មហិច្ឆតា​ក្តោប​អំណាច​តពូជ​ត្រូវ​គេ​មើល​ឃើញ​ថា​កំពុង​ស្តែង​ចេញ​តា​ម​រយៈ​បាត់​ទឹក​ដី

មហិច្ចតា​ក្តោប​អំណាច​តពូជ ក្រោម​យុទ្ធនា​ការ​កម្ចាត់​ប្រព័ន្ធ​ពហុបក្ស​ជិត​១០​ឆ្នាំ​ទៅ​នេះ រួម​ទាំង​ការ​លេច​ឡើង នូវ​វត្តមាន​ទា​ហា​ន​ថៃ ចូល​រំលោភ​យក​ដី​ខ្មែរ និង​ផ្ទះ​ពលរដ្ឋ នៅ​ខេត្ត​ជាប់​ព្រំដែន គ្មាន​ការ​ទប់​ស្កាត់​ ឱ្យ​មាន​ប្រសិទ្ធ​ភាព​​ពី​រដ្ឋាភិបាល​កម្ពុជា​នោះ ជំរុ​ញ​ឱ្យ​មាន​ការ​លើក​ឡើង​ថា បន្ទា​​ត់ន​​យោបាយ​នេះ កំពុង​បង្ក​គ្រោះ​ដល់​ពលរដ្ឋ​កម្ពុជា និង​បូរណ​ភាព​ទឹក​ដី។

ជ្រុង​មួយ​នៃ​បញ្ហា​នេះ តំណាង​រាស្រ្តបក្ស​សង្រ្គោះជាតិ​ លោក ​សួន សូរីដា ប្រាប់​VOD​នៅ​ថ្ងៃទី​៨ ខែ​កញ្ញានេះ​ថា ការ​ដឹក​នាំ​ប្រទេស​បែប​ក្រាញ​អំណាច​តពូជ​ឬ​ដឹក​នាំ​បែប​ឯកបក្ស វា​ឆ្លុះ​បញ្ចាំង​ពី​ហានិភ័យ​ដល់​បូរណ​ភាព​ទឹក​ដី។

លោកបញ្ជាក់​ថា ការ​ដឹក​នាំ​បែប​ឯកបក្ស កម្ចា​ត់​ដៃ​គូរ​ប្រគួត​ចេញ​ពី​សង្វៀន​នយោ​បាយ ចាប់​ខ្លួន​លោក កឹម សុខា និង​សម្លាប់​ប្រជាធិប​តេយ្យ វា​បង្ក​គ្រោះ​ថ្នាក់​ដល់​សង្គម​ជាតិ ប្រជា​រាស្រ្ត និង​ទឹក​ដី​របស់​ជាតិ។

ក្នុង​ន័យ​នេះ លោក​ពន្យល់​ថា គ្រោះ​ថ្នាក់​ប្រទេស​ជាតិ​នៅ​ត្រង់​ថា ជា​ប្រវត្តិ​សាស្ត្រនៅ​ពេ​ល​ខ្មែរ​បែក​បាក់​ផ្ទៃ​ក្នុង វា​ជា​ឱកាស ប្រទេស​ជិត​ខាង​ហក់​មក​ឈ្លានពា​​ន​កម្ពុជា។

ប៉ុន្តែ​ថា​បច្ចុប្បន្ន កម្ពុ​ជាមា​ន​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​បាន​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ខ្មែរ ដែល​បាន​ចែងថា បូរណ​ភាព​ទឹក​ដី​មិន​អាច​រំលោភ​បាន ខណៈ​កិច្ច​ព្រម​ព្រៀង​នេះ​មាន​ប្រទេស​១៨ ជា​ម្ចាស់​ហត្ថ​លេខី ក្នុង​នោះមា​ន​ទាំង​មហា​​អំណាច​ផង​ដែរ។

លោក​គូស​បញ្ជា​ក់ថា កិច្ច​ព្រម​ព្រៀង​នេះ តម្រូវ​ឱ្យ​កម្ពុជា​អនុវត្ត​គោល​ការណ៍​ប្រជា​ធិប​តេយ្យ ប្រកួត​អំណាច​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹម​ត្រូវ និង​យុត្តិ​ធម៌ ។

ប៉ុន្តែ​ថា ជិត​១០​ឆ្នាំ​ទៅ​នេះ កម្ពុជា​បាន​រំលោភ​សិទ្ធិ​មនុស្ស បំពាន​លើ​កិច្ច​ព្រម​ព្រៀង​ប៉ារីស រួម​ទំាំង​ច្រានអ​នុ​សាសន៍​នានា​របស់​អង្គ​ការ​សិទ្ធិ​មនុស្ស។

ត្រង់​ចំនុ​ចនេះ លោក​សង្កត់​ធ្ងន់​ថា ប្រទេស​កម្ពុជា​តូច ដើម្បី​ទប់​ទល់​សត្រូវ​ឈ្លាន​ពាន​បាន កម្ពុជា​ចាំបាច់ពង្រឹង​វិស័យ​ការ​ទូត ទាក់​ទាញ​ការ​គាំទ្រ​ពី​ប្រទេស​ជឿន​លឿន ពិសេស​មហា​អំណាច និង​ប្រទេស​ប្រជា​ធិប​​តេយ្យ​ជឿន​លឿន តាម​រយៈ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជា​ធិប​តេយ្យ ដូច​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រទេស​ចំនួន​១៨ រួម​ទាំង​មហា​អំណាច ជា​ហត្ថ​លេខី ។

ប៉ុន្តែថា បើមេដឹកនាំ​ធ្វើអ្វីៗ​ដើម្បី​តែ​បុព្វ​ហេតុ​​ក្រាញ​អំណាច មិន​គោរព​ច្បាប់​អន្តរជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​ សិទ្ធិ​នយោ​បាយ​ជាដើម កម្ពុជា​ទៅ​រក​ការ​គាំទ្រ​ពី​សហគម​ន៍​អន្តរ​ជាតិ​ប្លុក​លោក​សេរី​យ៉ាង​ម៉េច​បាន ដែល​ការណ៍​នេះ​លោក​ថា វា​ជាហា​និភ័យ​សម្រាប់​ពលរដ្ឋ​និង​បូរណ​ភាព​ទឹក បើ​មិន​​យក​បញ្ហា​ជាតិ​ជា​ធំ​នោះ។

លោកថា៖ «កាលណាយើងដឹកនាំដោ​យ​ឯកបក្ស​ហើយ​បន្ត​ការ​ចាប់​ចង ខ្ញុំ​គិត​ថា​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​នេះ​វា​មិន​អាច​ការ​ពារ​បាន​ទេ ព្រោះ​យើង​គិត​ថា​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា​នៅ​ពេល​ដែល​សង្គ្រាម​ឈ្លាន​ពាន​បរទេស ហើយ​បើ​សិន​ជា​ខ្មែរ​នៅ​តែ​បន្ត​បែក​បាក់​ជាតិ ហើយ​ចាប់​ចង​ខ្មែរ​នឹង​ខ្មែរ តើ​មាន​ការ​ឯកភាព​ជាតិ​មាន​កម្លាំង​ជាតិ​ណា​ទៅ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​បាន​នោះ អាហ្នឹង​អ៊ីចឹង យើង​តែង​តែ​និយាយ​ថា​សាមគ្គី​ជា​កម្លាំង​ណា ហើយ​បើ​សិន​ជា​សាមគ្គី​ខ្មែរ​ទៅ​បាន​ លុះ​ត្រា​ទាល់​តែ​ខ្មែរ​កុំ​ប្រើ​នយោ​បាយ​ចាប់​ចង​រដ្ឋ​ខ្មែរ​គ្នា​ឯង»។

មួយវិញទៀត លោកថា ប្រទេសមួយដែលមានមេដឹកនាំ​ធ្វើ​អ្វីៗ​ដើម្បី​តែ​បុព្វ​ហេតុ​អំណាច មិន​ព្រម​ផ្សះ​ផ្សា​ជាតិ​ដើម្បី​ឱ្យ​ជាតិ​ខ្លាំង ដើម្បី​ទប់​ទល់​ទៅនឹ​ង​សត្រូវ​ឈ្លាន​ពាន​ទេ​នោះ ជាហា​និភ័យ​របស់​ពលរដ្ឋ​កម្ពុជា ព្រោះ​បន្ទាត់​នយោ​បាយ និង​បម្រើ​ឱ្យ​អ្នក​មាន​អំណាច មិន​បាន​ធានា​ផល​ប្រយោជន៍​ជាតិ​ទេ។

យ៉ាងនេះ​ក្តី លោក​​ថា ​ដើ​ម្បី​បញ្ចៀស​ការ​ចោទ​ប្រកា​ន់ថា​ ​មេដឹក​នាំ​​​ធ្វើ​​ឱ្យ​​បាត់​​បង់​​ទឹក​​ដី គឺ​​ត្រូវ​​ពន្លឿន​​ប្រើ​​យន្ត​​ការ​​អន្តរ​​ជាតិ​ និង​​​​ស្នើ​​​សុំ​​សហ​​ប្រធាន​​កិច្ច​​ព្រម​​ព្រៀង​​ទីក្រុង​​ប៉ារីស​ ឱ្យ​​ជួយ​​ដោះ​​ស្រាយ ដើម្បី​​ការ​​ពា​រ​ទឹក​​​ដី​​ដូន​តា។

លើសពីនេះ ក្នុងកាលៈទេសៈនេះផងដែរ ដើម្បីដោះស្រាយបញ្ហា​សង្គម​ជាតិ  ព្រំដែន រដ្ឋាភិបាល​ចាំ​បាច់​ត្រូវ​តែ​ផ្សះ​ផ្សា​​ជាតិ បង្រួប​បង្រួម​ជាតិ ដោះ​លែង​លោក កឹម សុខា និង​អ្នក​ទោស​មនសិកា​ទាំង​អស់។

លោកថា៖ «រដ្ឋាភិបាលកម្ពុជាមេដឹកនាំកម្ពុជា គឺ​មាន​ទំនោរ​ទៅ​រក​កុម្មុយ​នីស្ត​មាន​ទំនោរ​ទៅ​រក​ការ​ដឹក​នាំរបៀប​ផ្ដាច់​ការ ហើយ​ទៅ​ពឹង​ប្រទេស​សេរី​ ប្រទេស​ប្រជា​ធិប​តេយ្យ តើ​គេ​យល់​យ៉ាង​ម៉េច ព្រោះ​នៅ​ពេល​ដែល​ខ្លួន​មាន​និន្នាកា​រ​ទៅ​រក​កុម្មុយ​នីស្ត​មាន​និន្នាការ​ដឹក​នាំ​របៀប​ផ្ដាច់​ការ​ យើង​ពឹង​លោក​សេរី យើង​ពឹង​ប្រទេស​ប្រជា​ធិប​តេយ្យ​ គឺ​មើល​ទៅ​ពិ​បាក​ណាស់ ទាល់​តែ​យើង​គោរព​ឲ្យ​ខ្ជាប់​ខ្ជួន​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​ តាម​រយៈ​យើង​កុំ​ចាប់​ចោទ​សកម្មជន ឬ​ក៏​ដោយ​ថ្នាក់​ដឹក​នាំ​គណបក្សប្រឆាំង​ ជាពិសេស​លោក កឹម សុខា ដែល​កំពុង​ជាប់​ចោទ​ហ្នឹង គឺ​បើ​សិន​ជា​យើង​បន្ត​ដោះ​លែង លោក កឹម សុខា ឱ្យ​មាន​សេរី​ភាព ដោះ​លែង​សកម្ម​ជន​នយោបាយ​ផ្សេងៗ​ទៀត ឲ្យ​មាន​សេរីភាព​រួច​ហើយ​ សូម​បញ្ឈប់​រាល់​ការ​ចាប់​ចង​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ»។

ប្រហែល​គ្នានេះ​ដែរ ប្រធា​នក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត និយាយ​ថា យុទ្ធ​សាស្រ្ត​ក្រាញ​អំណាច​តពូជ គឺ​ជា​គ្រោះ​ថ្នាក់​ជាតិ និង​បូរណ​ភាព​ទឹក​ដីធ្ងន់​ធ្ងរ បើ​ប្រព័ន្ធ​ដឹក​នាំ​នោះ គ្មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​អំណាច ហើយ​ថា បើ​មេដឹក​នាំ​នោះ ជំពាក់​គុណ​បរទេស​ទៀត វា​ជា​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​សម្រាប់​កម្ពុជា​ តជំនាន់ បើ​គ្មាន​ចរន្ត​ផ្លាស់​ប្តូរ​ទេ​នោះ។

លោក​ទាញ​​ជា​ឧហរណ៍​ថា លោក ហ៊ុន សែន ដើម្បី​បាន​អំណាច​គ្រប់​​គ្រង​​កម្ពុជា គាត់​សុខ​​ចិត្ត​​កម្ចាត់​​ខ្មែ​រ​គ្នា​ឯ​ង​​ដូច​​ជា រំលាយ​បក្ស​ប្រឆាំង ចាប់​ខ្លួន​លោក កឹម សុខា ធ្វើទុ​ក្ខ​បុក​ម្នេញ​លើ​ពលរដ្ឋ និង​បន្ត​ចាប់​ខ្លួន​សកម្ម​នយោ​បាយ និង​សកម្ម​ជន​សង្គម​ដទៃ​ទៀត​ «តាម​យុទ្ធ​សាស្រ្តងើ​ប​មួយ​វ៉ៃ​មួយ​របស់​គាត់»។

លោកបន្តថា ដរាប​​ណា​​មេដឹក​នាំគ្រួ​សារ​ហ៊ុន មិន​ព្រម​ស្តារ​ប្រជា​ធិប​តេយ្យ គោរព​សិទ្ធិ​មនុស្ស នោះ​បញ្ហា​សង្គម​ជាតិ បញ្ហា​ព្រំដែន និង​បញ្ហា​ឆ្នាំង​បាយ​របស់​ពលរដ្ឋខ្មែរ​នៅ​តែ​បន្ត​ជួប​គ្រោះ​ថ្នាក់​មិន​ចេះ​ចប់​ទេ។

លោកថា៖ «ហើយ​កល​ល្បិច​នេះ គឺ​កល​ល្បិច​ក្រាញ​អំណាច​ទេ​ ដើម្បី​យក​ប្រជា​ប្រិយ​ភាព​ក្នុង​សង្គ្រាម​ជាមួយ​ថៃ​ផ្ទេរ​ទៅ​ឲ្យ លោក ហ៊ុន ម៉ាណែត នឹង​មាន​ឱកាស​គ្រប់​គ្រង​អំណាច​យូរ​អង្វែង កល​ល្បិច​ហ្នឹង​ ចំណែក​ឯកា​របាត់​បង់​បូរណ​​ភាព​ទឹក​ដី យើង​ឃើញ​ស្រាប់​ហើយ វា​អាច​ប្រឈម​ច្រើន​ណាស់ ប៉ុន្តែ​បើ​សិន​ចេះ​ ប្រសិ​​​នបើ​យើង​ លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត គិ​ត​តែ​ប៉ុណ្ណោះ គិត​តែ​មួយ​ចំណុច​ទេ បើ​រុញ​រឿ​ងអស់​ហ្នឹង​ទៅ​កាន់​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ អ៊ីចឹង​យើង​អាច​ការ​ពារ​បាន​នូវ​ដែន​អធិប​តេយ្យ​កម្ពុជា​ក្នុង​ក្រប​ខណ្ឌ​នៃ​សន្ធិ​សញ្ញា​បារាំង​សៀម​ឆ្នាំ​១៩០៤ និង​១៩០៧ ហើយ​ហ្នឹង​យើង​អាច​គោរព​បាន​នូវ​ខ្នាត​ផែន​ទី​ខ្មែរ​បារាំង​សៀម​ឆ្នាំ​១៩០៨»។

ជុំវិញបញ្ហានេះ VOD មិនអាចសុំការពន្យល់បន្ថែម​ពី​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធិ បាន​នៅ​​ឡើយ​ទេ គិ​តត្រឹ​ម​ម៉ោង​ផ្សាយ​នេះ។

យ៉ាងណាក្តី ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ធ្លាប់ព្រមា​ន​ថា រដ្ឋាភិបាល​ប​ក្សប្រ​ជាជន​កម្ពុជា និង​បន្ត​ប្រើ​យុទ្ធ​សាស្រ្តងើ​ប​មួយ​វៃ​មួយ លើ​នឹង​ក្រុម​ប្រឆាំង ដែល​ចង់​បំផ្លាញ​សន្តិ​ភាព​នៅ​កម្ពុជា។

លោកថា៖ «បំផ្លាញ​កម្លាំង​ពួក​ប្រឆាំង​កុំ​ឲ្យ​គណបក្ស​ប្រឆាំង​មាន​កម្លាំ​ងប្រើ​ បើ​ឯង​ប្រឆាំ​ងងើ​ប​មួយ​វ៉ៃ​មួយហើយ​ចូល​​​មួយ​ទាញ​មួយ​ ហើយ​ទាញ​បាន​មួយ​ហ្នឹង គឺ​ថា​ឱ្យ​អ្នក​នឹង​ទៅ​ទាញ​បន្ត​ទៀត តាម​វិធី​នៃ​ការ​យកសត្វ​លលក ទៅ​ទាក់​លលក អាណា​ប្រឆាំង​ងើប​មួយ​វ៉ៃ​មួយ»។

បច្ចុប្បន្នលោក ហ៊ុន សែន កាន់តំណែងកំពូលៗ ជាប្រធានគណបក្សប្រជាជន​កម្ពុជា ជា​ប្រធានព្រឹទ្ធ​សភា ជា​ប្រមុខ​រដ្ឋ​ស្តី​ទី អាច​ចុះ​ហត្ថ​លេខា​លើ​ច្បាប់​នានា ជំនួស​ព្រះ​មហា​ក្សត្រ និង​ជា​នាយ​ឧត្តម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស៥ ក្នុង​វិស័យ​ការ​ពារ​ជាតិ​ផង​ដែរ។

ងាកមក​មើល​បញ្ហាព្រំដែន​នាសម័យ​ទំនើប​នេះ​ វា​​បា​ន​​កក្រើក​​ឡើង​​វិ​​ញ​​​​អំឡុង​​​​ឆ្នាំ​​​២០០៥ ដែល​​​​ពេល​​​នោះ​ លោក ហ៊ុន សែន បាន​​គំរាម​​​​​រំលាយ​របប​​រាជានិ​យម​អាស្រ័យ​ធម្ម​នុញ្ញ​ចោល បើ​ព្រះ​អង្គ​មិន​ព្រម​ឡាយ​ព្រះហស្ត​លេខាលើ​​​​សន្ធិសញ្ញា​​បំ​ពេញ​បន្ថែម ដែល​រង​ការ​រិះ​គន់​ថា ធ្វើ​តាម​ការ​ចង់​បាន​របស់​មេដឹក​នាំ​វៀត​ណាម។

ស​ន្ធិសញ្ញាបំពេញបន្ថែម​ឆ្នាំ២០០៥នេះ ត្រូវអ្នកតាមដាន អះ​​​អាង​ថា ធ្វើឱ្យកម្ពុជា​បាត់​បង់​ទាំង​ដែន​​​ដី​គោក និង​ដែន​​សមុទ្រ រួម​​ទាំង​ប្រ​​ជុំ​កោះ​ក្រច​ក​សេះ និង​កោះ​ត្រល់ ជា​ដើម ធ្លាក់​ក្នុង​​ដៃ​វៀត​ណាម​គ្រប់​គ្រង​​​​រហូត​បច្ចុប្បន្ន ។

ដោ​យ​ឡែក ភាគខាងលិចវិញ ថៃបានច្បាមយក​កោះ​គុត ស្ថិត​ក្នុង​ខេត្ត​កោះ​កុង និង​​ប្រាសាទ​តាមាន់​​​តូច ស្ថិ​​​ត​​ក្នុង​​ខេត្ត​​ឧត្តរ​មាន​​ជ័យ និង​បន្ត​ច្បាម​យក​ប្រាសាទ​តា​ក្របី ប្រាសាទ​តាមាន់​ធំ ដែល​​បច្ចុប្បន្ន​ប្រាសាទតា​ក្របី និង​ប្រាសាទ​​​តា​មាន់​ធំ ត្រូវ​បាន​ដាក់​ទ័​ព​គ្រប់​គ្រង​រួម​គ្នា ។

​ការណ៍​នេះ ក្លាយ​ជា​ក្តី​បារម្ភ​ថា កម្ពុជា​នឹង​បាត់​ប​ង់​ប្រាសាទ​​បុរាណ​ខ្មែរ​​ទាំង​ពី​នេះ​ទៀត ក្រោម​ដៃ​​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន បើ​នៅ​បន្ត​ប្រើ​យន្តការ​ទ្វេ​ភាគី​ជាមួយ​ថៃ ដោយ​មិ​ន​​ប្រើ​យន្ត​ការ​អន្តរ​ជាតិ ដើម្បីទ​ប់​ស្កាត់​មហិច្ឆតា​បរទេស​ឈ្លាន​ពាន​នោះ។

មាត្រា៥២​នៃរដ្ឋ​ធម្មនុញ្ញ ចែង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ​ប្តេជ្ញា​រក្សា​ការ​ពារ​ឯករាជ្យ អធិប​តេយ្យ​ បូរណ​ភាព​ទឹក​ដី អនុ​​​វ​​​ត្ត​​​​នយោបាយ​​បង្រួប​បង្រួម​ជាតិ ដើម្បី​ការ​ឯកភាព​ជាតិ។

ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែ​ងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារ​បរទេស នូវដែនដី​ជាតិ​ទាំង​ស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ