដែល​ដឹកនាំ​ដោយគ្រួសារ​ហ៊ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ