រដ្ឋាភិបាល​ច្រាន​ចោល​រឿង​កិប​កេង​លុយ​ក្នុង​វិស័យ​កង​ទ័ព

រដ្ឋាភិបាល​គ្រួសារ​ហ៊ុន ច្រាន​ចោល​ការ​ចោទ​ថា​បាន​គំរាម​យុទ្ធជ​ននៅ​សមរភូមិ​ជួរ​មុខ​មិន​ឱ្យ​ទម្លាយ​រឿង​កាត់​ប្រាក់​ខែ​ពួក​គេ រហូត​ពាក់​កណ្តាល​ដោយ​គ្មាន​មូល​ហេតុ ព្រម​ទាំង​គំរាម​អនុវត្ត​ច្បាប់​ដក​សញ្ជាតិ​ចំពោះក្រុ​ម​ដែល​លាត​ត្រដាង​រឿង​អាស្រូវ​ពុក​រលួយ​នេះ។

ប្រតិកម្មរបស់រដ្ឋាភិបាលនេះ បន្ទាប់​ពី​ក្រុម​លោក សម រង្ស៊ី ទម្លាយ​ពាក់​ព័ន្ធ​រឿង​កិប​កេង​លុយ​ ក្នុង​ជួរ​កង​ទ័ព​ជួរ​មុខ។

អ្នកនាំពាក្យក្រុមប្រឹក្សា​ជាតិ​តស៊ូ លោក កឹម សុខ និយាយ​កាល​ពី​ថ្ងៃទី​៤ ខែ​កញ្ញា​ថា រដ្ឋាភិ​បាល​ លោក ហ៊ុន ម៉ាណែត បាន​ចាត់​ក្រុម​ទាហ៊ាន​ពិសេស​របស់​ខ្លួន គំរាម​យុទ្ធជន​នៅ​សមរភូមិ​ជួរ​មុខ​មិន​ឱ្យ​ទម្លាយ​ការ​ពិត​នៃកា​របា​​ត់ប​ង់ទឹ​ក​ដី​កម្ពុជា​ នៅ​តាម​ព្រំដែន​ក្នុង​ជម្លោះ​ព្រំដែន​ជាមួយថៃ។

ជាងនេះទៀត ពួក​គេត្រូ​វ​ហាម​មិន​ឱ្យនិ​យាយ​ពីកា​រ​កាត់​ប្រាក់​ខែ​របស់​យុទ្ធ​ជន​ជួរ​មុខ​ រហូត​ពាក់​កណ្តាល​ដោយ​គ្មាន​មូល​ហេតុ ហើយ​អ្នក​ដែល​ទម្លាយ​រឿង​ទាំង​នេះ អាច​ប្រឈម​ការ​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត។

លោកថា៖ «តាមព័ត៌មានច្បាស់ការណ៍ទាហាន​ជួរ​មុខ​ជាច្រើន​រូប ត្រូវ​មេៗ​របស់​ពួក​គាត់​កាត់​ប្រាក់​ខែ​ពាក់​កណ្ដាល។ ទាហាន​​ជួរ​មុខ​ម្នាក់​ដែល​មាន​ប្រាក់​ខែ​១៤០​ម៉ឺន​រៀល! មេៗ​រប​ស់គា​ត់​បើ​កប្រា​ក់​ខែ​ឲ្យ​តែ​៧០​ម៉ឺន​រៀល​ប៉ុណ្ណោះ ដោយ​មិន​ពន្យល់​ហេតុ​ផល​ឡើយ។ ភ្នាក់ងារ​ទាហាន​ពិសេស​របស់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បាន​ចេញ​​ធ្វើ​សកម្មភាព​គំរាម​យុទ្ធ​ជន​នៅ​សមរភូមិ​មុខ​ថា​ បើ​ហ៊ាន​និយាយ​រឿង​ទាំង​២នេះ​! នោះ​នឹង​ប្រឈម​នឹង​ការ​ដក​ចេញ​ពី​ក្រប​ខ័ណ្ឌ​ទាហាន​ ហើយ​អាច​រហូត​ទៅ​ដល់​ចោទ​ប្រកាន់​ អំពី​អំពើ​ក្បត់​ជាតិ​ដក​សញ្ជាតិ​ខ្មែរ​ពី​ពួក​គាត់​ទៀត​ផង»។

យ៉ាងណា អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បាន​ចេញ​លិខិត​មួយ​នៅ​ថ្ងៃ​ដដែលនោះ ច្រាន​ចោល​ការ​ផ្សព្វ​ផ្សាយ​នេះ ដោយ​ចាត់​ទុក​ថា​ជាព័​ត៌មាន​បំភ្លៃ​ការ​ពិត​ប្រមាថ​កង​យោធពល​ខេមរភូមិន្ទ បំផ្លាញ​ស្មារតី​សាមគ្គី​ជាតិ។ ជាង​នេះ​ទៀត ប្រភព​នោះ​ទាម​ទារ​ឱ្យអ​នុវត្ត​ច្បាប់​ដក​សញ្ជាតិ ចំពោះ​ក្រុម​លោក សម រង្ស៊ី ផង​ដែរ។

សម្រាប់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ និងជា​មនុស្ស​ស្និទ្ធ លោក សម រង្ស៊ី យល់​ថា នេះជា​វប្បធម៌​របស់​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន ដែល​តែង​តែ​ប្រកាស​ច្រាន​ចោល​ជុំវិញ​រឿង​អាស្រូវ​នៃ​ភាព​​មិន​ប្រក្រតី​ក្នុង​ការ​ដឹក​នាំរ​បស់​ខ្លួន។

លោកគូសបញ្ជាក់ថា អ្វីក្រុមលោកផ្សព្វផ្សាយនេះ គឺទទួល​បាន​ព័ត៌​មាន​ពិត​ពី​ក្រុម​ទាហានដែល​ទម្លាយ​ប្រាប់​ ព្រោះពួ​ក​គេ​មិន​ហ៊ាន​លាត​ត្រដាង​ដោយ​បារម្ភ​ពី​សុវត្ថិ​ភាព។

យ៉ាង​ណា លោក​ថា ការគំ​រាម​ដក​សញ្ជាតិ គ្មាន​អ្វី​ត្រូវ​បារម្ភ​ទេ ព្រោះ​សិទ្ធិ និង​សេរីភាព​របស់​ក្រុម​លោក​ត្រូវ​បាន​ដក ​ចាប់​តាំង​ពីមា​ន​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​តាំង​ពី​ឆ្នាំ​២០១៧​មកម្លេះ តែ​អ្វី​លោក​បារម្ភ​នោះ គឺ​រាស្រ្ត​ខ្មែរ​បន្ត​រង​គ្រោះ​ បើ​គ្មាន​ការ​ផ្លាស់​ប្តូរ​ទេ​នោះ។

លោកថា៖ «សញ្ជាតិជាខ្មែរពិតជាដកសិទ្ធិតាំងពីយូរហើយ​ តាំង​ពី​ឆ្នាំ​២០១៧។ គេ​ដក​សិទ្ធិ​ពួក​គាត់​យូរហើយ។ គាត់​មិន​ខ្វល់​ទេ។ ពួក​គាត់​មាន​សញ្ជាតិ​ជាខ្មែ​រ តែ​សិទ្ធិ​របស់​គាត់​ត្រូវ​រាជ​រដ្ឋាភិ​បាល ដក​សិទ្ធិ​ពួក​គាត់​យូរ​ហើយ។ ពួក​គាត់​​អត់​ខ្វល់​ទេ។ គាត់​ធ្វើ​នេះ​គេ​ចង់​ជួយ​ប្រជាព​លរដ្ឋ​ខ្មែរ ចង់​ជួយ​ប្រទេស​ខ្មែរ​ទេ! បើ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​រីក​ចម្រើន មាន​សិទ្ធិ​សេរី​ភាព ប្រជា​ធិប​តេយ្យ​​ ​សេរី​ពហុ​បក្ស ដូច​ប្រទេស​ជឿន​លឿន​ហើយ! គេ​មិន​ចង់​បាន​អី»។

ជុំវិញរឿងនេះដែរ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និង​ការ​ស្រាវ​ជ្រាវ លោក សេក សុជាតិ ថ្លែង​ថា លោក​មិន​ដឹង​ថា​អ្វី​ដែល​បក្ស​ប្រឆាំង​ចោទ​រដ្ឋាភិបាន មាន​ភាព​ពិត​កំរិ​ត​ណា​ទេ​ តែ​លោក​ជំរុញ​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ជជែក​គ្នា​ក្នុ​ង​​នាម​​ជា​ខ្មែរ លើក​យក​ភស្តុ​តាង របាយ​ការណ៍​នានា​មក​បង្ហាញ​ដើម្បី​ឱ្យ​ស្ថាប័ន​ជំនាញ​ស៊ើប​អង្កេត​ដោយ​តម្លា​ភាព។

យ៉ាង​ណា លោក​ថា ចំពេល​បរទេស​ឈ្លាន​ពាន​ដី​ខ្មែរ​បែប​នេះ គឺ​មាន​តែកា​រ​ដោះ​ស្រាយ​នយោបាយ​ផ្ទៃក្នុ​ង​ជាតិ​ដោយ​ប្រើ​វប្បធម៌​សន្ទនា​ រវាង​អ្នក​នយោបាយ​គ្រប់​ភាគី​ទេ ទើប​អាច​ដោះ​ស្រាយ​បញ្ហា​ជាតិ​បាន។

លោកថា៖ «យើងចង់ឃើញការបង្រួបបង្រួម​នៃការផ្សះផ្សា​ជាតិ រវាង​អ្នក​នយោ​បាយ​ទាំង​គណបក្ស​ក្នុង​រដ្ឋាភិបាល​ ក្រៅ​រដ្ឋាភិ​បាល​ ទាំង​ក្នុង​​និ​ងក្រៅ​ប្រទេស គួរ​តែ​រៀប​ចំ​ជាវេទិកា​ជជែក​តាម​ឌីជី​ថល​អន​ឡាញ ហើយ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ដើម្បី​ឲ្យសា​ធារណ​ជន​បាន​ស្ដាប់​ឮ និង​ចង់​ឃើញ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ភាគី​ពាក់​ព័ន្ធ​ ធ្វើយ៉ាង​ណាក៏​​ដោ​យ​ជួយ​គ្នា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជាតិ​ ជាជាង​ការ​ហែក​ហួរ​គ្នា​ប្រឆាំង​គ្នា ទាំង​សង្គម​ និង​ប្រជាពលរដ្ឋ​កំពុង​តែ​ជួប​វិបត្តិ​ដូច​គ្នា»

ជ្រុងមួយនៃរឿងនេះដែរ ​លោក​បណ្ឌិត មាស នី ​អ្នក​​សិក្សា​ស្រាវ​ជ្រាវ​​​ពីកា​រ​​​អភិវ​ឌ្ឍ​​សង្គម ​ធ្លាប់លើក​ឡើងថា​ សង្គ្រាម​​​​ឈ្លាន​ពាន​​របស់​ថៃ​​មក​លើ​កម្ពុជា​​ពេលនេះ បាន​ប្រាប់​ខ្មែរ​គ្រប់​រូប​ទាំង​រាស្ត្រ​ទាំ​ង​រដ្ឋ ត្រូវ​រួម​គ្នា​គិត​ឲ្យ​បាន​ច្រើន​សម្រាប់​​រយៈ​ពេល​វែង។

លោកគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាព​ការពារខ្លួន គឺ​ជា​ភាព​ចាំបាច់​​ដែល​​មិន​​អាច​អត់​​បាន​។ ប៉ុន្តែ​ការ​អភិវឌ្ឍ​កម្លាំង​ប្រដាប់​អាវុធ ត្រូវ​ការ​លុយ ហើយ​លុយ​ត្រូវ​កើត​ចេញ​ពី​សេដ្ឋកិច្ច​ខ្មែរ​ខ្លាំង។

លើសពីនេះ លោក​ថា កង​ទ័ព​ត្រូវ​ការ​ឱ្យមា​ន​ការ​ថែ​ទាំ​ត្រឹម​​ត្រូវ ទាំង​សុខមាល​ភាព សមត្ថភាព និង​ជីវ​ភាព​រស់​នៅ​សមរម្យ ទាំង​យុទ្ធ​ជន និង​ក្រុម​គ្រួ​សារ​​របស់​កង​ទ័ព។

លោកថា អំពើ​ពុករពុករលួយ និងការប្រព្រឹត្តណាមួយ​ដែល​ឈាន​ដល់​ការ​​​ធ្វើ​​ស្រែ​លើ​​ខ្នង​​យុទ្ធ​ជន ត្រូវ​តែ​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រឺង​បំផុត និង​ត្រូវ​រឹងមាំ​ទាំង​អស់​គ្នា ទើប​ប្រទេស​ជិត​ខាង​​មិន​​​មើល​ងាយ​ខ្មែរ។

អង្គការ​​តម្លាភាព​​អន្តរជាតិ​​​ បាន​​ចាត់​​ថ្នាក់​​កម្ពុជា​​​​នៅ​​​លេ​​ខ​​​រៀង​​ទី​១​៥៥ ក្នុង​​​ចំណោម ​១៨០​​ប្រទេស ​សម្រាប់​​សន្ទស្សន៍​​អំពើ​​ពុក​រលួយ​​ឆ្នាំ​​២០២៤​ ​ដែល​​មាន​ន័យ​​ថា​ កម្ពុជា​​​នៅ​តែ​ស្ថិត​​នៅ​​ជិត​​បាត​​តារាង​​ ជា​​ប្រទេស​​ស្ថិត​ក្នុង​លំដាប់​មាន​​អំពើ​​ពុ​ក​​រលួយ​ខ្ពស់ជា​ប់​គ្នា​ជិត​១០​ឆ្នាំ បើ​ធៀប​នឹង​​ប្រទេស​ជា​សមាជិក​អាស៊ាន។

បើតាមអង្គ​ការ​នេះ ដើម្បីរើខ្លួនចេញពីប្រទេស​ដែល​ញាំញី​ដោយ​អំពើ​ពុក​រលួយ ចាំបាច់​ត្រូវ​បើក​លំហ​ប្រជា​ធិប​តេយ្យ សេរី​ភាព​បញ្ចេញ​មតិ និង​រៀបចំ​ការ​បោះ​ឆ្នោត​ឱ្យ​មាន​លក្ខណៈ​សេរី ត្រឹម​ត្រូវ និង​យុត្តិ​ធម៌ តាម​គោល​ការណ៍​ប្រជា​ធិប​​​​តេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ