លោក ហ៊ុន សែន ប្រាប់​អាមេរិក​ថា​បារម្ភ​រឿង​ថៃ​ដាក់​បន្លា​លួស​ជា​បន្ត​បន្ទាប់​ក្រោយ​បទ​ឈប់​បាញ់

ក្នុង​ជំនួប​ទល់​មុខជាមួយ​ភារធារី​ស្តីទី​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជានៅ​ថ្ងៃ​​សុក្រ​​នេះ មេដឹក​នាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើក​ឡើង​ពី​ក្តីបារម្ភ​ជុំវិ​ញ​ស្ថាន​ការណ៍​ព្រំដែន ដែល​ថៃ​ដាក់​បន្លា​លួស​ជា​បន្ត​បន្ទាប់​ក្រោយ​បទ​ឈប់​បាញ់។

ការណ៍នេះ លោក ហ៊ុន សែន ចង់​ឱ្យ​សហរដ្ឋ​អាមេរិក​តាម​ដាន​យក​ចិត្ត​ទុក​ដាក់ ចំពោះ​បញ្ហា​ដែល​កំពុង​កើត​មាន​ឡើង ដើម្បី​ធ្វើ​យ៉ាង​ណា​ធានា​ឲ្យ​បាន​នូវ​ការ​គោរព​បទ​ឈប់​បាញ់​ឲ្យ​បាន​ពេញ​លេញ។

នេះ​បើតា​ម​ព័ត៌មាន​ដែល​គេ​ទម្លាយ​ឱ្យ​ដឹង​នៅលើ​​ហ្វេស​ប៊ុក លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា និងជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះ។

បើតាម​ប្រភព​ដដែល នៅ​ព្រឹកថ្ងៃ​សុក្រ​ ទី​៥ ខែ​កញ្ញា លោក ហ៊ុន សែន បាន​ជួប​ជាមួយ លោក​ស្រី Bridgette L. Walker ភារធារី​​ស្តីទី​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​វិមាន​ព្រឹទ្ធ​សភា។

ក្នុងជំនួ​ប​នោះ លោក ហ៊ុន សែន បាន​ប្រាប់​ភាគី​អាមេរិក​ថា បទ​ឈប់​បាញ់​ដែល​កម្ពុជា និង​ថៃ មាន​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ២៨ ខែ​កក្កដា​កន្លង​ទៅ​នេះ គឺ​មិន​អាច​កើត​មាន​បាន​ឡើយ ប្រសិន​បើ​មិន​មាន​គំនិត​ផ្តួច​ផ្តើម​របស់​លោក​​ប្រធានាធិបតី​សហរ​ដ្ឋ​អាមេរិក ដូណាល់ ត្រាំ ក្នុង​ការ​ចូល​រួម​ចំណែក​ជួយ​ដោះ​ស្រាយឱ្យ​ទាន់​ពេល​វេលា​នោះ​ទេ។

លោក​អរគុណ​យ៉ាង​ខ្លាំង ចំពោះ​ការ​ចាត់​វិធាន​ការ​ទាន់​ពេល​វេលារ​បស់​រដ្ឋបាលលោក​ ដូណាល់ ត្រាំ និង​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរ​ដ្ឋ​អាមេរិក ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​តាម​ដាន និង​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។

សម្រាប់ លោក ហ៊ុន សែន បទ​ឈប់​បាញ់​តាម​រយៈ​ការ​ចូល​រួម​ចំណែក​ពី​ប្រធានធិបតី ដូណាល់ ត្រាំ គឺ​បាន​ជួយ​ដល់​ប្រទេស​ទាំង​សង​ខាង ជាពិសេស​កុំ​ឱ្យ​មាន​ទាហាន និង​ប្រជាពលរដ្ឋ​ស្លាប់​ក្នុង​ការ​ផ្ទុះ​អាវុធប​ន្ត​ទៀត​។ យ៉ាង​ណា លោក​បាន​បង្ហាញ​នូវ​ក្តី​ព្រួយ​បារម្ភ ​ចំពោះ​ស្ថាន​ការណ៍​ចុង​ក្រោយ​នៃ​បញ្ហា​ព្រំដែន​កម្ពុជា​ និង​ថៃ ជាពិសេស​ការ​បន្ត​ដាក់​បន្លា​លួស​ជា​បន្ត​បន្ទាប់ ដែល​ចំណុច​នេះ​លោក​​​ចង់​ឱ្យ​​សហរដ្ឋ​អាមេរិក​តាម​ដាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​ដែល​កំពុង​កើត​មាន​ឡើង ដើម្បី​ធ្វើ​យ៉ាង​ណា​ធានា​ឲ្យ​បាន​នូវ​ការ​គោរព​បទ​ឈប់​បាញ់​ឲ្យ​បាន​ពេញ​លេញ។

លោក​គូស​បញ្ជាក់​ថា កម្ពុជា​បាន​អត់​ធ្មត់​គ្រប់​បែប​យ៉ាង ដើម្បី​ធានា​ការ​គោរព​បទ​ឈប់​បាញ់​ដែល​បាន​សម្រេច​ជាមួយ​គ្នា ហើយ​ជា​ជំហរ​របស់​កម្ពុជា គឺ​កម្ពុជា​ចង់​ឱ្យ​ស្ថាន​ភាព​ព្រំដែន​កម្ពុជា-ថៃ ត្រឡប់​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ។ លោក​ថា កម្ពុជា​បាន​អ្នក​សង្កេត​ការណ៍​ជាក់​លាក់​ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​នូវ​បទឈប់​បាញ់​នេះ​ឱ្យ​មាន​ប្រសិទ្ធ​ភាព។

ក្រោយបទឈប់បាញ់ចូលជាធរមាន ទាហានថៃ​បាន​ចល័ត​ទ័ព​​ចូល​មក​ចាប់​ខ្លួន​ទាហាន​កម្ពុជា​ នៅ​ជួរ​មុខចំនួន​២០​នាក់ ដែល​បច្ចុប្បន្ននៅ​សល់​ទាហាន​ខ្មែរ ១៨នាក់​ទៀត ថៃ​មិន​ទាន់​ប្រគល់​ឱ្យ​កម្ពុជា​វិញ​ទេ ទោះកម្ពុជា​អំពាវនាវ​ជាង​១ខែ​ទៅ​នេះ​ក្តី។

លើសពីនេះ ថៃ​បាន​ចូល​មក​​រាយ​បន្លា​លួស​ព័ទ្ធ​យក​ប្រាសាទ​តាមាន់ធំ តំបន់​អាន​សេះ ភូមិ​ព្រៃ​ចាន់ ភូមិ​អូរបីជាន់ ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ និង​គំរាម​ប្រើ​កម្លាំង​យោធា​​រុះ​រើ​ផ្ទះ​ពលរដ្ឋ​ខ្មែរ​១៧០​ខ្នង នៅ​ភូមិជោគ​ជ័យ ខណៈ​រដ្ឋាភិបាល​កម្ពុជា នៅ​បន្ត​អត់​ធ្មត់ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​ភូមិ​ជោគ​ជ័យ ចេញ​ប្រឈម​មុខ​ជាមួយ​ទាហាន​ថៃ​យ៉ាង​តិច​ពីរ​ដង ប្រឆាំង​នឹង​ទង្វើ​ឈ្លាន​ពាន​របស់​ថៃ ចាប់​ពី​ពេល​មាន​បទ​ឈប់​បាញ់​មក​។

បញ្ហានេះ អ្នក​ឃ្លាំមើលបា​រម្ភ​ថា ភូមិ​ខ្មែរ​មួយ​ចំនួន​ជាប់​ព្រំដែន នឹង​ត្រូវ​ថៃ​ច្បាម​យក​ជារៀ​ង​រហូត ដូច​ករណីវៀត​ណាម​​ច្បាម​យក​ដី​ខ្មែរ នៅ​តាម​ព្រំដែន​ដែរ បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ប្រើ​យន្ត​ការ​អន្តរ​ជាតិ នាំ​យក​សំណុំ​រឿង​ព្រំដែន​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​(ICJ) និង​ប្តឹង​ទៅស​ហប្រធាន​នៃកិ​ច្ចព្រ​ម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឱ្យ​កោះ​ប្រជុំ​បន្ទាន់​ទេ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ