ចរន្ត​ពលរដ្ឋ​ចេញ​ប្រឆាំង​ថៃ​ឈ្លាន​ពាន​ជំរុញ​ឱ្យ​មាន​ការ​រិះ​គន់​ពី​កម្សោយ​មេដឹក​នាំ​កាន់​អំណាច​តពូជ

ការ​ដែល​ចរន្ត​ពលរដ្ឋ​នៅ​ភូមិ​ជោគ​ជ័យ មាន​ស្ត្រី និង​កុមារ​ផង កាន់​ដំបង​ចេញ​ប្រឈម​មុខ​ជាមួយ​យោធា​ថៃ ដែល​បំពាក់​ដោយ​អាវុធ​ទំនើបៗ យ៉ាង​តិច​២ដង រួម​ទំាង​ថ្ងៃ​ម្សិល​មិញ ដើម្បី​ការ​ពារ​ទឹក​ដី​នោះ ជំរុញ​ឱ្យ​មាន​លើក​ឡើង​ថា គ្រួសារ​ហ៊ុន​ដឹក​នាំប្រ​ទេស​ជាង​៤០​ឆ្នាំ​មក​នេះ គិត​តែ​រិះ​រក​យុទ្ធ​សាស្ត្រ​កម្ចាត់​ខ្មែរ​គ្នា​ឯង​តាម​គ្រ​​ប់រូប​ភាព ដើម្បី​កាន់​អំណាច​តពូជ ធ្វើ​ឱ្យ​ថៃ​ចូល​ឈ្លាន​ពាន​ទឹក​ដី​តាម​ចិត្ត នា​ពេល​បច្ចុប្បន្ន។

ការសំអាង​បែប​នេះ ក្រោយ​ពី​​ពលរដ្ឋ​​ខ្មែរ​​រាប់​​សិប​​នាក់ កាល​ពី​ថ្ងៃព្រ​ហស្បត្តិ៍ ទី​៤ ខែកញ្ញា បាន​​ប្រឈម​​មុខ​​ជា​​ថ្មី​ទៀ​ត ជាមួយ​​យោធា​​ថៃ ដើម្បី​​ការ​​ពារ​​ទឹក​ដី ជំនួស​ក្រសួង​​ការ​ពារ​ជាតិ​ ខណៈ​ក្រុម​​យោធា​​ថៃ បាន​ចល័ត​​ចូល​មក​​រាយ​​លួស​​បន្លា ព័ទ្ធ​យក​ដីខ្មែរ នៅ​​ភូមិ​​ជោគ​​ជ័យ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ។

តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក​ អ៊ុំ សំអាន ប្រាប់VOD​នៅថ្ងៃទី៥ ខែ​កញ្ញា​នេះ​ថា គ្រួសារ​ហ៊ុនដឹក​នាំ​ប្រទេស​ជាង​៤០​ឆ្នាំម​ក​នេះ មិន​ដែល​ខ្វល់​រឿង​ការ​ពង្រឹង​ការ​ពារ​ជាតិ​ពី​សត្រូវឈ្លាន​ពាន​ទឹក​ដី​នោះ​ទេ។

លោក​អះអាង​ថា ជាក់​ស្តែង​ទឹក​ដីក​ម្ពុជា ទាំង​ខាង​កើត​និង​ខាង​លិច​បន្ត​បាត់​បង់ ដូច​ជា កោះ​ត្រល់ ចង្កោមកោះ​ក្រចក​សេះ ដី​ផ្ទះ​លោក ហេង សំរិន បាត់​ទៅ​វៀត​ណាម រី​ឯកោះ​គុត ភ្នំ​ទ្រព្យ តាមាន់​ធំ អាន​សេះ​បាត់ទៅ​ថៃ​ជា​ដើម។

លោកបន្តថា ទឹកដីកម្ពុជានៅមានបាត់ជាច្រើនទៀត តាម​បន្ទាត់​ព្រំដែ​ន​ទៅ​វៀត​ណាម​តាម​រយៈ​សន្ធិ​សញ្ញា​ព្រំដែន​ខុស​ច្បាប់​ឆ្នាំ​១៩៨២-៨៥ ដែល​លោក ហ៊ុន សែន ចុះ​ហត្ថលេខា​ជាមេដឹ​ក​នាំ​វៀត​ណាម។

លោក​អះអាងថា ទាំងនេះឆ្លុះបញ្ចាំងថា ក្រោម​ការ​ដឹក​នាំ​ជាង​៤០ឆ្នាំ របស់​មេដឹក​នាំ​គ្រួសារ​ហ៊ុន មិន​បាន​ធ្វើអ្វី​ជា​ប្រយោជន៍​ជាតិ មាតុភូមិ​ខ្មែរ​នោះ​ទេ មាន​តែ​ពង្រឹង​អំណាច​ដើម្បី​បង្រ្កាប​ខ្មែរ​គ្នា​ឯង​ប៉ុណ្ណោះ។

លោកថា៖ «លោក ហ៊ុន សែន គាត់មើលទៅអត់បាន​ធ្វើ​អី​ជា​ប្រយោជន៍​សម្រាប់​រស​ជាតិ​ ជាពិសេស​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ទេ យើង​មើល​ជាង​៤០​ឆ្នាំ គាត់​បាន​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​យ៉ាង​ច្រើន​ទៅ​ប៉ែក​ខាង​កើត​ប្រទេស​វៀត​ណាម គាត់​បាន​ធ្វើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ តាម​សន្ធិ​សញ្ញា​ខុស​ច្បាប់​ឆ្នាំ​១៩៨៥ បាន​កាត់​ទឹក​ដី​ខ្មែរ​យ៉ាង​ច្រើន​ទៅ​ឲ្យ​ប្រទេស​វៀត​ណាម ឥឡូវ​ស្រដៀង​គ្នា​ហ្នឹង លោក ហ៊ុន សែន កំពុង​ចង់​កាត់​ទឹក​ដី​ខ្មែរ​ឱ្យ​ទៅ​ថៃ​ទៀត​ហើយ»។

សម្រាប់​ លោក អ៊ុំ សំអាន នយោបាយចាស់ទុំ ឬ​យុទ្ធសាស្រ្ត​ការ​ទូត​របស់​គ្រួសារ​ហ៊ុន គ្មាន​ប្រសិទ្ធិ​ភាព​សម្រាប់​ការ​ពារ​បូរណ​ភាព​ទឹក​ដី​នោះទេ​​ បើ​រដ្ឋាភិបាល​មិន​ងាក​ទៅ​ស្តារ​ប្រជាធិប​តេយ្យ ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​ពីស​ហគមន៍​អន្តរ​ជាតិ​នោះ។

លោកថា មេដឹកនាំ​គ្រួសារ​ហ៊ុន គ្មាន​ឆន្ទៈ​ការ​ពារ​ទឹក​ដី​ទេ គឺពួ​ក​គេ​រវល់​តែ​ពង្រឹង​អំណាច​ផ្តាច់​ការ​របស់​គ្រួសារ​គេ និង​រក​វិធី​សាស្រ្ត​ទុច្ចរិត ដើម្បី​បង្រ្កាប​ខ្មែរ​ស្នេហា​ជាតិ។

សម្រាប់​ លោក អ៊ុំ សំ បើគ្រួសារហ៊ុនចេះស្នេហាជាតិ និង​ប្រជារាស្រ្តខ្មែរ​ពិត​ប្រាកដ រដ្ឋាភិបាល​នេះ នឹង​ស្តារ​ប្រជាធិប​​តេយ្យ សិទ្ធិ​មនុស្ស សើរើ​កិច្ច​ព្រម​ព្រៀង​ប៉ារីស លុប​ចោល​សន្ធិ​សញ្ញា​ព្រំដែន​ខុស​ច្បាប់​ឆ្នាំ១៩៨២-៨៥ ជា​វៀត​ណាម និង​លុប​ចោល​កិច្ច​ព្រម​ព្រៀង​ជាមួយ MOU ថៃ​ហើយ។

លោកថា៖ «លោកពេលដែលគាត់ពង្រឹងកែកង​កម្លាំង​ ដូច​ជា​ ក្រុម​អង្គរក្ស​ក្រុម​បាត​ដៃ​ទី៣ ដើម្បី​ឲ្យ​ក្រុម​មេប៉េ​អឹម ឬ​ក្រុម​ប៉ូលិស​អី​ហ្នឹង ដើម្បី​បង្ក្រាប​បាតុករ​ឬ​ក៏​ភ្លេច​គិត​រឿង​ការ​ពារ​ជាតិ​អ៊ីចឹង​ នៅពេ​ល​ដែល​មាន​សង្គ្រាម​ គឺ​អត់​មាន​អី​ត្រៀម​ដើម្បី​ទប់​ទល់​ជាមួយ​ការ​ឈ្លាន​ពាន​របស់​ថៃ ដោយ​សារ​គាត់​រវល់​គិត​បំពាក់អាវុធ​តែ​ឲ្យ​ក្រុម​អង្គ​រក្ស ក្រុម​ប៉ូលិស​ខ្លា​ហោះ ឬ​ក្រុម​ដែល​ចង់​ទុក​បង្ក្រាប​ទៅ​ដល់​អ្នក​ប្រឆាំង​ឬ​បាតុករ»។

ប្រហែលគ្នានេះដែរ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត អះ​អាង​ថា តាម​ការ​សង្កេត​របស់​លោក​ជាង​៤០​ឆ្នាំ​មក​នេះ លោក ហ៊ុន សែន គិត​តែ​ពីកា​រពា​រ​អំណាច​ផ្តាច់​ការ បន្ត​កម្ចាត់​ខ្មែរ​គ្នា​ឯង​ «ងើប​មួយ​វ៉ៃ​មួយ» ប៉ុន្តែ​រណប​សត្រូវ​ឈ្លាន​ពាន ហើយ​ប្រើ​ពាក្យ​ថា​អត់​ធ្មត់​ស្រឡាញ់​សន្តិ​ភាព។

លោកថា៖ «ពាក្យដែលថាការពារអំណាចផ្ទាល់​ខ្លួន​ហ្នឹង យើង​ឃើញ​ជាក់​ស្ដែង​ការ​ពារ​អំណាច​ផ្ទាល់​ខ្លួន គឺ​តាម​រយៈ​ លោក ហ៊ុន សែន គ្រួសារ​គាត់​នៅ​បង្កើត​ឲ្យ​មាន​កង​អង្គរក្ស​ផ្ទាល់​ខ្លួន​រាប់​ពាន់​នាក់ ហើយ​មាន​ការ​ហូប​ចុក ​មា​ន​សម្លៀក​បំពាក់​ហ៊ឺហា ហើយ​គ្រឿង​សព្វា​វុធ​ក៏​ទំនើប​ បើ​យើង​ធៀប​នឹង​កង​កម្លាំង​ការ​ពារ​ជាតិ​វិញ​ស្បែក​ជើង​អត់​ស្បែក​​ជើង​ពាក់​ត្រឹម​ត្រូវ អត់​សម្លៀក​បំពាក់​សម្ភារៈ​កង​ទ័ព​អី​គ្រឿង​ប្រើ​ប្រាស់​របស់​កង​ទ័ព​គឺ​ខ្វះ​​ខាត ខ្វះខា​ត​គ្រប់​បែប​គ្រប់​យ៉ាង​ទាំង​អស់ ចឹង​យើង​ឃើញ​ថា​អា​ផល​ប្រយោជន៍​ជាតិ​ បើ​​សិនយើង​យក​ផល​ប្រយោជន៍​ជាតិ​នោះ ហើយ​ធ្វើ​បាន​ដូច​ការ​បង្កើន​ទំនើប​ប្បកម្ម ការ​ពារ​អំណាច​របស់​ខ្លួន​​ប្រហែល​ជា​ជាតិ​របស់​យើង​នឹង​រី​ក​ចម្រើន»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធិ ច្រាន​ចោល​ចំពោះកា​រ​ចោទ​ប្រកាន់​នេះ ដោយ​​អះ​អាង​ថា គណបក្ស​កាន់​អំណាច គិត​គូរពី​រឿ​ង​ជាតិ មាតុ​ភូមិ និង​ប្រជា​រាស្រ្ត​ខ្មែរ។

លោកបន្តថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់បក្សកាន់​អំណាច បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចំពោះ​សុខចិត្ត​ទុក្ខ​ពលរដ្ឋ និង​គិត​គូរការ​ពារ​ទឹក​ដី​ខ្មែរ​មិ​ន​ឱ្យ​បាត់​បង់ សូម្បី​តែ​មួយ​មីលី​ម៉ែត្រ​ទៅ​ប្រទេស​ជិត​ខាង។

លោក​ថា៖ «រដ្ឋាភិបាលកំពុងធ្វើនេះ ប្រជាពលរដ្ឋ​បាន​ដឹង​យ៉ាង​ច្បាស់​ហើយ​ថា​ រដ្ឋាភិ​បាល​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ កន្ល​ង​មក​នេះ ប្រទេស​ជាតិ​រីក​ចម្រើន​យ៉ាង​ដូច​ម្ដេច​ ហើយ​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​យ៉ាង​ណា ដែល​ពេល​នេះ​រដ្ឋាភិ​បាល​កំពុង​តែ​សាមគ្គី​ជាមួយ​នឹង​ប្រជាជន​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ ដើម្បី​ប្រឆាំង​សត្រូវ​ឈ្លាន​ពាន​ អ៊ីចឹង​​ពួ​ក​គេ​លើក​ឡើង​ហ្នឹង​ វា​គ្រាន់​តែ​សំឡេង​ដើម្បី​បន្ត​ជីវិត​នយោបាយ​ពួក​គេ​ឱ្យ​លើក​ឡើង​ចេះ​តែ​ឲ្យបា​ន​តែ​ប៉ុណ្ណឹង»។

យ៉ាងនេះក្តី តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន បង្ហោះ​សារ​ថា យោង​តាម​សន្ធិ​សញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៤ និង​១៩០៧ ដែល​ជា​កិច្ច​ព្រម​ព្រៀង​កំណត់​ព្រំដែន​រវាង​កម្ពុជា​ដែល​ស្ថិត​ក្រោម​អាណាព្យាបាល​បារាំង និង​ព្រះរាជា​ណា​ចក្រ​​ស្យាម ព្រមទាំង​​បាន​បង្កើត​ជាគ​ណៈកម្មការចម្រុះបារាំង-សៀម ដើម្បី​កំណត់​ព្រំដែន​ជាក់​លាក់​ដោយ​បាន​បោះ​បង្គោល​កំណត់​ព្រំដែន​សរុប​ចំនួន ៧៤​បង្គោល នៅ​តាម​ខ្សែប​ន្ទាត់​ព្រំដែន​ជាង​៨០០​គ.ម។

ក្នុងចំណោមទាំង ៧៤បង្គោលនោះ គេបានបែងចែក​ជា ៣ប្រភេទ ទៅ​តាម​សណ្ឋាន​ខ្សែប​ន្ទាត់​ព្រំដែន​ដែល​រួម​មាន៖ នៅ​តាម​ខ្សែប​ន្ទាត់​ត្រង់​នៅ​លើដី​គោក មាន​សរុប ២១​បង្គោល រយៈ​ចម្ងាយ ៥៨​គ.ម។

នៅ​តាម​ខ្សែ​បន្ទាត់​មាត់​ទឹក ឬ​ក្នុង​ទឹក មាន​សរុប ១៩​បង្គោល រយៈ​ចម្ងាយ ២១៦​គ.ម និង​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​​ដោយ​កំណត់​តាម​ខ្សែ​អង្កត់​ទឹក​ហូរ (Watershed Line) មាន​សរុប ៣៤​បង្គោល រយៈ​ចម្ងាយ ៥២៤​គ.ម។

បើទោះជាមានសន្ធិសញ្ញាបារាំង-សៀមនេះ​ហើយ​ក៏​ដោយ ប៉ុន្តែ​បញ្ហា​វិវាទ​នៅ​តែ​បន្ត​កើត​មាន​តាំង​ពី​ពេល​នោះ រហូត​ដល់​បច្ចុប្បន្ន​នេះ ដោយ​គិត​មក​ដល់​ត្រឹម​កិច្ច​ប្រជុំ​លើក​ទី៦ របស់​គណៈ​កម្មការ​ចម្រុះ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក (JBC) ភាគី​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​លើ​ទីតាំ​ង​បង្គោល​ចំនួន ៤២ហើយ​នឹង​បន្ត​យន្ត​ការ​ប្រើ​ប្រាស់​បច្ចេក​វិជ្ជា LIDAR ដើម្បី​កំណត់​ចំណុច​ដែល​សេស​សល់។
ចំពោះ​បណ្តា​បង្គោល​ដែល​ពុំទា​ន់​ឯកភា​ព​នោះ​ហើយ ដែល​សុទ្ធ​តែ​បាន​នាំម​ករ​ក​ជម្លោះ​វិវាទ​មិន​ចេះ​ចប់​ មិន​ចេះ​ហើយ​រវាង​ប្រទេស​ទាំង​ពីរ។

បង្គោលពុំទាន់ឯកភាពមានចំនួន៣២បង្គោល ដែល​បង្គោល​ទាំង​នោះ​ស្ថិត​នៅ​ទីតាំង​មិន​ប្រក្រតី​ឬ​ថៃរំកិល​បង្គោល​ទាំង​នោះ ចូល​មក​ដី​ខ្មែរ​ដែល​ខុស​ពី​ទីតាំង​ចាស់។

បង្គោល​ព្រំដែន គឺមាន ៣ប្រភេទ រួមមាន ​បង្គោល​មេ ឬ​បង្គោល​ឡាក់ បង្គោល​បំពេញ​បន្ថែម និង​បង្គោល​តម្រុយ​ព្រំដែន។

សម្រប់ លោក អ៊ុំ សំអាន បង្គោល​ឡាក់ព្រំដែន រវាងកម្ពុជា-ថៃ​ទាំង ៧៤​នេះ បង្គោល​ទី១ បោះ​នៅ​លើ​ទីតាំង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ ជាប់​នឹង​ស្រុក​ភូសិង្ហ ខេត្ត​ស៊ីសាកេត រី​ឯ​បង្គោល​ឡាក់​ទី៧៣ គឺ​ស្ថិត​នៅ​ក្នុង​មូល​ដ្ឋាន​នៅ​ចាំយា​ម​ខេត្ត​កោះ​កុង ជាប់​នឹង​ស្រុក​ខ្លង​យ៉ៃ ខេត្ត​ត្រាត។

យ៉ាងណា អ្នកឃ្លាំមើលថា បើទោះបីជាកម្ពុជាមាន​សំអាង​បែប​នេះ​ក្តី បើ​មេដឹក​នាំ​គិត​តែ​កម្ចាត់​ខ្មែរ​គ្នា​ឯង ដើម្បី​តែ​ចង់​កាន់​អំណាច​តពូជ ហើយ​មិន​ពង្រឹង​ទំនើប​កម្ម​វិស័យ​ការ​ពារ​ជាតិ​ទេ នោះប្រ​ទេស​ជិត​ខាង​ ទាំង​ថៃ និង​វៀត​ណាម បន្ត​ឈ្លាន​ពាន​ដី​ខ្មែរ តជំនាន់ នឹង​រាប់​រយ​ឆ្នាំ​ទៅ​មុខ​ទៀត​គ្មា​ន​ទី​បញ្ចប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ