ការប្រកាសឱ្យប្រើច្បាប់ដកសញ្ជាតិចំពេលថៃឈ្លានពានទឹកដីខ្មែរ ជំរុញឱ្យមានការគាស់កកាយរឿង លោក ហ៊ុន សែន ធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសថៃ និងវៀតណាម តាមរយៈការប្រើប្រាស់សន្ធិសញ្ញាព្រំដែនខុសច្បាប់ រំលោភក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែងពីទោសក្បត់ជាតិ។
ការរិះគន់នេះ ក្រោយលោក ហ៊ុន សែន ក្នុងតួនាទីជាប្រមុខរដ្ឋស្តីទីបានចេញព្រះរាជក្រម ដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។
ច្បាប់នេះត្រូវគេមើលឃើញថា មានគោលដៅបង្ក្រាបទៅលើដៃគូប្រកួតនយោបាយ រួមទាំងបិទខ្ទប់មិនឱ្យនិយាយរឿងបាត់បង់ទឹកដីទៅប្រទេសជិតខាង នាសម័យទំនើប ខណៈការដឹកនាំរបស់គណបក្សកាន់អំណាច មានពលរដ្ឋខ្មែរជិតពាក់កណ្តាលប្រទេស ដកសេចក្តីទុកចិត្ត ជិត១០ឆ្នាំទៅនេះ។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន យល់ថា ជនដែលក្បត់ជាតិ ហើយត្រូវដកសញ្ជាតិពិតនោះ គឺលោក ហ៊ុន សែន ដោយលោកសំអាងថា ហ៊ុន សែន បានកាត់ទឹកដីទៅឱ្យប្រទេសវៀតណាមតាមរយៈសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។
លោកថា សន្ធិសញ្ញាខុសច្បាប់នេះ ធ្វើឱ្យសន្ធិសញ្ញាឆ្នាំ១៩៨៥រស់ឡើងវិញ ហើយពលរដ្ឋខ្មែរនៅតាមព្រំដែនបាត់បង់ដីស្រែចម្ការ រួមទាំងកោះត្រល់ និងចង្កោមកោះក្រចកសេះជាដើម។
ជាងនេះទៀត លោកថា ក្នុងឆ្នាំ២០០១ លោក សុខ អាន តាមបញ្ជារបស់លោក ហ៊ុន សែន ក៏បានធ្វើអនុស្សារណៈនៃការយោគយល់គ្នាជាមួយថៃ បានកាត់ឆ្វៀលកោះគុតទៅឱ្យថៃថែមទៀត។
លោកថា៖ «អ្នកដែលត្រូវផ្តល់សញ្ជាតិពិតប្រាកដ គឺលោក ហ៊ុន សែន ជាជនក្បត់ជាតិដែលបានកាត់ទឹកដីខ្មែរយើងឱ្យទៅវៀតណាមកន្លងមក ដោយសារគាត់បានធ្វើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ យកតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ សម័យយួនត្រួតត្រាដោយធ្វើឲ្យបាត់បង់ទឹកដីយ៉ាងច្រើននៅតាមព្រំដែនទៅប្រទេសវៀតណាម តាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ហ្នឹងក៏ធ្វើឱ្យសន្ធិសញ្ញានាទសវត្សរ៍ទី៨០រស់ឡើងវិញ ដូចជា សន្ធិសញ្ញាឆ្នាំ១៩៨៣ ស្ដីពីដែនគោកសន្ធិសញ្ញាស្តីពីតំបន់ទឹកប្រវត្តិសាស្រ្ដ១៩៨២ ដែលបានកាត់កោះត្រល់ និងចង្កោមកោះក្រចកសេះ ទៅឲ្យវៀតណាម ហើយនឹងកាត់ដែនសមុទ្រខ្មែរយើង៣០ពាន់គីឡូការ៉េ ទៅឲ្យវៀតណាម ហើយដាក់សមុទ្រខ្មែរ យើងរួមជាមួយវៀតណាមចំនួន១០ពាន់គីឡូម៉ែត្រការ៉េ ហៅថាតំបន់ទឹកប្រវត្តិសាស្រ្ត»។
បន្ថែមលើនេះ ស្រ្តីម្នាក់បានរៀបរាប់ក្នុងវីឌីអូជាង៣នាទី ដែលត្រូវ លោក សម រង្ស៊ី ផ្សព្វផ្សាយលើបណ្តាញសង្គមរឿង លោក ហ៊ុន សែន ធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសជិតខាង។
ស្រ្តីរូបនេះ និយាយថា យោងតាមច្បាប់សញ្ជាតិថ្មីនេះ គេអាចពិចារណាលើសកម្មភាពលោក ហ៊ុន សែន ដែលជាជនក្បត់ជាតិ។
ប្រភពបន្តថា នៅឆ្នាំ២០០០ លោក ហ៊ុន សែន បានចុះអនុស្សារណៈនៃការយោគយល់គ្នា MOU ជាមួយថៃដែលនាំឱកាសឱ្យថៃ ត្រួតត្រាកាន់តែណែនដៃលើតំបន់សមុទ្ររបស់កម្ពុជា ក្រោមឈ្មោះត្រួតស៊ីគ្នា។
បើតាមប្រភពដដែល ក្នុងឆ្នាំ២០០៥ លោក ហ៊ុន សែន និងបក្សពួកបានធ្វើសន្ធិសញ្ញាបំពេញបន្ថែម ជាមួយវៀតណាម រំលោភលើមាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ដែលអនុវត្តកាត់ទឹកដីកម្ពុជាតាមព្រំដែនកោះត្រល់ និចង្កោមកោះក្រចកសេះឱ្យវៀតណាម។
សន្ធិសញ្ញាបំពេញបន្ថែមនេះហើយ ធ្វើឱ្យលោក ហ៊ុន សែន បន្តអនុវត្តន៍កិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្រ្តឆ្នាំ១៩៨២ សន្ធិសញ្ញាស្តីពីគោលការណ៍ដោះស្រាយព្រំដែនឆ្នាំ១៩៨៣ និងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ធ្វើឱ្យវៀតណាមត្រួតត្រា ដែនសមុទ្រខ្មែរយ៉ាងតិច៤ម៉ឺនគីឡូម៉ែត្រការ៉េ។
បន្ថែមលើនេះ ថ្មីៗនេះ លោក ហ៊ុន សែន ក៏ឱ្យថៃរាយលួសបន្លាព័ន្ធយកដីខ្មែរតាមចិត្តនៅតាមព្រំដែនផងដែរ ខណៈមេដឹកនាំរូបនេះប្រកាសជំហរអត់ធ្មត់ដើម្បីគោរពបទឈប់បាញ់។
អ្នកស្រីថា៖ «កិច្ចព្រមព្រៀងនិងសន្ធិសញ្ញាដែលសុទ្ធតែធ្វើខុសច្បាប់ជាមួយវៀតណាម កាលពីសតវត្សរ៍៨០ត្រូវលុបចោល ក្រោមខ្លឹមសារកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៅហើយ។ សកម្មភាពរបស់លោក ហ៊ុន សែន ខាងលើបានបញ្ជាក់យ៉ាងច្បាស់ថា ជាអំពើក្បត់ជាតិរបស់គាត់ដែលត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន តើពលរដ្ឋខ្មែរត្រូវការមេដឹកនាំក្បត់ជាតិក្បត់ពលរដ្ឋដូចត្រកូលហ៊ុនឲ្យបន្តដឹកនាំប្រទេសទៀតទេ»។
ជុំវិញរឿងនេះ VOD មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យ លោក ហ៊ុន សែន គឺ លោក ជា ធីរីទ្ធិ បានទេគិតត្រឹមម៉ោងផ្សាយនេះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា ពាក្យក្បត់ជាតិ ត្រូវបានរដ្ឋាភិបាលប្រើប្រាស់ដើម្បីកំចាត់គូប្រជែងរបស់ខ្លួន ចេញពីទីលានប្រកួត ផ្ទុយពីការពិតជាក់ស្តែងចែងថា ជនក្បត់ជាតិ គឺអ្នកដែលកាត់ទឹកដីទៅឱ្យប្រទេសជិតខាង មានចែងក្នុងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ។
លោកថា៖ «ពាក្យក្បត់ជាតិនៅក្នុងនយោបាយ ពួកអ្នកនយោបាយគេចោទប្រកាន់គ្នាទៅវិញទៅមកហ្នឹង! គ្រាន់តែជាទស្សនៈទេ។ ប៉ុន្តែពាក្យក្បត់ជាតិពិតប្រាកដ គឺមានសរសេរនៅក្នុងមាត្រាទី៤៤០ នៃក្រមព្រហ្មទណ្ឌ គឺវាពាក់ព័ន្ធនឹងការប្រគល់ដីឬក៏ចូលដៃជាមួយបរទេសជិតខាងហ្នឹង! ដោយជាក់ស្ដែង។ អាហ្នឹងបានពាក់ព័ន្ធនឹងអំពើក្បត់ជាតិពិតប្រាកដ ហើយអ្នក ដែលមានអំណាចនៅក្នុងការបែងចែកផលប្រយោជន៍ទៅឲ្យបរទេស វាគ្មានអ្នកណាក្រៅពីអ្នកកាន់អំណាចទេ ព្រោះអ្នកកាន់អំណាចមានសិទ្ធិចុះហត្ថលេខាមានសិទ្ធិធ្វើសច្ចាប័នមានសិទ្ធិធ្វើសន្ធិសញ្ញាអីជាមួយបរទេស»។
ក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»។
ជ្រុងមួយនៃរឿងនេះ អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡួត និយាយលើហ្វេសប៊ុកលោកថា បក្សកាន់អំណាចមិនគួរបដិសេធទៅនឹងធម្មជាតិនៃឥទ្ធិពល និងការគាំទ្ររបស់សាធារណជនចំពោះ លោក សម រង្ស៊ី និងលោក កឹម សុខា នោះទេ។
លោកថា តួរលេខជាក់លាក់ ជាង៣លាននាក់នៃអ្នកទៅបោះឆ្នោតសរុប ឆ្នាំ២០១៣ និង២០១៧ បូករួមជាមួយការគាំទ្ររាប់លាននាក់ ដែលមិនបានទៅបោះឆ្នោត ជាពិសេសខ្មែរនៅក្រៅប្រទេស ដែលឥទ្ធិពលនេះទំនងមិនងាយនឹងកាត់ផ្ដាច់ដោយកម្លាំងហិង្សា ដោយប្រើយោធា ពេលវេលា និងកម្លាំងច្បាប់បានឡើយ លើកលែងតែបក្សកាន់អំណាចហ៊ានធ្វើរឿង៣យ៉ាងធំៗ។
ក្នុងនោះលោកថា ត្រូវបោសសម្អាតអំពើពុករលួយ លុបបំបាត់បក្ខពួកនិយម និងធ្វើកំណែទម្រង់រដ្ឋបាលគ្រប់គ្រងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ផ្ដើមពីសុឆន្ទៈនយោបាយដ៏ពិតប្រាកដ។
បើតាម លោក ចាន់ឡូត ថ្វីដ្បិតបក្សកាន់អំណាចព្យាយាមប្រើគ្រប់វិធីសាស្ដ្ររាំងខ្ទប់កម្លាំងនយោបាយ និងបំបែកឱ្យទៅជាបំណែកតូចៗ ប៉ុន្ដែមិនអាចកម្ចាត់ការពិតនេះបានឡើយ ដោយថ្ងៃណាមួយកម្លាំងនេះនឹងវិលមកវិញ។
លោកថា ការវិលមកវិញនៃកម្លាំងដ៏សម្បើមនេះ ក៏អាស្រ័យលើការធ្វើកំណែទម្រង់របស់មេដឹកនាំកម្លាំងប្រឆាំងផងដែរ៕









