ពលរដ្ឋមួយចំនួនរស់នៅក្នុងបុរីជារី នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានត្អូញត្អែរពីផលលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្រោយមានការដាច់ទឹកប្រើប្រាស់ជាញឹកញាប់ ការណ៍នេះ ពួកគេជំរុញឱ្យអាជ្ញាធររដ្ឋបង្ហាញការទទួលខុសត្រូវចំពោះតួនាទីខ្លួន ជុំវិញការមិនមានដំណោះស្រាយណាមួយសមរម្យជូនពលរដ្ឋ។
ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលរស់នៅក្នុងបូរីជារីផ្ទាល់ បានប្រាប់សំឡេងប្រជាធិបតេយ្យ VOD នៅថ្ងៃទី០៨ ខែកញ្ញានេះថា ពលរដ្ឋនៅក្នុងបុរីនេះ ប្រមាណជា៦០គ្រួសារ ពុំមានទឹកប្រើប្រាស់ចំនួន៤ថ្ងៃមកហើយ ដោយសារប្រព័ន្ធទឹកក្នុងបុរីបានដាច់ ដែលមិនមានការជូនដំណឹងណាមួយឡើយ ខណៈលោកបានព្យាយាមទាក់ទងទៅខាងបុគ្គលិករបស់បុរី ប៉ុន្តែមិនទទួលបានដំណោះស្រាយណាមួយល្អប្រសើរនោះឡើយ។
ពលរដ្ឋរូបនេះ បន្តថា បញ្ហានេះលោក និងពលរដ្ឋដទៃទៀត ភាគច្រើនជាក្មេងតូចៗ មនុស្សចាស់ និងអ្នកធ្វើការផងនោះ ជួបផលលំបាកក្នុងការរស់នៅ និងការប្រើប្រាស់ ដោយលោកស្នើឱ្យអាជ្ញាធរពាក់ព័ន្ធពិនិត្យរាល់បញ្ហាដែលរាយការណ៍ និងពន្លឿនដោះស្រាយជូនពលរដ្ឋឱ្យបានឆាប់ ក្នុងករណីមានបញ្ហាណាមួយកើតឡើង។
លោកថា៖ «សួរទៅខាងខណ្ឌគាត់ថាមិនមែនជាការងាររបស់គាត់ទេ ជាការងាររបស់ខាងបុរីធ្វើការជាមួយនឹងរដ្ឋករទឹក។ មិនមែនជាលើកទីមួយសម្រាប់នៅប្រទេសកម្ពុជា មិនប្លែក សម្រាប់ប្រជាពលរដ្ឋខ្មែរដែលនៅទីនេះផ្ទាល់ទេ វាមិនប្លែកទេ អ្នកបច្ចេកទេសទាក់ទងជាមួយនឹងបញ្ហាកាន់កាប់ការងាររដ្ឋរបស់ទាំងអស់ហ្នឹង សូម្បីអគ្គិសនីសេវាកម្មអិនធឺណែត ទាំងឯកជន និងរដ្ឋ គាត់គួរយល់ដឹងនៅពេលរាល់ដែលមានបញ្ហា គាត់ត្រូវតែពន្លឿននូវការរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដោយសារប្រជាពលរដ្ឋ គឺជាអ្នកប្រើប្រាស់សេវា ហើយប្រជាពលរដ្ឋគឺជាអ្នកបង់ពន្ធបង់លុយទិញយកសេវាទាំងអស់ហ្នឹង អ៊ីចឹងគាត់ត្រូវតែជាអ្នកដែលផ្ដល់សេវាកម្ម ហើយក៏ត្រូវទទួលខុសត្រូវរាល់នៅពេលរឿងមានបញ្ហា»។
បើតាមពលរដ្ឋម្នាក់ទៀត លោក អមរើន បានឱ្យដឹងថា បញ្ហាដាច់ទឹកសម្រាប់ប្រើប្រាស់នេះ មិនមែនជាលើកទីមួយទេ ពោលកន្លងទៅមានបញ្ហានេះកើតឡើងជាញឹកញាប់ ដែលធ្វើឱ្យពួកគាត់ពិបាកក្នុងការប្រើប្រាស់ ហើយត្រូវចំណាយថវិកាច្រើនទិញទឹកពីក្រៅមកជំនួសវិញ។
ដូច្នេះក្នុងករណីនេះ លោកថា ប្រសិនបើមានករណីមានផ្អាក ឬផ្ដាច់ទឹកបណ្ដោះអាសន្ន អាជ្ញាធររដ្ឋគួរតែជូនដំណឹងជាមុនដល់ពលរដ្ឋ ដើម្បីពលរដ្ឋតាមត្រៀមខ្លួនទុកមុន។
លោកថា៖ «យាយទៅទឹកជាជីវិតយើងអត់ភ្លើង យើងអាចប្រើអីផ្សេងបាន ប៉ុន្ដែបើអត់ទឹកដីយើងបានងូតបានអីដាំបាយហូប អ៊ីចឹងយើងត្រូវទិញទឹកសុទ្ធតែបានប្រើជាមួយរឿងធ្ងន់ធ្ងរដែរ និយាយទៅទឹកដីសំខាន់ក្នុងការទ្រទ្រង់ជីវិត និងប្រើប្រាស់ប្រចាំថ្ងៃ បើសិនយើងត្រូវកាត់ផ្ដាច់ប្រព័ន្ធ ឬជួសជុលប្រព័ន្ធណាមួយ សូមមានជូនដំណឹងឲ្យបានច្រើនថ្ងៃមុន ដើម្បីពលរដ្ឋយើងត្រៀមទឹកទុកផ្ដល់ដំណឹងថាទឹកហ្នឹងដាច់ ដោយសារអីមានបញ្ហាអីយើងអត់ដឹង»។
បើតាមបុគ្គលិករបស់បុរីជារី បានប្រាប់VOD នៅថ្ងៃទី០៨ ខែកញ្ញានេះ បញ្ហាដាច់ទឹកនេះបណ្ដាលមកពីប្រព័ន្ធទឹករបស់រដ្ឋមានបញ្ហា និងបានអះអាងថាខាងបូរីបានដោះស្រាយជូនរួចរាល់ហើយ ។
បុគ្គលិករូបនេះថា៖ «ជាក់ស្ដែងការដាច់ទឹកហ្នឹង គឺដាច់ពីខាងរដ្ឋ ហើយការដាច់ទឹកនេះឥឡូវជាក់ស្តែងនិងទឹកមកវិញហើយ »។
ទាក់ទិននឹងបញ្ហាដាច់ប្រព័ន្ធទឹកប្រើប្រាស់នេះ VODមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ ដោយគ្មានអ្នកលើកទូរស័ព្ទ។
សម្រាប់អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ និងជាស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា នេះមិនមែនជារឿងថ្មីឡើយសម្រាប់កម្ពុជា ព្រោះបញ្ហាដាច់ទឹកភ្លើងនៅកម្ពុជាជារឿងធម្មតាទៅហើយ ពិសេសកន្លែងដែលទើបនឹងមានការអភិវឌ្ឍថ្មី និងអាចមកពីបញ្ហាបច្ចេកទេសជាដើម។
ម្លោះហើយ លោកថា រាល់បញ្ហាដែលកើតឡើងមន្រ្តីជំនាញ ឬស្ថាប័នពាក់ព័ន្ធគួរតែបង្ហាញលទ្ធភាពក្នុងការបកស្រាយជូនពលរដ្ឋ ដើម្បីស្រាយចម្ងល់ឱ្យពួកគាត់បានយល់ និងមានការត្រៀមខ្លួនទុកមុនផងដែរ។
លោកថា៖ «យើងអាចផ្តល់ព័ត៌មាន ឬក៏ពន្យល់បកស្រាយជូនប្រជាពលរដ្ឋ នៅក្នុងតំបន់ដែលមានបញ្ហាហ្នឹងឲ្យបានច្បាស់លាស់ទៅ ចៀសវាងការស្តីបន្ទោសពីប្រជាពលរដ្ឋនោះ ខ្ញុំជឿថា ការអភិវឌ្ឍវាមិនខុសគ្នាទេ នៅប្រទេសខ្លះក៏គេជួបផលលំបាកដែរ ករណីប្រទេសយើងកំពុងអភិវឌ្ឍន៍ ហើយងើបចេញពីភាពក្រីក្រអីជាដើមហ្នឹង វាជះមិនរួចពីជួបផលលំបាកលើទឹកភ្លើង ផ្លូវថ្នល់ អីជាដើម យ៉ាងហោចណាស់រដ្ឋាភិបាលលោកត្រូវតែប្រឹងប្រែង អាជ្ញាធរពាក់ព័ន្ធស្ថាប័នពាក់ព័ន្ធហ្នឹងត្រូវតែប្រឹងប្រែងយកចិត្តទុកដាក់ផ្តល់ចម្លើយដល់ប្រជាពលរដ្ឋហ្នឹង ធ្វើម៉េចឆ្លើយតបឲ្យបានច្រើនបំផុតចំពោះតម្រូវការជូនប្រជាពលរដ្ឋ»។
ដោយឡែក លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ បានលើកឡើងថា អាជ្ញាធររដ្ឋមានតួនាទីពិនិត្យ និងដោះស្រាយបញ្ហាជូនពលរដ្ឋនៅពេលដែលពួកគាត់មានបញ្ហា។ ដូច្នេះលោកគិតថា អាជ្ញាធរនៅគ្រប់មូលដ្ឋានត្រូវរាយការណ៍ និងចាត់វិធានការណ៍ដោះស្រាយបន្ទាន់ ជុំវិញទុក្ខកង្វល់របស់ពលរដ្ឋ។
លោកថា៖ «ចឹងនៅក្នុងករណីនេះ អាជ្ញាធរមូលដ្ឋាន គឺអាជ្ញាធរដែលពាក់ព័ន្ធនឹងលោកគួរតែពិនិត្យមើលហើយនឹងចាត់វិធានការ ដើម្បីធ្វើការដោះស្រាយចំពោះបញ្ហាដែលកើតឡើងរបស់ប្រជាពលរដ្ឋ គឺបញ្ហាទឹក ការរស់នៅរបស់ប្រជាពលរដ្ឋ ទឹកភ្លើង ផ្លូវ អនាម័យ ហើយនិងជីវភាពរស់នៅរបស់ពួកគាត់សំខាន់ទាំងអស់ហ្នឹង វាជាការទទួលខុសត្រូវរបស់អាជ្ញាធរ ក្នុងការដោះស្រាយជូនដល់ប្រជាពលរដ្ឋ»។
យ៉ាងណា បើតាមពលរដ្ឋខាងលើ បានបញ្ជាក់ថា មកដល់រសៀលថ្ងៃចន្ទនេះ ពួកគេទទួលបានទឹកប្រើប្រាស់តិចតួចឡើងវិញហើយ ប៉ុន្តែនៅក្នុងកម្រិតទាបមិនគ្រប់គ្រាន់សម្រាប់ប្រើប្រាស់នៅឡើយ៕









